អានតួអត្ថបទ
អាហ្វ្រិក

លីបេរីយ៉ា​ប្រកាស​ស្ថានភាព​អាសន្ន​ ប្រឈម​ការ​រាតត្បាត​មេរោគ​អេបូឡា​

នៅ​យប់ថ្ងៃ​ពុធ​ម្សិលមិញ ប្រធានាធិបតី​លីបេរីយ៉ា ​បាន​ប្រកាស​ដាក់​​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន ប្រឈម​នឹង​ការរាតត្បាត​​មេរោគ​​អេបូឡា។ ​នៅអាហ្វ្រិក​ខាងលិច ​មេរោគ​អេបូឡា​រាតត្បាត​នៅ​ប្រទេស​លីបេរីយ៉ា​ សៀរ៉ាឡេអូន និង​ហ្គីណេ ​​ច្រើន​ជាងគេ។ ​​អ្នកឆ្លង​មេរោគ​អេបូឡា​​ នៅ​អឺរ៉ុប​​ដំបូង ជា​សង្ឃកាតូលិក​ជនជាតិ​អេស្ប៉ាញ​ ​ត្រូវបាន​បញ្ជូន​ពី​លីបេរីយ៉ា ​មកដល់​ក្រុង​ម៉ាឌ្រីត​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​​ទទួល​​ការ​ព្យាបាល។​ ពេលនេះ ​អ្នកជំងឺ​ស្លាប់​ដោយ​មេរោគ​អេបូឡា ​បាន​កើនឡើង​ដល់​៩៣២នាក់​​ ​ក្នុង​ចំណោម​ករណី​ជំងឺ​១៧១១ ជាករណី​ច្បាស់លាស់ និង​ករណី​សង្ស័យ​។

គ្រូពេទ្យ​កំពុង​ពិនិត្យ​មើល​អ្នកជម្ងឺ​ដែល​ឆ្លង​មេរោគ​អេបូឡា​នៅ​ប្រទេស​លីបេរីយ៉ា។
គ្រូពេទ្យ​កំពុង​ពិនិត្យ​មើល​អ្នកជម្ងឺ​ដែល​ឆ្លង​មេរោគ​អេបូឡា​នៅ​ប្រទេស​លីបេរីយ៉ា។ ©REUTERS/Samaritan's Purse
ផ្សាយពាណិជ្ជកម្ម

ដូចសៀរ៉ាឡេអូន​​កាលពី​១សប្តាហ៍​មុនដែរ ​​​​ប្រឈម​នឹង​ការ​រាតត្បាត​​មេរោគ​អេបូឡា ​​យប់ថ្ងៃ​ពុធ​ម្សិលមិញ ​ប្រធានាធិបតី​លីបេរីយ៉ា ​​​អេឡេន ចនសុន ​បាន​ប្រកាស​ដាក់​ប្រទេស​លីបេរីយ៉ា​ក្នុង​ស្ថានភាព​អាសន្ន។ ​ស្របតាម​ការអំពាវនាវ​របស់​ប្រធានាធិបតី​ ​តាំង​ថ្ងៃ​ពុធ​ម្សិលមិញ​ រហូត​ដល់​ថ្ងៃ​សុក្រ​ស្អែក ​ប្រជាជន​​លីបេរីយ៉ា​​​​ធ្វើ​ការ​តម​អាហារ និង​​​បន់ស្រន់​ព្រះជាម្ចាស់​អោយ​អាណិត​​ប្រជាជន ជួយ​កំចាត់​មេរោគ​អេបូឡា​ពី​លីបេរីយ៉ា។

ចំនួន​​ជនរងគ្រោះ​ស្លាប់ដោយ​វីរុស​អេបូឡា បាន​ឡើង​ហួស​ពី​៩០០នាក់​ហើយ។ ពលរដ្ឋ​អារ៉ាប៊ី​សាអូឌីត​ដែល​បានធ្វើដំណើរមកពី​សៀរ៉ាឡេអូន​ ត្រលប់​ចូល​ស្រុក​វិញ ​បាន​ស្លាប់​ដោយ​​មាន​រោគសញ្ញា​ស្រដៀង​រោគសញ្ញា​​បង្កឡើង​ដោយ​មេរោគ​​​អេបូឡា​ដែរ។ ​តែ​គេ​មិនដឹង​ថា តើ​​​មរណភាព​​នេះ​អាច​បណ្តាលម​កពី​​វីរុស​អេបូឡា​​រឺ​យ៉ាងណា។

រហូត​ពេលនេះ នៅ​មិនទាន់​មាន​វ៉ាក់សាំង​រឺ​ថ្នាំ​ព្យាបាលមេរោគ​​អេបូឡា​ទេ។ ​ថ្មីៗនេះ ​​​ពលរដ្ឋ​អាមេរិក​២រូប ​ដែល​បាន​ឆ្លង​រោគអេបូឡា​នៅ​លីបេរីយ៉ា ត្រូវបាន​គេ​ចាក់សេរ៉ូម​មួយ​ប្រភេទ។ ស្ថានភាពជំងឺ​ពួកគេបាន​ធូរស្រាលឡើងវិញ ​ក្រោយ​ទទួល​សេរ៉ូម​នេះក្នុង​ខ្លួន។ ​ប៉ុន្តែ ​​ ប្រធានាធិបតី​​អាមេរិក​អូបាម៉ា ​​មិនចង់​អោយ​ប្រើ​សេរ៉ូម​នេះ ​នៅអាហ្វ្រិក​ទេ ព្រោះអាជ្ញាធរ​​​អាមេរិក​​​​មិនទាន់​មាន​ព័ត៌មាន​គ្រប់គ្រាន់​ ដើម្បីសន្និដ្ឋាន​ ពីប្រសិទ្ធភាព​ពិតប្រាកដ​របស់​​សេរ៉ូមនេះ។ ទន្ទឹមនេះដែរ​ ​​​លោក​អូបាម៉ា​គិតថា ​​​គេ​អាច​បង្ក្រាប​មេរោគ​អេបូឡា​​បាន។ ​ប្រធានាធិបតី​អាមេរិក​លើកឡើង​ទៀតថា បណ្តាប្រទេស​ដែល​រងការរាតត្បាត​ដោយ​មេរោគ​អេបូឡា ​​ត្រូវតែ​ទទួលស្គាល់​ថា ​​ប្រព័ន្ធ​​ផ្នែកព្យាបាល​សុខភាព​ខ្លួន​អន់ខ្សោយ។ យោងតាម​លោក​អូបាម៉ា​ សហគមន៍​និង​អាជ្ញាធរ​ផ្នែក​សុខភាព​សាធារណៈ​ នៅ​ខ្វះ​ទំនុកចិត្ត​នឹងគ្នា ហេតុនេះ​ហើយ​ទើប​​មេរោគ​អេបូឡា​រាតត្បាត​លឿន​ដូច្នេះ។​​​

ដោយឡែក ប្រឈម​នឹង​មេរោគអេបូឡា​ អាជ្ញាធរ​អាមេរិក​បាន​​ដាក់​​​ផ្នែក​សុខភាពខ្លួន​​​ក្នុង​កម្រិតអាសន្ន​​​ទី១ ​ជាកម្រិត​ខ្ពស់។ អាមេរិក​ធ្លាប់​​ដាក់​កម្រិត​អាសន្ន​ទី១ដូច្នេះដែរ កាល​​​​ពី​ឆ្នាំ​២០០៩​ ​​​ប្រឈម​នឹង​មេរោគ​ផ្លូវដង្ហើម ​​H១N១។ ​ថ្ងៃនេះ ​នៅ​ក្រុង​ហ្សឺណែវ អង្គការសុខភាព​ពិភពលោក​​​​​បន្ត​ការពិភាក្សា​​​ពី​មេរោគ​អេបូឡា ដើម្បី​កំណត់​ថា តើ​​​​ផ្នែក​សុខភាព​សាធារណៈ​ទូទាំងពិភពលោក ​​កំពុង​ស្ថិត​ក្នុង​ភាព​អាសន្ន​ដោយសារ​មេរោគ​អេបូឡា​ ​​រឺ​យ៉ាងណា៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ