អានតួអត្ថបទ
វៀតណាម

អង្គការ​សិទ្ធិមនុស្ស​ចោទ​រដ្ឋាភិបាល​វៀតណាម​ ថា​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​

នៅថ្ងៃ​អង្គារ​ ទី៤កុម្ភៈ​នេះ អង្គការ​ក្រៅរដ្ឋាភិបាល​វៀតណាម និង​អង្គការ​អន្តរជាតិ​ជាច្រើន ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​​ បាន​រៀបចំ​សិក្ខាសាលា​មួយ​ នៅ​ទីក្រុង​ហ្សឺណែវ ដើម្បី​ពិភាក្សា​​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​វៀតណាម។ សិក្ខាសាលា​នេះ​​ធ្វើឡើង​ ​តែ​មួយថ្ងៃប៉ុណ្ណោះ ​មុន​ពេល​​​​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ​ត្រួតពិនិត្យ​របាយការណ៍​​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​វៀតណាម។ អង្គការ​សិទ្ធិមនុស្ស​ទាំង​​នេះ ​​លើកឡើង​​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​វៀតណាម​​​​ កំពុង​​ធ្លាក់​ក្នុង​ភាព​ដុនដាប​​​កាន់តែ​ខ្លាំង។

អ្នកទោស​វៀតណាម
អ្នកទោស​វៀតណាម REUTERS/Kham
ផ្សាយពាណិជ្ជកម្ម

សិក្ខាសាលា​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​វៀតណាម​ រៀបចំ​ដោយ​អង្គការ​សិទ្ធិមនុស្ស​វៀតណាម និង​អង្គការ​អន្តរជាតិ​ជាច្រើន ​នៅ​ទីក្រុង​ហ្សឺណែវ ​ថ្ងៃ​អង្គារ​នេះ ​មាន​ទិសដៅជំរុញ​សហគមន៍​អន្តរជាតិ ​អោយ​ចាប់​អារម្មណ៍​​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ នៅ​វៀតណាម។​ សិក្ខាសាលា​​នេះ ធ្វើឡើង​តែ​មួយថ្ងៃ​ប៉ុណ្ណោះ មុនពេល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​​ត្រួតពិនិត្យ​របាយការណ៍សិទ្ធិមនុស្ស​របស់រដ្ឋាភិបាល​វៀតណាម។

យោងតាម​អង្គការ​សិទ្ធិមនុស្ស​ទាំងនេះ ស្ថានភាព​​សិទ្ធិមនុស្សនៅ​វៀតណាម​ កំពុង​តែ​ធ្លាក់​ក្នុង​ភាពដុនដាប ធ្ងន់ធ្ងរ ពី​មួយថ្ងៃ​ទៅមួយថ្ងៃ។ ​​យោងតាម​អង្គការ​ Human Rights Watch ​មនុស្ស​ពី​១៥០នាក់​ទៅ​២០០នាក់​ កំពុង​ជាប់ឃុំ​នៅវៀតណាម។ គ្រាន់តែ​ក្នុង​​ឆ្នាំ២០១៣ តែ​មួយឆ្នាំ​ប៉ុណ្ណោះ មាន​មនុស្ស​៦៣នាក់ ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន ដោយសារ​​តែពួកគេ​ធ្វើ​សកម្មភាព​គាំទ្រ​សិទ្ធិមនុស្ស។​

វៀតណាម​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ ដែល​​បំបិទនិង​បង្ក្រាប​​សេរីភាព​​នៃ​ការបញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន។ ​​វៀតណាម​នៅតែ​បន្ត​ប្រើ​មាត្រាច្បាប់​​មួយចំនួន​​នៃ​ក្រមព្រហ្មទណ្ឌ ដើម្បី​បង្ក្រាប​​សកម្មជន​ដែល​ដើរ​ផ្ទុយ​ពី​បន្ទាត់​នយោបាយ​រដ្ឋាភិបាល។ ​យោងតាម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ ប្រជាជន​វៀតណាម​​​គ្មានសិទ្ធិ​ធ្វើការ​ជួបជុំគ្នា​នោះទេ ​សកម្មជន​ប្រឆាំង​ខ្លះ ត្រូវ​បាន​គេឈ្នានិស បំភិតបំភ័យ រង​ការធ្វើ​ទារុណកម្ម និង​​ជាប់ឃុំ ដើម្បីទទួល​ការកាត់ទោស។

បក្ស​កុម្មុយនិស្តវៀតណាម​​ដឹកនាំ​ប្រទេស​​ ​តាំងតែ​ពី​ឆ្នាំ​១៩៧៥ ម្ល៉េះ។ ​កាលពី​ចុងខែ​វិច្ឆិកា​កន្លងទៅ​ តាមរយៈ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​​​ បក្ស​កុម្មុយនិស្ត​បាន​​ពង្រឹង​អំណាច​នយោបាយ​របស់​ខ្លួន កាន់តែ​ខ្លាំង​ថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ