ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT
អាហ្វ្រិក

អង្គការ​សុខភាព​​​ពិភពលោក​ប្រជុំ​បន្ទាន់​​ពី​​លទ្ធភាព​​នៃ​​ការ​ប្រើ​​សេរ៉ូម​​ព្យាបាល​​រោគ​អេបូឡា​​

media  
ទាហានជនជាតិ​​​ឆែកកំពុង​ប្រើ​មនុស្ស​ផ្លាស្ទីក​ ដើម្បី​​​​​​ហ្វឹកហាត់​​ការពារ​​​ការឆ្លង​មេរោគ​អេបូឡា។ ​ REUTERS/David W Cerny

នៅថ្ងៃ​ចន្ទ​នេះ ​អង្គការ​សុខភាព​ពិភពលោក​បាន​​បើក​កិច្ចប្រជុំ​បន្ទាន់​ ជាមួយក្រុម​​​​អ្នកជំនាញ​​ក្រម​សីលធម៌​ពេទ្យ​ ​ទាក់ទង​នឹង​​លទ្ធភាព​នៃ​ការប្រើប្រាស់​​សេរ៉ូម​​​​ដើម្បី​​ព្យាបាល​រោគ​អេបូឡា ដែល​កំពុង​រាតត្បាត​នៅ​អាហ្វ្រិក។ ​បន្ទាប់​ពី​កិច្ចប្រជុំ​នេះ ក៏​មាន​កិច្ចប្រជុំ​​ទាក់ទង​នឹង​ថ្នាំ​ព្យាបាល​រោគ​អេបូឡា​ផ្សេងទៀត ដែល​គេ​កំពុង​​សិក្សា​ស្រាវជ្រាវ​ផងដែរ។ តាំង​ពី​ដើមឆ្នាំ​មក​ មេរោគ​អេបូឡា​បាន​សម្លាប់​មនុស្ស​​ជិត​១០០០នាក់​ហើយ។ ​​​​​នីហ្សេរីយ៉ា​បានប្រកាស​​​ ​ករណី​​​មួយ​ថ្មីទៀត​ក្នុងស្រុក។ ​ប្រទេស​​រវ៉ាន់ដា​វិញ​​ក៏​​មាន​ករណី​សង្ស័យ​មួយ​ដែរ។ ប្រទេស​កូតឌីវ័រ ដែល​​នៅ​ជាប់​ព្រំដែន​ជាមួយ​​ ​លីបេរីយ៉ា និង​ហ្គីណេ បាន​​​​ព្យួរ​​ការ​ហោះហើរ​​យន្តហោះ​​ទៅ​ប្រទេស​​រង​ការរាតត្បាត​​​​​រោគ​អេបូឡា។

ប្រឈម​នឹង​ការរាតត្បាត​​មេរោគ​អេបូឡា ​​នៅថ្ងៃ​ចន្ទ​នេះ នៅ​ក្រុង​ហ្សឺណែវ អង្គការ​​សុខភាព​ពិភពលោក​បានបើក​ការពិភាក្សា​បន្ទាន់​ ជាមួយ​ក្រុម​​អ្នកជំនាញ​ក្រម​សីលធម៌​វេជ្ជសាស្ត្រ​ ​​ដើម្បី​​​​វាយតម្លៃ​​ថា តើ​​​​ការប្រើប្រាស់​សេរ៉ូម​ព្យាបាល​រោគ​អេបូឡា ឈ្មោះថា​ ​ZMapp ដែល​អាមេរិក​បាន​ពិសោធន៍​លើ​ពលរដ្ឋ​អាមេរិក​២រូប​កន្លងទៅ ​ឆ្លើយតប​តាម​​សីលធម៌​រឺទេ ​ខណៈ​សេរ៉ូម​នេះ​មិនទាន់​ទទួលបាន​ការអនុញ្ញាត​អោយ​ប្រើប្រាស់​ផង​នោះ ?

កិច្ចប្រជុំ​​ក៏​ចង់ដឹង​ដែរថា បើ​​សេរ៉ូម​នេះ​អាច​ត្រូវ​យក​ទៅប្រើប្រាស់ ​តើ​អ្នកជំងឺ​ប្រភេទ​ណា ​ដែល​​អាច​ទទួល​បាន​សេរ៉ូម​នេះ​? តើ​គេអាច​ផ្តល់សេរ៉ូម​នេះ​ដល់​បុគ្គលិក​ពេទ្យ​ដែលងាយ​រងគ្រោះ​ដោយ​​​​មេរោគអេបូឡា​​បានទេ? តាំង​ពី​​អ្នកជំងឺ​អាមេរិក​ពីររូប​​មាន​​អាការៈ​ធូរស្រាល​ ក្រោយ​ទទួល​បាន​​សេរ៉ូម​​​ZMapp មក ​​​សមាជិក​អង្គការ​សុខភាព​ពិភពលោក​ច្រើនរូប ​​​បាន​អំពាវនាវ​​អោយ​យក​​សេរ៉ូម​នេះ​ទៅជួយ​អ្នកជំងឺ​នៅ​អាហ្វ្រិក។ ​​ប៉ុន្តែ ​អាជ្ញាធរ​អាមេរិក​មាន​ការប្រុងប្រយ័ត្ន​ព្រោះ​នៅ​មិនទាន់​មាន​ព័ត៌មាន​គ្រប់គ្រាន់​បញ្ជាក់​ពី​ប្រសិទ្ធភាព​សេរ៉ូម​នៅឡើយ។

នៅអាហ្វ្រិក​ខាងលិច​ ​ហ្គីណេ សៀរ៉ាឡេអូន និង​​​លីបេរីយ៉ា រងគ្រោះ​ដោយ​មេរោគ​អេបូឡា​ធ្ងន់ធ្ងរ​ជាងគេ។ ​​អ្នកស្លាប់​ដោយ​មេរោគ​អេបូឡា​នៅ​ប្រទេស​ទាំង៣​នេះ មាន​រហូត​រាប់រយ​នាក់។ ថ្ងៃចន្ទ​នេះ ​​ខេត្ត​ឡូហ្វា នៅ​ភាគខាងជើង​លីបេរីយ៉ា​ បាន​ក្លាយ​ជា​ខេត្ត​ទី៣​ក្នុង​ប្រទេស​ ​​ដែល​​ត្រូវបានគេ​​​ដាក់​អោយ​​​នៅ​ដោយឡែកពីគេ។ ​​​ ថ្មីៗ​នេះ អង្គការ​សុខភាពពិភពលោក​បាន​​ប្រកាស​អាសន្ន​កម្រិត​ពិភពលោក ​តែ​មិនបាន​ហាមឃាត់​ការ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​រងគ្រោះ​ទេ។ ​ទោះ​យ៉ាង​នេះក្តី ​​​ថ្ងៃ​ចន្ទ​នេះ ​ប្រទេស​កូតឌីវ័រ ជា​ប្រទេស​​​ជាប់​ព្រំដែន​ជាមួយ​​ ​លីបេរីយ៉ា និង​ហ្គីណេ បាន​​​​សម្រេច​​ព្យួរ​​ការហោះហើរ​យន្តហោះ​​ទៅ​ប្រទេស​​រង​ការរាតត្បាត​​​​​រោគ​អេបូឡា​ និង​បាន​ហាមប្រាម​​ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេងទៀត មិន​អោយ​ដឹកអ្នកដំណើរ​មកពី​ប្រទេស​​​​​រងគ្រោះ។ ដោយឡែក គ្មាន​ករណី​​ជំងឺ​​អេបូឡា ​នៅ​កូតឌីវ័រ​​ទេ។ អាជ្ញាធរ​កូតឌីវ័រ​បានចាត់​វិធានការ​​ការពារ​​ ​តាំង​ពី​ចុងខែ​មិនា​ម្ល៉េះ។ ​

​វីរុស​​អេបូឡា​​​ដែល​កំពុងរាលដាល​​​​ខ្លាំង​​នៅ​អាហ្វ្រិក​ខាងលិច​​ពេលនេះ​ ប្រហែល​ជា​បាន​វាយប្រហារ​​​​​​​មុនគេ​ទៅលើ​​កុមារ​​ជនជាតិ​ហ្គីណេ​ម្នាក់​​អាយុ​២ឆ្នាំ​។ ​​​កុមារ​តូចនេះ​បាន​ស្លាប់​កាលពី​ថ្ងៃ​៦ធ្នូ​ឆ្នាំ​មុន ​បន្ទាប់​ពី​​ធ្លាក់ខ្លួន​ឈឺ។ ​មួយ​សប្តាហ៍​​ក្រោយ​មក​ ​​ម្តាយ​ បងស្រី និង​ជីដូន​​របស់​​កុមារ​ហ្គីណេ​រូបនោះ បាន​ស្លាប់​ដូចគ្នា​ដែរ។ ពួកគេ​សុទ្ធ​តែ​​មាន​អាការៈ​ជំងឺ​ស្រដៀង​​ជំងឺ​អេបូឡា គឺ​​ក្តៅខ្លួន ​និង​រាគក្អួត៕ ​ ​​

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ