ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/04 12h00 GMT
កម្ពុជា

អឺរ៉ុបផ្តើម​នីតិវិធី​ដែល​អាច​ឈាន​ទៅ​រក​ការ​ដក​EBA​ពី​កម្ពុជា

media  
សហភាពអឺរ៉ុប ទើបសំរេចចិត្តសម្រាល​ទណ្ឌកម្មរបស់ខ្លួន​ទៅលើ​របបភូមា © រូបថត​រក្សាសិទ្ធិ

សហភាព​អឺរ៉ុប​បាន​ផ្តើម​ជា​ផ្លូវ​ការ​ហើយ​នូវ​ដំណើរ​ការ​នីតិវិធី ដែល​អាច​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​(EBA)ពី​កម្ពុជា​ បន្ទាប់ពី​ប្រទេស​នេះ​រង​ការ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។ នីតិវិធី​នៃ​ការ​ព្យូរ​ប្រព័ន្ធ​អនុ​គ្រោះពន្ធ ដែល​មាន​រយៈពេល ១៨​ខែ​ត្រូវ​រាប់​ចាប់​តាំង​ពី​ថ្ងៃទី១២ ខែ​កុម្ភៈ​នេះ ពោល​គឺ​ជា​ថ្ងៃ​ដែល​គណកម្មការ​អឺរ៉ុប​ចុះ​ផ្សាយ​នូវ​សេចក្តី​សម្រេច​នៃ​នីតិវិធី​នេះ​ជា​សាធារណៈ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​គណៈកម្មការ​អឺរ៉ុប កាល​ពី​ថ្ងៃ​ម្សិលមិញ​។

នីតិវិធី​ដែល​អាច​ឈាន​ទៅ​ដក​​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នាំ​ចូល​អឺរ៉ុប (អ្វីៗ​ទាំង​អស់​លើក​លែង​តែ​អាវុធ​) EBAជា​​បណ្តោះ​​អាសន្ន​ ​ត្រូវ​ចែក​ចេញ​ជា ៣​ដំណាក់​កាល រាប់​ចាប់​ពី​ថ្ងៃ​អង្គារ​ទី១២​កុម្ភៈ​នេះ​ត​ទៅ។ ដំណាក់​កាល​ទី​មួយ ​មាន​រយៈ​ពេល ៦ខែ គឺ​ជា​ពេល​វេលា​សម្រាប់​តាមដាន ប្រមូល​ព័ត៌មាន និង​ចរចា​ជា​មួយ​ភាគី​រដ្ឋាភិ​បាល​កម្ពុជា​។ ដំណាក់​កាល​ទីពីរ មាន​រយៈ​៦ខែ ដោយ​ចែក​ចេញ​ជា​ពីរ​ផ្នែក គឺ ៣​ខែ សម្រាប់​សរសេរ​របាយការណ៍ និង​ ៣ខែទៀត​ សម្រាប់​ស្តាប់​ចម្លើយ​តប​ពីភាគី​កម្ពុជា និង​ឈាន​ទៅ​សម្រេច​ថា​តើសហភាពអឺរ៉ុប ​ត្រូវ​ព្យួរ ឬ​មិន​ព្យួរ EBA។ ដំណាក់​កាល​ចុង​ក្រោយ ប្រសិន​បើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរEAB គេ​ត្រូវ​ទុកពេល ៦ខែ​ទៀត ទើប​សេចក្តី​សម្រេច​នេះ​ចូល​ជា​ធរមាន។

កាលពី​ពេល​កន្លង​ទៅ​ មាន​តែ​ការ​លើក​ឡើង​ពី​សមាជិក​គណៈកម្មការ​អឺរ៉ុប​តែ​ប៉ុណ្ណោះ ដោយ​គ្មាន​សេចក្តីសម្រេច​ផ្លូវការ​ណាមួយរបស់​គណៈកម្មការ​អឺរ៉ុប​ទាំង​មូល ត្រូវ​បាន​ធ្វើ​ឡើង​នោះ​ទេ។ ក៏​ប៉ុន្តែ​កាល​ពី​ថ្ងៃទី១១ ខែកុម្ភៈ គឺ​ជា​ការ​ប្រកាស​ពី​ដំណើរ​ការ​នីតិវិធី​ផ្លូវ​ការ ដែល​អាច​ឈាន​ដល់​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។

ក្នុង​សេចក្តី​ប្រកាស ដែល​ចុះផ្សាយ​នៅ​លើ​គេហទំព័រ​របស់​គណៈកម្មការ​អឺរ៉ុប បញ្ជាក់​ថា ប្រព័ន្ធ​អនុ​គ្រោះពន្ធ អាច​នឹង​ត្រូវ​លុបចោល​ប្រសិន​បើ​ប្រទេស ដែល​ទទួល​បាន​ភាព​អនុគ្រោះ​នេះ មិន​បាន​គោរព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​។​ ការ​ដំណើរ​ការ​នីតិវិធី​នេះ ត្រូវ​បាន​គណៈកម្មការ​អឺរ៉ុប​បញ្ជាក់​ថា ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ស្ថាន​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​។

អនុប្រធាន​គណៈកម្មការ​អឺរ៉ុប លោក​ស្រី Federica Mogherini បាន​បញ្ជាក់​ថា រយៈពេល​១៨​ខែ​កន្លង​មក​នេះ សហភាព​អឺរ៉ុប​បាន​មើល​ឃើញ​នូវ​ការ​ចុះខ្សោយ​ផ្នែក​ប្រជាធិប​តេយ្យ, ការគោរព​សិទ្ធិ​មនុស្ស, និង​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោកស្រី​បន្ត​ថា​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​បោះជំហាន​ដ៏វិជ្ជមាន​មួយ​ចំនួន ពោល​គឺ​មាន​ការ​ដោះលែង​តួអង្គ​នយោបាយ, សកម្មជន​សិទ្ធិ​មនុស្ស, អ្នក​កាសែត, និង​បាន​បន្ធូរបន្ថយ​ដល់​សកម្មភាព​របស់​សង្គម​ស៊ីវិល​រួម​នឹង​សហជីព​ជា​ដើម​។ តែ​ទោះ​បី​ជា​យ៉ាង​ណាក៏​ដោយ​បើ​មិន​មាន​សកម្មភាព​ជា​ដុំកំភួន​ណា​មួយ​ពីរដ្ឋាភិបាល នោះ​ការ​អនុគ្រោះ​ពិសេស​លើ​ការ​នាំចូល​ទំនិញ​កម្ពុជា​ក្នុង​ទីផ្សារ​អឺរ៉ុប​នឹង​ត្រូវ​លើក​មក​ពិភាក្សា។ លោក​ស្រី​សង្កត់​ធ្ងន់​ថា ចំណុច​សំខាន់​នៃ​ភាព​ជា​ដៃ​គូរវាង​សហភាព​អឺរ៉ុប​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា គឺ​ការ​គាំពារ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​នេះ​។

លោក​ស្រី Cecilia Malmström ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប បាន​លើក​ឡើង​ថា វាច្បាស់​ហើយ​ថា ចំណាត់​ការ​នៅ​ថ្ងៃ​នេះ មិន​មែន​ជា​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ ហើយ​ក៏​មិន​មែន​ជា​ទី​បញ្ចប់​នៃ​ដំណើរ​ការ​នីតិវិធី​នេះ​ដែរ​។ ក៏​ប៉ុន្តែ​ពេលវេលាកំពុង​តែ​ដើរ​ទៅ​មុខ សហភាព​អឺរ៉ុប​ចង់​ឃើញ​ពី​វិធានការ​ពិត​ប្រាកដ​នៅ​ពេល​ខាងមុខ​នេះ​។

លោក​ស្រី​បន្ត​ថា ការ​ឃ្លាំមើល​ស្ថាន​ការណ៍​នៅ​កម្ពុជា​ធ្វើ​ឲ្យ​អឺរ៉ុប​សន្និដ្ឋាន​ថា មាន​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ លើ​សិទ្ធិ​មនុស្ស និង​សិទិ្ធ​ការងារ​នៅ​កម្ពុជា​ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​ចង់​រក្សា​​ប្រព័ន្ធ​អនុគ្រោះ​ពិសេស សម្រាប់​ទំនិញ​របស់​កម្ពុជា ដែល​នាំ​ចូល​ទីផ្សារ​អឺរ៉ុប​៕

សូម​ជម្រាប​ជូន​ថា​សហភាព​អឺរ៉ុប គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំបំផុត​មួយ​របស់​កម្ពុជា ពោល​គឺ​មាន​ទំហំ​ប្រមាណ​៤៥​ភាគ​រយ​នៃ​ផលិត​ផល​នាំ​ចេញ​របស់​កម្ពុជា កាល​ពីឆ្នាំ​២០១៨​កន្លង​ទៅ។​ នៅ​ក្នុង​នោះ ផលិតផល​សំលៀកបំពាក់ និង​ស្បែក​ជើង គឺ​មាន​ចំណែក​ទីផ្សារ​ធំបំផុត​នៃ​ផលិត​ផល​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ដែល​មាន​តម្លៃ​ប្រហែល​៥ពាន់​លាន​អឺរ៉ូ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ