អានតួអត្ថបទ
តួកគី

តួកគី បញ្ចូន​សព្វាវុធ​ធន់ធ្ងន់​ទៅ​ព្រំដែន​ស៊ីរី ក្រោយ​អាមេរិក​ប្រកាស​ដកទ័ព​

ថ្ងៃ​អាទិត្យ​ ទី​២៣ធ្នូ​នេះ តួកគី បញ្ជូន​គ្រឿង​ចម្បាំងធន់ធ្ងន់ ជា​ច្រើន សំដៅទៅ​​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី ដើម្បី​ប្រយុទ្ធ​កម្ចាត់​ក្រុម​ប្រដាប់​អាវុធ​​​កួដ ដែល​ជា​សត្រូវ។ ការ​បញ្ចូន​សព្វាវុធ​យ៉ាង​សន្ធឹក​បែបនេះ គឺ​ក្រោយ​ពេល​ដែល​ប្រមុខរដ្ឋ​អាមេរិក​សម្រេច​ប្រកាស​ដក​ទ័ព​ចេញ​ពីស៊ីរី។

ប្រមុខរដ្ឋតួកគី Recep Tayyip Erdogan
ប្រមុខរដ្ឋតួកគី Recep Tayyip Erdogan REUTERS/Umit Bektas
ផ្សាយពាណិជ្ជកម្ម

គ្រឿង​ចម្បាំង​ មាន​បែប​យ៉ាង រថក្រោះ៣៥  កាំភ្លើងធំជា​ច្រើន​គ្រឿង កាំភ្លើង​បាញ់​ស្វ័យប្រវត្តិ និង​ឡាន​ដឹក​ទាហានយ៉ាង​ច្រើនសន្ធឹក​ ត្រូវ ប្រធានាធិបតី​​ទួរគី Recep Tayyip Erdogan ​ចេញ​បញ្ជាបញ្ចូន​ទាំង​យប់​ ទៅកាន់​​សមរភូមិ ជាប់​ព្រំ​ដែន​ ​ភាគខាងជើង​របស់​ស៊ីរី​​។ នេះបើ​ការ​ឲ្យដឹង​ពី​ភ្នាក់​ងារ​ព័ត៌មាន​តួកគី ហើយ​ដំណឹង​នេះ ក៏បានត្រូវ​បញ្ជាក់​ដោយ​​អ្ន​កសង្កេត​ការ​ណ៍​ ដែល​ឈរ​ជើង​នៅ​ទីនោះដែរ។ លោកប្រធានាធិបតី​តួកគី ថា​កង​ទ័ព​របស់​លោក នឹង​ធ្វើ​ប្រតិបត្តិ​ការ​សឹក​មួយ​ កម្ចាត់​ពួក​ឧទ្ទាមកួដ​។ សូម​បញ្ជាក់ថា ក្រុម​កួដ គឺជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ នៅ​ស៊ីរី។

ជាការ​កត់​សម្គាល់ សកម្មភាពរបស់​ទួរគី​នៅ​ពេល​​នេះ ធ្វើ​ឡើង​ក្រោយ​តែ​ប៉ុន្មាន​ថ្ងៃ ដែល​លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ​ប្រកាសដក​ទ័ព​ចេញពី​ស៊ីរី។ ​​ការ​ប្រកាស​របស់​លោក ត្រាំ ធ្វើ​ឲ្យ​មានការ​មិន​ពេញចិត្ត រហូត​ដល់​រដ្ឋមន្ត្រី​ការ​ពារជាតិ​អាមេរិក ​សុំ​ចុះ​ពី​តំណាង​ ហើយ​​ប្រេសិតពិសេសរបស់អាមេរិកទទួលបន្ទុកកងទ័ពសម្ព័ន្ធមិត្តដើម្បី ប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្ម ក៏​បានលាលែងចេញពីតំណែងដែរ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅនេះ​។

គួរ​ជ្រាប​ថា កងទ័ពសម្ព័ន្ធមិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្ម នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់ មាន​ប្រទេស​ចំនួន​ប្រមាណ​៤០ចូលរួម។ ប្រទេស​សម្ព័ន្ធ​មិត្តភាគ​ច្រើន ជួយ​ជាលុយកាក់ ​គ្រឿ​ង​អាវុធ កាំភ្លើង និង​ជំនួយ​មនុស្សធម៌ជា​ដើម។ គឺ​មាន​តែ ​អាមេរិក និង​បារាំង ​ទេ ដែល​មា​នដាក់​ពង្រាយ​កងទ័ពដើម្បី​​ប្រយុទ្ធ​នៅទីនោះ ច្រើន​ជាង​គេ។ ក្រោយ​ពី​ដំណឹង​​អាមេរិក​ដកទ័ពចេញ​ពីស៊ីរី នៅ​ថ្ងៃអាទិត្យ ទី​២៣ធ្នូ លោក​ប្រធានាធិបតីបារាំង អេម៉ាណុយ​​អេល ម៉ាក្រុង បាន​ថ្លែង​ក្តី​សោកស្តាយ​ជាខ្លាំង។ ហើយ​ប្រមុខ​រដ្ឋ​បារាំង បន្តថា ធ្វើ​ជា​​សម្ព័ន្ធ​នឹង​គ្នា​ គួរ​តែ​ទុកចិត្ត​គ្នា និងសម្រប​សម្រួល​គ្នា​។​

តាម​អ្ន​កវិភាគស្ថានការណ៍​ពិភពលោក​ គេ​មើល​ឃើញ​ថា នៅពេល​ដែល​​អាមេរិក​​ដកទ័ពចេញពី​ស៊ីរី​ពិត​មែន​នោះ ដំណោះស្រាយ​ប្រឆាំង​នឹង​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត និង​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នៅ​ស៊ីរី អាច​នឹង​ត្រូវ​ចាប់ផ្តើម​ពី​​ចំណុច​សូន្យ​ឡើងវិញ។ ពោលគឺ​កម្ចាត់​ពួក​ជីហាត ក៏​មិន​បាន​ដាច់​ស្រេច ហើយ​វិបត្តិ​នៅ​ស៊ីរី​ ក៏​ដោះស្រាយ​មិន​កើត។ ចំណែក​​ក្រុម​ភាគី​វិវាទនៅ​មជ្ឈិមបូព៌ា​ កាន់តែ​បាន​ចិត្ត​ និងពឹត​តែ​ពី​ហែក​ហួរ​គ្នា​កាន់តែ​ខ្លាំង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ