តើលោកត្រាំពិតជាមិនខ្វល់ពីវត្តមានកាណាដាក្នុងកិច្ចព្រមព្រៀងពាណិកម្មសេរីឬយ៉ាងណា?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២៧
នៅថ្ងៃទី៥ ខែកញ្ញា សហរដ្ឋអាមេរិក និងប្រទេសកាណាដាបានផ្តើមចរចាគ្នាជាថ្មីម្តងទៀត ដើម្បីរកផ្លូវគេចចេញពីភាពចម្រូងចម្រាសរវាងគ្នាទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ មុនកិច្ចចរចា កាលពីចុងខែសីហា លោកត្រាំបានគំរាមដំឡើងពន្ធលើរថយន្តនាំចូលពីកាណាដា ប្រសិនបើប្រទេសកាណាដា នៅតែមិនព្រមទទួលយកការកែប្រែមួយចំនួនលើកិច្ចព្រមព្រៀងនោះ។ធ្ងន់ធ្ងរជាងនេះទៅទៀតនោះ លោកត្រាំថែមទាំងបានព្រលយពាក្យកំញើញថានឹងធ្វើកិច្ចព្រមព្រៀងពាណិកម្មថ្មីមួយ ដោយគ្មានកាណាដាទៀតផង។ តើមូលហេតុអ្វីដែលរុញច្រានឲ្យសហរដ្ឋអាមេរិក និងកាណាដា ខ្វែងគំនិតគ្នាទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ? ហើយប្រសិនណាបើ កាណាដា នៅតែមិនទាន់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ តើអាមេរិករបស់លោកដូណាល់ ត្រាំ ពិតជាមិនខ្វល់ ហើយធ្វើកិច្ចព្រមព្រៀងដោយគ្មានការចូលរួមពីកាណាដា ដូចការគំរាមឬយ៉ាងណា?
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង
តាមពិតទៅ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មិនមែនមានតែសហរដ្ឋអាមេរិក និងកាណាដានោះទេ គឺមានប្រទេសម៉ិកស៊ិកផងដែរ។ កិច្ចព្រមព្រៀងអន្តរជាតិមួយនេះ មានឈ្មោះពេញថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង” (NAFTA) ហើយចូលជាធរមានតាំងពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៤ មកម្ល៉េះ ក្នុងគោលបំណងលុបបំបាត់ឧបសគ្គទំាងឡាយណា ដែលរាំងស្ទះដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។
ក៏ប៉ុន្តែ ភាពមិនចុះសម្រុងគ្នាមួយផ្តើមកើតឡើងរវាងប្រទេសហត្ថលេខីទាំងបី ចាប់តំាងពីឆ្នាំ២០១៧មក ដោយហេតុថា ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានសម្រេចលុបចោលកិច្ចព្រមព្រៀងនេះ ហើយចង់សើរើធ្វើកិច្ចព្រមព្រៀមថ្មី។ លោកត្រាំ តែងតែនិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺជាកិច្ចព្រមព្រៀងដ៏អយុត្តិធម៌បំផុត ពីព្រោះវាធ្វើឲ្យជញ្ជីងពាណិជ្ជកម្មអាមេរិកមានឱនភាព ជាក់ស្តែងសហរដ្ឋអាមេរិកមានឱនភាពពាណិជ្ជកម្មចំនួន៦៤ពាន់លានដុល្លារជាមួយនឹងម៉ិកស៊ិកកាលពីឆ្នាំ២០១៧។ តែទោះជាយ៉ាងណាក្តី កាលពីចុងខែសីហានេះ ម៉ិកស៊ិកបានចរចានិងឈានដល់ការព្រមព្រៀងគ្នាជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដោយគ្មានប្រទេសកាណាដា។
ពិតណាស់ អាមេរិករបស់លោកត្រាំ បានរកឃើញផ្លូវដើររួមគ្នាហើយជាមួយម៉ិកស៊ិក នៅឡើយតែជាមួយកាណាដា។ ចំណែកកាណាដាឯណេះវិញ បានបង្ហាញជំហរចង់បញ្ចប់ការចរចារជាមួយភាគីអាមេរិកប្រកបដោយជោគជ័យខ្លាំងណាស់ តែទោះជាយ៉ាងណាក្តី នាយករដ្ឋមន្ត្រីកាដាណាដា លោក Justin Trudeau ធ្លាប់បានថ្លែងហើយថា ទាល់តែកិច្ចព្រមព្រៀងមានលក្ខណៈល្អប្រសើរសម្រាប់កាដាណាដែរ ទើបប្រទេសខ្លួនយល់ព្រមចុះហត្ថលេខា។
ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងកាណាដា
បើយោងតាមកាសែតក្នុងស្រុកកាណាដា The Globe and Mail រាយការណ៍ថា រឿងដែលធ្វើឲ្យទាំងកាណាដា និងអាមេរិក ស្មុគស្មាញនិយាយមិនទាន់ត្រូវគ្នានោះនៅមានតែពីរបីចំនុចទៀតទេ ហើយដែលក្នុងនោះរួមមានទាំងជំពូកទី១៩ នៃកិច្ចព្រមព្រៀងដែលអាមេរិកចង់លុបចេញ។ ជំពូកទី១៩នេះ កំណត់ថាក្នុងករណីមានជម្លោះពាណិជ្ជកម្ម គេត្រូវដោះស្រាយនៅឯគណៈកម្មការឯករាជ្យមួយ ជាជាងនៅតុលាការក្នុងស្រុក។ រឿងនេះកាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីមានលេចធ្លាយសម្តីលោកត្រាំ ដែលបដិសេធមិនធ្វើសម្បទានណាមួយជាមួយប្រទេសកាណាដា។
តើលោកត្រាំ ពិតជាមិនត្រូវការកាណាដាក្នុងកិច្ចព្រមព្រៀងមែនឬ?
ជាការពិតប្រទេសកាណាដា គឺជាដៃគូពាណិជ្ជកម្មធំបំផុតមួយរបស់សហរដ្ឋអាមេរិក ហើយបើតាមទិន្នន័យពីការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឱ្យដឹងថា ប្រទេសទាំងពីរបានផ្លាស់ប្តូរទំនិញនិងសេវាកម្មគ្នាក្នុងទឹកប្រាក់តម្លៃជាង ៦៧០ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ហេតុនេះហើយទើបសាស្ត្រាចារ្យផ្នែកសិក្សាកិច្ចការអន្តរជាតិម្នាក់នៃសកលវិទ្យាល័យ Simon Fraser បានពន្យល់ថា ប្រទេសកាណាដាគឺជាដៃគូពាណិជ្ជកម្មសំខាន់សម្រាប់រដ្ឋចំនួនជាង៣០ នៅសហរដ្ឋអាមេរិក ដែលនេះមានន័យថា ការផ្លាស់ប្តូរដ៏សំខាន់ណាមួយនៅក្នុងទំនាក់ទំនងពាណិជ្ជកម្ម នឹងប៉ះពាល់ដល់ប្រទេសទាំងពីរជាក់ជាមិនខាន។
មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនពិតជាបានដាក់សម្ពាធទៅលើថ្នាក់ដឹកនាំកាណាដាខ្លាំងណាស់ ឲ្យឆាប់យល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី។ លោកត្រាំ ដាក់ថ្ងៃផុតកំណត់ក្នុងការចរចាត្រឹមថ្ងៃទី៣១ ខែសីហា ប៉ុន្តែអ្នកដឹកនាំកិច្ចចរចារបស់ប្រទេសទាំងពីរនៅតែបន្តធ្វើការចរចាជាមួយគ្នានៅថ្ងៃពុធ ទី០៥ ខែកញ្ញា ដោយមិនខ្វល់ពីសម្តីគំរាមរបស់លោកត្រាំឡើយ។
បើមើលតាមស្ថានការណ៍ដូចបច្ចុប្បន្ននេះ គេអាចនិយាយបានថា ការគំរាមរបស់លោកត្រាំ គឺប្រហែលគ្រាន់តែជាយុទ្ឋសាស្ត្រ ដើម្បីដាក់សម្ពាធឲ្យប្រទេសកាណាដា ឆាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតែប៉ុណ្ណោះ ក្នុងបំណងចាក់សោលើកិច្ចព្រមព្រៀងនេះឲ្យជាប់ ជាពិសេសមុនពេលដែលរដ្ឋាភិបាលម៉ិកស៊ិកថ្មី ដែលមាននិន្នាការជាតិនិយម ចូលកាន់តំណែងនាដើមខែធ្នូ ខាងមុខ។
ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Chrystia Freeland ក៍បានបង្ហើបប្រាប់ផងដែរថា កិច្ចព្រមព្រៀងដ៏ល្អបំផុតមួយ រវាងអាមេរិក និងកាណាដា នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ