អានតួអត្ថបទ
ហ្វីលីពីន-អាមេរិក

លោក​ឌុយទែរតេ​ប្រកាស​ជាផ្លូវការ​ ​​​ផ្តាច់​សម្ព័ន្ធភាព​​​ជាមួយ​​អាមេរិក​​

ក្នុង​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ​ នៅ​ក្រុងប៉េកាំង ​ថ្ងៃព្រហស្បតិ៍​នេះ ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ​បាន​ប្រកាស​ជាផ្លូវការ​ ​កាត់ផ្តាច់​សម្ព័ន្ធភាព​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក។ លោក​ឌុយទែរតេ​បាន​លើកឡើង​ថា៖ ខ្ញុំសូមប្រកាស​ចែកផ្លូវ​ជាមួយ​អាមេរិក។ 

លោកឌុយទែរតេ
លោកឌុយទែរតេ REUTERS/Lean Daval Jr
ផ្សាយពាណិជ្ជកម្ម

ក្នុង​ឱកាសដំណើរ​​​ទស្សនកិច្ច​៤ថ្ងៃ នៅ​ចិន លោក​ឌុយទែរតេ​បាន​ប្រកាស​កាត់ផ្តាច់សម្ព័ន្ធភាព​ជាមួយ​អាមេរិកយ៉ាង​ដូច្នេះ​​ នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ចមួយ ​ធ្វើអោយ​សាធារណជន​នៅទីនោះ ​ទះដៃ​អបអរ​សាទរ។

កាលពី​ថ្ងៃពុធ​​ ប្រធានាធិបតី​ហ្វីលីពីន​ទើបតែ​បាន​រិះគន់​អាមេរិក ថា​មានវត្តមាន​នៅ​ហ្វីលីពីន​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន។ ​លោកឌុយទែរតេ ​ប្រាប់​កាលពី​ថ្ងៃពុធ​ដែរថា៖ ​ដល់ពេល​ដែល​ត្រូវនិយាយ​លាគ្នាហើយ មិត្ត។

ក្នុង​ដំណើរទស្សនកិច្ច​នៅចិន ​លោក​ឌុយទែរតេ បាន​​ប្រកាស​លើក​​សំណុំរឿង​ជម្លោះដែនទឹក​រវាង​ចិន​និង​ហ្វីលីពីន លើកយក​ទៅ​​ពិភាក្សា​មើល​ពេលក្រោយ​ទៀត។ លោកឌុយទែរតេ​ប្រាប់ថា ​លោក​ផ្តល់​អាទិភាព​លើ​កិច្ចសហ​ប្រតិបត្តិការ​​​​សេដ្ឋកិច្ច​ជាមួយចិន​​ជាចំបង។ ​

ជំហរ​ផ្តាច់ទំនាក់ទំនង​ជាមួយអាមេរិក ជំហរ​​មិនជជែកពី​​រឿង​ជម្លោះ​ដែនទឹកជាមួយចិន​​ ធ្វើអោយ​ចិន​ពេញចិត្ត​ ​លោក​ឌុយទែរតេ​ជាខ្លាំង។ ​​នៅទីលាន​ធានអានមេន ​​ប្រធានាធិបតី​ស៊ី ជីនពីង បាន​ចេញមុខ​ទទួល​លោក​ឌុយទែរតេ ​យ៉ាង​ឧឡារិក។ លោក​ស៊ី ជីនពីង ​បានលើកឡើង​វិញ នូវ​សារៈ​សំខាន់​នៃ​ការពិភាក្សា​ទ្វេភាគី លើ​ជម្លោះ​ដែនទឹក​នៅ​សមុទ្រចិន។ ​

ប្រធានាធីបតី​អាគីណូ​ អាណត្តិមុន បាន​ប្តឹង​​ចិន​រឿងជម្លោះ​ដែនទឹក រហូត​តុលាការ​ក្រុងឡាអេ​សម្រេច​ក្តី​អោយហ្វីលីពីន​ឈ្នះចិន។ តែ​ប្រធានាធិបតី​ថ្មី ឌុយទែតេ​មិនអើពើ​រឿងនេះ​ទេ។ លោក​សុខចិត្ត​យកចិត្ត​យកថ្លើម​ចិន ជាជាង​អាមេរិក និង​ប្រទេស​លោក​ខាងលិច ព្រោះ​ខុសពី​ប្រទេស​លោកខាងលិច ​ចិន​មិនបាន​រិះគន់​យុទ្ធនាការ​​កំចាត់​ឧក្រិដ្ឋជន​គ្រឿងញៀន​នៅ​ហ្វីលីពីន​ទេ។ ​

លោក​ស៊ី ​​ជីនពីង ​បាន​ប្រកាស​ជួយ​សង់​ហេដ្ឋារចនា​សម្ព័ន្ធ​អោយ​ហ្វីលីពីន។ ​លោក​ឌុយទែរតេ​​វិញ ​ក៏បាន​​ជំរុញ​អោយ​​អ្នក​វិនិយោគ​ចិន​ និងជនជាតិ​ចិន ​ចូលមក​រកស៊ី​រឺ​ធ្វើទេសចរ​ ​នៅ​ហ្វីលីពីនដែរ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ