ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/10 12h00 GMT

​លោក​​ឌុយទែរតេ​​ប្រហែល​​គិតថា​ ​អំណាច​​ផ្តាច់កា​រ​​​ជា​​​ថ្នាំ​​ព្យាបាល​​​​​​មេរោគ​​​សង្គម​គ្រប់​ប្រភេទ​នៅ​​​​​ហ្វីលីពីន​​

​លោក​​ឌុយទែរតេ​​ប្រហែល​​គិតថា​ ​អំណាច​​ផ្តាច់កា​រ​​​ជា​​​ថ្នាំ​​ព្យាបាល​​​​​​មេរោគ​​​សង្គម​គ្រប់​ប្រភេទ​នៅ​​​​​ហ្វីលីពីន​​ ប្រធានាធិបតី​ហ្វីលីពីន លោក​ឌុយទែរតេ Reuters

    ថ្មីៗនេះ ប្រធានាធិបតី​ហ្វីលីពីន​បាន​ព្រមាន​ថា ហ្វីលីពីន​អាច​នឹង​ប្រើ​ច្បាប់​អាជ្ញាសឹក ដើម្បី​កុំអោយ​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​ភាព​អាណាធិបតេយ្យ​បង្កឡើង​ដោយ​គ្រឿងញៀន បទឧក្រិដ្ឋ រឺ​អំពើភេរវកម្ម។ ពី​មួយថ្ងៃ​ទៅមួយថ្ងៃ លោក​ឌុយទែរតេ​ហាក់ដូច​ជា​បង្ហាញ​ទំនោរ​ផ្តាច់ការ​ កាន់តែ​​ច្បាស់។ ប្រហែល​ជា​លោក​គិតថា ភាព​ផ្តាច់ការ​ជា​វិធី​ដោះស្រាយ​បញ្ហា​គ្រប់មុខ​ហើយ​មើលទៅ! 

    ក្នុង​សន្ទរកថាថ្មីៗ​​របស់​ប្រធានាធិបតីហ្វីលីពីន ​រ៉ូឌ្រីហ្កូ ឌុយទែរតេ គេ​សង្កេត​ឃើញ​លោក​ឌុយទែរតេ​បង្ហាញ​ទំនោរ​ទៅរក​ភាព​ផ្តាច់ការ​កាន់តែ​ច្រើន។ ថ្មីៗនេះ ​លោក​ឌុយទែរតេ បាន​ព្រមាន​ថា អាច​នឹង​ប្រើ​ច្បាប់​អាជ្ញាសឹក ដើម្បី​កុំអោយ​ហ្វីលីពីន​ធ្លាក់​ក្នុង​ភាព​អាណាធិបតេយ្យ បង្កឡើង​ដោយ​គ្រឿងញៀន ឧក្រិដ្ឋកម្ម រឺ​ក៏​ភេរវកម្ម​ជាដើម។ នេះ​យើង​មិនគិត​ពី​ច្បាប់ប្រហារ​ជីវិត ដែល​សភា​ទើប​នឹង​អនុម័ត ស្របតាម​ការចង់បាន​របស់​លោក​ឌុយទែរតេ​ កាលពី​ដើមខែ​មីនា​​នេះ​ផង។

    គ្រឿងញៀន បទឧក្រិដ្ឋ ភេរវកម្ម ​ត្រូវតែ​ដោះស្រាយ​អោយ​ដាច់ស្រឡះ អោយ​ឆាប់​រហ័ស​អញ្ចឹងហើយ ព្រោះគ្រប់គ្នា​សុទ្ធតែ​ដឹងថា ​​ប្រធានាធីបតី​​​​ឌុយទែរតេ ជា​បុរស​ខ្លាំង ដែល​មិនចូលចិត្ត​សាំញ៉ាំ​ច្រើន។ ដើម្បី​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​សង្គម​ គ្មានអ្វី​ដែល​ប្រសើរ​ជាង​ប្រើធម៌​ក្តៅទេ សម្រាប់​លោក​ឌុយទែរតេ។ លោក​ឌុយទែរតេ ធ្លាប់​ចាត់ទុក​ទីក្រុង​ម៉ានីល ជា​ជម្រុក​នៃ​បញ្ញវន្ត​ដែល​ប្រព្រឹត្ត​​អំពើ​​ពុករលួយ ដូច្នេះ ​ច្បាប់អាជ្ញាសឹក​ប្រហែល​ជា​ថ្នាំ​សក្តិសិទ្ធ​បំផុត ដើម្បី​​កំចាត់​មេរោគ​គ្រប់​យ៉ាង ក្នុង​សង្គម​។
     
    ​ច្បាប់​អាជ្ញាសឹក ជា​ច្បាប់​អនុញ្ញាត​អោយ​ប្រើ​កម្លាំង​ទ័ព ដើម្បី​រក្សា​សណ្តាប់ធ្នាប់ក្នុង​សង្គម។ ការ​ប្រើ​កម្លាំង​ទ័ព​គឺ​ជា​រូបភាព​មួយ​ ដែល​ដូចគ្នា​ទៅនឹង​ការ​ប្រើ​អំណាច​ផ្តាច់ការ​ដូច្នោះដែរ។ ​ពិសេស​សម្រាប់​ហ្វីលីពីន​​ដែល​ធ្លាប់​​ស្ថិត​ក្រោម​របបផ្តាច់ការ​​របស់​លោក​ហ្វ៊ែរឌីណង់ ម៉ាកូស​ ច្បាប់​អាជ្ញាសឹក​អាច​នឹង​​​រំលឹក​ភាព​ជូរចត់ បង្ក​ការភ័យខ្លាច ដល់​ប្រជាជន​ក្នុងស្រុក​ទៅវិញ​ទេ។ តាំង​ពី​លោក​ឌុយទែរតេ ចូលកាន់​អំណាច​មក តែ​៩​ខែ​ប៉ុណ្ណោះ ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នៅ​ហ្វីលីពីន ​បាន​សម្លាប់​មនុស្ស​រាប់ពាន់នាក់។ មនុស្ស​ស្លាប់​ច្រើនយ៉ាងនេះ ទោះ​ជា​សង្គ្រាមប្រឆាំង​គ្រឿងញៀន​​​​សម្លាប់​តែ​ជនឧក្រិដ្ឋ​ក៏ដោយចុះ ​ ក៏ស្ថានភាព​នេះ​ធ្វើអោយ​ប្រជាជន​​មួយចំនួន​​ភ័យខ្លាច​​ដែរ។ វា​ជា​ស្ថានភាព​ដែល​ស្រដៀង​នឹង​របប​ផ្តាច់ការ​ដូច្នោះដែរ។
     
    សូម​រំលឹក​ថា របប​ផ្តាច់ការ​របស់​លោក​ម៉ាកូស​​ ​បាន​ដួលរលំ​នៅ​ឆ្នាំ១៩៨៦ នៅហ្វីលីពីន។ អ្នកវិភាគ​មួយរូប មកពី​​សកលវិទ្យាល័យ​មួយ​នៅ​ក្រុង​ម៉ានីល ​បាន​ប្រដូច​ទំនោរ​ទៅរក​ភាព​ផ្តាច់ការ​របស់​ឌុយទែរតេ ​ទៅនឹង​របប​ផ្តាច់ការ​របស់​លោក​ហ្វ៊ែរដីណង់ ម៉ាកូស កាលពី​ជាង​៣០ឆ្នាំមុន។ របប​ដឺកនាំ​​របស់​ឌុយទែរតេ ពេលនេះ ​ហាក់​កំពុង​ខិតទៅ​រក​​​របប​ដឹកនាំ​របស់​លោក​ម៉ាកូស កាលនោះ។
     
    របប​ផ្តាច់ការ​បស់​លោកម៉ាកូស គឺ​ដើម្បី​ទប់ទល់​នឹង​ការបះបោរ​កុម្មុយនិស្ត រីឯ​លោក​ឌុយទែរតេ ចង់​ប្រើ​អំណាច​ផ្តាច់ការ គឺ​ដើម្បី​​កំចាត់​បទឧក្រិដ្ឋ និង​គ្រឿងញៀន។ ទំនោរ​ផ្តាច់ការ​របស់​ប្រធានាធិបតី​ឌុយទែរតេ ក៏​បានសំដែង​កន្លងមក ច្រើន​ហើយដែរ។ ជាក់ស្តែង លោក​ឌុយទែរតេ​បធ្លាប់​ស្នើ​អោយ​លុបចោល​ការបោះឆ្នោត​ក្នុងស្រុក ​ចង់អោយ​ប៉ូលិស​និង​កងទ័ប​មានធ្វើការ រួបរួម​​កម្លាំង​តែមួយ។ គឺ​មិនខុស​ពី​ស្ថានភាព​ក្នុង​របប​ផ្តាច់ការ​របស់​លោក​ម៉ាកូស កាលពី​ជាង៣០ឆ្នាំ​មុនទេ។
     
    ក្រោយពេល​​លោក​ឌុយទែរតេ​បង្ហាញ​បំណង​ចង់​ប្រើ​ច្បាប់អាជ្ញាសឹក កងទ័ព​ហ្វីលីពីន​បាន​ប្រតិកម្ម​លើកឡើង​ថា ច្បាប់​អាជ្ញាសឹក​គ្មាន​ប្រយោជន៍​អ្វីទេ។ កងទ័ព​ប្រាប់​ទៀត​ថា ​មិនចង់​ចូលរួម​ការងារ​ជាមួយ​ប៉ូលិស ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ តាម​ដែល​លោក​ឌុយទែរតេ​ចង់​បាន​នោះដែរ។
     
    ហ្វីលីពីន​មា​នប្រជាជន​១០០លាននាក់។ ហ្វីលីពីន​កំពុង​កសាង និង​ពង្រឺ​ង​​ស្ថាប័ន​ប្រជាធិបតេយ្យ។ ធនាគារ​កណ្តាល​ជា​ធនាគារ​ឯករាជ្យ ​ហើយអ្នក​​សារព័ត៌មាន​ក្នុង​ស្រុក​វិញ​បាន​ខិតខំ​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​ខ្លាំង​ក្លា។ បើ​លោក​ឌុយទែរតេ ចង់​ដាក់​ច្បាប់​អាជ្ញាសឹក​​ប្រើ ស្ថាប័ន​ប្រជាធិបតេយ្យ​និង​ក្រុម​សារពត៌មាន​ប្រហែល​មិន​សុខចិត្ត​ស្រួលៗទេ។ ​
     
    ប៉ុន្តែ​ ជាទូទៅ គេមើលឃើញ​ថា សម្រាប់​ប្រជាជន​ហ្វីលីពីន​ ​លោក​ឌុយទែរតេជា​មេដឺកនាំ​ដ៏​មាន​ប្រសិទ្ធភាព​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុងស្រុក។ មិនពិបាក​ឆ្ងល់ទេ ដែល​ប្រជាជន​បាន​បោះឆ្នោត​អោយ​លោក​ឡើង​កាន់​អំណាច​នោះ។​ ​ប្រជាជន​ច្រើនណាស់​ ដែល​ពេញចិត្ត​នឹង​​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់​ប្រធានាធិបតី​។ ​ខណៈ​កងទ័ព​មិនចង់​ប្រើ​ច្បាប់​អាជ្ញាសឹក ខាង​​​​សភានិង​​​ប៉ូលិស​​វិញ​​ ដែល​មា​នទំនោរ​គាំទ្រ​លោកឌុយទែរតេ​​អាច​នឹង​យល់ស្រប​​អោយ​មា​នច្បាប់​អាជ្ញាសឹក។ ដូច្នេះ វាអាច​បង្កភាពចម្រូងចម្រាស ​រវាង​ប៉ូលិស​និង​កងទ័ព និង​បង្កយថា​ហេតុ​ណាមួយក្នុងស្រុក​ រវាង​អាជ្ញាធរ និង​ក្រុមស្រលាញ់​​ប្រជាធិបតេយ្យ​​បាន៕ 


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

      ហ្វីលីពីនកំពុង​ដើរ​​ត្រឡប់​ក្រោយ​ទៅ​ប្រើ​ច្បាប់​ប្រហារ​ជីវិត

      ស្វែងយល់បន្ថែម

    • ហ្វីលីពីន ៖ រដ្ឋាភិបាល​និង​​ឧទ្ទាម​មៅ​និយម​ត្រលប់​ចូលតុ​ចរចា​វិញ​ នៅ​ហូឡង់

      ស្វែងយល់បន្ថែម

    • លោក ឌុយទែរតេ ៖ គេ​មិន​អាច​ប្រឆាំង​ចិន​ក្នុង​នយោបាយ​វាតទឹក​ដី​ក្នុង​សមុទ្ទ​ខាង​ត្បូង

      ស្វែងយល់បន្ថែម

    • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

      ប្រធានាធិបតី​ហ្វីលីពីន​ទៅ​សំពះសួរ​មហាមិត្ត​ថ្មី​ដល់​ផ្ទះ​ នៅ​ប៉េកាំង

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ