អានតួអត្ថបទ
កម្ពុជា

ប្រជាពល​រដ្ឋ​​៣០០​​គ្រួសារ​​ព្រមាន​​ប្រើ​​សិទ្ធិ​​ស្វ័យ​​ការពារ​​បើ​​គ្មាន​​ដំណោះ​ស្រាយ​​រឿង​​បូមខ្សាច់​​នៅ​កោះកាពិ​ខេត្ត​​កោះកុង​​

ប្រជាពលរដ្ឋ៦នាក់ តំណាងឱ្យ​ប្រជាពលរដ្ឋ៣០០គ្រួសារ​មកពី​ឃុំ​កោះ​កាពិ ស្រុក​កោះកុង ខេត្តកោះកុង នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បានធ្វើ​ដំណើរ​មកដល់​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ​ស្វែងរក​ការអន្តរាគមន៍​ពី​រដ្ឋសភា បញ្ឈប់​សកម្មភាព​បូម​ខ្សាច់​នៅ​តំបន់​នោះ។ តំណាង​ប្រជាពលរដ្ឋ​ក៍​បានស្នើ​សុំឱ្យ​រដ្ឋសភា កោះហៅ​តំណាង​ក្រុមហ៊ុន​បូម​ខ្សាច់​និង​អាជ្ញាធរ​ពាក់ព័ន្ធ​មក​សាកសួរ។ 

ប្រជាពលរដ្ឋ​ទាំង៦នាក់​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​៣០០​គ្រួសារ​មក​ពី​ឃុំ​កោះកាពិ​ស្រុក​កោះ​កុង​ខេត្តកោះកុង​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍នេះ​ បានធ្វើដំណើរមកដល់​រដ្ឋសភា ​ដើម្បី​ដាក់ញត្តិ​ស្វែង​រកការ​អន្តរាគមន៍​ពីរដ្ឋសភា​ បញ្ឈប់​សកម្មភា​ពបូមខ្សាច់នៅតំបន់នោះ។​
ប្រជាពលរដ្ឋ​ទាំង៦នាក់​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​៣០០​គ្រួសារ​មក​ពី​ឃុំ​កោះកាពិ​ស្រុក​កោះ​កុង​ខេត្តកោះកុង​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍នេះ​ បានធ្វើដំណើរមកដល់​រដ្ឋសភា ​ដើម្បី​ដាក់ញត្តិ​ស្វែង​រកការ​អន្តរាគមន៍​ពីរដ្ឋសភា​ បញ្ឈប់​សកម្មភា​ពបូមខ្សាច់នៅតំបន់នោះ។​ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

ញត្តិ​របស់​ប្រជាពលរដ្ឋ​ទាំង៦នាក់ តំណាងឱ្យ​ប្រជាពលរដ្ឋ៣០០គ្រួសារ ត្រូវបាន​ទទួល​ដោយ​លោក គង់ សភា សមាជិក​គណៈកម្មការ​ទី១នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី២៣មេសា បន្ទាប់ពី​ពួកគេ​បាន​ទៅដល់​រដ្ឋសភា ដោយ​មានការ​ចោមរោម​ពី​អ្នកសារព័ត៌មាន។ លោក គង់ សភា បាន​សន្យា​ជួយ​ដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ តែ​មិនបាន​កំណត់​ពេលវេលា​ច្បាស់លាស់​នោះទេ។

ញត្តិ​របស់​ប្រជាពលរដ្ឋ​ដែល​ដាក់ជូន​រដ្ឋសភា​នៅថ្ងៃនេះ បាន​លើកឡើងថា ប​ច្ច​ប្បន្ន​នេះ​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណា​សិ​នណល​រ៉េ​ន​បូ ខូ​អិល​ធី​ឌី (IRC)បាន​ប្រើប្រាស់​សា​ឡង់​ដល់​ទៅ​១៨​គ្រឿង ដើម្បី​ធ្វើ​សកម្មភាព​បូម​ខ្សាច់​យ៉ាង​អនាធិបតេយ្យ ដើម្បី​ដឹកចេញទៅ​កាន់​ប្រទេស​សិង្ហ​បុរី។ ក្នុងនោះ​សា​ឡង់៨គ្រឿង ប្រើ​សម្រាប់​ចាប់យក​ខ្សាច់​ពី​ព្រែក និង១០គ្រឿង​ទៀត​ប្រើ​សម្រាប់​ដឹកជញ្ជូន។ ក្រុម​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា សកម្មភាព​បូម​ខ្សាច់​នេះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុងនោះ រួមមាន​ការបំផ្លិចបំផ្លាញ​ព្រៃកោងកាង និង​ជីវចម្រុះ​ក្រោម​ទឹក, បំផ្លាញ​ដល់​មច្ឆា​ជាតិ ប្រភព​ស្បៀង និង​ឧបករណ៍​នេសាទ, ធ្វើឱ្យ​បំពុល​ដល់​ទឹក បាក់​ឆ្នេរ និង​បាត់​កោះតូចៗ ដូចជា​កោះ​កា​ប៉ុង​ជាដើម។ តំណាង​ប្រជាពលរដ្ឋ​ក៍​បានស្នើ​សុំឱ្យ​រដ្ឋសភា កោះហៅ​តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​មក​សាកសួរ​ជុំវិញ​សំណុំរឿង​នេះដែរ។
 
លោក ជា រតនា តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ក្នុងចំនោម៦នាក់​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិRFIថា ប្រជាពលរដ្ឋ​ទាំង៣០០គ្រួសារ​នឹង​បាត់បង់​អាជីព​ជា​អ្នកនេសាទ ប្រសិនបើ​អាជ្ញាធរ​មិន​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ទេនោះ ហើយ​អ្វី​ជា​វិធានការ​បន្ទាន់​នៅ​ចំពោះមុខ​ក្រោយពី​ការដាក់​ញត្តិ​នៅពេលនេះ ប្រជាពលរដ្ឋ​ទាំង៣០០គ្រួសារ នឹង​ប្រើ​សិទ្ធិ​ស្វ័យការពារ ដោយ​ការពារ​មិនឱ្យ​សា​ឡង់​ទាំងនោះ ចូលមក​បូម​ខ្សាច់​នៅ​តំបន់​កោះ​កាពិ​ទៀត​ទេ។ ប្រជាពលរដ្ឋ​បាន​អះអាងថា ក្រុមហ៊ុន​បូម​ខ្សាច់​នេះ មិនមាន​អាជ្ញាប័ណ្ណ​នោះទេ។
 
សូមបញ្ជាក់ថា ក្រៅពី​ការដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​រដ្ឋសភា​នៅពេល​ព្រឹក​ហើយ ប្រជាពលរដ្ឋ​ទាំង៦នាក់​តំណាងឱ្យ​ប្រជាពលរដ្ឋ​ទាំង៣០០គ្រួសារ ក៍បាន​បន្តដំណើរ​យក​ញត្តិ​ទៅ​ដាក់ និង​សុំ​អន្តរាគមន៍​ពី​ក្រសួង​រ៉ែ និង​ថាមពល​ជា​បន្តទៀត។ ក្រសួង​រ៉ែ និង​ថាមពល ដែល​ទើបតែ​ទទួលបាន​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល​ក្នុងការ​គ្រប់​គ្រង់​ការធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​ទូទាំងប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ