ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
អាមេរិក

បោះឆ្នោត​ប្រធានាធិបតីស៊ីលី៖ លោកស្រី មីសែល បាសេឡេ​ត្រឡប់​មក​កាន់​អំណាច​ជា​ថ្មី!

media  
លោកស្រីមីសែល បាសេឡេ អតីត​ប្រធានាធិបតីនៃ​ប្រទេស​ស៊ីលី REUTERS/Eliseo Fernandez

នៅ​ថ្ងៃ​អាទិត្យ ទី១៧ វិច្ឆិកា​នេះ មាន​ប្រជាជន​ស៊ីលី​ចំនួន ១៣លាន ៥សែននាក់​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី តំណាងរាស្រ្តថ្មី និង​ក្រុមប្រឹក្សាឃុំ សង្កាត់​ថ្មី។ លោកស្រី​អតីត​ប្រធានាធិបតី​មីសែល បាសេឡេ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​សំណាង​ច្រើន​នឹង​វិលត្រឡប់​មក​កាន់តំណែង​ប្រធានាធិបតី​ជា​ថ្មី។ តំណែង​ដែល​លោកស្រី​ធ្លាប់​បាន​កាន់កាប់​ពី​ឆ្នំា ២០០៦ ដល់​ឆ្នំា ២០១០។

យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់មតិ​ចុង​ក្រោយ​ឲ្យ​ដឹង​ថា លោកស្រី​មីសែល បាសេឡេ បេក្ខនារី​មក​ពី​គណបក្ស​សង្គមនិយម​ទទួល​បាន​ការ​គំាទ្រ​ច្រើន​ជាង​បេក្ខជន និង​បេក្ខនារី​ឈរ​ឈ្មោះ​បោះឆ្នោត​ចំនួន ៨នាក់​ផ្សេង​ទៀត។ ប្រជាប្រិយភាព​របស់​លោកស្រី​បាសេឡេ​ពេល​នេះ គឺ​ជា​លទ្ធផល​នយោបាយ​ដែល​លោកស្រី​បាន​បន្សល់​ទុក​ក្នុង​ពេល​កាន់​តំណែង​ពី​ឆ្នំា ២០០៦ ដល់​ឆ្នំា ២០១០ ពិសេស​គឺ​នយោបាយ​សង្គម​ដ៏​ល្អ​ដែល​ប្រទេស​ស៊ីលី​មិន​ធ្លាប់​មាន​ទេ គិត​តំាង​ពី​ប្រទេស​បាន​វិល​មក​កាន់​គន្លង​ប្រជាធិបតេយ្យ​កាល​ពី​ក្នុង​ទសវត្ស​ឆ្នំា ៩០។

ម្យ៉ាង​វិញ​ទៀត ភាព​សាមញ្ញ និង​ទំនាក់ទំនង​ស្និទិស្នាល មិន​រើសអើង​របស់​លោកស្រី​បាសេឡេ​ក៏​បាន​បង្កើត​ឲ្យ​មាន​ទំនុកទុកចិត្ត​យ៉ាង​ស៊ីជ្រៅ​រវាង​លោកស្រី និង​ប្រជាជន​ស៊ីលី​គ្រប់​ស្រទាប់​វណ្ណៈ​ដែរ។ មាន​កូន​ចំនួន ៣នាក់ បាន​មក​ពី​ស្វាមី​ខុស​គ្នា លោកស្រី​បាន​ធ្វើ​ការងារ​ច្រើន​ណាស់​ដើម្បី​ជួយ​លើកតម្កើង​ជីវិភាព​រស់នៅ​របស់​ស្រ្តី។

ដូច្នេះ​ឃើញ​ថា គេ​ហាក់​ដូច​ជា​បាន​ដឹង​មុន​នូវ​ឈ្មោះ​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ស៊ីលី​ដែល​ប្រហែល​ជា​គ្មាន​នរណា​ក្រៅ​ពី​លោកស្រី​មីសែល បាសេឡេ​ទេ។ តែ​អ្វី​ដែល​បន្ត​នៅ​ជា​អាថ៌កំបំាង​នោះ​គឺ​ថា តើ​គណបក្ស​ឆ្វេងនិយម​របស់​លោកស្រី​អាច​នឹង​ទទួល​បាន​សម្លេង​ភាគច្រើន​លើសលប់​នៅ​ក្នុង​រដ្ឋសភា​ដែរ ឬ​ទេ ព្រោះ​ថា ដើម្បី​អាច​ឲ្យ​លោកស្រី​អនុវត្ត​បាន​នូវ​កំណែទម្រង់​មួយ​ចំនួន​បាន លោកស្រី​ត្រូវ​ការ​សម្លេង​គំាទ្រ​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា។

អាថ៌កំបំាង​មួយ​ទៀត អត្រា​នៃ​ចំនួន​អ្នក​ចូលរួម​បោះឆ្នោត ព្រោះ​ថា នៅ​មុន​កំណែទម្រង់​ច្បាប់បោះឆ្នោត​ក្នុង​ខែ​មករា ឆ្នំា ២០១២ ការ​បោះឆ្នោត​ជា​កាតព្វកិច្ច​ចំាបាច់​មិន​អាច​ខ្វះ​បាន។ តែ​តំាង​ពី​ក្រោយ​ខែ​មករា ឆ្នំា ២០១២ មក ការ​បោះឆ្នោត​លែង​ជា​កាតព្វកិច្ច​ចំា​បាច់​ទៀត​ឡើយ។ អ្នក​ដែល​មាន​ឈ្មោះ​បោះឆ្នោត​មាន​ជម្រើស​រវាង​ទៅ​បោះឆ្នោត ឬ​មួយ​មិន​ទៅ​បោះឆ្នោត៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ