អានតួអត្ថបទ
អេហ្ស៊ីប

អេហ្ស៊ីប៖ ទេសចរ​វៀតណាម​ ៣នាក់​ស្លាប់​ ដោយសារ​ផ្ទុះ​គ្រាប់​បែក​ នៅ​ជិត​ ពីរ៉ាមីត

នៅអេហ្ស៊ីប យ៉ាងហោចភ្ញៀវទេសចរវៀតណាម​ ៣នាក់​ និង​មគ្គុទេសក៏ទេសចរ​អេហ្ស៊ីប​ម្នាក់​ បាន​បាត់​បង់​ជីវិត​ នៅក្នុង​ការ​បំផ្ទុះ​គ្រាប់​ឆ្នៃ​មួយ​ នៅ​ជិត​រមណីយ​ដ្ឋាន​ពីរ៉ាមីត ​កាលពី​ថ្ងៃសុក្រ​ទី​២៨ធ្នូ។ នៅ​ថ្ងៃ​សៅរ៍ ទី​២៩ធ្នូនេះ​ នរគបាល​អេហ្ស៊ីប បាន​បើក​ប្រតិបត្តិការ​វាយ​ប្រហារ​កម្ចាត់​ភេរវជន និង​បាន​បាញ់​សម្លាប់​ជន​​ជីហាត​ អស់​៤០នាក់។

នគរបាល​អេហ្ស៊ីប​កំពុង​ធ្វើ​កោសល្យវិច័យនៅកន្លែងកើតហេតុ
នគរបាល​អេហ្ស៊ីប​កំពុង​ធ្វើ​កោសល្យវិច័យនៅកន្លែងកើតហេតុ REUTERS/Amr Abdallah Dalsh
ផ្សាយពាណិជ្ជកម្ម

ការ​ធ្វើ​ប្រតិបត្តិការ​របស់​ប៉ូលីស​អេហ្ស៊ីប គឺ​ធ្វើ​ឡើង​នៅពីរ​កន្លែង​ផ្សេងៗគ្នា។ ក្នុង​ការ​បើក​ប្រតិបត្តិការ ទីមួយ​​គឺ​នៅ​ជិត​រមណីយដ្ឋាន​ពីរ៉ាមីត នៅនីរតី​របស់​រដ្ឋធានី​ ដែល​នគរបាល​បាន​​សម្លាប់​ជន​សង្ស័យ​ថា​ជា​ខ្សែ​បណ្តាញ​របស់​ជីហាត អស់ចំនួន​​៣០នាក់​។  ហើយ​មនុស្ស​ស្លាប់​១០នាក់ទៀត គឺ​នៅក្នុង​ប្រតិបត្តិការ​ប្រឆាំងអង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត់ នៅ​ក្នុង​តំបន់​ស៊ីណៃ ភាគ​ខាង​កើត​ប្រទេស។ បើ​តាម​អាជ្ញាធរ​អេហ្ស៊ីប ជន​សង្ស័យ​ដែល​ត្រូវ​ប៉ូលីស​បាញ់​សម្លាប់​នៅប្រតិបត្តិការ​ទី១ គឺ​ពួក​គេ​មាន​គម្រោង​រៀបចំ​ភេរវកម្ម​នៅ​តំបន់​ទេស​ចរ​ណ៍​ផ្សេងទៀត។

ការធ្វើ​ប្រតិបត្តិការ​​វាយ​ប្រហារ​របស់​កងកម្លាំង​អេហ្ស៊ីប នៅថ្ងៃសៅរ៍​ទី​២៩ធ្នូនេះ គឺ​ទំនង​ជាការ​ឆ្លើយត​ប​ទៅ​នឹង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​រមណីយដ្ឋាន​ពីរ៉ាមីត កាលពី​ថ្ងៃសុក្រទី​២៨​ធ្នូ​​​។ សូម​ជ្រាបថា នៅ​ថ្ងៃ​សុក្រ​ទី​២៨ធ្នូ គ្រាប់​បែក​ឆ្នៃ​មួយ បាន​បំផ្ទុះ​ឡាន​ដឹក​ភ្ញៀវទេសចរ ចំនួន​១៤នាក់ ដែល​បណ្តាល​ឲ្យ​ស្លាប់ទេសចរវៀតណាម​៣នាក់ និង​អ្នក​នាំភ្ញៀវ​ជាតិ​អេហ្ស៊ីប​ម្នាក់ ហើយ​មនុស្ស​ជិត​១០​ផ្សេងទៀត​រងរបួស​។ ហេតុការណ៍​បំផ្ទុះ​គ្រាប់បែកជិត​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ពិភពលោកនេះ​ គឺនៅ​មិនទាន់​មាន​ក្រុម​​ភេរវជន​ណា​ចេញ​មុខ​អះអាង​ថា​ជា​ស្នាដៃ​របស់​ខ្លួន​នៅឡើយទេ។

ក៏ប៉ុន្តែ ការ​វាយ​ប្រហារ​ភេរវកម្ម​ទៅ​លើ​តំបន់​ទេសចរណ៍ នៅ​អេហ្ស៊ីប នាប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ​ គឺជា​ក្តី​បារម្ភ​​ដ៏​ខ្លាំង​មួយ​របស់​អាជ្ញាធរ​និងភ្ញៀវទេសចរណ៍​ជាទូទៅ។ អត្រា​ចំនួន​​ភ្ញៀវ​ទេសចរ​​ដែល​ទៅ​ទស្សនា​​អេហ្ស៊ីប​ បាន​ដាំក្បាល​ចុះ​ជា​បន្តបន្ទាប់ ​តាំងតែពី​ឆ្នាំ២០១១មក។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​២០១០ មា​នភ្ញៀវជាង​១៤លាន​៧សែន​នាក់ តែ​ធ្លាក់​មក​ត្រឹម​ជាង​៨លាននាក់ នៅឆ្នាំ​២០១៧ ឆ្នាំមុន​។​

រដ្ឋមន្ត្រី​ទេសចរអេហ្ស៊ីប ក្រៅពី​សម្តែង​ក្តី​សោកស្តាយ​ចំពោះ​អ្នក​បាត់​បង់​ជីវិត​ លោក​បាន​ថ្លែងថា គ្មាន​ប្រទេសណាមួយ ​អាច​រក្សា​ធានា​សុ​វត្ថិភាព​ បា​ន១០០ភាគ​រយ​នោះទេ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ