ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/07 12h00 GMT

ទិន្នន័យ​​អ្នក​បោះឆ្នោត​​អាមេរិក​​​ជាង​២០០លាន​នាក់​​​​ត្រូវ​បាន​​ផ្សព្វផ្សាយ​​លើ​​អ៊ីនធ័រនែតដោយ​សារ​​​កំហុស​​បច្ចេកទេស​​​

ទិន្នន័យ​​អ្នក​បោះឆ្នោត​​អាមេរិក​​​ជាង​២០០លាន​នាក់​​​​ត្រូវ​បាន​​ផ្សព្វផ្សាយ​​លើ​​អ៊ីនធ័រនែតដោយ​សារ​​​កំហុស​​បច្ចេកទេស​​​
 
អ្នកជំនាញ​ព័ត៌មាន​វិទ្យា​បាន​ប្រទះឃើញ​​ទិន្នន័យ​អ្នកបោះឆ្នោតអាមេរិក​​ដោយ​ចៃដន្យ លើ​បណ្តាញ​អ៊ីនធ័រនែត​ REUTERS/Mike Theiler

ទិន្នន័យ​ដ៏​ធំ​សម្បើម​មួយ​មាន​ផ្ទុក​ព័ត៌មាន​សំខាន់ៗ​របស់​អ្នក​បោះឆ្នោត​អាមេរិក​ប្រមាណ​ជិត​២០០លាន​ ​​ត្រូវ​បាន​បែក​ធ្លាយ​លើ​បណ្តាញអ៊ីនធ័រនែត។​ អ្នក​ជំនាញ​ផែ្នក​ព័ត៌មាន​វិទ្យា​បាន​ប្រទះ​ឃើញ​ទិន្នន័យ​នេះ​ដោយ​ចៃ​ដន្យ។​ នេះ​ជា​កំហុស​បច្ចេក​ទេស​របស់​ក្រុមហ៊ុន​មួយ​ដែល​ផ្ទុក​ទិន្នន័យនេះ។​ ព័ត៌មាន​ដ៏​រសើប​នេះ​​ត្រូវ​បានបើក​ជា​ចំហ​នៅ​លើ​ប្រព័ន្ធ​​អ៊ីនធ័រនែត​​រយៈ​ពេល​ ២ថ្ងៃ​​ដោយ​គ្មាន​របាំង​ការ​ពារ​បន្តិច​ណា​សោះ​ឡើយ។​ កន្លង​មក​ អាជ្ញាធរអាមេរិក​រ​តែង​ចង្អុល​មុខ​ប្រទេស​រុស្សី​ថា​បាន​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​ប៉ុន​ប៉ង​ជ្រៀត​ជ្រែក​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។​ ប៉ុន្តែ​ កំហុស​បច្ចេក​ទេស​របស់​ក្រុមហ៊ុន​អាមេរិក​ខ្លួន​ឯង​នេះ​កាន់​តែ​ បង្កើន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។

រយៈ​ពេល​បោះឆ្នោត​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទិន្នន័យ​ផ្ទុក​ព័ត៌មាន​លំអិត​របស់​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​បាន​ក្លាយ​ជា​អាវុធ​ចាំ​បាច់មួយ​ ដើម្បី​ដឹកនាំ​យុទ្ធនាការ​ឃោសនា​​ស្វែង​រក​សម្លេង​ឆ្នោត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព។​ គណបក្ស​ធំៗ​ទាំង​ពីរនៅ​សហរដ្ឋ​អាមេរិក​ គឺ​គណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​សាធារណរដ្ឋ​សុទ្ធ​សឹង​ប្រើ​ប្រាស់​វិធី​នេះ​ ដើម្បី​ព្យាយាម​ផ្ញើ​សារ​ឃោសនា​ដល់​អ្នក​បោះឆ្នោត​ម្នាក់ៗ។ ជាពិសេស​ គឺ​ព្យាយាម​ល្បួង​ចិត្ត​អ្នក​នៅ​រារែក​ចិត្ត​មិន​ទាន់​សំរេច​បោះ​ឲ្យ​បក្ស​មួយ​ណា។

នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​ទំហំ​ទិន្នន័យ​ដ៏​មហាសា​នេះ​ត្រូវ​បាន​រក​ឃើញ​ជា​សាធារណៈ​​លើ​បណ្តាញអ៊ីនធ័រនែត​​ ដោយ​គ្មាន​វិធានការណ៍​សន្តិសុខ​អ្វី​ការពារ​បន្តិច​សោះ​ឡើយ។​ ​ទិន្នន័យ​នេះ​ គឺ​ទាក់​ទង​ពលរដ្ឋ​អាមេរិក​ចំនួន​ ១៩៨ លាន​នាក់​ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត។​ តួលេខ​នេះ​ គឺ​ស្មើ​នឹង​ ៦០% នៃ​ចំនួន​ពលរដ្ឋ​អាមេរិក​សរុប។​ កាលពី​ពាក់​កណ្តាល​ខែ​មិថុនា​ កន្លង​ទៅ​នេះ​ លោក​ Chris Vickery អ្នក​ជំនាញ​ផែ្នក​បែក​ធ្លាយ​ទិន្នន័យ​ប្រចាំ​ក្រុមហ៊ុន​សន្តិសុខ​ព័ត៌មាន​វិទ្យា​ UpGaurd ​បាន​ប្រទះ​ឃើញ​ទិន្នន័យ​អ្នក​បោះឆ្នោត​នេះ​នៅ​លើ​បណ្តាញ​អ៊ីនធើណេត។​ ហើយ​ទិន្នន័យ​ដ៏​មហាសាល​ និងដ៏​រសើប​នេះ​ត្រូវ​បាន​ផ្ទុក​នៅ​លើ​ស៊ែរវើ​ (serveur) របស់​ក្រុមហ៊ុន​ Deep Root Analytics។ ក្រុមហ៊ុន​នេះ​មាន​ជំនាញ​ខាង​ផ្តោត​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​កញ្ចក់​ទូរទស្សន៍។​ ហើយ​ទិន្នន័យ​បែក​ធ្លាយ​នេះ​ជា​របស់​គណបក្ស​សាធារណរដ្ឋ​ ដែល​ជា​អតិថិជន​ដ៏​យូរ​អង្វែង​មក​ហើយ​របស់​ក្រុមហ៊ុន​នេះ។

ទិន្នន័យ​នេះ​មាន​ផ្ទុក​ព័ត៌មាន​សាមញ្ញ​ដែល​អាច​បញ្ចេញ​ជា​សាធារណៈ​មាន​ជា​អាទិ​ដូច​ជា​៖ ឈ្មោះ​ និង​ អាស័យ​ដ្ឋានអ្នក​ចុះ​ឈ្មោះ​ក្នុង​បញ្ចី​បោះ​ឆ្នោត​នៅ​តាម​បណ្តា​រដ្ឋ​និមួយៗ​ទូទាំង​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​ ព័ត៌មាន​ដទៃទៀត​មាន​លក្ខណៈ​រសើប​មិន​គួរ​ត្រូវ​បាន​បញ្ចេញ​ជា​ចំហ​ក៏​ត្រូវ​បាន​ប្រទះ​ឃើញ​ផង​ដែរ។​ តាម​ការ​វិភាគ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ រាល់​អ្នក​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ម្នាក់ៗ​ត្រូវ​បាន​គណបក្ស​សាធារណរដ្ឋ​ដាក់​លេខ​សម្គាល់​​មួយ។​ អត្តលេខ​ផ្ទៃ​ក្នុង​បក្ស​នេះ​មាន​ភ្ជាប់​ទៅ​នឹង​មតិ​របស់​អ្នក​បោះឆ្នោត​ម្នាក់ៗ​ជុំវិញ​ប្រធាន​បទ​សង្គម​មួយ​ចំនួន​។ មាន​ជា​អាទិ​មតិ​យោបល់​ជុំវិញ​សិទ្ធិ​ប្រើ​ប្រាស់កាំភ្លើង​,​ ការ​បង់​ពន្ធ​,​ បរិដ្ឋាន​ ឬ​ការ​ស្រាវ​ជ្រាវ​អំពី​កោសិកា​មេ​ក្នុង​ខ្លួន​ប្រាណ​មនុស្ស​ជាដើម។

តាម​រយៈ​ព័ត៌មាន​ដ៏​រសើប​នេះ គេ​អាច​ស្មាន​ដឹង​អំពី​ចរន្ត​គំនិត​សង្គម​ ឬ​និន្នាការ​នយោបាយ​​របស់​អ្នក​បោះឆ្នោត​ណា​ម្នាក់។​ តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ផ្សព្វ​ផ្សាយ​លើ​វេបសាយ៍​របស់​ខ្លួន​ ក្រុមហ៊ុន​ Deep Root Analytics បាន​បញ្ជាក់​​ថា​ ការ​បែក​ធ្លាយ​នេះ​ដោយ​សារ​តែ​មាន​ការ​ផ្លាស់​ប្តូរ​ពី​របៀប​កំណត់​​ប្រព័ន្ធការពារ​​សន្តិសុខ​នៃ​បណ្តាញ​ស៊ែរវើ​ផ្ទុក​ទិន្នន័យ​របស់​ខ្លួន។​ ការ​ផ្លាស់​ប្តូរ​​នេះ​ជា​ហេតុ​​បើកទ្វារ​ចំហ​អនុញ្ញាតឲ្យ​ជន​ដទៃ​អាច​​ចូល​ទៅ​មើល​ទិន្នន័យ​នោះដោយ​ ​មិន​ដឹង​ខ្លួន​ឡើយ។​ ដូច​នេះ​ វា​មិន​មែន​ជា​ការ​លួច​វាយ​ប្រហារ​ព័ត៌មាន​វិទ្យា​ពីសំណាក់​ក្រុម​ចោរ​អ៊ីនធើណេត​ឡើយ។

ដើម្បី​ចៀស​វាង​ទទួល​រង​ការ​ចោទ​ប្រកាន់​ណា​មួយ​ ភ្លាមៗ​នោះ​ ក្រុមហ៊ុន​នេះ​បាន​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​រដ្ឋាភិបាល​សហព័ន្ធ​ ដើម្បី​ចាត់​វិធាន​ការណ៍​ទប់​ស្កាត់។​ ពីរ​ថ្ងៃ​ក្រោយ​មក​ ទើប​បណ្តាញ​ស៊ែរវើ​ផ្ទុក​ទិន្នន័យ​របស់​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បិទ​ទ្វារ​ជិត​ឡើង​វិញ​។ បើ​តាម​ការ​វិភាគ​របស់​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ ទិន្នន័យ​បែក​ធ្លាយ​នេះ​ក៏​មាន​មួយ​ផែ្នក​ជា​របស់​ក្រុមហ៊ុន​ពីរ​ទៀត​ គឺ​ក្រុម​ហ៊ុន​ TargetPoint និង​ក្រុម​ហ៊ុន​ Data Trust។​ ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ​សុទ្ធ​តែ​មាន​ទិន្នន័យ​អ្នក​បោះឆ្នោត​របស់​គណបក្ស​សាធារណរដ្ឋ​ ដែល​ជា​អតិថិជន​របស់​ខ្លួន។​ តាម​រយៈ​ហេតុ​ការណ៍​បែក​ធ្លាយ​ទិន្នន័យ​នេះ​ គេ​អាច​សន្និដ្ឋាន​បាន​ថា​ ក្រុមហ៊ុន​ជំនាញ​ខាង​ផែ្នក​ឃោសនា​ពាណិជ្ជ​កម្ម​នយោបាយ​សុទ្ធ​តែ​ជា​ស្ថាប័ន​អាថ៌កំបាំង​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន​យ៉ាង​ស្ងៀម​ស្ងាត់។​ ប៉ុន្តែ​ តាម​ធាតុ​ពិត​ ក្រុមហ៊ុន​ទាំង​នោះ​មាន​ទិន្នន័យ​ដ៏​រសើប​របស់​មនុស្ស​រាប់​រយ​លាន​នាក់​នៅ​ក្នុង​ដៃ។

សូម្បី​តែ​កាល​ពី​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ថ្មីៗ​នេះ​ ក្រុម​ការងារ​របស់​លោក​ ដូណាល់​ ត្រាំ​ ក៏​ប្រើប្រាស់​ទិន្នន័យ​អ្នក​បោះ​ឆ្នោត​បែប​នេះ​ ដើម្បី​ផ្ញើ​សារ​ឃោសនា​ឲ្យ​ចំ​បុគ្គល​ម្នាក់ៗ​ដែល​ជា​អ្នក​មាន​និន្នាការ​អភិរក្ស​និយម។ នៅ​ក្នុង​ការ​សិក្សា​អង្កេត​មួយ​បោះ​ពុម្ភ​ផ្សាយ​កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០១៦​​ វេបសាយ៍​ជំនាញ​ផែ្នក​ឃោសនា​នយោបាយ​ AdAge បាន​ទម្លាយ​ឲ្យ​ដឹង​ថា​ មែនទែនទៅ​ ក្រុម​ការ​ងារ​របស់​លោក​ ដូណាល់​ ត្រាំ ទើប​តែ​បាន​​ប្រើ​ប្រាស់​វិធី​ឃោសនា​តាម​រយៈ​ការ​ស្រាវ​ជ្រាវទិន្នន័យ​នេះ ​នា​ពេល​ដែល​យុទ្ធនាការ​ឃោសនា​ជិត​នឹង​ដល់​ទី​បញ្ចប់​ទៅ​ហើយ។​ គណបក្ស​សាធារណរដ្ឋ​ជា​អ្នក​សំរេច​ឲ្យ​ក្រុម​ការងារ​ឃោសនា​របស់​លោក​ ត្រាំ​ ប្រើប្រាស់​ប្រព័ន្ធ​ទិន្នន័យ​នេះ​។​ វា​ជា​អាវុធ​ធ្វើ​សង្គ្រាម​នយោបាយ​ ដែល​គណបក្ស​សាធារណរដ្ឋ​លាក់​ទុក​។​

ក្រុម​ហ៊ុន​មួយ​ទៀត​ គឺ​ Cambridge Analytica ក៏​ត្រូវ​បាន​ក្រុម​ការងារ​លោក​ ដូណាល់​ ត្រាំ​ ជួល​សេវាកម្ម​ផង​ដែរ។​ ក្រុមហ៊ុន​នេះ​មាន​ជំនាញ​អាច​ស្មាន​ចរិត​លក្ខណៈ​របស់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម។​ ហើយ​ក្រុម​ហ៊ុន​នេះ​អាច​ផ្ញើ​សារ​ឃោសនា​ណាមួយ​ ដែល​ស្រប​គ្នា​ទៅ​នឹង​និន្នាការ​នយោបាយ​របស់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​នោះ។​ ការ​បែក​ធ្លាយ​ទិន្នន័យ​អ្នក​បោះ​ឆ្នោត​នេះ​កំពុង​តែ​កើត​ឡើង​ ក្នុង​បរិបថ​ដ៏​រសើប​មួយ​នៅ​សហរដ្ឋ​អាមេរិក។​ កន្លង​មក​ អាជ្ញាធរអាមេរិក​រមែង​ចោទ​ប្រកាន់​ប្រទេស​រុស្សី​ថា​បាន​​ប៉ុន​ប៉ង​ជ្រៀត​ជ្រែក​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។​ ការ​ធ្លាយ​ទិន្នន័យ​​នេះ​អាច​ឲ្យ​ក្រុម​ទុច្ចរិត​យក​ទៅ​ប្រើ​ប្រាស់​ ដើម្បី​សិក្សា​លំអិត​ពី​របៀប​ឃោសនា​របស់​គណបក្ស​នយោបាយ​​អាមេរិក។​ ហើយ​​ក្រុម​ទុច្ចរិត​អាច​ចូល​ជ្រៀត​ជ្រែក​ក្នុង​ការ​បោះឆ្នោត​អាមេរិក​ នៅ​ពេល​ណា​ដែលពួក​គេ​ស្គាល់​ច្បាស់​ពី​វិធី​សាស្រ្ត​ឃោសនា​ទាំង​នោះ។ ហើយ​ព័ត៌​មាន​លំអិត​ស្តីពី​អ្នក​បោះឆ្នោត​​បែក​ខ្ចរខ្ចាយ​ទៅ​ខាង​ក្រៅ​នេះ​ក៏​មិន​ខុស​ពីការ​ហុច​ដៃ​ឲ្យ​ទៅ​ក្រុម​ចោរ​ព័ត៌​មាន​វិទ្យា​អាច​យក​ទៅ​ប្រើ​ប្រាស់​ ដើម្បី​លួច​បន្លំ​អត្ត​សញ្ញាណ​ពលរដ្ឋ​អាមេរិក​ផង​ដែរ​៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • Wikileaks ទម្លាយ​កម្មវិធី​ធ្វើ​ចារកិច្ច​​ដ៏​គ្រោះថ្នាក់​របស់​សេអ៊ីអា​

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    តើ​ជំនួប​រវាង​កូន​ប្រុស​លោក​ត្រាំនិងមេធាវី ជាការ​​រំលោភ​ច្បាប់​បោះឆ្នោត​អាមេរិក​ឬ ?

    ស្វែងយល់បន្ថែម

  • សហរដ្ឋអាមេរិក

    កាសែត៖ លោកដូណាល់ ត្រាំ ជាប់សំណាញ់​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេស

    ស្វែងយល់បន្ថែម

  • សហរដ្ឋអាមេរិក

    អតីត​ប្រធាន​FBIចោទ​រដ្ឋបាល​លោក​ដូណាល់​ត្រាំ​បាន​កុហក​ និង​បង្ខូច​កេរ្តិ៍ឈ្មោះ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ