អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​Rodrigo​ Duterte​ ស្បថចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅហ្វីលីពីន ថ្ងៃ​ព្រហស្បតិ៍​៣០មិថុនា​នេះ ​អតីត​ចៅហ្វាយក្រុង​ Davao គឺ​លោក​​ Rodrigo Duterte រោឌ្រីហ្កូ ឌុយទែរតេ ដែលទើប​បាន​​​​ជាប់ឆ្នោត ​​កាលពី​​ខែ​​៩ឧសភា​ ​បាន​ស្បថ​ឡើង​​កាន់តំណែង​ជា​ប្រធានាធិបតីទី១៦ បន្ត​ពី​លោក​បេនីញ៉ូ អាគីណូ សម្រាប់​អាណត្តិ​​​​​​៦ឆ្នាំ។ លោក​ឌុយទែរតេ អាយុ​៧១ឆ្នាំ​ បាន​​​លើកឡើង​នៅថ្ងៃ​នេះ​ថា​ ​អាណត្តិ​ដឹកនាំ​របស់​លោក​​​ ​នឹងក្លាយទៅ​ជាការធ្វើ​​ដំណើរ​ដ៏រលាក់​។

Rodrigo Duterte ស្បថ​ ចូល​កាន់តំណែង​ ជា​ប្រធានាធិបតី​ទី១៦​របស់​ហ្វីលីពីន។
Rodrigo Duterte ស្បថ​ ចូល​កាន់តំណែង​ ជា​ប្រធានាធិបតី​ទី១៦​របស់​ហ្វីលីពីន។ Ảnh: Phủ tổng thống Philippines/ Reuters
ផ្សាយពាណិជ្ជកម្ម

ការធ្វើដំណើរពិតជា​នឹង​ជួប​ផ្លូវ​​រលាក់ និងមាន​ភាព​​រំជើបរំជួល​​ ​សម្រាប់ក្រុម​​ជនឧក្រិដ្ឋ ក្រុមជួញដូរ​គ្រឿងញៀន​​ ក្រុម​​​ជនដែល​​​​បង្ក​​អំពើ​ពុករលួយ​នៅ​ហ្វីលីពីន។ ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កន្លង​មក លោក​ឌុយទែរតេ ធ្លាប់​បាន​សន្យា​​​ថា ​​នឹង​ចំណាយពេល​តែ​៦ខែ​ប៉ុណ្ណោះ ដើម្បី​កំចាត់​ជនឧក្រិដ្ឋ​​អោយ​អស់​ពីហ្វីលីពីន។

គម្រោង​សន្តិសុខ​ក្រោម​អាណត្តិ​ប្រធានាធិបតី​ថ្មីនេះ បានធ្វើ​អោយ​​ក្រុម​សិទ្ធិមនុស្ស​ទាំង​ក្នុង​ស្រុក ទាំងក្រៅស្រុក​មាន​ការព្រួយបារម្ភ​ខ្លាំង។ គេនៅចាំ​ថា ​កាលពី​ឆ្នាំ​១៩៩៨ ក្រុង Davao ភាគខាងត្បូង​ ក្រោម​ការគ្រប់គ្រង​របស់​​លោកឌុយទែរតេ​ បាន​ទទួលបញ្ជា​​អោយ​សម្លាប់​មនុស្ស​រហូត​ជាង​១០០០នាក់។

ក្រុម​សិទ្ធិមនុស្ស​បារម្ភ​ខ្លាច​ ហ្វីលីពីន​ធ្លាក់​ក្នុង​​របបផ្តាច់ការ ក្រោម​​នយោបាយ​សន្តិសុខ​របស់​លោក Rodrigo Duterte

ប្រធានាធិបតី​ថ្មី​បាន​ជំរុញ​អោយ​ពលរដ្ឋ​ចូលរួម​ដាក់ទោស សម្លាប់​ជនឧក្រិដ្ឋ។ ​ក្រុម​សិទ្ធិមនុស្ស បាន​សំដែង​ការ​បារម្ភ​​ថា​ ការជំរុញ​បែបនេះអាច​ធ្វើអោយ​មាន​ការ​កាប់​សម្លាប់​​មនុស្ស​ដោយ​សេរី ហើយ​​ការដាក់ទោស​មនុស្សប្រឈម​​​នូវ​ភាពអយុត្តិធម៌។ កន្លងមក ការ​ដាក់ទោស​ជនល្មើស​មួយចំនួន ធ្លាប់​​​រងការ​ចោទ​ប្រកាន់ថា មិន​បានឆ្លងកាត់​ការ​​​ស៊ើបអង្កេត​រក​មូលហេតុ​ច្បាស់លាស់ ត្រឹមត្រូវ​​ទេ។

កាលពី​ក្នុង​ពេល​កាន់តំណែង​ជា​អភិបាល​ក្រុង Davao ជា​ក្រុងធំ​ទី៤ ​នៅ​ហ្វីលីពីន ​លោកឌុយទែរតេ​ ​បាន​​រងការ​ចោទប្រកាន់​ថា បាន​បញ្ជា​អោយ​សម្លាប់​មនុស្ស​រហូត​ជាង​១០០០នាក់ នៅ​​ឆ្នាំ១៩៨៨។ ប៉ុន្តែ សម្រាប់​លោក​ឌុយទែរតេ​ មនុស្ស​ទាំងនេះ គឺ​​ជា​ជន​ឧក្រិដ្ឋ បង្ក​គ្រោះថ្នាក់​​ដល់​ការរស់នៅ​របស់​ប្រជា​ពលរដ្ឋ។

​ហ្វីលីពីន​ឃ្លាតចាក​ពី​របប​ផ្តាច់ការ​របស់​លោក​Ferdinand  Marcos តាំង​ពី​ឆ្នាំ​១៩៨៦ ក៏មែន ពិត តែ​ហ្វីលីពីន​​នៅតែ​រងហិង្សា​ សងសឹក​គ្នា​ជា​ប្រចាំ។ គឺ​ដើម្បី​សន្តិសុខ​ជាតិនេះហើយ ទើប​​​ប្រជាជន​បាន​បោះឆ្នោត​អោយ​លោក​ឌុយទែរតេ ឡើង​មក​គ្រប់គ្រង​ហ្វីលីពីន។​ ​

សន្តិសុខ​ជា​ចំណុច​ខ្លាំង ជា​សមត្ថភាព​ពិសេស​របស់​លោក​ឌុយទែរតេ។ ​ប្រធានាធិបតី​ថ្មីធ្លាប់កាន់កាប់​ ដាវ៉ាវ​ដល់ទៅ​ជាង​២០ឆ្នាំ។ ក្រុងនេះ​ធ្លាប៉ជា​ក្រុង​រង​អំពើឧក្រិដ្ឋ​ខ្ពស់ ប៉ុន្តែ​លោក​ឌុយទែរតេ បាន​ប្រែក្លាយ​​ក្រុងនេះ​ អោយទៅ​ជា​​ក្រុងមួយ​​មាន​សុវត្ថិភាពសន្តិសុខ​ខ្ពស់​បំផុត​ នៅ​អាស៊ីអាគ្នេយ៍។ នេះ​ជា​​​មោទនភាព​របស់​ហ្វីលីពីន​ ហើយ​ក៏​ជា​គំរូដ៏ល្អ​​មួយ​សម្រាប់​មេដឹកនាំ​គ្រប់រូប​ដែរ។

ក្នុង​ផែនការ​​សន្តិសុខ​ សម្រាប់​អាណត្តិរបស់​ប្រធានាធិបតី​ថ្មី កងកម្លាំង​សន្តិសុខ​ហ្វីលីពីន​​មាន​សិទ្ធិ​​បាញ់​សម្លាប់​ជនឧក្រិដ្ឋ។ ប៉ូលិសដែល​បង្ក្រាប​បណ្តាញ​ក្រុមជួញដូរ​គ្រឿងញៀន ​​នឹង​ទទួលបាន​រង្វាន់​ការងារ។ ហើយ​ប្រជាជន​ក៏អាច​ចាប់ខ្លួន និង​ដាក់ទោស​សម្លាប់​ជនឧក្រិដ្ឋ​បានដែរ។ អនិតិជន​​គ្មាន​សិទ្ធិដើរហើរ​យប់ព្រលប់ទេ មិនដូច្នោះទេ ឱពុកម្តាយពួកគេ​​នឹង​ជាប់ទោស។

​​លើសពីនេះ ​លោក​ឌុយទែរតេ ​ក៏​ចង់​យក​ច្បាប់​ប្រហារ​​ជីវិត​អ្នកទោស ដែល​ហ្វីលីពីន​ឈប់ប្រើ​​តាំង​ពី​​ឆ្នាំ២០០៦នោះ មក​អនុវត្ត​ជាថ្មី​ឡើង​វិញដែរ។ លោក​ឌុយទែរតេ​ធ្លាប់​គំរាម​ទៀត​​​​ថា បើ​សភា​ហ៊ានរារាំង​​ការងារ​លោក លោក​នឹង​បិទសភា​ចោល។

គម្រោង​សន្តិសុខ​របស់​ប្រធានាធិបតី​ថ្មី​មាន​លក្ខណៈ​​ខ្លាំង​​បន្តិច​ហើយ ប៉ុន្តែ ជា​គម្រោង​ឆ្លើយតប​​នឹង​បំណង​របស់​លោក​ឌុយទែរតេ ដែល​ចង់​កំចាត់​ជន​ឧក្រិដ្ឋ​​គ្រប់ប្រភេទ ជា​បន្ទាន់ អោយបាត់បង់​​អស់​ពី​ហ្វីលីពីន តែ​ក្នុង​​រយៈ​ពេល​៦ខែ។ ៦ខែជា​រយៈពេល​ខ្លីណាស់។ បើ​លោក​ឌុយទែរតេ មិនធ្វើ​ខ្លាំង គឺ​មិន​អាច​​សម្រេច​ពាក្យសន្យា​បោះឆ្នោត​ទេ។

ដោយឡែក​​​ ​លោកឌុយទែរតេ អាច​​មិនមើល​រំលង​​ច្បាប់ទេ ព្រោះ​លោកក៏​​​ធ្លាប់ធ្វើជា​មេធាវី ​និង​រដ្ឋអាជ្ញា​មួយរូប​ដែរ។ លោក​ប្រាប់ថា លោក​យល់ច្បាស់​ពី​ដែនកំណត់​នៃ​អំណាច ហើយ​អ្វីៗ​ដែល​លោកត្រូវ​​ធ្វើ​ក៏​ស្ថិត​ក្រោម​បន្ទាត់ច្បាប់ដែរ។

អ្វីដែល​ក្រុមសិទ្ធិមនុស្ស​បារម្ភ គឺ​ថា​​លោក​ឌុយទែរតេ​នេះ ​តែ​មាត់ថា​ហើយ គឹដៃ​ធ្វើហើយ។ ក្រុម​សិទ្ធិមនុស្ស ​​បារម្ភពិសេស​​ ​​​ពេល​លឺពាក្យ​សំដី​ឆៅៗ​របស់​លោក។ ក្នុ​ង​ពេល​​​ឃោសនា​ឆ្នោត​កន្លងមក ​លោក​ឌុយទែរតេ ​ធ្លាប់​លើកឡើងថា សាកសព​ជនឧក្រិដ្ឋ​១សែននាក់ នឹង​ក្លាយ​ជា​ចំណិ​ត្រី​ នៅ​​សមុទ្រ​​​ក្រុង​ម៉ានីល​។  ​លោក​ឌុយទែរតេ​ ​​​មាត់ឆៅ​ ​រហូត​​គេ​អោយ​រហ័ស​នាម​ថា លោក​​គឺជា​ដូណាល់ ត្រុំ របស់​ហ្វីលីពីនទៀតផង។ តែ​ប្រជាជន​ពេញចិត្ត​លោក​ក៏​ដោយសារ​តែ​លោក​មាត់ឆៅ​នេះឯង។

ការ​បំបាត់​អំពើ​ហិង្សា ស្វែង​រក​សន្តិសុខ នេះ​ជាអ្វីដែល​​ប្រជាជនក្នុងស្រុកចង់បាន។ ពលរដ្ឋ​ហ្វីលីពីន​ប្រហែល​មិនបាន​គិតដូច​ក្រុមសិទ្ធិមនុស្សទេ។ ​

ចំណុច​ពិសេស​មួយទៀត គឺ​លោក​ឌុយទែរតេ​​ ខុស​ពី​មេដឹកនាំ​ផ្សេងៗទៀត លោក​ឌុយទែរតេ មិន​ដែល​ជាប់​សែស្រឡាយ​ មានសាច់ញាតិ​​គ្រួសារ​ជាអ្នកកាន់អំណាច​​ ក្នុង​ប្រវត្តិ​សាស្ត្រ​ហ្វីលីពីនទេ។ ដូច្នេះ ​សម្រាប់ប្រជាជន លោក​ឌុយទែរតេ មិនមែន​ជា​ជន​ល្មោភអំណាច​ ពុករលួយ​ទេ។ ផ្ទុយទៅវិញ​ លោក​អាច​មាន​សមត្ថភាពកំចាត់ អំពើពុករលួយ ការ​ស៊ីសំណូក​បែប​បក្សពួក​​និយម​បាន។ លោកអាច​​​កាត់​បន្ថយ​ភាពក្រីក្រ​ និងដោះស្រាយ​​​វិសមភាព​សង្គម​​ឡើងវិញ​បាន។ គួរបញ្ជាក់ថា ​ប្រជាជន​ហ្វីលីពីន​៥០លាននាក់ កំពុង​​រស់​ក្នុង​ភាពក្រីក្រ។​ ក្នុង​អាណត្តិ​ដឹកនាំ​ ​លោកឌុយទែរតេ​ក៏​មាន​គម្រោង​​​ចង់​​អោយ​ហ្វីលិពីន​ក្លាយជា​រដ្ឋសហព័ន្ធ​ដូចអាមេរិក​ដើម្បី​បែងចែក​អំណាច អោយ​បាន​គ្រប់​ទិសទី។

ហ្វីលីពីន​អាច​មាន​​មុខមាត់​បែបថ្មី​ ក្នុង​ឆាកអន្តរជាតិ​

សម្រាប់​នយោបាយ​ការបរទេស លោក​ រោឌ្រីហ្កូ ​​ឌុយទែរតេ​ ធ្លាប់​ប្រាប់ថា លោក​នឹង​បន្ត​នយោបាយ​របស់​លោក​អាគីណូ ដោយ​​បន្ត​ទំនាក់ទំនង​យោធា​ជាមួយ​អាមេរិក ដើម្បី​ដាក់​សម្ពាធ​​លើចិន។ ប៉ុន្តែ លោក​ក៏បើក​ចំហរ​ ព្រមចរចា​​ផ្ទាល់​ពិ​បញ្ហា​ដែនទឹក​សមុទ្រចិន​ខាងត្បូង​ជាមួយចិន​ដែរ។ ជំហរ​ថ្មីនេះ អាច​​អោយ​ហ្វីលីពីនអាច​​ខិតទៅរក​ចិន​បាន។

កន្លងមក ​លោកឌុយទែរតេ ធ្លាប់​បង្កភាពតានតឹង​ច្រើន​ជាមួយ​ប្រទេស​លោក​ខាងលិច។ ​ដោយសារ​តែ​មាត់ឆៅ សំដី​អាសអាភាស​​ ឥត​គម្រប​ អាមេរិក​និង​អូស្ត្រាលី​បាន​រិះគន់​លោក ចំពោះ​​ការ​ដែល​លោក​លេងសើច​ចំពោះស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់ ដែលត្រូវ​ជនពាល​ចាប់​រំលោភ​រួចសម្លាប់​ ​កាលពី​ឆ្នាំ​១៩៨៩។ ស្ត្រី​រូបនោះ​​ជា​​អ្នកផ្សព្វផ្សាយ​សាសនាកាតូលិក។

លោកឌុយទែរតេ ធ្លាប់​ប្រើពាក្យ​​ថា ប្រធានាធិបតី​ហ្វីលីពីន​ជំនាន់​នោះ គួរណាស់​តែ​រំលោភ​ស្ត្រី​រូប​នោះ​ជាមុន​សិន រួច​ចាំអោយ​ក្រុម​​ជនឧក្រិដ្ឋ​រំលោភ​តាមក្រោយ។ នេះ​​ជា​ពាក្យ​មាក់ងាយ​​ធ្ងន់ធ្ងរ​​​ចំពោះ​ស្ត្រី​រងគ្រោះ​។ គួរកត់សម្គាល់​ដែរថា​​លោកឌុយទែរតេ ក៏ធ្លាប់​បាន​ជេរ​សម្តេច​សង្ឃ​ប៉ាប​ដែរ។ ដោយសារ​តែ​​អូស្ត្រាលី​និង​អាមេរិក​រិះគន់ ​លោក​ឌុយទែរតេ​បាន​​​គំរាម​ផ្តាច់​ទំនាក់ទំនង​ការទូត ជាមួយ​​ ​ប្រទេស​ទាំង២។

ប៉ុន្តែ សម្រាប់​នយោបាយ​ដឹកនាំ ​​ការផ្តន្ទា​ជនឧក្រិដ្ឋ​មិនរើស​មុខ ការ​​​ដែល​លោក​ឌុយទែរតេ​ចង់ចរចា​ផ្ទាល់ជាមួយ​ចិន បូកផ្សំ​នឹង​​​បុគ្គលិក​លក្ខណៈ​មាត់ឆៅ​​​​​​បែបនេះ​ អាច​​​​អោយ​ហ្វីលីពីន​មាន​មុខមាត់​បែបថ្មីមួយទៀត​ ​ក្នុង​ឆាក​អន្តរជាតិ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ