ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/11 12h00 GMT

ហេតុអ្វីចិនត្រូវការគំរូសេដ្ឋកិច្ចជំរុញការប្រើប្រាស់ក្នុងស្រុកនៅថ្ងៃខាងមុខ?

ហេតុអ្វីចិនត្រូវការគំរូសេដ្ឋកិច្ចជំរុញការប្រើប្រាស់ក្នុងស្រុកនៅថ្ងៃខាងមុខ? ្រធានាធិបតីចិន​លោក ស៊ី ជីនពីង (Jinping ) reuters

    ហេតុអ្វី​ចិន​ត្រូវការ​​គំរូសេដ្ឋកិច្ចជំរុញការប្រើប្រាស់ក្នុងស្រុកនៅថ្ងៃខាងមុខ?

    ក្រោយពីការ​បើក​ចំហសេដ្ឋកិច្ចតាមបែប​ទីផ្សារ​សេរី​នៅឆ្នាំ​១៩៧៨ កំណើន​សេដ្ឋកិច្ច​របស់​សាធារណរដ្ឋប្រជាមានិតចិន បានពឹងផ្អែកខ្លាំងលើគំរូសេដ្ឋកិច្ចជំរុញការនាំចេញ។ ទោះជាយ៉ាងណា ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួនបន្តជានិរន្តរ៍ ចិននឹងត្រូវផ្លាស់ប្ដូរទៅ គំរូសេដ្ឋកិច្ចជំរុញការប្រើប្រាស់ក្នុងស្រុក ដូចសេដ្ឋកិច្ចអាមេរិកវិញ។ តើហេតុអ្វី? ហើយ​អ្វីជាបញ្ហាប្រឈម?

    កាល​ពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ចិន​បាន​​ប្រារព្ធ​ខួប៧០ឆ្នាំ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រោមសករាជដឹកនាំរបស់ លោក ​ម៉ៅសេទុង។ ទោះជាយ៉ាងណា ទើប​តែនៅ​ឆ្នាំ១៩៧៨ ប្រទេស​ចិន​ក្រោមការដឹកនាំរបស់ លោក តេង ស៊ាវភីង ​បាន​ចាប់ផ្តើម​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់ខ្លួន។ វា​គឺ​ការ​ផ្លាស់ប្តូរ​ពី​​ការ​អនុវត្ត​​សេដ្ឋកិច្ច​តាមបែបផែនការ​ មកជា​​សេដ្ឋកិច្ច​​​បើក​ចំហ​តាមបែប​ទីផ្សារ​សេរី។ កំណែទម្រង់នេះ ត្រូវ​អ្នកប្រវត្តិសាស្ត្រ ចាត់ទុកថាជាហេតុផល​គ្រឹះនៃវឌ្ឍនភាពសេដ្ឋកិច្ច​របស់​ចិន​ រហូតមកដល់សព្វថ្ងៃ។

    អំឡុង​ប៉ុន្មាន​ទសវត្សរ៍ចុងក្រោយ កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ ពឹងផ្អែកយ៉ាងខ្លាំងលើ​ “គំរូសេដ្ឋកិច្ចជំរុញការនាំចេញ” ឬជាភាសាបរទេស “Export-driven economic model”។ គិតត្រឹមឆ្នាំ១៩៩០ ការនាំចេញ​មានទំហំប្រមាណ ១៤ភាគរយនៃចំណូលជាតិសរុប ហើយ​វាបាន​កើន​ឡើងរហូតដល់ ៣៦ភាគរយនៃ​ចំណូលជាតិសរុប ​នៅឆ្នាំ​២០០៦។ ទោះជាយ៉ាងណា ការនាំចេញ​ធៀបនឹង​ចំណូល​ជាតិសរុប​បាន​ធ្លាក់​ចុះយ៉ាងសន្សឹមៗ អំឡុង​ប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេស នៅពេល​ចិន​ត្រូវប្រឈម​នឹងបញ្ហាសង្គ្រាម​​ពាណិជ្ជកម្មជាមួយ​សហរដ្ឋអាមេរិក។   

    ទៅថ្ងៃខាងមុខ ដើម្បី​អាច​បន្ត​រក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួនបន្តជានិរន្តរ៍ ចិននឹង​ត្រូវ​​ផ្លាស់ប្ដូរ​ពីគំរូ​សេដ្ឋកិច្ចចាស់ ដែល​ពឹងផ្អែកខ្លាំងលើការនាំចេញ មកជា “គំរូសេដ្ឋកិច្ច​ជំរុញ​ការ​ប្រើប្រាស់​ក្នុង​ស្រុក” ឬជាភាសាបរទេស “Domestic consumption model” ដូច​សេដ្ឋកិច្ច​អាមេរិកវិញ ក្រោមហេតុផល​ចម្បងៗខ្លះ។

    ហេតុផលទីមួយ ប្រឈម​នឹង​ការ​ធ្លាក់​ចុះថមថយ​នៃ​កំណើនសេដ្ឋកិច្ចបច្ចុប្បន្ន ចិន​ត្រូវ​រក​ប្រភព​កំណើន​ថ្មី​ដែល​មាន​ភាពយូរអង្វែង ​នៅរយៈពេល​វែង។ សម្រាប់ឆ្នាំ២០១៨ អត្រាកំណើនចំណូលជាតិ វាស់វែងដោយ ផលិតផលក្នុងស្រុកសរុប របស់ប្រទេសចិន មាន​ប្រមាណ៦,៦ភាគរយប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ០,៣ភាគរយធៀបនឹងឆ្នាំ២០១៧។ អត្រាកំណើននេះត្រូវគេព្យាករណ៍ថា អាចនឹងធ្លាក់ចុះបន្ថែមទៀត មកត្រឹម៦,២ភាគរយនៅក្នុងឆ្នាំ២០១៩។

    ហេតុផលទីពីរ នៅក្នុងរយៈពេលវែង ការពឹងផ្អែក​លើការនាំចេញ​កាន់តែធំ មាន​ន័យស្មើនឹង​ការពឹង​ផ្អែក​លើ​របស់​ក្រៅខ្លួនកាន់តែច្រើន។ ក្នុងស្ថានភាពនេះ នៅពេលណាកត្តាខាងក្រៅមិន​អំណោយផល នោះ​សេដ្ឋកិច្ច​ចិន​នឹងត្រូវរងផលប៉ះពាល់ភ្លាម។ ឧទាហរណ៍ ​ឥទ្ធិពលនៃការដំឡើងពន្ធលើការនាំចូលទំនិញចិន ពីសំណាក់​សហរដ្ឋអាមេរិក បានបង្កផលលំបាកយ៉ាងខ្លាំងលើសេដ្ឋកិច្ចចិន​។

    ហេតុផលទីបី នៅពេល​ប្រទេស​ចិន​កាន់តែរីកចម្រើន នោះប្រជាជន​ចិន​ក៏កាន់តែមាន​ជីវភាព​ល្អប្រសើរផងដែរ។ ជាលទ្ធផល អ្នក​ប្រើប្រាស់កាន់តែច្រើន ផ្តោតអារម្មណ៍កាន់តែខ្លាំងឡើងលើគុណភាពនៃទំនិញជាជាងបរិមាណ។ ដើម្បីឆ្លើយតបទៅនឹង​និន្នការសង្គមថ្មីនេះ ការ​អនុវត្ត​នយោបាយ​ជំរុញការប្រើប្រាស់ក្នុងស្រុក​ជារឿងចាំបាច់។ នាពេល​បច្ចុប្បន្ន ការប្រើប្រាស់កាន់តែដើរតួយ៉ាងចម្បង ក្នុងសេដ្ឋកិច្ចចិន។ ផ្អែក​តាម​ទិន្នន័យពីការិយាល័យជាតិស្ថិតិ បានបង្ហាញថា ការប្រើប្រាស់​បានរួមចំណែក ជាង ៧៦​ភាគ​រយ​ធៀប​ចំណូលជាតិសរុប នៅឆ្នាំ២០១៨។ អត្រានេះ​បាន​កើនឡើងជិត ១៩ភាគរយធៀបពីមួយឆ្នាំមុន។

    ទោះជាយ៉ាងណា យោងតាមអ្នក​ជំនាញ ដើម្បី​ធ្វើ​រឿង​នេះ​​បាន គេ​ត្រូវ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​របស់​ពលរដ្ឋ​កម្រិត​មធ្យម និង​កម្រិត​ទាប​ ដែល​ធ្លាប់​ស្ថិត​ក្នុង​ភាព​ក្រីក្រ​ជា​យូរ​មក​ហើយ។ ដោយស្វ័យប្រវត្តិ ពួកគេ​សុខ​ចិត្ត​សន្សំ​លុយ​ដាក់​ក្នុង​ធនាគារ ឬ​ក៏​ក្នុង​ភួយ​របស់​ពួកគេ។ ពួកគេ​នឹងហ៊ាន​ចំណាយ តែ​ពេល​ណាដែល​ពួកគេ​មាន​ទំនុក​ចិត្ត​ខ្លាំងអំពី​អនាគតខ្លួនតែ​ប៉ុណ្ណោះ។ ពលរដ្ឋ​អាមេរិក​ហ៊ាន​ចំណាយ និងហ៊ាន​ខ្ចី ក៏ព្រោះ​ពួកគេ​មាន​ទំនុក​ចិត្ត​អំពីអនាគត​របស់​ពួកគេ។

    ​ផ្នត់​គំនិត​ជា​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិកគឺ “រឿង​ទាំង​អស់​នឹង​ល្អ​ប្រសើរ​នៅ​ថ្ងៃ​ខាង​មុខ”។ នេះ​ជា​របៀប​ដែល​សេដ្ឋកិច្ច​របស់​ពួកគេ​អាច​រីកចម្រើនទៅបាន ដោយ​គំរូ​សេដ្ឋកិច្ច​ជំរុញ​ការ​ប្រើប្រាស់​ក្នុង​ស្រុក។ ទោះ​ជា​យ៉ាង​ណា វា​ជា​គំរូ​សង្គម​ដែល​ចិន​ត្រូវ​ដើរ​ទៅ​ឱ្យ​ដល់ ប៉ុន្តែតើ​ចិន​នឹង​ធ្វើ​រឿង​នេះ​យ៉ាង​ដូចម្ដេច ?

    ពលរដ្ឋ​ក្រីក្រ​នៅ​តែ​មាន​របៀប​រស់នៅ​បែប​មនុស្ស​ក្រីក្រ ​ទោះ​បី​ជា​ពេល​ដែល​ពួកគេ​មាន​ជីវភាព​កាន់​តែ​ធូរធារ​ក៏​ដោយ។ ពួកគេ​ចង់តែ​រក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​បន្ថែម និង​សន្សំ​បន្ថែម ពី​ព្រោះ​ពួកគេ​ធ្លាប់​ក្រីក្រ​យូរ​មក​ហើយ។ ពួកគេ​ខ្លាច​ធ្លាក់​ខ្លួន​ក្រីក្រ​ម្ដង​ទៀត។ ផ្ទុយទៅវិញ ពួកគេ​នឹង​ចាប់​ផ្ដើម​ចំណាយ​ច្រើន​ តែ​នៅ​ពេល​ណាពួកគេ​មាន​ទំនុក​ចិត្ត និង​ជឿជាក់​ថា ភាព​រុងរឿង​របស់ពួកគេ​នឹង​នៅឋិតថេរ។

    សរុបជារួម សង្គម​ចិន​ចាំបាច់​ត្រូវ​ដើរ​ឱ្យ​ដល់​ចំណុច​នេះ ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​របស់ខ្លួនបន្ត​ជានិរន្តរ៍។ ដោយសារពួកគេ​មិន​ធ្លាប់​មាន​ពេល​វេលា​ល្អ​ប្រណីត​ច្រើន​នៅ​ឡើយ​សម្រាប់​ខ្លួន​ឯង ដូច្នេះរឿង​នេះ​នឹង​​ជា​ការ​ផ្លាស់ប្ដូរ​មួយ​ដែលទាមទារ​រយៈពេល​វែងទៅ​មុខ​ទៀត អាចប្រហែលមួយ​ឬ​ពីរ​ទសវត្ស​រ៍ ក៏​ថា​បាន៕

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ