ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/09 12h00 GMT

តើលោកត្រាំ​ពិតជា​មិនខ្វល់ពី​វត្តមានកាណាដា​ក្នុង​កិច្ចព្រមព្រៀង​ពាណិកម្មសេរីឬយ៉ាងណា​​?

តើលោកត្រាំ​ពិតជា​មិនខ្វល់ពី​វត្តមានកាណាដា​ក្នុង​កិច្ចព្រមព្រៀង​ពាណិកម្មសេរីឬយ៉ាងណា​​?
 
លោកត្រាំ និងនាយករដ្ឋមន្ត្រីកាណាដាJustin Trudeau មុនកិច្ចព្រមព្រៀងពាណិជ្ជកម្មNAFTA នៅសហរដ្ឋអាមេរិកកាលពីខែតុលា ឆ្នាំ២០១៧ REUTERS/Jonathan Ernst

នៅថ្ងៃទី៥​ ខែកញ្ញា​ សហរដ្ឋអាមេរិក​ និងប្រទេសកាណាដា​បានផ្តើម​ចរចាគ្នា​ជាថ្មីម្តងទៀត​ ដើម្បីរកផ្លូវគេចចេញពី​ភាពចម្រូងចម្រាស​រវាងគ្នា​ទាក់ទងនឹង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​។ មុនកិច្ចចរចា​ កាលពី​ចុងខែសីហា​ លោកត្រាំ​បានគំរាម​ដំឡើងពន្ធលើ​រថយន្តនាំចូល​ពីកាណាដា​ ប្រសិនបើ​ប្រទេស​កាណាដា​ នៅតែ​មិនព្រម​ទទួលយក​ការកែប្រែមួយចំនួន​លើកិច្ចព្រមព្រៀងនោះ​។

ធ្ងន់ធ្ងរជាងនេះ​ទៅទៀតនោះ​ លោកត្រាំ​ថែមទាំងបាន​ព្រលយ​ពាក្យកំញើញថា​នឹង​ធ្វើ​កិច្ចព្រមព្រៀង​ពាណិកម្មថ្មីមួយ​ ដោយគ្មាន​កាណាដាទៀតផង​។ តើមូលហេតុអ្វី​ដែលរុញច្រាន​ឲ្យសហរដ្ឋអាមេរិក​ និងកាណាដា​ ខ្វែងគំនិតគ្នា​ទៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីនេះ​? ហើយប្រសិនណាបើ​ កាណាដា​ នៅតែមិនទាន់​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀងនេះ​ តើអាមេរិក​របស់​លោកដូណាល់ ត្រាំ​ ពិតជា​មិនខ្វល់​ ហើយ​ធ្វើកិច្ចព្រមព្រៀង​ដោយគ្មាន​ការចូលរួមពីកាណាដា​ ដូចការ​គំរាម​ឬយ៉ាងណា?

កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​អាមេរិកខាងជើង​

តាមពិតទៅ​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ មិនមែនមានតែ​សហរដ្ឋអាមេរិក​ និងកាណាដា​នោះទេ​ គឺមាន​ប្រទេសម៉ិកស៊ិក​ផងដែរ​។ កិច្ចព្រមព្រៀង​អន្តរជាតិមួយនេះ​ មានឈ្មោះពេញថា​ “កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​អាមេរិកខាងជើង””​ (NAFTA) ហើយ​ចូលជាធរមាន​តាំងពីថ្ងៃទី១​ ខែមករា​ ឆ្នាំ១៩៩៤​ មកម្ល៉េះ​ ក្នុងគោលបំណង​លុបបំបាត់​ឧបសគ្គទំាងឡាយណា​ ដែលរាំងស្ទះដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាងសហរដ្ឋអាមេរិក​ កាណាដា​ និងម៉ិកស៊ិក​។

ក៏ប៉ុន្តែ​ ភាពមិនចុះសម្រុងគ្នាមួយ​ផ្តើមកើតឡើង​រវាង​ប្រទេសហត្ថលេខី​ទាំងបី​ ចាប់តំាងពី​ឆ្នាំ​២០១៧មក ដោយហេតុថា​ ​ប្រធានាធិបតីអាមេរិក​លោកដូណាល់ ត្រាំ​ បានសម្រេចលុប​ចោល​កិច្ច​ព្រ​មព្រៀង​នេះ ហើយចង់​សើរើ​ធ្វើ​កិច្ច​ព្រម​ព្រៀ​ម​ថ្មី។​ លោកត្រាំ តែងតែនិយាយថា ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីនេះ គឺជាកិច្ចព្រមព្រៀងដ៏​អយុត្តិធម៌បំផុត​ ពីព្រោះវា​ធ្វើឲ្យជញ្ជីង​ពាណិជ្ជកម្ម​អាមេរិក​មាន​ឱនភាព​ ជាក់ស្តែងសហរដ្ឋអាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​ចំនួន​៦៤​ពាន់​លាន​ដុល្លារ​ជាមួយ​នឹង​ម៉ិកស៊ិក​កាល​ពី​ឆ្នាំ​២០១៧។ តែទោះជាយ៉ាងណាក្តី កាលពីចុងខែសីហានេះ ​ម៉ិកស៊ិកបានចរចានិងឈានដល់ការព្រមព្រៀងគ្នាជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដោយគ្មាន​ប្រទេសកាណាដា​។

ពិតណាស់​ អាមេរិក​របស់លោកត្រាំ​ បានរកឃើញ​ផ្លូវដើររួមគ្នាហើយ​ជាមួយម៉ិកស៊ិក​ នៅឡើយតែ​ជាមួយ​កាណាដា​។ ចំណែក​កាណាដាឯណេះវិញ​ បានបង្ហាញ​ជំហរ​ចង់បញ្ចប់ការចរចារ​ជាមួយ​ភាគីអាមេរិ​កប្រកបដោយជោគជ័យខ្លាំងណាស់​ តែទោះជាយ៉ាងណាក្តី​ នាយករដ្ឋមន្ត្រី​កាដាណាដា​ លោក​ Justin Trudeau​ ធ្លាប់បានថ្លែង​ហើយថា​ ទាល់តែ​កិច្ចព្រមព្រៀង​មាន​លក្ខណៈ​ល្អប្រសើរ​សម្រាប់​កាដាណាដែរ ​ទើបប្រទេសខ្លួន​យល់ព្រមចុះ​ហត្ថលេខា​។

ភាពតានតឹង​រវាង​សហរដ្ឋអាមេរិក​ និងកាណាដា​

បើយោងតាម​កាសែតក្នុងស្រុកកាណាដា​ The Globe and Mail​ រាយការណ៍ថា​ រឿងដែលធ្វើឲ្យ​ទាំងកាណាដា ​និងអាមេរិក​ ស្មុគស្មាញ​និយាយមិនទាន់ត្រូវគ្នានោះ​នៅមានតែ​ពីរបីចំនុចទៀតទេ​ ហើយដែលក្នុងនោះ​រួមមាន​ទាំងជំពូកទី១៩​ នៃ​កិច្ចព្រមព្រៀង​ដែលអាមេរិក​ចង់លុបចេញ​។ ជំពូកទី១៩នេះ​ កំណត់ថា​ក្នុងករណី​មានជម្លោះពាណិជ្ជកម្ម​ គេត្រូវដោះស្រាយ​នៅឯគណៈកម្មការ​ឯករាជ្យមួយ ជាជាងនៅ​តុលាការក្នុងស្រុក​។ រឿងនេះ​កាន់តែយ៉ាប់យ៉ឺន​ បន្ទាប់ពី​មានលេចធ្លាយសម្តី​លោកត្រាំ​ ដែលបដិសេធ​មិនធ្វើសម្បទាន​ណាមួយ​ជាមួយ​ប្រទេសកាណាដា​។

តើលោកត្រាំ​ ពិតជា​មិនត្រូវការ​កាណាដា​ក្នុងកិច្ចព្រមព្រៀង​មែនឬ​?

ជាការពិត​ប្រទេសកាណាដា​ គឺជាដៃគូពាណិជ្ជកម្ម​ធំបំផុតមួយ​របស់សហរដ្ឋអាមេរិក​ ហើយបើតាមទិន្នន័យ​ពីការិយាល័យ​តំណាងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ បានឱ្យដឹងថា​ ប្រទេសទាំងពីរ​បានផ្លាស់ប្តូរទំនិញ​និងសេវាកម្មគ្នា​ក្នុងទឹកប្រាក់តម្លៃជាង​ ៦៧០​ ពាន់លានដុល្លារ​កាលពីឆ្នាំមុន​។ ហេតុនេះហើយ​ទើបសាស្ត្រាចារ្យ​ផ្នែកសិក្សាកិច្ចការអន្តរជាតិម្នាក់​នៃសកលវិទ្យាល័យ​ Simon Fraser​ បានពន្យល់ថា​ ប្រទេសកាណាដា​គឺជាដៃគូពាណិជ្ជកម្ម​សំខាន់សម្រាប់រដ្ឋ​ចំនួនជាង៣០​ នៅសហរដ្ឋអាមេរិក​ ដែលនេះមានន័យថា​ ការផ្លាស់ប្តូរ​ដ៏សំខាន់ណាមួយ​នៅក្នុង​ទំនាក់ទំនងពាណិជ្ជកម្ម​ នឹងប៉ះពាល់ដល់​ប្រទេសទាំងពីរ​ជាក់ជាមិនខាន​។

មួយរយៈចុងក្រោយនេះ​ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន​ពិតជា​បានដាក់សម្ពាធ​ទៅលើ​ថ្នាក់ដឹកនាំកាណាដា​ខ្លាំងណាស់​ ឲ្យឆាប់​យល់ព្រម​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មថ្មី​។​ លោកត្រាំ ដាក់ថ្ងៃផុតកំណត់​ក្នុងការចរចា​ត្រឹមថ្ងៃទី៣១​ ខែសីហា​ ប៉ុន្តែ​អ្នកដឹកនាំ​កិច្ចចរចា​របស់ប្រទេសទាំងពីរ​នៅតែបន្ត​ធ្វើការចរចា​ជាមួយគ្នា​នៅថ្ងៃពុធ ទី០៥​ ខែកញ្ញា ​ដោយ​មិនខ្វល់ពី​សម្តីគំរាម​របស់លោកត្រាំឡើយ​។

បើមើលតាម​ស្ថានការណ៍​ដូចបច្ចុប្បន្ននេះ​ គេអាច​និយាយបានថា​ ការគំរាម​របស់លោកត្រាំ​ គឺប្រហែលគ្រាន់តែ​ជាយុទ្ឋសាស្ត្រ​ ដើម្បីដាក់សម្ពាធឲ្យ​ប្រទេសកាណាដា​ ឆាប់ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​តែប៉ុណ្ណោះ​ ក្នុងបំណង​ចាក់សោ​លើកិច្ចព្រមព្រៀងនេះ​ឲ្យជាប់​ ជាពិសេស​មុនពេលដែល​រដ្ឋាភិបាលម៉ិកស៊ិកថ្មី​ ដែលមាន​និន្នាការជាតិនិយម​ ចូលកាន់តំណែង​នាដើមខែធ្នូ​ ខាងមុខ​។

ស្របពេល​ជាមួយគ្នានេះ​ រដ្ឋមន្ត្រីការបរទេស​កាណាដា​លោកស្រី​ Chrystia Freeland ​ក៍បានបង្ហើបប្រាប់​ផងដែរថា​ កិច្ចព្រមព្រៀង​ដ៏ល្អបំផុតមួយ​ រវាងអាមេរិក​ និងកាណាដា​ នឹងលេចចេញ​ជារូបរាង​ក្នុងពេលឆាប់ៗ​ខាងមុខនេះហើយ​៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ