ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT

អេបូឡា ៖ មេរោគ​ចាស់​ ការ​រាត​ត្បាត​ថ្មី

អេបូឡា ៖ មេរោគ​ចាស់​ ការ​រាត​ត្បាត​ថ្មី
 
រោគ​សញ្ញា​ជំងឺអេបូឡា

អេបូឡា ជា​ជំងឺ​បង្ក​ឡើង​ដោយ​វីរ៉ុស ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បំផុត កើត​ឡើង​នៅ​លើ​មនុស្ស។ អត្រា​ស្លាប់​ក្រោយ​ពេល​​វីរ៉ុសបាន​រាត​ត្បាត​​ចូល​ក្នុង​ខ្លួនហើយ មាន​កំរិត​ឡើង​ដល់​៩០%។ ឡើង​កម្តៅ​សីតុណ្ហភាព​រាងកាយ រហូត​ដល់​ចេញ​ឈាម ជំងឺគ្រុន​ឈាម​​អេបូឡា កើត​មាន​ជា​ពិសេស​នៅ ទ្វីបអាហ្វ្រិក។ គិត​មក​ទល់​នឹង​ថ្ងៃ​អង្គារ​ទី ១២​សីហា​នេះ អេបូឡា​បាន​សម្លាប់​ជីវិត​មនុស្ស​១០១៣​នាក់ និង​គ្មាន​ទេ​ថ្នាំ​ព្យាបាល ឬ​ថ្នាំ​ការពារ។

ការ​មើល​ថែ​ជំងឺ​ឱ្យ​ថ្នាំ​ព្យាបាល​ អាស្រ័យ​លើ​អាការៈ​សញ្ញា​រោគ​ជាក់​ស្តែង​របស់​អ្នក​ជំងឺ​តែ​ប៉ុណ្ណោះ។
តើ​អេបូឡា​ជា​ជំងឺ​ ? មាន​ប្រភព​មក​ពីណា ? និង​មាន​ការ​​ការពារ​យ៉ាង​ដូចម្តេច​ខ្លះ ?

 

តាំង​ពី​ដើម​ឆ្នាំ ២០១៤​មក ករណី​កើត​ជំងឺ​អេបូឡា បាន​លេច​ឡើង​នៅ​ក្នុង​ប្រទេស​បួន នៃ​ទ្វីប​អាហ្វ្រិក ៖ ហ្គីណេ លីបេរីយ៉ា សៀរ៉ាឡេអូន និង​នីហ្សេរីយ៉ា។ អាជ្ញាធរ​សុខាភិបាល​ប្រទេស​ទាំង​បួន​នេះ សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ព្រមទាំង​ដៃគូ​សុខភាព​ទាំង​មូល​ បាន​ប្រមូល​កម្លាំង​គ្នា​ការពារ​និង​ទប់​ស្កាត់​កុំ​ឱ្យ​វីរ៉ុស​អេឡបូឡា រាលដាល​ដល់​ប្រទេស​ផ្សេង​ទៀត។

សម្រាប់​ខាងអឺរ៉ុប ការ​វាយតម្លៃ​គ្រោះ​ហានិភ័យ​នៃ​ការ​ចម្លង​វីរ៉ុស​អេបូឡា​ទៅ​អឺរ៉ុប តាម​រយៈ​អ្នក​ដំណើរ​មាន​កំរិត​ទាប​ណាស់ ប៉ុន្តែ​មិនច្រាន​ចោល​​ថា​​គ្មាន​គ្រោះ​ចម្លង​សោះ​នោះទេ។ ចំណែក​អង្គការ​សុខភាព​ពិភពលោក​វិញ បាន​ប្រកាស​អាសន្ន​​កំរិត​ពិភពលោក​ប្រឈម​នឹង​ការ​រាលដាល​នៃ​ជំងឺ​អេបូឡា ប៉ុន្តែទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី​ក៏​អង្គការ​មិន​បាន​ចេញ​បម្រាម​ហាមឃាត់​ ឬ​បិទ​ចរាចរណ៍​ផ្លូវ​អាកាស​ទៅ​កាន់​ប្រទេស​កំពុង​រង​គ្រោះ​ព្រោះ​ជំងឺ​អេបូឡា​ដែរ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​សេដ្ឋកិច្ច។ អ្នក​ដំណើរ​ទាំង​ឡាយ ទាំង​អ្នក​ទៅ ទាំង​អ្នក​មក​​ពី​ប្រទេស​អាហ្វ្រិក​ពាក់ព័ន្ធ​ទាំង​បួន ត្រូវ​តែ​ស្វែង​យល់​អំពី​អនុសាសាន៍​​សុខភាព​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

តើ​អេបូឡា​ ជា​អ្វី ?

គេ​បាន​ស្គាល់​វីរ៉ុស​ និង​អត្តសញ្ញាណ​របស់​អេបូឡា​ ជា​លើក​ទី​មួយ​នៅ​ឆ្នាំ​១៩៧៦ ក្នុង​ពេល​ដែល​មាន​ផ្ទុះ​ករណី​កើត​ជំងឺ​អេបូឡា​ពីរទន្ទឹម​គ្នា នៅ​ខេត្ត​ខាង​លិច​របស់​ប្រទេស​ស៊ូដង់​និង​នៅ​តំបន់​ជាប់​របង​ Yanbuku ប្រទេស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​បច្ចុប្បន្ន ​ហូរ​កាត់ដោយ​ស្ទឹង​មួយ​មាន​ឈ្មោះ​ថា អេបូឡា។ ទើប​គេ​ឱ្យ​ឈ្មោះ​ជំងឺ​គ្រុន​ក្តៅ​ខ្លួនហូរឈាម​ ឬ​គ្រុន​ឈាម​នោះ​ថា អេបូឡា​ រហូត​មក។
វីរ៉ុស​អេបូឡា​ ស្ថិត​នៅ​ក្នុង​ចង្កោម​គ្រួសារ​វីរ៉ុស ហ្វីឡូវីរ៉ុស​ (Filovirus- filoviridés) ដូច​​​វីរ៉ុស Marburgvirus Cuevavirus។ វីរ៉ុស​មាន​៥​ប្រភេទ ៖
-       Ebolavirus Bundibugyo (BDBV)
-       Ebolavirus Zaïre (EBOV)
-       Ebolavirus Reston (RESTV)
-       Ebolavirus Soudan (SUDV)
-       Ebolavirus Forêt de Taï (Taï Forest TAFV)
ខុស​ពី​វីរ៉ុស​RESTV និង​TAFV វីរ៉ុស​អេបូឡា​ BDBV EBOV និងSUDV មាន​ឃើញ​នៅ​តែ​ក្នុង​ទ្វីប​អាហ្វ្រិក ហើយ​នៅពេល​ចូល​ដល់​ក្នុង​ខ្លួនមនុស្ស​ហើយ​នឹង​បង្ក​ជា​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង ឬ​ហៅ​ថា​គ្រុន​ឈាម​។ ចំណែក​ប្រភេទ​RESTV ដែល​មាន​ឃើញ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន និង​ចិនដីគោក អាច​ចម្លង​មក​មនុស្ស​ដែរ​ ប៉ុន្តែ​រហូត​មក​ទល់​នឹងពេល​នេះ​គេ​ពុំ​ដែល​បាន​ទទួល​សេចក្តី​រាយការណ៍​ណា​មួយ​ទាក់ទង​នឹង​ករណី​ឆ្លង​វីរ៉ុស​ កើត​ជំងឺ​អេបូឡា ឬ​ស្លាប់​ព្រោះ​វីរ៉ុស​អេបូឡាសោះ នៅ​ចិន​និង​ហ្វីលីពីននេះ។

ការ​ចម្លង​វីរ៉ុស

វីរ៉ុស​អេបូឡា​ ជា​វីរ៉ុស​របស់​សត្វ​ព្រៃ។ វា​អាច​ចម្លង​​ពី​សត្វ​ព្រៃ​មក​មនុស្ស​ បន្ទាប់​មក​ពី​មនុស្ស​ទៅ​មនុស្ស តាម​រយៈ​ការ​ប៉ះពាល់​គ្នា​ដោយ​ផ្ទាល់ ដូច​ជា​ប៉ះពាល់​ឈាម អង្គធាតុ​រាវជីវសាស្ត្រ (ឈាម​ញើស ទឹក​នោម ទឹកដោះ...) ទឹក​រំអិល ជាលិកា​សត្វ​ មនុស្ស​មាន​ផ្ទុក​ជំងឺ មាន​ផ្ទុក​វីរ៉ុស។

មនុស្ស​ម្នាក់ អាច​ចម្លង​យក​វីរ៉ុស​អេបូឡា​ពី​សត្វ​ព្រៃ​បាន​ ដរាប​ណា​បាន​ប៉ះពាល់ ឈាម ទឹក​រងៃ ទឹក​រំអិល សរីរាង្គ​ ឬ​សារធាតុ​រាវមានជីវិត​របស់​សត្វ​ព្រៃ​មាន​ជំងឺ។ នៅ​អាហ្វ្រិក​ គេ​សង្កេត​ឃើញ​មាន​ការ​ចម្លង​មេរោគ​​ បន្ទាប់​ពី​​បណ្តាជន​បាន​ទៅ​ចាប់ ទៅ​ជួប​ប៉ះពាល់​សត្វ​ស្វា ស្វាChimpanzé gorille ប្រចៀវ/ជ្រឹង ឈ្លុះ កាំប្រមា ឈឺ​ ឬ​ស្លាប់​ក្នុង​ព្រៃ​ត្រូពិក។ បន្ទាប់​មក​វីរ៉ុស​អេបូឡា ក៏​បន្ត​រីក​រាល​ដាល​ចម្លង​ក្នុង​សហគមន៍​ ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ តាមរ​យៈ​ការ​ប៉ះពាល់ ផ្ទាល់​ស្បែក​រលាត់ ដាច់​ភ្នាស ឈាម ញើស​ ទឹក​នោម រំអិល... អង្គធាតុរាវ​ជីវសាស្ត្រ​ ឬ​វត្ថុ​រាវ​​មាន​ជីវិត​របស់​អ្នក​ជំងឺ និង​ជួន​កាល​មិន​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​បុគ្គល​មាន​ទេ តែ​បាន​ទៅ​កាន់​វត្ថុ​ ទី​បិរស្ថាន ដែល​មាន​ឆ្លង​មេរោគ​រួច​ទៅ​ហើយ។ ពិធី​បុណ្យ​សព ដែល​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ជនជាតិ​ខ្លះ​ នៅ​អាហ្វ្រិក ដែល​ឪពុក​ម្តាយ ញាតិ​សណ្តាន សាច់​សារលោហិត​ ត្រូវ​ទៅ​ស្ទាប ប៉ះ​សាក​សព​ដោយ​ផ្ទាល់​ មុន​ពេល​បិទ​មឈូស ក៏​អាច​ជា​ភ្នាក់ងារ និង​ឱកាស​ចម្លង​មេរោគ​អេបូឡា​ដែរ។ ស្ពែម មេជីវិត​បុរស របស់​មនុស្ស​ប្រុស​អាច​មាន​សមត្ថភាព​ចម្លង​វីរ៉ុស​អេបូឡា​បាន​រហូត​ដល់​ទៅ ៧ សប្តាហ៍​ បើ​ទោះ​បី​មនុស្ស​បុ្រសនោះ បាន​ជា​សះស្បើយ​ពី​រោគ​អេបូឡា​ហើយ​ក៏​ដោយ។
លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល ពន្យល់​បំភ្លឺ​បន្ថែម​ការចម្លង​នៃ​វីរ៉ុស​អេបូឡា។

ភ្នាក់ងារ​សុខាភិបាល ជា​ញឹកញយ តែង​ឆ្លង​មេរោគ​នៅ​ពេល​កន្លែង​ធ្វើ​ការ​ ពេល​កំពុង​ព្យាបាល​អ្នក​ជំងឺ ឬ​ជន​សង្ស័យ​មាន​ជំ​ងឺ​អេបូឡា។ ជា​ទូទៅ ពេល​មាន​ការ​ធ្វេស​ប្រហែស​បន្តិច​បន្តួច​ផ្នែក​វិធី​ការពារ​ប្រឆាំង​នឹង​ការ​ការ​ចម្លង​រោគ ក្រុមគ្រូពេទ្យ​ទាំង​នោះ​បាន​ទៅ​ប៉ះពាល់ អ្នក​ជំងឺ ​ដោយ​ផ្ទាល់​។
ចំពោះ​បុគ្គល​ដែល​មើលថែ​​​សត្វ​ ប៉ះពាល់​សត្វ​ស្វា និង​ពពួក​សត្វ​កកេរ មាន​ជំងឺ​អេបូឡា ប្រភេទ RESTV ក៏​អាច​មានករណី​​​ឆ្លង​វីរ៉ុស​ មក​មនុស្ស​ ដែរ (មាន​ច្រើនករណី​ហើយ) ប៉ុន្តែ​វីរ៉ុស​ប្រភេទ​នេះ​ហាក់​ដូច​​មិន​សូវ​បង្ក​ជំងឺ​បាន​នៅ​លើ​ខ្លួន​មនុស្ស​ដូច​ប្រភេទ​វីរ៉ុស​អេបូឡា​ផ្សេងទៀត​ទេ។

យ៉ាងណា​ក៏​ដោយ ក៏​និន្នន័យ​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ មាន​ពាក់ព័ន្ធ​តែ​នឹង​មនុស្សពេញ​វ័យ មានសុខភាព​រឹង​ប៉ឹង។ វា​ហាក់​ដូច​ជា​ឆាប់​ពេក​ក្នុង​ទាញ​សេចក្តី​សន្និដ្ឋាន​រួម​ទាក់​ទង​នឹង​អានុភាព​របស់​វីរ៉ុស​ចំពោះ​សុខភាព​មនុស្សទូទៅ ជាពិសេស​ចំពោះ​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ​ មុនស្ស​មាន​បញ្ហា​សុខភាព​ជាប់​ខ្លួន ស្ត្រីមាន​ផ្ទៃពោះ និងកុមារ។ គេ​ត្រូវ​តែ​ធ្វើ​ការ​សិក្សា​​ថ្មី​ទៀត​លើ​វីរ៉ុសRESTV មុន​នឹង​អាច​ទាញ​សេចក្តី​សន្និដ្ឋាន​ចុង​ក្រោយ​ស្តី​ពី​កម្លាំង​រាតត្បាត​បង្ក​ជំងឺ​មក​លើ​មនុស្ស។

​​ ​អាការៈ និងសញ្ញា​រោគ
 
ជំងឺ​អេបូឡា ជាជំងឺ​បង្ក​ឡើង​វីរ៉ុស​ធ្ងន់ធ្ងរ ដែល​ស្តែង​ភ្លាម​ឡើង​ដោយ​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង​ យ៉ាង​ទាន់​ហន់ -ចុះ​ខ្សោយ​កម្លាំង​ជា​លំដាប់ - ឈឺចុក​ចាប់​សាច់​ដុំ- ឈឺក្បាល និង​រលាក​បំពង់ក។ ​អាការៈដែល​អាច​មាន​ជា​បន្ត​បន្ទាប់​ទៀត គឺ​ការ​ក្អួត រាក ស្បែក​រោល ខ្សោយ​តម្រង​នោម-​ថ្លើម និង​ហូរ​ឈាម​ក្នុង​ខ្លួន ឬ​ក្រៅ​ខ្លួន។ ក្នុង​ការ​វិភាគ​ឈាម ​គេ​នឹង​ឃើញ​អត្រា​គ្រាប់​ឈាម​ស​ ផ្លាកែត ធ្លាក់​ចុះ​...
​​វីរ៉ុសពេល​​ចូល​ក្នុង​ខ្លួន​មនុស្ស​អាច​សំងំ​ ពី២​ទៅ​២១​ថ្ងៃ​ មុន​នឹង​​ផ្តល់​​អាការៈ​សញ្ញា​រោគ​លើក​ដំបូង។

រោគ​វិនិច្ឆ័យ

មុន​នឹង​កំណត់​ថា​បុគ្គល​ម្នាក់​មាន​ជំងឺ​អេបូឡា គ្រូពេទ្យ​ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ ច្រាន​ចោល​ថា​គ្មាន​ជំងឺ​ឆ្លង​ផ្សេង​ទៀត​ក្នុង​ខ្លួន​អ្នកជំងឺ​ទេ។ គេ​ត្រូវ​ប្រាកដ​ថា​អ្នក​ជំងឺ​នោះ គ្មាន​កើត​ជំងឺ​គ្រុន​ចាញ់ គ្រុន​ពោះវៀន អាសន្នរោគ ជំងឺប៉េស្ត គ្រុន​ក្តៅធម្មតា រលាក​ខួរក្បាល​ ថ្លើម​ ឬ​គ្រុន​ឈាម​ផ្សេ​ងទៀត​ទេ។ បន្ទាប់​មក​អ្នក​ជំងឺ​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​វិភាគឈាម​​ ​ច្រើន​ទៀត ទើប​អាច​កំណត់​រោគ​វិនិច្ឆ័យចុង​ក្រោយ​ថា​មាន​ជំងឺ​អេបូឡា​បាន។
ការការពារ​និង​ព្យាបាល

គ្មាន​ថ្នាំ​ព្យាបាល និង​ថ្នាំ​វ៉ាក់សាំង​ការពារ​ណា​ ដែល​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជាទូទៅ​ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អេបូឡា​ទេ ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ថ្នាំ វ៉ាក់សាំង ជា​ច្រើន​មុខ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាក​ល្បង​នៅ​ឡើយ ហើយ​គ្មាន​មួយ​សោះ​អាច​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្រប​តាម​បែប​វេជ្ជសាស្ត្រ។
អ្នក​ជំងឺ​ដែល​ធ្លាក់​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​ហើយ ត្រូវ​ទទួល​ការ​ព្យាបាលប្រញឹក។ ដោយ​អ្នកជំងឺ​ប្រភេទ​នេះ​តែង​ឆាប់​ខ្សោះ​ជាតិ​ទឹក ការ​ព្យាបាល​គឺ​ត្រូវ​ផ្តល់​ទឹក​ឱ្យ​ផឹក ឬ​ដោយ​ដាក់​សូលុយស្យុង​អេឡិចត្រូលីត ឬ​ព្យួរ​សេរ៉ូម​។ គ្មាន​ឡើយ​វិធីព្យាបាល​ពិសេស​ឱ្យ​ចំ​​ជំងឺ​អេបូឡា។
សេរ៉ូម​ZMapp របស់​សហគ្រាស​ឱសថ​អាមេរិក​និង​កាណាដា ក៏​ជា​ថ្នាំ​អង្គ​បដិបក្ស​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​សាក​ល្បង​នៅ​ឡើយ ប៉ុន្តែ​ដោយ​យោលទៅ​លើ​ស្ថានភាព​រាតត្បាត​នៃ​វីរ៉ុស​អេបូឡា និង​ដោយ​ឈរ​លើ​គោលការណ៍​ការពារ​ប្រសើរ​ជាង​ព្យាបាល ទើបអង្គការ​សុខភាព​ពិភពលោក​ចេញ​​​សេចក្តី​​អនុញ្ញាត​ពិសេស​ឱ្យប្រើប្រាស់​ថ្នាំ​នេះ​នៅ​អាហ្វ្រិក​។

 
ដោយ​ហេតុ​តែ​គ្មាន​ថ្នាំ​ព្យាបាល និង​ថ្នាំវ៉ាក់សាំង អ្វី​ដែល​ប្រសើរជាងគេ​បំផុត​គឺ​ការពារ ! ចេះ​ការពារ​ដោយ​ខ្លួន​ឯង​គឺ​ជា​អាវុធ​ដ៏ប្រសើរ​បំផុត​ ក្នុង​ការ​កាត់​បន្ថយ​ការឆ្លង​ និង​ការ​ស្លាប់។ វិធាន​មាស​ដែល​មាន​ប្រសិទ្ធិភាព​លើ​គ្រប់​ករណី គឺ​ត្រូវ​លាង​ដៃ​នឹង​សាប៊ូ ឬ​សូលុយស្យុង​Hydo-alcoolique។

 
ដូច​ក្នុង​ករណី​នៅ​អាហ្វ្រិក សារ​ដ៏​សំខាន់​ដែល​ត្រូវ​បញ្ជ្រៀប​សាធារណជន មាន​បី​ចំណុច​សំខាន់ៗ ៖

-       កាត់​បន្ថយ​គ្រោះ​ចម្លង​ពី​សត្វ​ព្រៃ​មក​មនុស្ស ដោយមិន​ប៉ះពាល់​សត្វ​ប្រចៀវជ្រឹង សត្វ​ស្វា ដោយ​ផ្ទាល់​ដៃ និង​ត្រូវ​​​បរិភោគ​​សាច់​សត្វ​ទាំង​នោះ ក្រោយ​ពេល​ចំអិន​បាន​ឆ្អិន​ល្អ ពោល​គឺ​មិន​បរិភោគ​សាច់​សត្វ​ព្រៃ​ឆៅ
-       កាត់ប​ន្ថយ​គ្រោះ​ចម្លង​ពី​មនុស្ស​ទៅ​មនុស្សក្នុង​សហគមន៍​ ដោយ​ចៀស​វាង​មិន​ប៉ះពាល់គ្នា​​ប្រសិន​បើ​ដឹង​ថា​មាន​នរណា​ម្នាក់​បាន​ប៉ះពាល់​សត្វ ឬ​មនុស្ស​មាន​ជំងឺ។ បើ​មាន​ក្រុមគ្រួសារ​ឈឺ​សង្ស័យ​ត្រូវ​ដាក់​នៅ​ឱ្យ​ឆ្ងាយ​ពី​គេ​ឯង និង​ចូល​ទៅ​ជិត តែ​ក្នុង​ករណី​មាន​ពាក់​ស្រោម​ដៃ​ ឬ​សម្ភារៈ ការពារ​ជំងឺ​ជា​របស់​ផ្ទាល់​ខ្លួន។ កាយវិការ​ដែល​មិន​អាច​ខ្វះ​បាន​ គឺ​ត្រូវ​លាង​ដៃ​ឱ្យ​បាន​ញឹកញាប់
-       សហគមន៍​ដែល​រង​គ្រោះ​ដោយ​ជំងឺ អេបូឡា ត្រូវ​ផ្តល់​ព័ត៌មាន​ឱ្យ​បានទូលំទូលាយ​ទៅ​កាន់​ប្រជាជន​ទាំង​មូល​ ពី​ប្រភេទ​និង​ប្រភព​នាំ​ឱ្យ​កើត​រោគ។ អ្នក​ស្លាប់​ត្រូវ​កប់​ជា​បន្ទាន់។

ចំពោះ​អ្នក​ដំណើរ​ ដែល​ត្រូវ​ឆ្លង​កាត់ប្រទេស​មាន​អេបូឡា​រាត​ត្បាត

ក្នុង​រយៈ​ពេល​២១​ថ្ងៃ​ បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​ប្រទេស​មាន​រោគ​រាត​ត្បាត នៅ​ពេល​មាន​អាការៈ​ក្តៅ​ខ្លួនលើសពី ៣៨,៥អង្សារ​ ត្រូវ​ទាក់ទង​មន្ទីរ​ពេទ្យ​ ស្ថានទូត ឬ​ភ្នាក់ងារ​បំរើ​យន្តហោះ​ភ្លាម ដើម្បី​ចៀស​វាង​ការ​ចម្លង​រាលដាល៕

 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ