ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/07 12h00 GMT

សេដ្ឋវិទូ​បារាំង​ Thomas Piketty ​៖ មូលធន​សតវត្សរ៍​ទី​២១​

សេដ្ឋវិទូ​បារាំង​ Thomas Piketty ​៖ មូលធន​សតវត្សរ៍​ទី​២១​
 
សេដ្ឋកិច្ច​វិតូបារាំង​លោក Thomas Piketty fr.wikipedia.org

រហូត​មក​ទល់​​នឹង​ពេល​បច្ចុប្បន្ន​ ពិភពលោក​​​ហាក់​មាន​ភាព​ល្អ​​ប្រសើ​រ​ច្រើនណាស់​​ ច្រើន​​រហូត​​ដល់​​អ្នក​សេដ្ឋកិច្ច​​ខ្លះ បាន​​​វាយ​​តម្លៃ​​ថា ​មនុស្ស​ជាតិ​​​កំពុង​​រស់​​នៅ​​ ក្នុង​​ពិភពលោក​​មួយ​​ដែល​​​មាន​​ភាព​ល្អ​ប្រសើរ ​ជាង​ពេល​ណា​ៗ​​ទាំង​​អស់​​ ក្នុង​​ប្រវត្តិសាស្រ្ដ​សាកល​លោក។​​ យ៉ាង​​ណា​​មិញ មាន​​បញ្ហា​​ចម្បង​ខ្លះ​​ដែល​គេ​មិន​ត្រូវ​​មើល​រំលង​ ​តួយ៉ាង​​ បញ្ហា​​ឡើង​​កំដៅ​​អាកាសធាតុ​ និងគម្លាត​​កាន់តែ​ខ្លាំងឡើង​ៗ​​​រវាង​​អ្នក​មាន​​ និង​​អ្នក​ក្រ។​

គិត​ត្រឹម​​ប្រហែល ១៥០ឆ្នាំ​ក្រោយ នៃ​ការ​ចេញ​ផ្សាយ​សៀវភៅ​មួយ​ដ៏​ល្បីល្បាញបំផុត​​របស់​ពិភពលោក នៅ​ឆ្នាំ​១៨៦៧ គឺសៀវភៅ​ “Das Kapital” មាន​ន័យ​ស្មើ​នឹង​ពាក្យ​ថា “មូល​ធន” របស់ ​កាល់ម៉ាក្ស៍​ គេ​បាន​មើល​ឃើញ​ជា​រួម​ថា ពិភពលោក​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​ ​​មាន​ភាព​ល្អ​ប្រសើរ​ជាង​ពេល​ណាៗ​ទាំងអស់​ នៅ​ក្នុង​ប្រវត្តិសាស្រ្ដ​មនុស្ស​ជាតិ។​

គេ​អាច​លើក​ហេតុ​ផល​ចម្បងៗ​ខ្លះ ដើម្បី​វាយ​តម្លៃ​យ៉ាង​ដូច្នេះ ឧទាហរណ៍​ដូចជា ការ​ធ្លាក់​ចុះ​អត្រានៃ​ភាពក្រីក្រ​សាកល​ ​មក​ត្រឹម​ប្រហែល​១០ភាគរយ ​នៃ​ប្រជាជន​ពិភពលោក​សរុប។ នេះ​វា​មាន​ន័យថា នៅ​ពេល​បច្ចុប្បន្ន​ មាន​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​​ក្នុង​ចំណោម​មនុស្ស​១០​នាក់ ​ដែល​កំពុង​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។ ចំនួន​ករណី​សង្គ្រាម​បង្ហូរ​​ឈាម​ រវាង​រដ្ឋ​និង​រដ្ឋ ​បាន​ធ្លាក់​ចុះ​ ក្នុង​អត្រា​មួយ​ទាបបំផុត​មិន​ធ្លាប់​មាន​។

ចំនួន​អ្នក​មាន​ជីវភាពមធ្យម​ ដែល​មាន​ចំណូល​ពី​ប្រមាណ ១០​ទៅ​១០០ដុល្លារអាមេរិក ក្នុង​មួយ​ថ្ងៃ ​បាន​បន្ត​កើន​ឡើង។ លើសពីនេះ អាយុកាលមធ្យមរបស់មនុស្ស​កាន់​តែវែង ខណៈអត្រា​ មរណៈភាព​របស់​ទារកបន្ត​ធ្លាក់​ចុះ។ ដោយសារ​បច្ចេកវិទ្យា​ទំនើប មនុស្ស​កាន់តែ​ច្រើន ​អាច​ធ្វើ​ដំណើរ​ពាសពេញ​ពិភពលោក អាចប្រាស្រ័យទាក់ទង​គ្នា តាម​ប្រព័ន្ធអ៊ីនធ័រនែត ​ ទូរស័ព្ទ​ចល័ត បណ្ដាញ​សង្គម ការទទួល​បាន​ព័ត៌មាន និង​ចំណេះ​ដឹង ហើយនិងកត្តា​​ផ្សេង​ៗ​ទៀត​ជា​ច្រើន។

ទោះ​ជា​យ៉ាង​ណា​ បើគេ​​មើល​ឱ្យ​បាន​វែង​ឆ្ងាយ​ជាង​នេះ​ទៅមុខ​ទៀត គេ​មិន​អាច​បដិសេធ​នូវ​​បញ្ហា​សាកល​ចម្បង​ខ្លះ ដែល​ពិភពលោកត្រូវ​ប្រឈមដោះ​ស្រាយ​យ៉ាង​លំបាក តួ​យ៉ាង ​​​បញ្ហាឡើងកំដៅអាកាសធាតុ និង​ការ​កើន​ឡើងគម្លាត​រវាង​អ្នក​មាន​ និង​អ្នក​ក្រ ដែល​​​កំពុង​មាន​ស្ថានភាព​ធ្ងន់ធ្ងរឡើង​ពី​មួយ​ពេល​ទៅ​មួយ​ពេល។

យោង​តាម​ទិន្នន័យ​ផ្លូវការ​ចុង​ក្រោយ​របស់ Oxfarm និង​របាយការណ៍ទ្រព្យ​សម្បត្តិ​របស់​ធនាគា​​រ​​ស្វីស  ​ទ្រព្យសម្បត្តិ​ពិភពលោក ប្រហែល​ជាង ៨០ភាគរយ ស្ថិត​ក្នុង​កណ្តាប់​ដៃ​​មនុស្ស​​តែ ១​ភាគរយ​ប៉ុណ្ណោះ ខណៈ​​ប្រជាជនពិភពលោក​ជាង ៣,៧ ពាន់​លាន​នាក់​ទៀត​ នៅ​ខាង​ក្រោម ដែល​តំណាង​ជាង​ពាក់​កណ្តាល​នៃ​ប្រជាជន​សរុប មាន​ទ្រព្យ​សម្បត្តិ​​យ៉ាង​តិចតួច ហើយ​វា​មិនបានបង្កើនសោះ​ឡើយ នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយ។

តាម​ទ្រឹស្ដី​សេដ្ឋ​កិច្ច នេះ​ហើយ​ជាលទ្ធផល​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច​បែប​មូល​ធននិយម ឬ​ទីផ្សារ​សេរី។ អ្នកណាខិត​ខំខ្លាំងជាង មានប្រាជ្ញាជាង ឬ​មានឱកាសជាង អ្នក​នោះ​នឹង​ទទួល​បាន​ផលពីពិភពលោក​នេះច្រើនជាង។ ជាក់ស្ដែង បញ្ហា​នេះ​បាន​ត្រូវ​សិក្សា​ តាំងពីជំនាន់ កាល់ម៉ាក្ស៍ និងហ្វ្រ៊ីឌ្រិច អង់ហ្គែល តាំង​ពីអតីតកាល ហើយ​និង​ក្នុង​ពេល​បច្ចុប្បន្ននេះ​ ដោយ​​សេដ្ឋវិទូ​បារាំង​ភ្នែក​មុត តួយ៉ាង លោក​ Thomas Piketty សាស្រ្ដាចារ្យ​សេដ្ឋកិច្ច​ នៅ​ទីក្រុង​​ប៉ារីស​។ នៅ​ឆ្នាំ​២០១៣ សាស្រ្ដាចារ្យ​បារាំង​រូបនេះ​ ​បាន​ចេញ​ផ្សាយ​​សៀវភៅមួយ​ដ៏​ល្បីល្បាញបំផុត  មាន​ចំណង​ជើង​ថា “មូលធននៅសតវត្សរ៍ទី២១ ឬ Capital in the Twenty-First Century”។

លើសពី​ការ​ពន្យល់ដែល​មាន​ក្នុង​ស្នាដៃ​ “Das Kapital” របស់​ កាល់ម៉ាក្ស៍​ សៀវភៅ “មូលធននៅសតវត្សរ៍ទី២១” បាន​ធ្វើការ​កត់ត្រា អំពី​ការ​ប្រមូល​ផ្តុំ​ទ្រព្យសម្បត្តិ និង​ការ​បែង​​ចែក​ទ្រព្យ​សម្បត្តិ​ នៅ​ប្រទេស​ជឿន​លឿនភាគ​ច្រើន កំឡុង​​រយៈពេល​ជាង ២៥០​ឆ្នាំ​ចុង​ក្រោយ ដោយ​មាន​ទិន្នន័យ​ជាក់ស្ដែង​ មក​ធ្វើ​ជា​អំណះអំណាង។​ លោក​ Thomas Piketty បាន​ពន្យល់​ថា ដោយសារ តែ​អត្រា​កំណើន​​មូល​ធន មាន​ទំហំ​ធំ​ជាង អត្រា​កំណើន​សេដ្ឋកិច្ច នោះ​នៅ​ថ្ងៃ​អនាគត គម្លាត​ទ្រព្យ​សម្បត្តិរវាង​អ្នក​មាន​ និង​អ្នក​ក្រ ​នឹង​បន្ត​រីក​ធំឡើង ជាដរាប។

សម្រាប់​ លោក Thomas Piketty មាន​ចំណុច​ខ្លឹ​ម​បី ក្នុង​បញ្ហា​នេះ​​។

​ទី​មួយ គម្លាតសង្គម​កាន់​តែ​ខ្ពស់​​គឺ​ជាបញ្ហា ដែល​វា​អាច​រាំង​ស្ទះ​ដល់​ការ​លើក​ទឹកចិត្ត​មនុស្ស​ឱ្យ​ខិត​ខំ​ធ្វើការ​។ វាបង្ក​ផល​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ​ ដោយ​សង្គមមួយ​​ផ្តល់អំណោយ​ផល​ឱ្យ​តែ​អ្នក​មាន និង​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​គោល​គំនិត​ដែល​​មនុស្ស​កើត​មក​មាន​ភាព​ស្មើ​គ្នា។

ទីពីរ​ ប្រព័ន្ធ​មូល​ធន​មិន​អាច​ធ្វើ​ការ​កែ​ប្រែ​ខ្លួន​ឯងទៅរក​សមធម៌បាន​នោះ​ទេ។ ​ត្រង់​នេះ​​សំដៅ​ថា ទ្រព្យ​សម្បត្តិ​នឹង​ប្រមូល​ផ្តុំនៅ​​លើ​ដៃ​អ្នក​មាន​ ហើយ​និង​​គ្មាន​ទីបញ្ចប់ ​ប្រៀប​បាន​ជាមួយ​ដ៉ុំព្រិល​​ធ្លាក់​ពីលើ​កំពូល​ភ្នំ​អ៊ីចឹង។ ​ទី​បី រដ្ឋាភិបាលអាចដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការ​កាត់​បន្ថយគម្លាតសង្គម​ ប្រសិនបើ និងនៅពេលដែលពួកគេជ្រើសរើសចង់​ធ្វើ​។

ផ្នែក​តាម​ទស្សនា​ទាន​របស់ Thomas Piketty រដ្ឋាភិបាល​មួយ ឬ​ក៏​រដ្ឋាភិបាល​សាកល​​អាច​ពីចារណា​លើ​យន្ត​ការ​ខ្លះ​ៗ​ ពាក់​ព័ន្ធ​ទៅ​នឹង ការបែងចែកទ្រព្យ​សម្បត្តិ​សង្គម​ឡើង​វិញ តាម​រយៈ​យន្ត​ការ​ពន្ធដារ និង​ចំណាយ​សាធារណៈ។ ក្នុង​នោះ គាត់​បាន​ផ្តោត​លើ​ការ​ ការបង្កើនពន្ធសាកលលើទ្រព្យសម្បត្តិ ជា​ជាង​ពន្ធ​លើ​ប្រាក់​ចំណូល​។ ព្រោះ​ថា ស្ថាប័ន​សារពើពន្ធ សង្គម និង​នយោបាយ មាន​តួនាទី​យ៉ាង​ចម្បង​ ក្នុងការ​កែប្រែ​ ការវិវត្តន៍​នៃ​ការ​បែង​ចែក​ប្រាក់ចំណូល និងទ្រព្យសម្បត្តិ។

ទោះ​ជាយ៉ាង​ណា យោងតាមប្រវត្តិសាស្រ្ដរបស់​មនុស្ស​ជាតិ​ យន្តការដ៏​ល្អ​បំផុត​ តាម​ន័យ​សេដ្ឋកិច្ច និង​សង្គម តែង​​ត្រូវ​បាន​ប្រឆាំង​ដោយ​យន្តការ​នយោបាយ ដែល​ក្រុម​អ្នក​មាន​ ឬ​អ្នក​មាន​អំណាច​ ជា​អ្នក​គ្រប់គ្រង។ អ្នក​ទាំង​នោះ​​នឹង​ព្យាយាម​ អនុវត្ត​គោល​នយោបាយ​ទាំង​ឡាយ​ណា ដែល​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​តែ​ក្រុម​ខ្លួន​ ហើយ​មាន​ពេល​ខ្លះ វា​​ត្រូវ​លះ​បង់​​ផល​ប្រយោជន៍​អ្នក​នៅ​ខាង​ក្រោមផង។ លើស​ពីនេះ បើទោះជារដ្ឋមួយអាច​ដោះ​ស្រាយ​​បាន ​ក៏កម្រិតសាកលវា​ពិបាក​នឹង​អាចដោះស្រាយបានដែរ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ