ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
អាស៊ី

លោក​ឌុយទែរតេ​​ចង់​យក​គំរូ​​តាម​​រុស្ស៊ី​ ដើរ​ចេញពី​​​តុលាការ​ព្រហ្មទណ្ឌ​​អន្តរជាតិ​

media  
ប្រធានាធិបតី​ហ្វីលីពីន លោក​​Rodrigo Duterte REUTERS/Erik De Castro

ប្រធានាធិបតី​ហ្វីលីពីន​ រោឌ្រីហ្គោ ​ឌុយទែរតេ បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា ​លោក​ត្រៀម​យកគំរូ​តាម​រុស្ស៊ី ដើម្បី​​ចាក​​​ចេញ​ពីប្រទេស​ហត្ថលេខី ​នៃ​យុត្តាធិការ​របស់​​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្រុង​ឡាអេ។ ទន្ទឹម​​​ការចង់ចេញ​ពី​តុលាការ​អន្តរជាតិ​មួយនេះ ​ហ្វីលីពីនបាន​​​ចុះ​ផ្សាយ​​​​កំណើន​សេដ្ឋកិច្ច​ជាតិ​​ដ៏រឹងមាំ​​ សម្រាប់​​ត្រីមាស​ទី៣។

 

ប្រធានាធិបតីហ្វីលីពីន​​ ឌុយទែរតេ ​ប្រកាស​ចង់ចាកចេញ​ពី​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុងឡាអេ ដូច​រុស្ស៊ី​ដែរ។ ថ្ងៃពុធ​ម្សិលមិញ ប្រធានាធិបតី​រុស្ស៊ី​បាន​ចុះហត្ថលេខា​លើ​ក្រិត្យ​ដក​រុស្ស៊ី​ចេញ​ពី​លក្ខន្តិកៈ​ក្រុងរ៉ូម ដែល​ជា​សសន្ធិសញ្ញា​ស្ថាបនិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​មួយនេះ។ ​

លោក​ឌុយទែរតេ លើកឡើង​ថា ​តុលាការ​នេះ​​​គ្មាន​ប្រយោជន៍​ទេ តុលាការ​នេះ​​​​រករឿងតែ​ជាមួយ​​​​​​ប្រទេស​តូចៗ ដូចជា​ហ្វីលីពីន​ប៉ុណ្ណោះ។ ​លោក​ឌុយទែរតេ​បន្ថែមថា ​បើក​ចិន​និង​រុស្ស៊ី​សម្រេច​បង្កើតក្រុមអ្វី​​មួយ​ក្នុង​ពិភពលោក នោះ​លោក​នឹងចូលរួម​មុនគេ។

​​ថ្ងៃព្រហស្បតិ៍​នេះ ប្រធានាធិបតី​ហ្វីលីពីន​ក៏បាន​បិរហារ​ផងដែរ ​ពី​ការចោទប្រកាន់​របស់​ប្រទេស​លោកខាងលិច ​ដែល​ថា ហ្វីលីពីន​យកលេស​ក្នុង​យុទ្ធនាការ​​​​​ប្រយុទ្ធ​ការ​ជួញដូរ​គ្រឿងញៀន ​ដើម្បី​សម្លាប់​មនុស្សក្នុង​ស្រុក។ គិតតាំង​ពី​លោក​ឌុយទែរតេ​ ឡើងកាន់​អំណាច​ ចុងខែ​មិថុនាមក ​មនុស្ស​ជាង​៤០០០នាក់ ត្រូវបាន​គេសម្លាប់ ក្នុង​នោះ​មាន​១៨០០នាក់ ត្រូវបាន​ប៉ូលិស​ស្លាប់។ ​ ​

ដោយឡែក ​ថ្ងៃព្រហស្បតិ៍​នេះដែរ អាជ្ញាធរ​សេដ្ឋកិច្ច​ហ្វីលីពីន​បានចុះផ្សាយ​​តួលេខ​កំណើន​សេដ្ឋកិច្ច ដែល​បាន​កើនដល់​៧,១ភាគរយ សម្រាប់​ត្រីមាស​ទី៣។ គឺ​កើន​ហួសពី​ការ​ប៉ាន់ស្មាន​​​របស់​ក្រុម​ជំនាញ​ទៅទៀត ធ្វើអោយ​ហ្វីលីពីន​នាំមុខ​គេ ​ក្នុងចំណោម​ប្រទេស​កំពុង​មានសេដ្ឋកិច្ច​លេចធ្លោ​ នៅ​អាស៊ី។ ក្រុមជំនាញ​បាន​រំពឹង​កន្លងមក ថា​ហ្វីលីពីន​អាច​ជួប​កំណើន​​​​ត្រឹម​តែ​៦,៨ភាគរយ​ប៉ុណ្ណោះ។

សន្ទុះ​នៃ​ការវិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ និង​ការ​កើនឡើង​នៃ​ការចាយវាយ​ក្នុងស្រុក គឺជា​មូលហេតុ​នៃ​កំណើន​សេដ្ឋកិច្ច​ដ៏ល្អ​របស់​ហ្វីលីពីន សម្រាប់​​ត្រីមាស​ទី៣​នេះ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ