បោះឆ្នោតជាតិនៅអ៊ីស្រាអែល ដើម្បីបន្តជីវិតនយោបាយរបស់នាយករដ្ឋមន្ត្រី នេតាន់យ៉ាហ៊ូ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០៤
ថ្ងៃអង្គារ ទី១៧កញ្ញា ពលរដ្ឋអ៊ីស្រាអែល ចំនួនប្រមាណ ៦លាន៤សែននាក់ ត្រូវអញ្ជើញទៅបោះឆ្នោតសភាជាតិ។ អ្នកវិភាគស្ថានការណ៍នយោបាយអ៊ីស្រាអែល គេមើលឃើញថា ការបោះឆ្នោតនេះ មានសារៈសំខាន់បំផុត សម្រាប់បន្តជីវិតអនាគតនយោបាយរបស់លោកនាយករដ្ឋមន្ត្រី នេតាន់យ៉ាហ៊ូ។ ពីព្រោះថា លោកនាយករដ្ឋមន្ត្រីរូបនេះ កំពុងតែជាប់បណ្តឹងសង្ស័យពីរឿងពុករលួយនិងលួចបន្លំលុយជាតិ ហើយមិនតែប៉ុណ្ណោះ គណបក្សស្តាំនិយមរបស់លោក ពុំអាចរកដៃគូត្រូវរ៉ូវគ្នា សម្រាប់បង្កើតរដ្ឋាភិបាលចម្រុះបាន នៅក្នុងពេលជាប់គាំងសភា ចំនួន៥ខែមកនេះ។ ទីបំផុត លោកសម្រេចរំលាយសភាចោល និងរៀបចំការបោះឆ្នោតសាឡើងវិញ។ តើការបោះឆ្នោតសភាអ៊ីស្រាលមានសភាពការណ៍បែបណា? តើលោក នេតាន់យ៉ាហ៊ូ អាចនៅតែបន្តកាន់កៅអីនាយករដ្ឋមន្ត្រីតទៅទៀត ឬយ៉ាងណា?
មណ្ឌលបោះឆ្នោតបិទម៉ោង១០យប់ លទ្ធផលនឹងចេញនៅយប់ជ្រៅ
ការបោះឆ្នោតកំពុងតែប្រព្រឹត្តទៅ គឺបើកទ្វារពីម៉ោង៧ព្រឹក ហើយរហូតដល់ម៉ោង១០យប់ ម៉ោងនៅក្នុងស្រុក ទើបការិយាល័យបោះឆ្នោត បិទទ្វារ និងផ្តើមរាប់សន្លឹកឆ្នោត។ ចម្លើយថា បក្សណាបានប៉ុន្មានអាសនៈ ទាល់ល់យប់ជ្រៅមែនទែន ទើបគេអាចដឹងបានច្បាស់។
សភាពការណ៍បោះឆ្នោតគ្រានេះ គឺតឹងខ្លាំងណាស់។ ការិយាល័យបោះឆ្នោត មានចំនួន ១ម៉ឺន៧រយមណ្ឌល ត្រូវទទួលអ្នកបោះឆ្នោត ជាង៦លាន៣សែននាក់។ ដូចភារៈដឹងស្រាប់ហើយថា អ៊ីស្រាអែល ជារដ្ឋជីហ្វ តែក៏មានពលរដ្ឋនិន្នាការចម្រុះ, មានអ្នកឆ្វេងនិយមជ្រុលខ្លាំង ស្តាំនិយមយ៉ាងរឹតរឹង អ្នកប្រកាន់តឹងខាងនិកាយអរតូដុកស្ស និងក្រុមអ្នកកាន់សាលនាអ៊ីស្លាមជាដើម។ នៅថ្ងៃនេះ ត្រង់មណ្ឌលបោះឆ្នោតដែលមានពលរដ្ឋកាន់សាសនាអ៊ីស្លាមច្រើន គឺត្រូវមានការយាមកាមយ៉ាងតឹងរឹង តឹងជាងមណ្ឌលផ្សេងៗ។ ក្រៅពីដាក់ពង្រាយកម្លាំងយោធាការពារសណ្តាប់ធ្នាប់ ក៏មានកាំមេរ៉ាបំពាក់តាមដានជាប់ជានិច្ចដែរ។
ការតែងតែងមួយទៀតនោះ គឺ បក្សនយោបាយនីមួយៗ សុទ្ធតែចង់ប្រជែងគ្នាបានកៅអីច្រើនជាងមុន តែរៀងៗខ្លួន។ ពីព្រោះថា លទ្ធផលនៃការបោះឆ្នោតសភាជាតិ កាលពីខែមេសាកន្លងទៅនេះ គឺគ្មានបក្សណាមួយ ឈ្នះដាច់ បានអាសនៈលើសពី៦១កៅអី ក្នុងចំណោមអាសនៈសភាចំនួន១២០ នោះឡើយ។ ពោលគឺ បក្សកាន់អំណាចរបស់ នេតាន់យ៉ាហ៊ូ មានតែជាង៣០អាសនៈតែប៉ុណ្ណោះ ហើយបក្សប្រឆាំងធំជាងគេ ក៏មានសំឡេងជាង៣០កៅអី ប្រហាក់ប្រហែលគ្នានេះដែរ។ គឺទាល់តែបក្សទាំងពីររួបរួមគ្នា ទើបអាចមានសំឡេងលើសពី ៦០អាសនៈ ដើម្បីអាចបង្កើតរដ្ឋាភិបាលចម្រុះបាន។ ក៏ប៉ុន្តែ បក្សទាំងពីរ មាននយោបាយដឹកនាំខុសគ្នាស្រឡះ ដូចទឹកនិងប្រេង ពុំអាចច្របាច់ចូលគ្នាបានឡើយ។ ដូច្នេះហើយ ទើបនយោបាយអ៊ីស្រាអែល ជាប់គាំងច្រើនខែ រហូតត្រូវរំលាយសភាចោល និងរៀបចំការបោះឆ្នោតឡើងវិញ នៅថ្ងៃ ទី១៧កញ្ញា។
អ្នកសង្កេតការណ៍ថា លោក នេតាន់យ៉ាហ៊ូ ដើរនយោបាយឃោសនាប្រជាភិថុត និងប្រជានិយម
នេះជាការកាត់សម្គាល់របស់ក្រុមអ្នកវិភាគ និងសាស្ត្រាចារ្យនយោបាយជាច្រើន។ ការយល់ឃើញបែបនេះ គឺមានហេតុផលជាភស្តុតាងជាក់ស្តែង ហើយក្នុងចំណោមទឡ្ហីករណ៍ចាំបាច់និងថ្មីៗជាងគឺ ការបុរសខ្លាំង លោក នេតាន់យ៉ាហ៊ូ បានប្រកាសថា«បើពលរដ្ឋអ៊ីស្រាអែល បោះឆ្នោតឱ្យលោកឈ្នះ និងធ្វើជានាយករដ្ឋមន្ត្រីតទៅទៀត លោកនឹងភ្ជាប់ឧបសម្ព័ន្ធ យក ដែនដីជ្រលងភ្នំហ្ស័កដង់ មកដាក់ក្រោមការត្រួតត្រារបស់អ៊ីស្រាអែលតែម្តង»។ ការធ្វើបែបនេះ គឺជាការឃោសនាបញ្ឆេះចលនាជាតិនិយមជីហ្វកាន់តែខ្លាំង ហើយក៏ជារឿងមួយដ៏ឃោរឃៅណាស់ដែរ ចំពោះពលរដ្ឋអ៊ីស្លាមដែលរស់នៅទីនោះ។ ព្រោះថា តំបន់ដែនជ្រលងភ្នំហ្ស័កដង់ នេះ គឺមានពលរដ្ឋអ៊ីស្រាអែល តែជាង១ម៉ឺន១ពាន់នាក់តែប៉ុណ្ណោះ ប៉ុន្តែពលរដ្ឋប៉ាឡេស្ទីនកាន់សាលនាអ៊ីស្លាម មានច្រើនជាង៥ដង គឺមានរហូតដល់ទៅជាង៦ម៉ឺន៥ពាន់នាក់កំពុងរស់នៅ។
មិនតែប៉ុណ្ណោះ លោកថែមទាំងលើកឡើងដោយអួតសរសើរពីបទពិសោធ និងសមត្ថភាពដឹកនាំ ដ៏ចាស់វស្សារបស់គាត់ ពោលគឺលោកអួតខ្លួនឯងថា គឺក្រោមការដឹកនាំរបស់ខ្លួន ទើបអ៊ីស្រាអែល បានទទួលស្គាល់ពីអាមេរិក ក្នុងការតាំងរដ្ឋធានីនៅហ្សេរ៉ូសាឡឹម ហើយចំណងទូតនិងយោធារវាងប្រទេសទាំងពីរ គឺកាន់តែស្អិតរមួតខ្លាំង។ មួយថ្ងៃមុនបោះឆ្នោត ពីម្សិលមិលនេះតែម្តង លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសគាំទ្រលោក នេតាន់យ៉ាហ៊ូ និងថា ចុះកិច្ចព្រមពៀងលើសន្ធិសញ្ញាការពារជាតិរួមជាមួយគ្នាថែមទៀត។
គួរបញ្ជាក់ថា អ៊ីស្រាអែល មានទាហានខ្លាំង ស្ទើរតែខ្លាំងជាងគេក្នុងតំបន់មជ្ឈិមបូព៌ា រួមទាំងមានគ្រាប់បែកនុយក្លែអ៊ែរជាច្រើនគ្រាប់ផង។ មិនតែប៉ុណ្ណោះ ប្រទេសនេះ បានទទួលជំនួយផ្នែកយោធា ក្នុងរង្វង់ទឹកប្រាក់ ៤ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។
ជារួម អ្នកវិភាគវិទ្យាសាស្ត្រនយោបាយជាច្រើនរូប បញ្ជាក់ថា លោក នេតាន់យ៉ាហ៊ូ ប្រកាសសន្យាហើយនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីអាចឈានទៅរក្សាតំណែងនាយករដ្ឋមន្ត្រី ក្នុងអាណត្តិថ្មី តទៅទៀត បើទោះបីការសន្យាខ្លះ ជាការបញ្ឆេះកំហឹងជាតិសាសន៍ និងអមនុស្សធម៌បន្តិច ក៏ដោយក្តី។
លោក នេតាន់យ៉ាហ៊ូ ចង់រក្សាកៅអីនាយករដ្ឋមន្ត្រី និងគេចវេះពីបទចោទពុករលួយ
បុរសខ្លាំង នេតាន់យ៉ាហ៊ូ កាន់អំណាចជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល តាំងពីឆ្នាំ២០០៩ ជាប់រហូតមក គឺមួយទសវត្សរ៍ហើយ ដែលលោកដឹកនាំប្រទេសជីហ្វមួយនេះ។ ជាប្រមុខរដ្ឋាភិបាល ដែលកាន់ការស្រុកទេសយូរជាងគេក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល ដែលទើបតែកកើតរដ្ឋបាន ៧១ឆ្នាំ។
ការណ៍ដែលលោក នេតាន់យ៉ាហ៊ូ ចង់បន្តក្រាញអំណាចតទៅទៀត ពីព្រោះតែលោកចង់បន្តបន្តការអភិវឌ្ឍជាតិតទៅទៀត ទៅតាមទស្សនវិស័យរបស់លោក និងក្រុមអ្នកស្តាំនិយម។ ក៏ប៉ុន្តែ ហេតុផលមួយទៀត គឺលោកចង់ការពារខ្លួននិងជីវិតនយោបាយរបស់លោក គេចចេញពីសំណាញ់ច្បាប់។
លោក នេតាន់យ៉ាហ៊ូ ត្រូវអយ្យការ ចោទប្រកាន់ពីបទល្មើលពុករលួយ លួចបន្លំ និងកេងប្រវញ្ចថវិកាជាតិ ដោយមានការឃុបឃិតជាមួយមហាសេដ្ឋីធំៗផង។ តាមសំណើរបស់រដ្ឋអាជ្ញា, តុលាការនឹងត្រូវបើកសវនាការ សំណុំរឿងនេះ នៅក្នុងខែតុលាខាងមុខនេះហើយ។
ក៏ប៉ុន្តែ សេណារីយ៉ូ ដែលគេគ្រប់គ្នាកំពុងសម្លឹលមើលទៅនោះ ហើយក៏ទំនងជាលោក នេតាន់យ៉ាហ៊ូ ខ្លួនឯង ក៏នឹងគិតអ៊ីដឹងដែរនោះ គឺថា នៅក្នុងការឆ្នោតសភាជាតិនេះ ចាំបាច់ណាស់ ដែលថាលោកត្រូវតែឈ្នះសំឡេងភាគច្រើន ឬត្រូវចាំដៃជាមួយបក្សណាមួយ ដើម្បីមានសំឡេងភាគច្រើននៅរដ្ឋសភា និងបង្កើតរដ្ឋាភិបាលចម្រុះ មុនខែតុលាមកដល់។ ហើយលោកស្នើឱ្យអ្នកតំណាងខាងក្រុមបក្សពួករបស់លោក បោះឆ្នោតការពារអភិឯកសិទ្ធិរបស់លោក គេចចេញពីការជម្រះក្តីនៅតុលាការ ហើយលោកនឹងរៀបចំពង្រាងច្បាប់ថ្មីសម្រាប់ ការពារអភិឯកសិទ្ធិ នេះតែម្តង។
មួយវិញទៀត ប្រសិនបើអាចទៅរួចមែននោះ គឺលោក នេតាន់យ៉ាហ៊ូ នឹងអាចកែសម្រួលប្រព័ន្ធយុត្តិធម៌ យកមកដាក់ក្រោមការត្រួតត្រារបស់រដ្ឋាភិបាលតែម្តង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ