អង្គការសុខភាពពិភពលោកប្រកាសអាសន្នកម្រិតពិភពលោក ប្រឈមនឹងមេរោគអេបូឡា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៤៧
នៅថ្ងៃសុក្រនេះ គណៈកម្មាធិការបន្ទាន់នៃអង្គការសុខភាពពិភពលោក បានសម្រេចចេញការប្រកាសអាសន្នកម្រិតពិភពលោក ប្រឈមនឹងការរាតត្បាតមេរោគអេបូឡា។ យោងតាមអង្គការសុខភាពពិភពលោក ពេលនេះ មេរោគអេបូឡាបានរាតត្បាតធ្ងន់ធ្ងរជាងគេបំផុត គិតក្នុង៤ទសវត្សមកនេះ។ ថ្ងៃសុក្រនេះ អង្គការសុខភាពពិភពលោកបានចេញវិធានការជាច្រើន ដើម្បីទប់ស្កាត់មិនអោយមេរោគអេបូឡា រាតត្បាតទូទាំងពិភពលោកបាន។ លីបេរីយ៉ា និងសៀរ៉ាឡេអូន បានដាក់ក្រុងចំនួន៣ ក្នុងតំបន់រងការរាតត្បាត ដោយស្ថិតនៅដោយឡែកពីគេ ព្រមទាំងបានបិទកន្លែងកំសាន្ត និងផ្លូវថ្នល់ជាច្រើនកន្លែងផងដែរ។ តាំងពីខែមិនាមក មេរោគអេបូឡាបានសម្លាប់មនុស្សជិត១០០០នាក់ហើយ។ ពេលនេះ ប្រទេសអ៊ូហ្កង់ដាបានជួបករណីសង្ស័យ១ករណីដែរ។
នេះជាលើកទី៣ហើយ ដែលអង្គការសុខភាពពិភពលោកចេញវិធានការបន្ទាន់បែបនេះ។ ក្នុងឆ្នាំ២០០៩ អង្គការសុខភាពពិភពលោកបានសម្រេចចេញវិធានការអាសន្ន ប្រឆាំងនឹងមេរោគផ្តាសាយបក្សីនៅអាស៊ី ហើយកាលពីខែឧសភា អង្គការបានចេញវិធានការបន្ទាន់ប្រឈមនឹងការវិវត្តន៍ថ្មីៗនៃរោគស្វិតដៃជើង នៅដើមបូព៌ា។
វិធានការអង្គការសុខភាពពិភពលោក ទប់ស្កាត់ការរាតត្បាតមេរោគអេបូឡា
អង្គការសុខភាពពិភពលោកបានសុំអោយប្រទេសនានាចាត់វិធានការចាប់រករោគសញ្ញាអ្នកដែលអាចឆ្លងមេរោគអេបូឡា និងចាត់ចែងព្យាបាលអ្នកជំងឺ។ បណ្តាប្រទេសនានា ត្រូវសម្រួលដំណើរការជម្លៀសពលរដ្ឋខ្លួនពីប្រទេសអាហ្វ្រិកដែលរងការរាតត្បាត ជាពិសេសជម្លៀសបុគ្គលិកពេទ្យតែម្តង ព្រោះថា ពួកគេងាយរងគ្រោះងាយឆ្លងមេរោគជាងគេ។ ប្រទេសរងគ្រោះដោយមេរោគអេបូឡា ត្រូវប្រកាសស្ថានភាពអាសន្ន ហើយរដ្ឋាភិបាលប្រទេសទាំងនោះ ត្រូវថ្លែងសន្ទរកថាផ្ទាល់ទៅប្រជាជនខ្លួន ប្រាប់ប្រជាជនពីស្ថានភាព ពីព័ត៌មានទាក់ទងនឹងអេបូឡា។ យើងឃើញថា សៀរ៉ាឡេអូន និងលីបេរីយ៉ា ជាប្រទេសរងការរាតត្បាតជាងគេនោះ បានដាក់ប្រទេសក្នុងស្ថានភាពអាសន្នរួចមកហើយ។
ទំរាំរកឃើញរោគសញ្ញាអេបូឡា លើជនដែលមានករណីសង្ស័យ គេត្រូវរង់ចាំរហូតដល់២១ថ្ងៃឯណោះ។ ដូច្នេះ អង្គការសុខភាពពិភពលោកបានសុំអោយជនជាប់ករណីសង្ស័យ នៅដាច់ដោយឡែកពីគេ អោយបាន៣០ថ្ងៃ ដើម្បីច្បាស់ថា ពួកគេពិតជាមិនបានឆ្លងមេរោគអេបូឡាមែន។ វិធានការមួយទៀតដែរ គឺត្រូវហាមឃាត់ការធ្វើដំណើររបស់រាល់ជនដែលបានប៉ះពាល់ជាមួយអ្នកជំងឺ លើកលែងតែបុគ្គលិកពេទ្យ។
ទាំងនេះសុទ្ធតែជាវិធានការចំបង ដែលគ្រប់ប្រទេសត្រូវគិតគូរអនុវត្ត ព្រោះថា តាំងពីឆ្នាំ១៩៧៦ ក្រោយពេលគេរកឃើញអេបូឡានៅប្រទេសកុងហ្កូ មិនដែលមានមេរោគរាតត្បាត សម្លាប់មនុស្ស រហ័សនិងរហូតដល់ជិត១០០០នាក់ដូច្នេះទេ។ ក្នុងចំណោមមេរោគរាតត្បាតជាង៣០ ដែលរាលដាលខ្លាំងដោយសារមេរោគអេបូឡា មិនដែលមានមេរោគរាតត្បាតណាមួយ សម្លាប់មនុស្សហួសពី៥០០នាក់ទេ។ ដូច្នេះ មិនអាចប្រហែសទេ ពិសេសប្រទេសកូតឌីវ័រ រឺម៉ាលី ដែលមានព្រំដែនក្បែរប្រទេសរងគ្រោះសៀរ៉ាឡេអូន ហ្គីណេ និងលីបេរីយ៉ា រួមប្រទេសផ្សេងទៀតដែលនៅជិតៗនោះ។ ប្រទេសទាំងនេះត្រូវប្រុងប្រយ័ត្នអោយមែនទែន។
អង្គការសុខភាពពិភពលោកក៏បានអំពាវនាវសហគមន៍អន្តរជាតិអោយចូលរួមជួយប្រទេសរងគ្រោះ នៅអាហ្វ្រិកខាងលិចដែរ ព្រោះថាប្រទេសដែលរងការរាតត្បាតខ្លាំងដូចជាសៀរ៉ាឡេអូន ហ្កីណេ និងលីបេរីយ៉ា មិនអាចប្រឈមទប់ស្កាត់មេរោគអេបូឡាដោយខ្លួនឯងទេ។ ពេលនេះ អាមេរិកបានប្រញាប់បញ្ជូនអ្នកជំនាញខ្លួន៥០នាក់ទៀត ទៅជួយអាហ្វ្រិក។
អង្គការសុខភាពពិភពលោកមិនហាមឃាត់ការធ្វើដំណើរអន្តរជាតិ ការហោះហើរយន្តហោះទៅប្រទេសរងគ្រោះ
មូលហេតុចំបងគឺចៀសវាងកុំអោយប៉ះពាល់ផលប្រយោជន៍សេដ្ឋកិច្ចប្រទេសទាំងនោះ ក៏ដូចជាចៀសវាងប៉ះពាល់ការរកស៊ីរបស់ក្រុមហ៊ុនអាកាសចរណ៍ដែរ។ ប៉ុន្តែ បើទោះជាធ្វើដំណើរទៅអាហ្វ្រិកបានដូចចិត្ត ក៏គេមិនត្រូវប្រហែសដែរ។ អង្គការសុខភាពពិភពលោកតំរូវអោយ មានការបណ្តុះបណ្តាលដល់បុគ្គលិកយន្តហោះ និងផ្តល់ជាសម្ភារៈពេទ្យ ការពារពួកគេ និងការពារអ្នកដំណើរគ្រប់រូប។ នៅអាកាសយានដ្ឋាន នៅតាមប៉ុស្តិ៍ព្រំដែន អាជ្ញាធរក៏ត្រូវតែពិនិត្យស្ថានភាពសុខភាពរបស់អ្នកដំណើរគ្រប់រូប ដែលចាកចេញពីប្រទេសរងគ្រោះដោយមេរោគអេបូឡាដែរ ត្រូវតែសួរសំណួរពួកគេ វាស់សីតុណ្ហភាពក្នុងខ្លួនពួកគេ។
អាមេរិកមិនភ្ញាក់ផ្អើលនឹងការរាតត្បាតមេរោគអេបូឡាទេ
មិនថាតែអាមេរិកទេ ប្រទេសលោកខាងលិចដែលមានប្រព័ន្ធសុខភាពជឿនលឿន មិនសូវជាចាប់អារម្មណ៍ពីទំហំគ្រោះថ្នាក់នៃមេរោគអេបូឡាទេ។ អាមេរិកសំអាងថា មន្ទីរពេទ្យធំៗក្នុងស្រុក សុទ្ធតែមានសម្ភារៈពេទ្យ និងទីកន្លែងគ្រប់គ្រាន់ក្នុងការព្យាបាលនិងដាក់អ្នកជំងឺអោយនៅដោយឡែកពីគេ។
ម្យ៉ាងទៀត ពលរដ្ឋអាមេរិកធ្វើការ រឺធ្វើដំណើរនៅគ្រប់ទីកន្លែង ក្នុងពិភពលោក ដូច្នេះ អាមេរិកពិតជាមិនភ្ញាក់ផ្អើលទេ។ ជាក់ស្តែងយើងឃើញរួចហើយថា ថ្មីៗនេះ អាមេរិកបានបញ្ជូនពលរដ្ឋខ្លួន២រូប ដែលឆ្លងមេរោគអេបូឡា នៅលីបេរីយ៉ា អោយត្រលប់ចូលស្រុកវិញ។ អាជ្ញាធរអាមេរិកប្រាប់ថា អ្នកឆ្លងមេរោគអេបូឡា ត្រលប់ចូលស្រុកអាមេរិកវិញ គឺមិនអាចចៀសរួចទេ។ ប៉ុន្តែមិនមែនថា អាជ្ញាធរធ្វេសប្រហែសរហូតដល់បិទភ្នែកសុទ្ធសាធទេ។ មជ្ឈមណ្ឌលសហព័ន្ធផ្នែកគ្រប់គ្រងនិងបង្ការជំងឺរបស់អាមេរិក ទើបបានចេញកម្រិតអាសន្នអតិបរមា ប្រឈមនឹងមេរោគអេបូឡា។ ក្រសួងការបរទេសអាមេរិកក៏ចេញបញ្ជាអោយក្រុមគ្រួសារបុគ្គលិកការទូតខ្លួន នៅលីបេរីយ៉ា ចាកចេញពីប្រទេសលីបេរីយ៉ាដែរ។ លើសពីនេះ រដ្ឋាភិបាលថែមទាំងទូន្មានប្រជាជនមិនអោយធ្វើដំណើរទៅលីបេរីយ៉ាទៀតផង បើគ្មានអ្វីចាំបាច់។
មិនត្រឹមមិនភ្ញាក់ផ្អើលនឹងការរាតត្បាតឆាប់រហ័សនៃមេរោគអេបូឡាទេ ប្រធានាធិបតីអូបាម៉ា ថែមទាំងមិនចង់អោយអាហ្វ្រិកខាងលិច ប្រើសេរ៉ូមZmapp ដែលគេគិតថា អាចមានប្រសិទ្ធភាពព្យាបាលរោគទៀតផង។ អាមេរិកបានពិសោធន៍ចាក់សេរ៉ូមនេះលើពលរដ្ឋអាមេរិក២រូបដែលឆ្លងរោគអេបូឡា។ អ្នកជំងឺទាំង២ បានធូរស្រាលក្រោយការចាក់សេរ៉ូមនេះ។ ប៉ុន្តែ អាជ្ញាធរអាមេរិកប្រុងប្រយ័ត្ន មិនចង់ប្រើសេរ៉ូមនេះនៅអាហ្វ្រិក ខ្លាចសេរ៉ូមនេះបង្កជាប្រតិកម្មផ្សេងទៀត អាចគ្រោះថ្នាក់ដល់អ្នកជំងឺ។
គួរបញ្ជាក់ដែរថា ពលរដ្ឋអាមេរិក២នាក់ ដែលបានចាក់សេរ៉ូមនេះ មានម្នាក់ជាគ្រូពេទ្យ។ ស្ថានភាពពួកគេធូរស្រាលមិនមែនមានន័យថា មកពីគេជាគ្រូពេទ្យ ដឹងក្បួនពេទ្យហើយទទួលសេរ៉ូមនេះទៅ ធ្វើអោយធូរស្រាលទេ។ កន្លងមក គ្រូពេទ្យនិងបុគ្គលិកពេទ្យអាហ្វ្រិកច្រើនរូប ដឹងក្បួនពេទ្យហើយ ក៏នៅតែស្លាប់ដោយសារមេរោគអេបូឡា។ អាមេរិកចង់អោយគ្រប់គ្នា គិតគូរពីវិធានការបង្ការមេរោគអោយស៊ីជំរៅ ពោលគឺវិធានការ បង្ការ ការជួយអន្តរាគមន៍ផ្សេងៗ នៅអាហ្វ្រិកខាងលិច ដែលជាប្រភពជាទីកន្លែងកើតមេរោគតែម្តង។ មិនមែនធ្វេសប្រហែសនៅទីនោះ ហើយបែរជានាំគ្នាប្រើសេរ៉ូមផ្តេសផ្តាស់ទេ ព្រោះថាគ្រប់គ្នាមិនទាន់ដឹងច្បាស់ពីប្រសិទ្ធភាពប្រាកដរបស់សេរ៉ូម Zmapp នៅឡើយទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ