អានតួអត្ថបទ
ជំងឺ​អេបូឡា

សង្គ្រាមប្រឆាំងជំងឺអេបូឡា​​ត្រូវការពេលយូរ​ ខណៈ​​ករណី​ជំងឺ​ថ្មី​​លេចចេញ​​នៅ​ភាគ​កណ្តាល​​អាហ្វ្រិក​

ក្នុង​ពេល​ចុះទៅ​សៀរ៉ាឡេអូន ​​នៅថ្ងៃ​ចន្ទ​ម្សិលមិញ ​មន្ត្រី​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​យុទ្ធនាការ​ប្រឆាំង​ជំងឺ​អេបូឡា បាន​ប្រាប់​ថា សង្គ្រាម​ប្រឆាំង​ជំងឺ​អេបូឡា អាច​ត្រូវ​ចំណាយ​ពេល​​​រហូត​​ដល់​៦ខែ។ ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ បាន​ជួប​ករណី​មួយ​ថ្មីទៀត នៅ​ភាគនិរតី​​​ ​ស្ថិត​​ក្នុង​តំបន់​អាហ្វ្រិក​កណ្តាល។ ​ជាករណី​ដាច់ដោយឡែក ពី​ករណី​​រាតត្បាត​នៅ​អាហ្វ្រិក​ខាងលិច។ ​រហូតពេលនេះ​​ ជំងឺ​អេបូឡា​បាន​​សម្លាប់​មនុស្ស​យ៉ាងហោច​១៤២៧នាក់ ៦២៤នាក់​នៅលីបេរីយ៉ា ​៤០៦នាក់​នៅហ្គីណេ ​៣៩២នាក់ នៅ​សៀរ៉ាឡេអូន និង​៥នាក់​នៅនីហ្សេរីយ៉ា។ ​

នៅសាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ ​​ក្រុមគ្រូពេទ្យ​កំពុងពិនិត្យ​​បុរស​​​ម្នាក់នេះ ដែល​គេ​សង្ស័យ​ថាឆ្លង​មេរោគ​អេបូឡា។
នៅសាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ ​​ក្រុមគ្រូពេទ្យ​កំពុងពិនិត្យ​​បុរស​​​ម្នាក់នេះ ដែល​គេ​សង្ស័យ​ថាឆ្លង​មេរោគ​អេបូឡា។ (Photo : Reuters)
ផ្សាយពាណិជ្ជកម្ម

វេជ្ជបណ្ឌិត​​ ដាវីត ណាបារ៉ូ ​ជា​មន្ត្រី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​​យុទ្ធនាការ​ប្រឆាំង​ជំងឺ​អេបូឡា ​​ប្រាប់​ថា​ ការ​កំចាត់​​ជំងឺ​អេបូឡា មិនមែន​គ្រាន់តែ​​ជា​ការប្រយុទ្ធ​​​ធម្មតា​​ទេ តែ​គឺ​ជា​​​​សង្គ្រាម​ដែល​តំរូវអោយ​គ្រប់គ្នា​ធ្វើការ​​ជាមួយ​គ្នា ប្រកប​ដោយ​ប្រសិទ្ធភាព។ ​យោងតាម​វេជ្ជបណ្ឌិត​​ណាបារ៉ូ ​សង្គ្រាមប្រឆាំង​អេបូឡា អាច​ចំណាយពេល​​​រហូត​ដល់​៦ខែ​ឯណោះ។ ​

​បន្ទាប់​ពី​វាយប្រហារ​អាហ្វ្រិក​ខាងលិច ពេលនេះ​ជំងឺអេបូឡា​បានបើក​ឆាកថ្មី​នៅ​​​​តំបន់​អាហ្វ្រិក​កណ្តាល​។ ​គេបាន​រកឃើញ​​ករណី​ជំងឺ​អេបូឡា​ថ្មី​មួយទៀត ​​​ក្នុង​តំបន់​​ដាច់​ស្រយាល នៅ​​ភាគ​និរតី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។ អង្គការ​សុខភាព​ពិភពលោក​ និង​អាជ្ញាធរ​កុងហ្គោ​គិតដូចគ្នា​​ថា នេះ​ជា​ករណី​អេបូឡា​ដាច់ដោយឡែក ខុស​ស្រឡះ​​ពី​ករណី​ជំងឺ​​ដែល​កំពុង​រាតត្បាត​​នៅ​អាហ្វ្រិក​​ខាងលិច។ នៅ​កុងហ្គោ ​អាជ្ញាធរ​កំពុង​ដាក់​អ្នកជំងឺ​ជាង​១០នាក់ អោយ​នៅ​ដាច់ពីគេ។ ហើយ​អ្នកដែល​បាន​ប៉ះពាល់​អ្នកជំងឺ​អេបូឡា ​ជាង​៨០នាក់ទៀត ក៏​កំពុង​ត្រូវគេ​តាមដាន​​​​សុខភាព​ដែរ។  ពេលនេះ​សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​កុងហ្គោ ត្រូវការ​​ជំនួយ​​ហិរញ្ញវត្ថុ​​២លាន​ដុល្លារ ​ពី​សហគមន៍​អន្តរជាតិ។ ​​

គួរ​រំលឹក​ថា មេរោគ​​អេបូឡា ត្រូវបាន​​រកឃើញ​​ក្នុង​ឆ្នាំ​​១៩៧៦ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។ ​​កាលពីដើមឆ្នាំ ​​អេបូឡា​​បាន​វាយប្រហារ​​ប្រទេស​ហ្គីណេ​ មុន​នឹង​រាលដាល​​​ទៅដល់​លីបេរីយ៉ា និង​សៀរ៉ាឡេអូន បន្ទាប់​មកទៀត រាលដាល​​ដល់​នីហ្សេរីយ៉ា។ ​ថ្មីៗនេះ ​​គ្រូពេទ្យ​លីបេរីយ៉ា​ម្នាក់ ​និង​​សង្ឃកាតូលិក​អេស្ប៉ាញ ដែល​បាន​ទទួល​សេរ៉ូម​Zmapp  អាមេរិក​យកទៅ​ព្យាបាល បាន​ស្លាប់​បាត់បង់​ជីវិត​ហើយ។ បន្ទាប់​ពី​សង្ឃកាតូលិក​អេស្ប៉ាញ ​​​បុគ្គលិក​ពេទ្យ​ស្ម័គ្រចិត្ត​ជនជាតិ​អង់គ្លេស​អាយុ​២៩ឆ្នាំ​ម្នាក់ ជា​​ពលរដ្ឋ​អឺរ៉ុបទី២​ដែល​បាន​ឆ្លង​ជំងឺអេបូឡា។ ពលរដ្ឋ​អង់គ្លេស​រូបនោះ​បាន​ឆ្លង​ជំងឺ​អេបូឡា ​នៅ​​សៀរ៉ាឡេអូន ​ហើយ​ត្រូវបានបញ្ជូន​ទៅ​ព្យាបាល​​នៅ​ក្រុងឡុងដ៍​ប្រទេស​អង់គ្លេស។  

ម្សិលមិញ ជប៉ុន​បាន​ប្រកាសថា ​​​ត្រៀម​បញ្ជូន​ថ្នាំ​គ្រាប់​T-៧០៥ ​យក​ទៅ​​ព្យាបាល​ជំងឺ​អេបូឡា ករណី​មាន​សំណើ​សុំពី​អង្គការ​សុខភាពពិភពលោក​។ ​ថ្នាំT-៧០៥នេះ​ ​​​កំពុង​​​ត្រូវ​គេ​​ធ្វើ​តេស្ត​គ្លីនិក​នៅ​សហរដ្ឋ​អាមេរិក​​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ