អានតួអត្ថបទ
សុខភាព

នឹងមានថ្នាំបង្ការអេបូឡា នៅឆ្នាំ២០១៥ ?!

មាន​ស្លាប់​ជិត​១ពាន់​នាក់ បើ​តាម​តួលេខ​ចុងក្រោយ ជំងឺ​​អេបូឡា ដែល​កំពុង​លុក​លុយ​ប្រទេសបួន​​នៅ​ទ្វីប​អាហ្វ្រិកខាង​លិច  គឺ​ជា​ជំងឺ​រាត​ត្បាត​ដ៏​កាច​សាហាវ​និង​ធ្ងន់​ធ្ងរ​ខ្លាំង​មិន​ធ្លាប់​មាន គិត​ក្នុង​រយៈ​ពេល​៤០​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​រហូត​មក​ទល់​ពេល​នេះ​ម៉ោង​នេះ ​គ្មានទេ​​ថ្នាំ​ព្យាបាលប្រកប​ដោយ​ប្រសិទ្ធិភាព និង​ក៏​គ្មាន​ដែរ​ថ្នាំ​បង្ការ។ ប៉ុន្តែ​ការ​រាត​ត្បាត​កំពុង​តែពន្លឿន​​ការ​ស្រាវជ្រាវ​ឱ្យ​ដើរ​ទៅ​មុខ​បាន​លឿន​​ខ្លាំង។ ការធ្វើ​តេស្ត​​សាកល្បង​ លើ​ថ្នាំ​វ៉ាក់សាំង​​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ខែ​កញ្ញា​ក្រោយ​នេះ។ ប្រសិន​បើ​មាន​លទ្ធផល​ល្អ ថ្នាំ​ការពារ​ប្រឆាំងនឹង​ជំងឺ​អេបូឡា​នឹង​អាច​ដាក់​ឱ្យ​ប្រើ​បាន​នៅ​ឆ្នាំ​២០១៥។

ក្រុម​វេជ្ជសាស្ត្រកំពុង​វិភាគឈាម
ក្រុម​វេជ្ជសាស្ត្រកំពុង​វិភាគឈាម Reuters/Misha Hussain
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​បទ​សម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​ជា​ភាសា​បារាំង លោក Jean-Marie Okwo Bélé ប្រធាន​នាយក​ដ្ឋាន​ថ្នាំ​បង្ការ​នៃ​អង្គការ​សុខភាព​ពិភពលោក​ បាន​បញ្ជាក់​ថា ការ​សាកល្បង​ប្រសិទ្ធិភាព​ថ្នាំ ត្រូវ​ចាប់​ផ្តើម​នៅ​ខែ​កញ្ញា​ខាងមុខ នៅ​សហរដ្ឋ​អាមេរិក និង​នៅ​ក្នុង​ប្រទេស​នៃ​ទ្វីប​អាហ្វ្រិក​ ដែល​មាន​ជួប​​ករណី​អេបូឡា​រាត​ត្បាត​ខ្លាំង។

 
​រក​ឃើញ​និង​ផលិត​ដោយ​ក្រុម​ហ៊ុន​ឱសថ​អង់គ្លេស GSK (GlaxoSmitjKline) ថ្នាំ​ការពារ​នេះ​ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដ៏​ស្រួច​ស្រាវ​បំផុត​ ក្នុង​ផ្នែក​វេជ្ជសាស្ត្រ។ ការ​សាកល្បង​លើសត្វ បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត។ ពេល​នេះ​អង្គការ​សុខភាព​ពិភពលោក គ្រោង​នឹងបង្កើត​​ក្រុម​សម្ព័ន្ធ​ការងារ​មួយ ដែល​​​ប្រមូល​ផ្តុំ​អ្នក​ស្រាវជ្រាវ​មក​ពី​វិទ្យាស្ថាន​សុខភាព​អាមេរិក អង់គ្លេស និង​ភ្នាក់ងារ​ផ្សេងៗ​ទៀត ចាប់​អារម្មណ៍​សិក្សា​ការ​អភិវឌ្ឍន៍​ថ្នាំ​វ៉ាក់សាំង​។  

អង្គការ​សុខភាព​ពិភពលោក​ហាក់​មាន​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង ថា​នឹង​អាច​មាន​ថ្នាំ​បង្ការ​ជំងឺ​អេបូឡា​ដាក់​ឱ្យ​ចរាចរណ៍​បាន​នៅ​ក្នុង​ឆ្នាំ​២០១៥ ព្រោះ​ ប្រសិន​បើ​ការធ្វើ​តេស្ត​សាកល្បង​ ប្រព្រឹត្ត​ទៅ​នៅ​ខែ​កញ្ញា​ នោះ​នៅ​ចុង​ឆ្នាំ​គេ​នឹង​អាច​ដឹង​អំពី​លទ្ធផល​នៃ​ប្រសិទ្ធិភាព​ថ្នាំ​ហើយ។ និងដោយ​យោល​ទៅ​លើស្ថានភាព​បន្ទាន់​​នៃ​ការ​រាតត្បាត​ អង្គការ​សុខភាព​ពិភពលោក​អាច​ពន្លឿន​ដំណើរការ​ ធ្វើ​យ៉ាង​ណា​ឱ្យ​ថ្នាំ​វ៉ាក់សាំង​អាច​ប្រើការ​បាន​នៅ​ឆ្នាំ​ក្រោយ។

សូម​បញ្ជាក់​ថា​ ​មក​ទល់​នឹង​ពេល​នេះ គ្មាន​ថ្នាំ​ណា​អាច​ព្យាបាល ឬ​ការពារ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ជំងឺ​ក្តៅខ្លួន​ហូរឈាម​ អេបូឡា​ ដែល​មេរោគ​អាច​សម្លាប់​មនុស្ស​ក្នុង​រវាង​តែ​ពីរ​ឬ​បី​ថ្ងៃ​បានទេ។ ប៉ុន្តែ​មាន​ថ្នាំ​វ៉ាក់សាំង​ច្រើន​ប្រភេទ​មក​ហើយ ដែល​បាន​ចូល​ដល់​ដំណាក់​កាល​សាកល្បង​។​ ចំណែក​ថ្នាំ​ព្យាបាល​សេរ៉ូម Zmapp ក៏​បាន​ប្រើ​ជា​លើក​ទី​មួយ​លើ​អ្នក​ជំងឺ​ជនជាតិ​អាមេរិក បន្ទាប់​ពី​សាក​ល្ប​ងបាន​លទ្ធផល​ល្អ​លើ​សត្វស្វា។

តាំង​ពី​ខែ​មេសា​ ជំងឺ​អេបូឡា​បាន​ផ្ទុះ​ឡើង​​នៅ​ទ្វីប​អាហ្វ្រិក​ សម្លាប់​ជីវិត​មនុស្ស​ជា​សរុប​អស់​យ៉ាង​ហោច​ណាស់មួយ​ពាន់​នាក់ និង​បាន​ចម្លង​ស្ទើរពេញ​ពិភពលោក ៖ មួយ​ករណី​នៅអេស្ប៉ាញ មួយករណី​ទៀត​ទើប​រក​ឃើញ​នៅ​កាណាដា។ ហើយ​នៅ​ថ្ងៃ​នេះ​ប្រទេស​ឥណ្ឌា​បាន​ទទួល​សញ្ញា​ថា​មាន​អ្នក​ដំណើរ​ម្នាក់​ជាប់​សង្ស័យ​មាន​រោគ​សញ្ញា​អេបូឡា ដែល​ជំរុញ​ឱ្យ​អាជ្ញាធរ​​ទាញ​សញ្ញា​អាសន្ន​ដាក់​លេខ​ទូរស័ព្ទ​បន្ទាន់​នៅ​តាម​អាកាសយានដ្ឋាន​និង​កំពង់​ផែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ