អានតួអត្ថបទ
សេដ្ឋកិច្ច-ភាពក្រីក្រ

Oxfam៖ មនុស្ស៨នាក់​ដែល​មាន​ជាង​គេ​បំផុត មាន​ទ្រព្យ​សរុប​លើស​មនុស្ស ​ពាក់​កណ្តាល​សកល​លោក

ក្នុង​ឱកាស​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ​ដែល​នឹង​ចាប់​ផ្តើម​ឡើង​នៅ​ថ្ងៃ​នេះ ​នៅ​ទីក្រុង​ដាវ៉ូស ​ប្រទេស​ស្វីស ​ អង្គការ ​ Oxfam ​ដែល​ជា​អង្គការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ ​បាន​ចេញ​របាយការណ៍​មួយ ​ ដោយ​បាន​សន្និដ្ឋាន​ថា ​ មនុស្ស​ជាង​ពាក់​កណ្តាល​នៃ​សកលលោក​យើង​នេះ ​បើ​សរុប​ទ្រព្យសម្បតិ្ត​ទៅ​ គឺ​មាន​ស្មើ​មនុស្ស​ដែល​មាន​ជាង​គេ​បំផុត​ តែ​៨នាក់ ​ប៉ុណ្ណោះ។​ មានន័យ​ថា ​ពិភពលោក​យើង ​ពោរពេញ​ទៅ​ដោយ​គម្លាត​គ្នា ​រវាង​អ្នក​ក្រីក្រ ​ជាង​ពាក់​កណ្តាល​ពិភពលោក ​ និង​អ្នក​មាន​មហាសេដ្ឋី​មួយ​ក្តាប់​តូច ​ ដែល​មាន​ទ្រព្យ​មហាសាល។ គម្រូ​សេដ្ឋកិច្ច​បច្ចុប្បន្ន ​មិន​បាន​ធ្វើ​ឲ្យ​គម្លាត​គ្នា​នេះ ​ រួញ​ខើច​ទេ ​ផ្ទុយទៅ​វិញ ​អ្នក​មាន​កាន់តែ​មាន​ទៅ ​ឯ​អ្នក​ក្រ ​កាន់​តែ​ក្រ​ទៅ។

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ​នៅ​ទីក្រុង​ដាវ៉ូស ដែល​ត្រូវ​​រក​មធ្យោបាយ​​ដោះស្រាយ​​ជីវភាព​​មនុស្ស​​ទូទាំង​​ពីភពលោក
វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ​នៅ​ទីក្រុង​ដាវ៉ូស ដែល​ត្រូវ​​រក​មធ្យោបាយ​​ដោះស្រាយ​​ជីវភាព​​មនុស្ស​​ទូទាំង​​ពីភពលោក REUTERS/Ruben Sprich
ផ្សាយពាណិជ្ជកម្ម

"វាជា​រឿង​មួយ​មិនអាច​ទទួល​យក​បាន​ទេ ​ ដែល​ភាព​មាន​បាន ​របស់​សកល​លោក​យើង ​ត្រូវ​ប្រមូល​ផ្តុំ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស​តែ​បួន ដប់​នាក់"។ នេះគឺ​ជា​ការ​លើកឡើង​របស់​លោកស្រី ​Manon Aubry  ​អ្នកនាំពាក្យ​អង្គការOxfam។ លោកស្រី​បន្ត​ថា ​រាល់ថ្ងៃ​នេះ​ នៅលើ​សកល​លោក​យើង ​មនុស្ស​ម្នាក់​ ក្នុងចំណោម​៦នាក់ ​រក​ប្រាក់​ចំណូល​មិន​បាន​២ដុល្លារ​ផង ​ ក្នុង​មួយ​ថ្ងៃ។

 
សម្តី​របស់​លោកស្រី ​ត្រូវ​បាន​ស្រង់​ចេញ​ ពី​លិខិត​ជូន​ដំណឹង​របស់​អង្គការ​នេះ ​ដោយ​ផ្អែក​លើ​របាយការណ៍​ថ្មី​មួយ​ ស្តីពី​គំលាត​គ្នា​រវាង​អ្នក​មាន​នឹង​អ្នកក្រ ​នៅ​ទូទាំង​សកល​លោក។ យោង​តាម​របាយការណ៍​របស់​ Oxfam​ បាន​បង្ហាញ​ថា ​ មនុស្ស​៨នាក់ ​ដែល​មាន​ជាង​គេ​លើ​លោក ​ មាន​ទ្រព្យ​សម្បត្តិ​សរុប​ទាំងអស់​ លើស​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​​ជាង​ពាក់​កណ្តាល​ នៃ​ពិភពលោក។ មនុស្ស​ទាំង​៨នាក់​នេះ ​ គឺ​របាយការណ៍​Oxfam ​បាន​ស្រង់​ចេញ​ពី​តារាង​តួលេខ​ របស់​ទស្សនាវត្តី​ Forbes ៖ ១-Bill Gates (Microsoft) ២-Amancio Ortega (Inditex) 3-Warren Buffet (Berkshire Hathaway) 4-Carlos Slim (Telmex) 5-Jeff Bezos (Amazon) 6-Mark Zuckerberg (Facebook) 7-Larry Ellisson (Oracle) 8-Michael Bloomberg (Bloomberg LP)

របាយការណ៍​របស់​អង្គការ​ Oxfam ​បាន​រិះគន់​ពី​ប្រព័ន្ធ​សេដ្ឋកិច្ច​បច្ចុប្បន្ន ​ដែល​ក្រុមហ៊ុន ​គិតតែ​នាំ​គ្នា​កើបប្រាក់​ចំណេញ ​បន្ទាប​ប្រាក់ខែ​របស់​បុគ្គលិក ​ហើយ​ផ្ទុយ​ទៅវិញ ​ប្រមូល​ប្រាក់​ចំណេញ​ឲ្យ​ម្ចាស់​ភាគ​ហ៊ុន។ របាយការណ៍ ​ក៏បាន​លើក​ឡើង​ពី​ការ​រៀបចំ​ដែល​រដ្ឋ​កាត់​បន្ថយ​ពន្ធ​ឲ្យ​ក្រុមហ៊ុន ​ ​រឺ​​ក៏​ការ​គេចពន្ធ ​យក​ប្រាក់​ចំណេញ​ទៅ​លាក់​ជាដើម។ ធ្វើ​បែបនេះ ​គឺ​ឲ្យ​រដ្ឋ​បាត់បង់​ចំណូល​ថវិកា ​ ដែល​ត្រូវការ​ដើម្បី​យក​ទៅ​បំរើ​សេវា​សាធារណៈ ​និង​កិច្ចការ​សង្គម​នានា ​ បំរើ​ដល់​ជីវភាព​របស់​ប្រជាជន​ក្រីក្រ។ អង្គការ​នេះ ​ បាន​អំពាវនាវ ​ឲ្យ​រដ្ឋាភិបាល ​មហាសេដ្ឋី ​និង​ម្ចាស់​ភាគ​ហ៊ុន​ទាំងអស់ ​ឲ្យ​ពិចារណា ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​សេដ្ឋកិច្ច ​ ដែល​ជា​សេដ្ឋកិច្ច​ដើម្បី​ជីវភាព​មនុស្ស ​មិនមែន​ដើម្បី​ភាព​មាន​បាន​របស់​ម្ចាស់​ក្រុមហ៊ុន ​រឺ​ក៏​អ្នក​មាន​អំណាច​ទេ។

សូម​បញ្ជាក់​ថា ​អង្គការ ​Oxfam ​គឺ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដ៏​ចំបង ​ហើយ​តែងតែ​ធ្វើការ​បរិហារ​អំពី​គំលាត​គ្នា​រវាង​អ្នកក្រ ​និង​អ្នកមាន​ អំពី​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ជ្រុល​ហួសហេតុ ​ដែល​គិតតែ​ចំណេញ​ដើម្បី​ក្រុមហ៊ុន ​ដើម្បី​ម្ចាស់​ភាគហ៊ុន។ ជា​រៀងរាល់​លើក ​ ក្នុង​ពេល​ដែល​ប្រទេស​ទូទាំង​ពិភពលោក ​បើក​វេទិកា​សេដ្ឋកិច្ច​ នៅ​ទីក្រុង​ដាវ៉ូស ​ប្រទេស​ស្វីស ​គឺ​អង្គការ​នេះ ​តែងតែ​ចេញ​របាយការណ៍​មួយ​ ដើម្បី​ដាល់តឿន​ ពញ្ញាក់​ស្មារតី​របស់​ថ្នាក់​ដឹកនាំ​សកល​លោក ​ឲ្យ​ងៀក​មក​គិត​គូរ​ពី​ជីវភាព​ជាក់ស្តែង​របស់​ប្រជាជន​ក្រីក្រ ​មិន​មែន​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​ដើម្បី​ចំណេញ​មាន​បាន​សម្រាប់​តែ​អ្នក​មាន ​មួយ​ក្តាប់​តូច​នោះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ