ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/07 12h00 GMT

កំណើនសេដ្ឋកិច្ច និងទំហំប្រជាជន៖ ជោគវាសនាអនាគត?

កំណើនសេដ្ឋកិច្ច និងទំហំប្រជាជន៖ ជោគវាសនាអនាគត?
 
ស្លាកនៃក្រុម​បច្ចេកវិទ្យាចិន​ Huawei នៅ​ Shenzhen ខេត្ត​Guangdong ប្រទេសចិន​ថ្ងៃទី​១៧មករា​២០១៩​ REUTERS/Aly Song

យោងតាមលទ្ធផលនៃការស្រាវជ្រាវថ្មីៗ បាន​បង្ហាញឱ្យ​ឃើញថា ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​មាន​គុណសម្បត្តិជាង​ សម្រាប់កំណើនសេដ្ឋកិច្ច នៅរយៈពេល​វែង។ តើ​មានមូលហេតុអ្វី?

ជាង​ពីរសតវត្សរ៍ក្រោយបដិវត្តន៍ឧស្សាហកម្ម សង្គមអាស៊ី​ដែល​មាន​របាយប្រជាជន​ច្រើន​បំផុតលើ​ពិភពលោក​ បាន​និង​កំពុងក្លាយ​ខ្លួន​ជា ​មជ្ឈមណ្ឌល​សេដ្ឋកិច្ច ឬ​ជាភាសា​អង់គ្លេស “The World’s centre of economic gravity”។

ផ្អែក​តាម​ប្រវត្តិសាស្ត្រ​ពិភពលោក បដិវត្តន៍ឧស្សាហកម្មនៅ​សតវត្សរ៍ទី១៩ ដែលបាន​ចាប់ផ្តើម​ដំបូង​នៅទ្វីបអឺរ៉ុប និង​អាមេរិក​ខាង​ជើង ឬគេស្គាល់​ជាទូទៅថា បស្ចិមលោក បាន​ធ្វើឱ្យ​តំបន់​មួយ​នេះ​ ក្លាយ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច អស់​ពេល​ជាង​ពីររយឆ្នាំ និង​បន្តរហូតមក​ដល់​សព្វថ្ងៃនេះ។

ក្នុង​កំឡុង​ពេលនោះ បស្ចិម​លោក​ដែល​មាន​ប្រជាជន​តំណាងឱ្យតែ​ប្រមាណ ១២​ភាគ​រយ​ប៉ុណ្ណោះ​ ធៀបជាមួយ​ប្រជាជន​ពិភពលោកសរុប បានកាន់ក្តាប់​សេដ្ឋកិច្ច​សាកលស្ទើរតែ​ទាំងស្រុង។ ក៏ប៉ុន្តែ នៅប៉ុន្មាន​ទសវត្សរ៍ចុងក្រោយនេះ ទំហំសេដ្ឋកិច្ច​របស់​បស្ចិម​លោក​ធៀបនឹងសេដ្ឋកិច្ចសាកល​ទាំងមូល បាន​បន្តធ្លាក់ចុះ ដោយសារ​សេដ្ឋកិច្ច​នៅបណ្តាតំបន់​ផ្សេង​ៗ តួយ៉ាង ជប៉ុន ចិន ឥណ្ឌា ឥណ្ឌូណេស៊ី ប្រេស៊ីល ឬ​អាហ្រិកខាងត្បូង បានបន្ត​កើន​ឡើង​។

ផ្អែក​តាម​ការស្រាវជ្រាវថ្មីៗ បាន​បង្ហាញលទ្ធផល​ថា ប្រទេសដែល​មាន​ប្រជាជន​ច្រើន​ ទំនង​ជានឹង​មាន​គុណសម្បត្តិច្រើនជាង ​សម្រាប់​កំណើន​សេដ្ឋកិច្ច​នៅរយៈពេល​វែង។ ក្នុង​ទ្រឹស្ដី​នេះ មនុស្ស​ក៏ជាធាតុផ្សំមួយផង​ដែរ​សម្រាប់​កំណើនសេដ្ឋកិច្ច។ កាល​ណា​ចំនួន​មនុស្ស​កាន់តែច្រើន ហើយមនុស្ស​ខំធ្វើការ​ម្នាក់​បន្ដិត​ៗកាន់តែច្រើន នោះសេដ្ឋកិច្ច​បួកជារួម​នឹង​មាន​ទំហំកាន់តែធំ។ ប្រសិន​បើ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ពិភពលោក​មិន​សូវមានការដោះដូរពាណិជ្ជកម្ម​អន្តរជាតិ ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​គឺ​ជាប្រទេស​ដែល​មាន​ទីផ្សារធំបំផុត ហើយ​បើ​ធៀប​នឹង​ប្រទេស​ផ្សេងៗ ប្រទេ​សនោះក៏​នឹង​មាន​ឱកាសច្រើន​ជាង​ផងដែរ សម្រាប់​ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ​ តាម​រយៈ​ការ​ដោះដូរ​ពាណិជ្ជកម្មក្នុងស្រុក និងការអភិវឌ្ឍ​ជំនាញ​នីយកម្ម។ ត្រង់នេះសំដៅ​ដល់ស្ថានភាព​ដែល​​មនុស្ស​ម្នាក់​ ឬមួយ​ក្រុម​ ផ្តោត​ធ្វើ​រឿង​ឯកទេស​ណាមួយ ហើយ​​ឱ្យវា​បាន​ផលល្អ និង​ច្រើន​បំផុត ដើម្បីដោះដូរជាមួយ​អ្នក​ផ្សេង។

ផ្អែក​តាម​លទ្ធផល​នៃការសិក្សាខាង​លើ​ ដែល​ដឹកនាំ​ដោយ សាស្រ្ដាចារ្យ​ល្បីៗនៃសាកល​វិទ្យាល័យ Princeton សាកលវិទ្យាល័យ Southern Methodist និង​វិទ្យាស្ថានស្រាវជ្រាវ CREI និង​បាន​ប្រើប្រាស់​ទិន្នន័យស្រាវជ្រាវ​កំឡុងរយៈ​ពេលរាប់រយឆ្នាំ​ បានបង្ហាញថា នៅក្នុង​រយៈពេល​វែង កំណើនសេដ្ឋកិច្ចពឹង​អាស្រ័យ​យ៉ាងចម្បង​លើ​ ការអភិវឌ្ឍនិង​ភាពរីកចម្រើន​នៃ​បច្ចេកវិទ្យា ហើយ​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន ​មាន​គុណសម្បត្តិ​ច្រើនជាងប្រទេស​តូចៗ ក្នុងការអភិវឌ្ឍរក​របក​គំហើញបច្ចេកវិទ្យាថ្មីៗ ពីព្រោះតែ​ប្រាក់​ចំណេញ​បាន​ពីរបកគំហើញថ្មីៗទាំងនោះ​មាន​ច្រើន​ជាង​នៅប្រទេស​ធំៗ។

ការស្រាវជ្រាវបាន​ភ្ជាប់​ជាមួយ​ឧទាហរណ៍នៅសហរដ្ឋអាមេរិកអំពី របកគំហើញ​អំពូល​ភ្លើង​​របស់ Edison។ ដោយសារ​តែ នៅសហរដ្ឋអាមេរិក​មាន​មនុស្ស​ច្រើន ដូច្នេះ​ក៏មាន​អតិថិជន​ច្រើន​ផងដែរដែល​អាច​ប្រើប្រាស់​របកគំហើញថ្មី ហើយ​ជាលទ្ធផល ​វា​បាន​ជំរុញឱ្យ​មាន​ការ​លើក​ទឹកចិត្ត​បន្ថែម​ទៀត​សម្រាប់របកគំហើញផ្សេងៗ។ ឧទាហរណ៍មួយទៀតសម្រាប់​ពេល​បច្ចុប្បន្នពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍរបស់ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន គឺ​ក្រុមហ៊ុន Huawei។ ចិន​ជាប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅលើ​ពិភពលោក រហូតដល់​១,៣ពាន់លាន​នាក់។ ទោះក្រុមហ៊ុន Huawei មិន​អាច​លក់​បច្ចេកវិទ្យាខ្លួន​ទៅឱ្យ​នរណា តែ​បើប្រជាជន​ចិន​ម្នាក់ៗចំណាយ​តែមួយ​ដុល្លារក្នុងមួយថ្ងៃ​សម្រាប់ផលិត​ផលណាមួយ​របស់ ​Huawei នោះក្រុមហ៊ុន​​អាចស្វែង​រក​ប្រាក់ចំណូល​បាន​ជាង១,៣ពាន់លានដុល្លារក្នុង​មួយថ្ងៃ​ផងដែរ។

ការសិក្សាក៏បាន​បញ្ជាក់ផងដែរពី ចលនា​ចំណាកស្រុក​របស់​មនុស្ស​លើ​ពិភពលោក ដែល​ជា​ប្រភពយ៉ាងចម្បង​សម្រាប់​កំណើនប្រជាជន ​និង​របកគំហើញថ្មីៗ នៅបណ្តា​ប្រទេស​អភិវឌ្ឍ នាលពេល​កន្លងមក។ ពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេស​អ្នក​មាន​ធំៗ ជាពិសេស​សហរដ្ឋអាមេរិក បានទទួលស្វាគមន៍ប្រជាជន​ចំណាកស្រុក​ពីពាសពេញ​ពិភព​លោក ដើម្បីរួមចំណែក​ក្នុង​ការច្នៃប្រឌិត និង​ការអភិវឌ្ឍសេដ្ឋកិច្ច៕​

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ