អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សេដ្ឋកិច្ច គឺ​ជា​ប្រធានបទ​អាទិភាព​សម្រាប់​ប្រធានាធិបតីថ្មី​នៅ​អាល់ហ្សេរី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ មេសា ប្រជាជន​អាល់ហ្សរី​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​សម្រាប់​ដឹក​នំា​ប្រទេស​រយៈពេល ៥ឆ្នំា គឺ​ពី​ឆ្នំា ២០១៤ ដល់ឆ្នំា ២០១៩។ មាន​បេក្ខជន​ឈរ​ឈ្មោះ​ទំាង​អស់​ចំនួន ៦រូប​ដែល​ក្នុង​នោះ ក៏​មាន​លោក​ប្រធានាធិបតី​ផុតអាណត្តិ​អាប់ដែលឡាហ្ស៊ី ប៊ូតេហ្ល្វីកា​ដែរ។ មាន​អាយុ ៧៧ឆ្នំា និង​បន្ទាប់​ពី​បាន​កាន់អំណាច​ចំនួន ៣អាណត្តិ​ជាប់ៗ​គ្នា​មក លោក​ប៊ូតឺហ្ល្វីកា​កំពុង​ស្រវ៉ាអោប​អាណត្តិទី៤ ទៀត។ ក្រៅ​ពី​ចំណោទ​ជុំវិញ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត សេដ្ឋកិច្ច គឺ​ជា​បញ្ហា​ចម្បង​ដែល​អនាគត​ប្រធានាធិបតី​ថ្មី​ត្រូវ​គិតគូរ​សម្រាប់​អាណត្តិ ៥ឆ្នំា​របស់​ខ្លួន។

លោក​ប្រធានាធិបតី​អាល់ហ្សេរី​ផុតអាណត្តិ អាប់ដែលឡាហ្ស៊ី ប៊ូតេហ្ល្វីកា​កំពុងទម្លាក់​សន្លឹកឆ្នោត​ក្នុង​ធុងឆ្នោត ថ្ងៃទី១៧ មេសា ២០១៤
លោក​ប្រធានាធិបតី​អាល់ហ្សេរី​ផុតអាណត្តិ អាប់ដែលឡាហ្ស៊ី ប៊ូតេហ្ល្វីកា​កំពុងទម្លាក់​សន្លឹកឆ្នោត​ក្នុង​ធុងឆ្នោត ថ្ងៃទី១៧ មេសា ២០១៤ Reuters
ផ្សាយពាណិជ្ជកម្ម

បើ​គ្មាន​រឿង​ចៃដន្យ​ណា​មួយ​បាន​កើត​ឡើង​ទេ នោះ​រូប​លោក​ប្រធានាធីបតី​ថ្មី​អាល់ហ្សេរី គឺ​ជា​រូប​លោក​ប្រធានាធិបតី​ចាស់​ដែល​មាន​ឈ្មោះ​ថា អាប់ដែលឡាហ្ស៊ី ប៊ូតេហ្ល្វីកា។ បច្ចុប្បន្ន​មាន​អាយុ ៧៧ឆ្នំា បុរស​ចំណាស់​រូប​នេះ​បាន​អង្គុយ​កៅអី​ប្រធានាធិបតី​អាល់ហ្សេរី​ចំនួន ១៥ឆ្នំា​ជាប់ៗ​គ្នា។ តែ​សម្រាប់​ការ​បោះឆ្នោត​លើក​នេះ លោក​ប្រធានាធិបតី​ផុតអាណត្តិ​បែរ​ជា​បាន និង​កំពុង​ធ្វើ​ឲ្យ​បរិយាកាស​នៃ​ការ​បោះឆ្នោត​អាប់អួរ​យ៉ាង​ខ្លំាង​ទៅ​វិញ។ អាប់អួរ​តំាង​ពី​ថ្ងៃ​ផ្តើម​ចុះ​ឈ្មោះ​បេក្ខជន កំឡុង​ពេល​ធ្វើ​យុទ្ធនាការ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត។

ក្រោម​ភ្នែក ច្រមុះ​របស់​ប្រជាជន​អាល់ហ្សេរី​ទូទៅ បុគ្គល​របស់​លោក​អាប់ដែលឡាហ្ស៊ី ប៊ូតេហ្ល្វីកា​មិន​បាន​ចោទ​ជា​បញ្ហា​អ្វី​ទេ លោក​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ប៉ុន្មាន​អាណត្តិ​ទៀត​ក៏​ស្រេច​តែ​លោក។ តែ​អ្វី​ដែល​កំពុង​ចោទ​ជា​បញ្ហា​នោះ​គឺ​ថា ហេតុអ្វី​បាន​ជា​លោក​ប៊ូតេហ្ល្វីកា​មិន​ព្រម​ចេញ​មុខ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដូច​បេក្ខជន​ផ្សេង​ទៀត ហើយ​បែរ​ជា​ទុក​ឲ្យ​គណបក្ស​របស់​លោក និង​មនុស្សជំនិត​របស់​លោក​ធ្វើ​ជំនួស​លោក​ទៅ​វិញ។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា លោក​ប៊ូតេហ្ល្វីកា​មាន​អាយុ​ច្រើន និង​ក៏​កំពុង​មាន​ជម្ងឺ​ប្រចំាកាយ​ធ្ងន់ធ្ងរ​ទៀត​ផង។ តើ​នេះ អាច​ជា​ហេតុផល​មួយ​ដែល​បញ្ជាក់​ពី​អវត្តមាន​របស់​លោក​នា​រយៈពេល​ជិត ១ឆ្នំា​កន្លង​ទៅ​នេះ​ដែរ ឬ​យ៉ាង​ណា?

ច្បាស់​ណាស់ នេះ​ពិត​ជា​ហេតុផល​សមស្រប​មួយ​ដែល​បញ្ជាក់​ពី​អវត្តមាន​របស់​លោក​ប៊ូតេហ្ល្វីកា​ដោយ​មិន​អាច​ប្រកែក​បាន​ទេ។ តែ​អ្វី​ដែល​មិន​សូវ​សមហេតុផល​នោះ​គឺ​ថា បើ​លោក​ប៊ូតេហ្ល្វីកា​មាន​ភាព​ជរា និង​កំពុង​មាន​ជម្ងឺ​ប្រចំាកាយ​ធ្ងន់ធ្ងរ​ហើយ ម្តេច​ក៏​ចង់​បន្ត​តោង​អំណាច​​មួយ​អាណត្តិ​ទៀត​ធ្វើ​អី។ ពិត​ណាស់​ថា ប្រជាជន​អាល់ហ្សេរី​កំពុង​បារម្ភ​ជា​ពន់ពេក​នូវ​សុខភាព​របស់​លោក​ប៊ូតេហ្ល្វីកា​ដែល​ពួក​គេ​ភាគ​ច្រើន​ស្រឡាញ់ និង​គោរព។ តែ​អ្វី​ដែល​ប្រជាជន​អាល់ហ្សេរី​កំពុង​បារម្ភ​លើស​ពី​សុខភាព​របស់​លោក​ប៊ូតេហ្ល្វីកា​ទៅ​ទៀត​នោះ គឺ​សុខភាព​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​ទៅ​វិញ​ទេ។

ប្រជាជន​អាល់ហ្សេរី​សម័យ​ឥឡូវ​បាន​យល់​ឃើញ​ថា ទោះ​បី​ជា​ប្រធានាធិបតី​ថ្មី​មាន​ឈ្មោះ​អ្វី​ក៏​ដោយ និង​ទោះ​បី​ជា​​ប្រធានាធិបតី​ថ្មី​រូប​នោះ​បាន​ជ្រើសរើស​មនុស្ស​ប្រភេទ​ណា​មក​ធ្វើ​ការ​ជាមួយ​លោក​ក៏​ដោយ គឺ​វា​មិន​សំខាន់​ទេ អ្វី​ដែល​សំខាន់ គឺ​ការ​ស្រេចស្រង់​ស្ថានភាព​សេដ្ឋកិច្ច និង​ការ​ជួយគិតគូរ​បង្កើន​ជីវភាព​រស់នៅ​ប្រចំា​ថ្ងៃ​របស់​ប្រជាជន។ បច្ចុប្បន្ន សេដ្ឋកិច្ច​អាល់ហ្សេរី​បាន​ពឹងផ្អែក​ទំាង​ស្រុង​លើ​ចំណូលបាន​មក​ពី​ការ​លក់​ធនធានធម្មជាតិ ប្រេងកាត និង​ឧស្ម័ន។ ក៏​ប៉ុន្តែ វិស័យ​នំា​ចេញ​មួយ​នេះ​បាន​ផ្តល់​ការងារ​ឲ្យ​ប្រជាជន​អាលហ្សេរី​តែ ៣% ប៉ុណ្ណោះ។ ម្យ៉ាងទៀត ប្រភព​ធនធានធម្មជាតិ​មួយ​នេះ​ក៏​កាន់​តែ​រីងស្ងួត​ទៅៗ ពី​មួយ​ឆ្នំា ទៅ​មួយឆ្នំា។ ក្នុង​ឆ្នំា ២០១២ បរិមាណ​ប្រេងកាត​បាន​ធ្លាក់​ចុះ​រហូត​ដល់​ទៅ ១០% បើ​ធៀបនឹងឆ្នំា ២០០៨។

គឺ​ជា​មួយ​នឹង​ចំណូល​ដែល​បាន​មក​ដោយ​មិន​បាច់​ប្រឹង​នេះ​ហើយ ដែល​រដ្ឋាភិបាល​បាន​ចំណាយ​ដោយ​មិន​បាច់​ពិចារណា​ច្រើន ពិសេស​ចំណាយ​លើ​ការ​ទិញ​សន្តិភាព​សង្គម។ និយាយ​ឲ្យ​ស្រួល​យល់ ទិញ​ទឹកចិត្ត​ប្រជាជន​ឲ្យ​បិទមាត់​កុំ​ឲ្យ​តស៊ូ រើបម្រះ​អ្វី​ទំាង​អស់។ គឺ​លុយ​បាន​មក​ពី​ការ​រក​ស៊ី​គ្មាន​ដើម​នេះ​ឯង ដែល​រដ្ឋអំណាច​បាន​យក​ទៅ​ទិញ​សន្តិភាព​សង្គម។ ដូច​គ្រប់​គ្នា​បាន​ដឹង​រួច​ហើយ​ថា ចំ​ពេល​ដែល​ថ្នាក់ដឹកនំា​របស់​ប្រទេស​ជិតខាង​អាល់ហ្សេរី​មួយ​ចំនួន​បាន​ធ្លាក់​ពី​អំណាច​ម្តង​មួយៗ​ដោយសារ​តែ​បដិវត្តន៍​អារ៉ាប់​នោះ កៅអី​របស់​ថ្នាក់ដឹកនំា​អាល់ហ្សេរី​នៅ​បន្ត​ជាប់​នឹង​ថ្កល់ គ្មាន​រង្គើ​សោះ​ឡើយ។ ការ​តម្លើង​ប្រាក់ខែ​ឲ្យ​បុគ្គលិក កម្មករ និង​អ្នកចូលនិវត្តន៍ ការ​សាងសង់​លំនៅដ្ឋាន​រាប់សិបពាន់​ជូន​ប្រជាជន​ក្រីក្រ ឬ​មួយ​ក៏​ការ​ឲ្យ​ខ្ចី​ប្រាក់​ដើម្បី​បង្កើត​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ដោយ​មិន​យក​ការ​ប្រាក់ ទំាង​នេះ​សុទ្ធសឹង​ជា​វិធានការ​ដែល​រដ្ឋ​បាន​អនុវត្តន៍​ដោយ​ប្រើប្រាស់​លុយ​បាន​មក​ពី​ការ​លក់​ប្រេងកាត និង​ឧស្ម័ន។

គ្រាន់​តែ​នៅ​ក្នុង​ឆ្នំា ២០១៤ ការ​ចំណាយ​ផ្នែក​សង្គម​បាន​កើន​លើស ៥០ ០០០ពាន់លានដុល្លារ ពោល​មាន​ជាង ១ភាគ៣ នៃ​ផលិតផល​សរុប​ក្នុង​ស្រុក។ ទន្ទឹម​គ្នា​នេះ ការ​ចំណាយ​លើ​ការ​នំា​ចូល​មាន​ទឹកប្រាក់​រហូត​ដល់​ទៅ​ជាង ៦០ ០០០ពាន់លានដុល្លារ។ អ្វី​ដែល​ក្រុមអ្នកឯកទេស​កំពុង​បារម្ភ​នោះ គឺ​ការ​ចំណាយ​ដ៏​ច្រើន​សម្បើម​របស់​រដ្ឋ និង​ដែល​ការ​ចំណាយ​នេះ​នឹង​ត្រូវ​កើន​ឡើង​ថែម​ទៀត​នៅ​ក្រោយ​ការ​បោះឆ្នោត ពិសេស​នៅ​ក្នុង​វិស័យ​អប់រំ និង​សុខភាព។ ទន្ទឹម​គ្នា​នេះ នៅ​មាន​ការ​ចំណាយ​លើ​គម្រោង​សន្យា​ផ្សេងៗ​ដែល​បេក្ខជន​បាន​សន្យា​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ពិសេស​ឲ្យ​អ្នកអត់ការងារ​ធ្វើ​ខ្ចី​លុយ​ដោយ​មិន​យក​ការ​ប្រាក់។ សព្វ​ថ្ងៃ អាល់ហ្សេរី​មាន​ប្រជាជន​សរុប​ជិត ៤០លាននាក់ ក្នុង​នោះ មាន ៧៥% ជា​ប្រជាជន​ដែល​មាន​អាយុ​ក្រោម ៣៥ឆ្នំា។ អត្រា​អ្នកអត់ការងារ​ធ្វើ​មាន​ប្រមាណ​ជា ១០% នៃ​ប្រជាជន​សកម្ម ក្នុង​នោះ អ្នក​អត់ការងារ​ធ្វើ​ក្រោម​អាយុ ៣៥ឆ្នំា​មាន​រហូត​ដល់​ទៅ ២១,៥%។

កំណើន​តម្រូវ​ការ​របស់​ប្រជាជន​ក៏​កំពុង​ដើរ​ទន្ទឹម​គ្នា​នឹង​កំណើន​ចំនួន​ប្រជាជន​ដែរ។ ក្នុង​ឆ្នំា ២០១៣ មាន​កំណើត​ទារក​ជាង ១លាននាក់ ហើយ​នៅ ១០ឆ្នំា​ខាង​មុខ ចំនួន​ប្រជាជន​អាល់ហ្សេរី​នឹង​កើន​ដល់ ៥០លាននាក់។ អាល់ហ្សេរី​បាន​ចំណាយ​ប្រាក់ ៩ ០០០ពាន់លានដុល្លារ​សម្រាប់​ទិញ​គ្រឿង​ឧបភោគ បរិភោគ​ក្នុង​ឆ្នំា ២០១៣ ក្នុង​នោះ តម្រូវការ ៧៥% បាន​មក​ពី​ការ​នំា​ចូល។ តាម​ការ​ប៉ាន់ស្មាន ក្រោម​ដី​អាល់ហ្សេរី​នៅ​សល់​ឧស្ម័ន​ជាង ៤ ០០០ ០០០ពាន់លាន​ម៉ែត្រគូប និង​ប្រេងឆៅ​ជាង ១២ ០០០ពាន់លាន​ធុង។ តែ​បរិមាណ​ធនធានធម្មជាតិ​ទំាង​នេះ​ក៏​កាន់​តែ​ខោច​ទៅ​ជា​បណ្តើរៗ​ដែរ។ ដូច្នេះ និង​ដើម្បី​អនុញ្ញាត​ឲ្យ​រដ្ឋ​អាច​បន្ត​ទប់​ចំណាយ​របស់​ខ្លួន​បាន ប្រធានាធិបតី​ថ្មី​ត្រូវ​តែ​ចាត់​វិធានការ​រក​ចំណូល​ថ្មី​បន្ថែម​ទៀត ក្រៅ​ពី​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​ធនធានធម្មជាតិ​ដែល​មាន​ស្រាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ