អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការ​សុខភាព​ពិភពលោក​ប្រកាស​អាសន្ន​កម្រិត​ពិភពលោក​ ប្រឈមនឹង​មេរោគ​អេបូឡា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​សុក្រនេះ គណៈ​កម្មាធិការ​បន្ទាន់​នៃ​អង្គការ​សុខភាព​ពិភពលោក​ បាន​សម្រេច​ចេញ​ការ​ប្រកាស​អាសន្ន​​កម្រិត​ពិភពលោក ប្រឈម​នឹង​ការ​រាតត្បាត​មេរោគ​អេបូឡា។ យោងតាម​អង្គការ​សុខភាព​ពិភពលោក ពេលនេះ​​ ​​​​​មេរោគ​​អេបូឡា​បាន​​រាតត្បាត​​​​​​ធ្ងន់ធ្ងរ​​​ជាងគេ​​បំផុត គិត​ក្នុង​៤​ទសវត្ស​​មកនេះ។ ​​​ថ្ងៃ​សុក្រ​នេះ ​អង្គការ​សុខភាព​ពិភពលោក​​បាន​​​​ចេញ​​វិធានការ​ជាច្រើន ដើម្បី​ទប់ស្កាត់​មិនអោយ​មេរោគ​​អេបូឡា រាតត្បាត​​ទូទាំង​ពិភពលោក​បាន។ លីបេរីយ៉ា និង​សៀរ៉ាឡេអូន​​ បាន​ដាក់​ក្រុង​ចំនួន​៣ ក្នុង​តំបន់​រងការរាតត្បាត ដោយ​ស្ថិត​នៅ​ដោយឡែក​ពីគេ ព្រមទាំង​បាន​បិទ​កន្លែងកំសាន្ត​​ និង​ផ្លូវថ្នល់​ជាច្រើន​កន្លែង​​ផងដែរ។ តាំង​ពី​ខែ​មិនា​មក ​មេរោគ​អេបូឡា​បាន​សម្លាប់​មនុស្ស​​ជិត​១០០០នាក់​ហើយ។ ​ពេលនេះ ​ប្រទេស​អ៊ូហ្កង់ដា​បាន​ជួប​ករណី​សង្ស័យ​១ករណី​ដែរ។

​​សង្ឃកាតូលិក​​អេស្ប៉ាញ ដែល​​ឆ្លង​រោគអេបូឡា ​​បាន​បញ្ជូន​មកដល់​ក្រុង​ម៉ាឌ្រីត ថ្ងៃ​ព្រហស្បតិ៍​៧សីហា។
​​សង្ឃកាតូលិក​​អេស្ប៉ាញ ដែល​​ឆ្លង​រោគអេបូឡា ​​បាន​បញ្ជូន​មកដល់​ក្រុង​ម៉ាឌ្រីត ថ្ងៃ​ព្រហស្បតិ៍​៧សីហា។ REUTERS/Ministry of Defence/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើកទី៣​ហើយ ដែល​​អង្គការ​សុខភាព​ពិភពលោក​​ចេញ​វិធានការ​បន្ទាន់​បែបនេះ។ ក្នុង​ឆ្នាំ​២០០៩ អង្គការ​សុខភាពពិភពលោក​បាន​សម្រេចចេញ​​​វិធានការ​​អាសន្ន ​ប្រឆាំង​នឹង​មេរោគ​​ផ្តាសាយ​បក្សី​នៅអាស៊ី ហើយ​កាលពី​ខែ​ឧសភា អង្គការ​បាន​ចេញវិធានការ​បន្ទាន់​ប្រឈម​​នឹង​ការវិវត្តន៍​ថ្មីៗ​នៃ​រោគ​ស្វិតដៃជើង​ នៅ​ដើម​បូព៌ា។​ ​

វិធានការ​អង្គការ​សុខភាព​ពិភពលោក​​ ​ទប់ស្កាត់​ការ​រាតត្បាត​​​មេរោគអេបូឡា​
​អង្គការ​សុខភាព​ពិភពលោក​​បាន​សុំអោយ​​ប្រទេស​​នានា​ចាត់​វិធានការ​ចាប់​រក​រោគ​សញ្ញា​អ្នកដែល​អាច​ឆ្លង​​​មេរោគ​អេបូឡា​ ​និងចាត់ចែង​​​ព្យាបាល​អ្នកជំងឺ។ ​បណ្តា​ប្រទេស​​នានា ត្រូវ​សម្រួល​​ដំណើរការ​​​ជម្លៀស​ពលរដ្ឋ​ខ្លួន​​​ពី​ប្រទេស​អាហ្វ្រិក​ដែល​រងការ​រាតត្បាត​​ ​ជាពិសេស​ជម្លៀស​បុគ្គលិក​ពេទ្យ​តែម្តង ព្រោះថា ពួកគេ​ងាយរងគ្រោះ​​ងាយ​ឆ្លង​មេរោគ​​​​ជាងគេ។ ​ប្រទេស​រងគ្រោះ​ដោយ​មេរោគ​អេបូឡា ត្រូវ​ប្រកាស​​ស្ថានភាព​អាសន្ន ​ហើយ​រដ្ឋាភិបាល​ប្រទេស​ទាំងនោះ ត្រូវ​​ថ្លែង​​សន្ទរកថា​ផ្ទាល់​ទៅ​ប្រជាជន​ខ្លួន​​​ ប្រាប់​ប្រជាជន​​ពី​ស្ថានភាព ពីព័ត៌មាន​ទាក់ទង​នឹង​អេបូឡា។ ​យើងឃើញ​ថា សៀរ៉ាឡេអូន និង​លីបេរីយ៉ា​ ជា​ប្រទេស​រង​ការ​រាតត្បាត​ជាងគេ​នោះ បាន​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​​​អាសន្ន​រួច​មកហើយ។

ទំរាំរកឃើញ​​រោគ​​សញ្ញា​អេបូឡា លើ​​ជនដែល​មាន​ករណី​​សង្ស័យ​ ​​​​គេ​ត្រូវរង់ចាំ​​រហូត​ដល់​២១ថ្ងៃ​​ឯណោះ។ ដូច្នេះ ​​អង្គការ​សុខភាព​ពិភពលោក​បាន​​សុំអោយ​​ជនជាប់​ករណី​សង្ស័យ​ ​​នៅ​ដាច់​ដោយឡែក​ពី​គេ​ អោយបាន​៣០ថ្ងៃ ដើម្បីច្បាស់​ថា ពួកគេ​​ពិតជា​​មិនបាន​​​ឆ្លង​​មេរោគអេបូឡា​មែន។ វិធានការ​មួយទៀត​ដែរ គឺ​​​​ត្រូវ​ហាមឃាត់ការធ្វើដំណើរ​របស់​​រាល់​​​​ជន​ដែល​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ ​លើកលែង​តែ​បុគ្គលិក​ពេទ្យ​។ ​

ទាំងនេះ​សុទ្ធ​តែ​ជា​វិធានការ​ចំបង ​ដែល​​គ្រប់ប្រទេស​ត្រូវ​​​គិតគូរអនុវត្ត​ ​ព្រោះថា តាំង​ពី​ឆ្នាំ​១៩៧៦ ក្រោយ​​ពេល​គេ​រកឃើញ​អេបូឡានៅ​ប្រទេស​កុងហ្កូ​​​ មិនដែល​មាន​មេរោគ​រាតត្បាត​​​ ​​​សម្លាប់​មនុស្ស​ ​រហ័ស​និងរហូត​ដល់​ជិត​១០០០នាក់​ដូច្នេះទេ។ ​​ក្នុង​ចំណោម​មេរោគ​​រាតត្បាត​ជាង​៣០ ដែល​រាលដាល​ខ្លាំង​ដោយសារ​មេរោគ​​​អេបូឡា ​​មិនដែល​មាន​​មេរោគ​រាតត្បាត​ណាមួយ សម្លាប់​មនុស្ស​ហួស​ពី​៥០០នាក់ទេ។ ដូច្នេះ​ មិនអាច​ប្រហែស​​​ទេ ពិសេស​ប្រទេស​​​កូតឌីវ័រ រឺ​ម៉ាលី ​​ដែល​មានព្រំដែន​ក្បែរ​​ប្រទេស​រងគ្រោះ​សៀរ៉ាឡេអូន ហ្គីណេ ​និង​​លីបេរីយ៉ា រួមប្រទេស​ផ្សេងទៀត​ដែល​នៅ​ជិតៗ​នោះ។ ​ប្រទេស​ទាំងនេះ​ត្រូវប្រុងប្រយ័ត្ន​អោយ​មែនទែន។

អង្គការ​សុខភាព​ពិភពលោកក៏​​​​បាន​អំពាវនាវ​​​សហគមន៍​អន្តរជាតិអោយ​​ចូលរួម​ជួយ​ប្រទេស​រងគ្រោះ​ នៅ​អាហ្វ្រិក​ខាងលិចដែរ ព្រោះថា​ប្រទេស​ដែល​រង​ការរាតត្បាត​ខ្លាំងដូច​ជា​សៀរ៉ាឡេអូន ​​​ហ្កីណេ និង​លីបេរីយ៉ា ​មិនអាច​ប្រឈម​​ទប់ស្កាត់​​​មេរោគអេបូឡា​​ដោយខ្លួនឯង​ទេ។ ពេលនេះ ​អាមេរិក​បានប្រញាប់​​បញ្ជូន​អ្នកជំនាញ​ខ្លួន​៥០នាក់​​ទៀត ​ទៅជួយ​​អាហ្វ្រិក។

​អង្គការ​សុខភាព​ពិភពលោក​មិន​ហាមឃាត់​​​ការធ្វើដំណើរ​អន្តរជាតិ ​ការ​ហោះហើរ​​យន្តហោះ​​ទៅ​ប្រទេស​រងគ្រោះ​ ​
​​មូលហេតុ​ចំបង​គឺ​​​​​ចៀសវាង​​កុំអោយ​​ប៉ះពាល់​​ផលប្រយោជន៍​សេដ្ឋកិច្ចប្រទេស​ទាំងនោះ ក៏ដូចជាចៀសវាង​ប៉ះពាល់ការ​​រកស៊ី​របស់​ក្រុមហ៊ុន​អាកាសចរណ៍ដែរ។ ប៉ុន្តែ បើ​ទោះ​ជា​ធ្វើដំណើរ​​ទៅ​​​​អាហ្វ្រិក​​​​បាន​ដូចចិត្ត ​​ក៏​គេ​មិនត្រូវ​ប្រហែស​ដែរ។ ​អង្គការ​សុខភាព​ពិភពលោក​​តំរូវ​អោយ​​​​ មាន​ការ​បណ្តុះបណ្តាល​ដល់​​បុគ្គលិក​យន្តហោះ​​ ​​និង​ផ្តល់​ជា​សម្ភារៈ​ពេទ្យ​ ​​ការពារ​ពួកគេ និង​ការពារ​អ្នកដំណើរគ្រប់រូប។ ​នៅ​អាកាសយានដ្ឋាន នៅ​តាម​ប៉ុស្តិ៍ព្រំដែន​ ​អាជ្ញាធរ​ក៏​ត្រូវ​តែ​ពិនិត្យ​​ស្ថានភាព​សុខភាព​របស់​អ្នកដំណើរ​​គ្រប់រូប​ ដែល​​​​​ចាកចេញ​ពី​ប្រទេស​រងគ្រោះ​ដោយ​មេរោគ​អេបូឡាដែរ ត្រូវ​តែ​​​​សួរ​សំណួរពួកគេ ​វាស់​សីតុណ្ហភាព​ក្នុងខ្លួន​ពួកគេ។

អាមេរិក​​មិនភ្ញាក់​ផ្អើល​នឹង​ការរាតត្បាត​មេរោគ​អេបូឡា​ទេ
មិនថា​តែ​អាមេរិក​ទេ ប្រទេស​លោកខាងលិច​ដែល​មាន​ប្រព័ន្ធ​សុខភាព​ជឿនលឿន ​មិនសូវ​​ជា​​ចាប់អារម្មណ៍​ពីទំហំ​គ្រោះថ្នាក់​នៃ​មេរោគ​អេបូឡា​ទេ។ ​អាមេរិក​សំអាង​ថា មន្ទីរពេទ្យ​ធំៗ​ក្នុង​ស្រុក ​សុទ្ធ​តែ​មាន​សម្ភារៈ​ពេទ្យ និង​ទីកន្លែង​​គ្រប់គ្រាន់​​​​ក្នុង​ការ​ព្យាបាល​និង​​​ដាក់​អ្នកជំងឺ​អោយ​នៅដោយឡែក​ពីគេ។ ​​

ម្យ៉ាងទៀត ពលរដ្ឋ​អាមេរិក​ធ្វើការ រឺ​ធ្វើ​ដំណើរ​នៅ​គ្រប់​ទីកន្លែង​ ​ក្នុង​ពិភពលោក ដូច្នេះ ​អាមេរិក​ពិត​ជា​មិនភ្ញាក់ផ្អើល​ទេ។ ជាក់ស្តែង​យើងឃើញ​រួចហើយ​ថា ​ថ្មីៗ​នេះ ​​​អាមេរិក​​បានបញ្ជូន​ពលរដ្ឋ​ខ្លួន​២រូប​ ​ដែល​ឆ្លង​មេរោគ​អេបូឡា នៅ​លីបេរីយ៉ា អោយត្រលប់​​ចូលស្រុក​វិញ។ ​អាជ្ញាធរ​អាមេរិក​ប្រាប់​​​ថា ​អ្នកឆ្លង​មេរោគ​អេបូឡា ​ត្រលប់​ចូល​ស្រុក​​អាមេរិក​វិញ គឺ​មិនអាច​​ចៀស​រួច​ទេ។ ប៉ុន្តែ​​មិនមែន​ថា អាជ្ញាធរ​ធ្វេសប្រហែស​រហូត​ដល់​បិទភ្នែក​សុទ្ធសាធ​ទេ។ ​​មជ្ឈមណ្ឌល​សហព័ន្ធ​​​ផ្នែកគ្រប់គ្រង​និង​បង្ការ​ជំងឺ​របស់​អាមេរិក ​​ទើប​​​​បាន​​ចេញ​​​កម្រិត​អាសន្នអតិបរមា​​​​ ប្រឈម​នឹង​មេរោគអេបូឡា។ ​​​ក្រសួង​ការបរទេស​អាមេរិក​ក៏​​ចេញ​បញ្ជា​​អោយ​ក្រុមគ្រួសារ​​បុគ្គលិក​ការទូត​ខ្លួន ​​នៅ​លីបេរីយ៉ា ​ចាកចេញ​ពី​ប្រទេស​លីបេរីយ៉ា​​​ដែរ។ ​លើសពីនេះ​ រដ្ឋាភិបាល​ថែមទាំង​ទូន្មាន​ប្រជាជនមិនអោយ​ធ្វើដំណើរ​ទៅ​លីបេរីយ៉ា​ទៀតផង បើ​​គ្មានអ្វី​ចាំបាច់។

មិនត្រឹម​​មិន​ភ្ញាក់ផ្អើល​​នឹង​ការរាតត្បាត​ឆាប់​រហ័ស​នៃ​មេ​រោគ​អេបូឡា​​ទេ ​ប្រធានាធិបតី​អូបាម៉ា ថែមទាំង​​​មិន​ចង់​អោយ​​អាហ្វ្រិក​ខាងលិច ​​ប្រើ​សេរ៉ូម​​Zmapp ដែលគេ​គិតថា អាច​មាន​ប្រសិទ្ធភាព​ព្យាបាល​​រោគ​ទៀតផង។ ​​អាមេរិក​បាន​ពិសោធន៍​ចាក់សេរ៉ូមនេះ​​លើ​ពលរដ្ឋ​អាមេរិក​២រូបដែល​ឆ្លង​រោគ​អេបូឡា។​​ អ្នកជំងឺ​ទាំង២​ ​​បាន​​​ធូរស្រាល​ក្រោយ​​ការចាក់​សេរ៉ូម​នេះ។ ប៉ុន្តែ អាជ្ញាធរ​​អាមេរិក​​ប្រុងប្រយ័ត្ន ​​មិនចង់​ប្រើ​​​សេរ៉ូម​​នេះ​នៅ​អាហ្វ្រិក ខ្លាច​សេរ៉ូម​នេះ​​បង្ក​​​​ជា​ប្រតិកម្ម​ផ្សេងទៀត ​អាច​គ្រោះថ្នាក់​ដល់​​​អ្នកជំងឺ។ ​​

គួរ​បញ្ជាក់ដែរ​​ថា ពលរដ្ឋ​អាមេរិក​២នាក់​ ដែល​បាន​ចាក់សេរ៉ូម​នេះ មានម្នាក់​ជាគ្រូពេទ្យ។ ​ស្ថានភាព​ពួកគេ​ធូរស្រាល​​មិនមែន​មានន័យថា មកពី​គេ​ជាគ្រូពេទ្យ​ ដឹងក្បួនពេទ្យ​​​ហើយ​​ទទួល​​​សេរ៉ូម​នេះទៅ ធ្វើអោយ​​​ធូរស្រាល​ទេ។ កន្លងមក គ្រូពេទ្យ​និង​បុគ្គលិក​ពេទ្យ​អាហ្វ្រិក​ច្រើនរូប​ ​ដឹង​ក្បួនពេទ្យ​ហើយ ក៏​នៅតែ​ស្លាប់​​ដោយសារ​មេរោគ​អេបូឡា។ ​អាមេរិក​ចង់​អោយ​​គ្រប់គ្នា ​គិតគូរ​​ពី​វិធានការ​​បង្ការ​​មេរោគអោយ​ស៊ីជំរៅ​​​ ​​ពោលគឺ​វិធានការ ​បង្ការ ការ​ជួយ​​អន្តរាគមន៍​ផ្សេងៗ​​​ ​​​នៅ​អាហ្វ្រិក​ខាងលិច ដែល​ជាប្រភព​ជា​​ទីកន្លែង​កើត​​មេរោគ​​​តែម្តង។ ​​មិនមែន​ធ្វេស​ប្រហែស​នៅទីនោះ ហើយបែរ​​ជា​​​នាំគ្នា​​ប្រើ​សេរ៉ូម​​​ផ្តេសផ្តាស់ទេ ព្រោះថា​​គ្រប់គ្នា​មិនទាន់​ដឹង​ច្បាស់​ពីប្រសិទ្ធភាព​ប្រាកដ​​របស់​​សេរ៉ូម Zmapp ​នៅឡើយទេ៕​ ​​​​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ