ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/03 12h00 GMT
សេដ្ឋកិច្ច

OMCនឹង​​​ដោះស្រាយ​​វិវាទ​​ពន្ធដា​​លើ​​ដែកថែប និង​​​អាលុយមីញ៉ូម​រវាង​អាមេរិក និង​ប្រទេស​៥​រួម​ជាមួយ​អឺរ៉ុប

media  
ទង់ខាងមុខស្នាក់ការអង្គការពាណីជ្ជកម្មពីភពលោក​ WTO-OMC នៅ​ក្រុងហ្សឺណែវ ​ប្រទេសស្វ៊ីស។​ Flickr/ Creative Commons

អង្គការពាណិជ្ជកម្មពិភពលោក បានសម្រេច កាលពីថ្ងៃពុធទី២១​វិច្ឆិកា ថានឹងចាប់ផ្តើម រៀបចំនីតិវិធី ដោះស្រាយវិវាទពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប រួមទាំងប្រទេស៥ផ្សេងទៀត​ ទាក់ទិននឹងសំណុំរឿងដំឡើងពន្ធនាំចូលលើដែកថែប និងអាលុយមីញ៉ូម ដែលរដ្ឋាភិបាលអាមេរិក បានអនុវត្តកន្លងមកនេះ។ អង្គការពាណិជ្ជកម្មពិភពលោក ក៏នឹងពិនិត្យផងដែរ លើវិវាទទាក់ទិននឹងវិធានការនានា ដែលប្រទេសទាំង៥នោះ បានដាក់វាយបកទៅលើសហរដ្ឋអាមេរិកវិញ។

អង្គភាពដោះស្រាយវិវាទនៃអង្គការពាណិជ្ជកម្មពិភពលោក បានយល់ព្រមចាប់ផ្តើមនីតិវិធី ដើម្បីដោះស្រាយពាក្យបណ្តឹង ទាក់ទិននឹងការដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូម ដែលរដ្ឋាភិបាលអាមេរិក បានសម្រេចអនុវត្ត។ ក្រៅពីសហភាពអឺរ៉ុប គឺមានប្រទេស៥ ដែលបានដាក់ពាក្យប្តឹងសហរដ្ឋអាមេរិក គឺមានដូចជា ចិន រុស្ស៊ី កាណាដា​ មិចស៊ិក និងន័រវែស។

សូមរំលឹកថា រដ្ឋាភិបាលអាមេរិក បានសម្រេចដំឡើងពន្ធនាំចូលដែកថែប ដល់២៥% និងពន្ធនាំចូលអាលុយមីញ៉ូម ត្រូវបានដំឡើង ដល់១០%។ រដ្ឋាភិបាលលោកដូណាល់ ត្រាំ​បានប្រើប្រាស់ មាត្រា ២៣២ នៃរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឲ្យចាត់វិធានការកាត់បន្ថយការនាំចូលផលិតផលបរទេស ប្រសិនបើសន្តិសុខជាតិអាមេរិក អាចនឹងជួ​ប​គ្រោះថ្នាក់។ ក៏ប៉ុន្តែការសម្រេចដំឡើងពន្ធកប់ពពកបែបនេះ ត្រូវបានប្រទេសពាក់ព័ន្ធបរិហារថា គឺជាការប្រកួតប្រជែងមិនស្មោះត្រង់ ហើយផ្ទុយពីគោលការច្បាប់ នៃការប្រកួតប្រជែងដោយសេរី ដែលការពារដោយអង្គការពាណិជ្ជកម្មពិភពលោក។

គួរបញ្ជាក់ផងដែរថា ដោយគោរពទៅតាមការទាមទាររបស់រដ្ឋាភិបាលអាមេរិក អង្គភាពដោះស្រាយវិវាទ របស់អង្គការពាណិជ្ជកម្មពិភពលោក ក៏នឹងពិនិត្យផងដែរ លើវិធានការផ្សេងៗ ដែលប្រទេសដើមបណ្តឹងទាំង៥ រួមទាំងសហភាពអឺរ៉ុប បានដាក់សំដៅវាយ​បក​មក​លើ​ផលិតផលអាមេរិក។ បន្ថែមពីនេះ អង្គការពាណិជ្ជកម្មពិភពលោក ក៏បើនីតិវិធី ពិនិត្យមើលពាក្យបណ្តឹងរបស់សហរដ្ឋអាមេរិក ដែលប្តឹងចិន ទាក់ទិននឹងសំណុំរឿងច្បាប់កម្មសិទ្ធិបញ្ញា។

គួរកត់សំគាល់ថា ក្រោយការឡើងកាន់តំណែងរបស់លោកដូណាល់ ត្រាំ អង្គការពាណិជ្ជកម្​មពិភពលោក បានទទួលពាក្យបណ្តឹងពាណិជ្ជកម្មជាច្រើន ដែលប្តឹងរដ្ឋាភិបាល​អាមេរិក។ យោងតាមនីតិវិធិ អង្គភាពដោះស្រាយវិវាទ អាចបូកពាក្យបណ្តឹងទាំង​នោះ​បញ្ចូលគ្នា ដើម្បីបង្កើតក្រុមការងារជំនុំជំរះតែមួយ បើសិនជាពាក្យបណ្តឹងទាំងនោះ​ មានកម្មវត្ថុដូចគ្នា។

តែយ៉ាងណាក៏ដោយ ការដោះស្រាយវិវាទពាណិជ្ជកម្មរបៀបនេះ អាចចំណាយពេលដល់ទៅ១ឆ្នាំ ហើយជាទូទៅ ភាគីដែលចាញ់ អាចនឹងដាក់ពាក្យប្តឹងទាស់នៅអង្គភាពឧទ្ធរណ៍។ យ៉ាងណាមិញ អង្គភាពដោះស្រាយបណ្តឹងឧទ្ធរណ៍ របស់អង្គការពាណិជ្ជកម្មពិភពលោក កំពុងតែជួបវិបត្តិផ្ទៃក្នុង ដោយសារតែសហរដ្ឋអាមេរិក បានចចេស មិនយល់ព្រមក្នុងការតែងតាំងចៅក្រមថ្មី។ សំណុំរឿងវិវាទពន្ធដាលើអាលុយមីញ៉ូម និងដែកថែបនេះ អាចនឹងជាប់គាំង ដោយសារគ្មានចៅក្រុមជំនុំជំរះនៅឧទ្ធរណ៍៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ