ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT

វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ១៩២៩​និង​ការ​ឡើង​កាន់អំណាច​របស់​ហ៊ីត្លែរ​នៅ​អាល្លឺម៉ង់

វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ១៩២៩​និង​ការ​ឡើង​កាន់អំណាច​របស់​ហ៊ីត្លែរ​នៅ​អាល្លឺម៉ង់
 
អាដុលហ្វ ហ៊ីត្លែរ នៅ​ឆ្នាំ​១៩៣៧

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​ អំពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​១៩២៩ និង​ការ​ឡើងកាន់អំណាច​របស់​ហ៊ីត្លែរ នៅ​អាល្លឺម៉ង់។

វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​១៩២៩ (ដែល​គេ​ច្រើន​ហៅ​តាម​ភាសា​អង់គ្លេស​ថា “The Great Depression”) គឺ​ជា​វិបត្តិ​សេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ និង​អូសបន្លាយពេល​យូរ​បំផុត នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក​សម័យទំនើប។ អ្វីៗ​បាន​ចាប់ផ្ទុះឡើង​ចេញ​ពី​ភាព​ចលាចល​នៃ​ទីផ្សារ​មូលបត្រ​សហរដ្ឋ​អាមេរិក នៅ​ខែ​តុលា​ ឆ្នាំ​១៩២៩ មុននឹង​​រាលដាល​ជា​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ដែល​អូសបន្លាយពេល​​រហូត​ដល់​សង្រ្គាម​លោក​លើកទី២។

នៅ​ក្រោយ​សង្រ្គាម​លោក​លើកទី១ សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​ឈ្នះ​សង្រ្គាម ហើយ​ដែល​ធ្លាប់​បាន​​ផ្តល់​ប្រាក់​កម្ចី​រាប់ពាន់លាន​ដុល្លារ ដល់​បណ្តា​ប្រទេស​អឺរ៉ុប ដើម្បី​យក​ទៅ​ធ្វើ​សង្រ្គាម បាន​លេចមុខ​ឡើង​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ដ៏ធំមួយ។ ឧស្សាហកម្ម​អាមេរិក​បាន​ស្គាល់​នូវ​ភាព​រីកចម្រើន​ដល់​កម្រិត​កំពូល លុយ​ហូរ​ដូចទឹក សំណង់​អគារ​ខ្ពស់​កប់ពពក​​រីកដូចផ្សិត ហើយ​ទីក្រុង​ញូវយ៉ក​បាន​ដណ្តើម​តំណែង​​​​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក ដែល​ពីមុន​ធ្លាប់​តែ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស។

របបមូលធននិយម​អាមេរិក​ក៏​បាន​ស្គាល់​នូវ​ការ​វិវឌ្ឍ​ដ៏​ចម្បងមួយ​ដែរ ដោយ​អ្នក​ជំនួញ​អាមេរិក​បាន​បង្កើត​នូវ​របៀប​រកស៊ី​ថ្មីមួយ ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​តាម​រយៈ​ទ្រឹស្តី​របស់ Henry Ford ស្ថាបនិក​នៃ​​ក្រុមហ៊ុន​ផលិត​រថយន្ត​ Ford។ Heny Ford បាន​លើកឡើង​នូវ​ទ្រឹស្តី​ដ៏សាមញ្ញ​មួយ​ថា ដើម្បី​​​អាច​ចំណេញ​លុយ​ច្រើន​ ក្រុមហ៊ុន​របស់​លោក​ត្រូវ​តែ​លក់​ឡាន​ឲ្យ​បាន​ច្រើន​។ ដើម្បី​លក់​ឲ្យបាន​ច្រើន គឺ​មិនត្រូវ​លក់​ឲ្យ​តែ​ពួក​អ្នក​មាន​វណ្ណៈខ្ពង់ខ្ពស់​ដូចពីមុន​នោះទេ តែ​ត្រូវ​លក់​ឲ្យ​កម្មករ​នយោជិត​ធម្មតា​ផងដែរ ហើយ​ដើម្បី​ឲ្យ​កម្មករ​នយោជិត​អាច​ទិញ​ឡាន​ជិះបាន ទាល់តែ​ពួកគេ​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់។ Ford ក៏​បាន​ដំឡើង​ប្រាក់ខែ​យ៉ាងច្រើន​ដល់​បុគ្គលិក ហើយ​បូករួម​ជាមួយ​នឹង​ការ​បើកដៃ​ក្នុងការ​ទិញឡាន​ដោយ​បង់រំលោះ​ផងនោះ ទីផ្សារ​ឡាន​​នៅ​អាមេរិក​ក៏​បាន​កើនឡើង​យ៉ាងខ្លាំង​មិន​ធ្លាប់មាន។ នៅ​ពេលនោះ ក្រុមហ៊ុន Ford បាន​ផលិត​ឡាន​ប្រមាណ​ជា​ជិត​១ម៉ឺនគ្រឿង​ក្នុងមួយថ្ងៃៗ ដើម្បី​ដាក់​លក់​នៅលើ​ទីផ្សារ។

ក៏ប៉ុន្តែ ភាពរុងរឿង​នេះ​មានរយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ។ នៅថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ​១៩២៩ ទីផ្សារ​មូលបត្រ​អាមេរិក​បាន​ធ្លាក់ចុះ​យ៉ាង​គំហុក​ បង្ក​ឲ្យ​មាន​ភាព​ចលាចល​ បង្កើត​ទៅជា​វិបត្តិ​ហិរញ្ញវត្ថុ បណ្តាល​​ឲ្យ​​ធនាគារ​ជាច្រើន​ត្រូវ​ក្ស័យធន​ជា​បន្តបន្ទាប់។ បន្ទាប់​មក​ទៀត វិបត្តិ​ហិរញ្ញវត្ថុ​នេះ​​បាន​ក្លាយ​​ទៅ​ជា​វិបត្តិ​សេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយ​បាន​រាលដាល​ចេញ​ពី​សហរដ្ឋ​អាមេរិក ទៅ​កាន់​ប្រទេស​​ផ្សេងៗ​ទៀត នៅទូទាំង​ពិភពលោក។

នៅ​តាម​បណ្តា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំៗ ដូចជា សហរដ្ឋ​អាមេរិក អង់គ្លេស បារាំង និង​អាល្លឺម៉ង់ ជាដើម សកម្មភាព​ឧស្សាហកម្ម​បាន​ធ្លាក់ចុះ​ក្នុងចន្លោះ​ពី ២៣% ទៅ ៤៦%។ ​អត្រា​អ្នក​អត់ការងារធ្វើ​ ​កើនឡើង​​រហូតដល់ ២៥% ឬ​​ជាង ៣០% អាស្រ័យ​ទៅ​តាម​ប្រទេស។ ចំណែក​ឯ​ការ​ដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​ធ្លាក់ចុះ​រហូតដល់​ជាង​ពាក់កណ្តាល។ សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ឧស្សាហកម្ម​ធុនធ្ងន់​ត្រូវ​រងគ្រោះ​​ខ្លាំង​ជាងគេ។ ក៏ប៉ុន្តែ បន្តិចម្តងៗ វិស័យ​កសិកម្ម​ក៏​ចាប់ផ្តើម​ទទួលរង​នូវ​ឥទ្ធិពល​នៃ​វិបត្តិ​សេដ្ឋកិច្ច​នេះ​ដែរ ដោយសារ​តែ​តម្លៃ​ផលិតផល​ត្រូវ​ធ្លាក់ចុះ​ដល់​កម្រិត​មួយ​ទាបបំផុត ដែល​ធ្វើ​ឲ្យ​ប្រជាកសិករ​ពិបាក​នឹង​រស់។
 

នៅ​អាល្លឺម៉ង់ វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក គឺ​​បញ្ហា​​ដ៏សម្បើម​មួយ​ទៀត​មក​បន្ថែម​ពីលើ​បន្ទុក​សេដ្ឋកិច្ច​ដ៏​ធ្ងន់ដែល​មាន​ស្រាប់ (ការខូចខាត​ដោយសារ​សង្រ្គាម និង​កាតព្វកិច្ច​ត្រូវ​សងការ​ខូចខាត​ដល់​ប្រទេស​ឈ្នះ​សង្រ្គាម ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​ក្រុង Versailles នៅ​ក្រោយ​សង្រ្គាម​លោក​លើកទី១)។

ឥទ្ធិពល​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​១៩២៩​បាន​ធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​​អាល្លឺម៉ង់​ត្រូវ​ជាប់គាំង ធនាគារ​ត្រូវ​បិទទ្វារ​ម្តងមួយៗ ប្រជាជន​រាប់លាន​នាក់​ត្រូវ​អត់ការងារ​ធ្វើ ហើយ​ត្រូវ​ប្រឈមមុខ​នឹង​ភាព​ក្រីក្រ ដោយ​បាត់​បង់​ប្រាក់​ចំណូល។ ស្ថិត​នៅ​ក្នុង​ភាព​វឹកវរ​នេះ អ្នក​ដែល​ទទួល​ផលចំណេញ គឺ​ហ៊ីត្លែរ និង​គណបក្ស​ណាហ្ស៊ី។

ឆ្លៀត​ក្នុង​ឱកាស​ដែល​ប្រទេស​កំពុង​ឆ្លងកាត់​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ហើយ​គណបក្ស​កាន់អំណាច​ត្រូវ​បាត់បង់​ប្រជាប្រិយភាព ហ៊ីត្លែរ និង​គណបក្ស​ណាហ្ស៊ី​ក៏​ចាប់ផ្តើម​បង្កើន​សកម្មភាព​ឃោសនា ដោយ​​​សន្យា​លុបចោល​សន្ធិសញ្ញា​ក្រុង​ Versailles ស្តារ​ស្ថានភាព​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ដល់​ប្រជាជន។ ហ៊ីត្លែរ និង​គណបក្ស​ណាហ្ស៊ី​ក៏​ចាប់ផ្តើម​​ទទួល​​បាន​​​ការ​គាំទ្រ​កាន់តែ​ច្រើនឡើងៗ ហើយ​ចំនួន​អាសនៈ​នៅ​ក្នុង​សភា​ក៏​ចេះតែ​កើនឡើង ពី​ការ​បោះឆ្នោត​មួយ​ ទៅ​ការ​បោះឆ្នោត​មួយ។

នៅ​ឆ្នាំ​១៩៣២ ហ៊ីត្លែរ​បាន​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី តែ​ត្រូវ​ទទួល​បរាជ័យ។ ក៏ប៉ុន្តែ បើទោះជា​ហ៊ីត្លែរ​មិនបាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ តែ​គណបក្ស​ណាហ្ស៊ី​ គឺ​ជា​គណបក្ស​​ដែល​មាន​សំឡេង​ច្រើន​លំដាប់ទី២ នៅ​ក្នុង​សភា​អាល្លឺម៉ង់ ហើយ​នៅ​ខែ​មករា ឆ្នាំ​១៩៣៣ ​ប្រធានាធិបតី​អាល្លឺម៉ង់ ដែល​ទើប​នឹង​ជាប់ឆ្នោត ហើយ​ដែល​ចង់​បង្ហាញ​​ឲ្យ​គេ​ឃើញ​ពី​បំណង​ល្អ ក្នុងការ​បង្កើត​ឲ្យ​មាន​តុល្យភាព​អំណាច ក៏​បាន​សម្រេច​តែងតាំង​ហ៊ីត្លែរ​ឲ្យ​ធ្វើ​​ជា​អធិកាបតី​ (​ប្រមុខ​រដ្ឋាភិបាល)។

ក៏ប៉ុន្តែ បន្តិចម្តងៗ ហ៊ីត្លែរ​បាន​យក​អំណាច​​​ជា​អធិកាបតី​នេះ​ទៅ​បង្រ្កាប​អ្នក​នយោបាយ​ប្រឆាំង ដើម្បី​ពង្រឹង​អំណាច​ផ្ទាល់​ខ្លួន។ ហ៊ីត្លែរ​បាន​ចាត់វិធានការ​ជាច្រើន​ ក្នុងគោលដៅ​រឹតបន្តឹង​សិទ្ធិសេរីភាព​របស់​ប្រជាជន និង​បង្កើន​អំណាច​ដល់​ប៉ូលិស​ក្នុងការ​ចាប់​មនុស្ស​យក​មក​ឃុំឃាំង​ដោយ​គ្មាន​ការ​កាត់ទោស។

គិតត្រឹម​ពាក់កណ្តាល​ឆ្នាំ​១៩៣៣ ហ៊ីត្លែរ​រួម​ជាមួយ​នឹង​សមាជិក​សភា​មក​ពី​គណបក្ស​ណាហ្ស៊ី​បាន​អនុម័ត​ច្បាប់​ប្រគល់​​អំណាច​ទាំងអស់ គឺ​ទាំង​អំណាច​នីតិបញ្ញត្តិ និង​នីតិប្រតិបត្តិ​ទៅ​ឲ្យ​ហ៊ីត្លែរ​កាន់កាប់​តែ​ម្នាក់ឯង ហើយ​របបនយោបាយ​អាល្លឺម៉ង់​ត្រូវ​ប្រែក្លាយ​ទៅជា​របបឯកបក្ស គឺ​អំណាចរដ្ឋ​ត្រូវ​ស្ថិត​ក្រោម​ការ​​គ្រប់គ្រង​របស់​គណបក្ស​តែមួយ​គត់ គឺ​គណបក្ស​ណាហ្ស៊ី។

មួយឆ្នាំ​ក្រោយ​មក​ទៀត នៅ​ខែ​សីហា ឆ្នាំ​១៩៣៤ ហ៊ីត្លែរ និង​គណបក្ស​ណាហ្ស៊ី​បាន​សម្រេច​យក​តំណែង​ប្រធានាធិបតី និង​អធិកាបតី​មក​ច្របាច់​បញ្ចូល​គ្នា​ជា​តំណែង​តែមួយ ដែល​កាន់កាប់​ដោយ​ហ៊ីត្លែរ។ មកដល់​ពេលនោះ រាល់​អំណាច​រដ្ឋ​ទាំងអស់ ទាំង​អំណាច​ជា​ប្រមុខរដ្ឋ ជា​ប្រមុខរដ្ឋាភិបាល​ និង​ជា​អគ្គបញ្ជាការ​កងទ័ព ​​ត្រូវ​ស្ថិត​ក្នុង​ដៃ​របស់​ហ៊ីត្លែរ​តែ​ម្នាក់​ឯង។

ក្រោយ​ពី​បាន​ក្តោបក្តាប់​អំណាច​រដ្ឋ​ទាំងអស់​ហើយ ហ៊ីត្លែរ​ក៏​បាន​ចាប់ផ្តើម​បង្កើន​កម្លាំង​ទ័ព​អាល្លឺម៉ង់​ឡើងវិញ ដោយ​រំលោភ​លើ​សន្ធិសញ្ញា​ក្រុង Versailles ដែល​បាន​ចុះ នៅ​ក្រោយ​សង្រ្គាម​លោក​លើកទី១៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ប្រវត្តិសាស្រ្ត​ពិភពលោក

    សាធារណរដ្ឋ​ចិន ​រវាង​ចលនា​ឧទ្ទាម​កុម្មុយនិស្ត ​និង​ការ​ឈ្លានពាន​របស់​ជប៉ុន

    ស្វែងយល់បន្ថែម

  • ប្រវត្តិសាស្រ្ត​ពិភពលោក

    សាធារណរដ្ឋ​ចិន​ក្រោយ​សង្រ្គាម​លោក​លើកទី១៖ ​ស៊ុន យ៉ាតសេន ​ងាក​ទៅរក​កុម្មុយនិស្ត

    ស្វែងយល់បន្ថែម

  • ប្រវត្តិសាស្រ្ត​ពិភពលោក

    សាធារណរដ្ឋ​ចិន​ក្រោយ​បដិវត្តន៍​ឆ្នាំ​១៩១១

    ស្វែងយល់បន្ថែម

  • ប្រវត្តិសាស្រ្ត​ពិភពលោក

    បដិវត្តន៍​ផ្តួលរំលំ​របប​រាជានិយម​ចិន​នៅ​ឆ្នាំ១៩១១

    ស្វែងយល់បន្ថែម

  • អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

    អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីបេសកកម្ម​អាប៉ូឡូទី១១ ដែល​នាំ​ ​ទៅ​ចុះចត​លើ​​​ឋាន​ព្រះចន្ទ …

  • ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីដំណើរ​ដើម​ទង​នាំ​ទៅដល់​ការ​ចាប់កំណើត​នៃ​បេសកកម្ម​​អាប៉ូឡូ​​​ …

  • ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

    ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ហើយ​ឆ្លៀត​ក្នុង​ឱកាស​ខួប​គម្រប់ ៥០ឆ្នាំ …

  • តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

    តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

    ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

    ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

    តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ