ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT

សហភាព​អឺរ៉ុប​បើក​ជំនួបកំពូល​ក្នុងពេល​កំពុង​មាន​បញ្ហា​ចម្រូងចម្រាស​រឿង​ចារកិច្ច​អាមេរិក

សហភាព​អឺរ៉ុប​បើក​ជំនួបកំពូល​ក្នុងពេល​កំពុង​មាន​បញ្ហា​ចម្រូងចម្រាស​រឿង​ចារកិច្ច​អាមេរិក
 
លោកស្រី​អង់ហ្គេឡា មែរកិល (Angela Merkel) ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ REUTERS

ជំនួបកំពូល​ រវាង​ប្រមុខរដ្ឋ ឬ​ប្រមុខរដ្ឋាភិបាល​ បណ្តា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប បាន​ចាប់​ផ្តើម​បើក​ធ្វើ នៅថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​ទីក្រុង​ព្រុចស៊ែល។ គេរំពឹង​ថា បញ្ហា​ធំៗ​ចំនួន​ពីរ​នឹង​គ្របដណ្តប់​កិច្ចពិភាក្សា​ រវាង​ប្រមុខដឹកនាំ​ប្រទេស​​ទាំង ២៨​ នៅ​ក្នុងរយៈពេល​ពីរថ្ងៃនេះ។

តាមរបៀបវារៈ​ដែល​បាន​គ្រោងទុក​ពីដំបូង នៅ​ក្នុង​ជំនួបកំពូល​២ថ្ងៃ​នេះ ត្រូវ​ផ្តោត​ជា​សំខាន់​ទៅលើ​​បញ្ហា​អ្នកអត់ការងារ​ធ្វើ និង​កំណើន​សេដ្ឋកិច្ច ជាពិសេស ទាក់ទង​នឹង​​ឧស្សាហកម្ម​ផ្នែក​ឌីជីថល។

ក៏ប៉ុន្តែ ក្រោយ​ពី​មាន​ហេតុការណ៍​ដែល​កើតឡើង​ផ្ទួនៗ ក្នុង​ប៉ុន្មាន​សប្តាហ៍​កន្លងទៅនេះ ​បញ្ហា​ពីរ​ទៀត ដែល​នឹង​ត្រូវ​គ្រប់ដណ្តប់​លើ​​ជំនួបកំពូល​នេះ។

​ទីមួយ បញ្ហា​​អន្តោប្រវេសន៍។​ ក្រោយ​ពី​មាន​គ្រោះថ្នាក់​ក្រឡាប់​ទូកដឹក​ជនភៀសខ្លួន​ពី​អាហ្វ្រិក នៅ​ក្បែរ​កោះ​របស់​អ៊ីតាលី កាល​ពី​ថ្ងៃទី៣ តុលា ប្រទេស​ខ្លះ ជាពិសេស នៅ​អឺរ៉ុប​ខាង​ត្បូង ជាប់នឹង​សមុទ្រ​មេឌីទែរ៉ាណេ រួមមាន អ៊ីតាលី បារាំង និង​ក្រិក ជាដើម កំពុង​តែ​នាំគ្នា​ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប​បង្កើន​កញ្ចប់​ថវិកា សម្រាប់​ទីភ្នាក់ងារទទួលបន្ទុក​ផ្នែក​ព្រំដែន​រួម​របស់​អឺរ៉ុប ហៅកាត់​ថា Frontex និង​ម្យ៉ាងទៀត ទាមទារ​ឲ្យ​អឺរ៉ុប​ដាក់ចេញ​នូវ​នយោបាយ​រួមមួយ ទាក់ទង​នឹង​បញ្ហា​ជនភៀសខ្លួន ក៏ដូចជា ជនអន្តោប្រវេសន៍ ដើម្បី​ឲ្យ​ប្រទេស​ជាសមាជិក​ទាំងអស់​ជួយជែករំលែក​បន្ទុក​គ្នា ហើយ​បិទបញ្ចប់​​នយោបាយ​បែប​អាត្មានិយម​ដូចជា​ពេល​បច្ចុប្បន្ន ដែល​​ប្រទេស​​នៅ​ជាយៗ​តំបន់​អឺរ៉ុប ត្រូវ​ទទួល​បន្ទុក​តែ​ម្នាក់ឯង។

ទីពីរ ទាក់ទង​នឹងសកម្មភាព​ចារកិច្ច​របស់​អាមេរិក ដែល​ជា​បញ្ហា​កំពុង​តែ​ក្តៅគគុក ក្រោយ​ពី​មាន​លេចឮ​ព័ត៌មាន​ជា​បន្តបន្ទាប់ ពី​រឿង​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក​លួប​ស្តាប់​ការ​សន្ទនា​តាម​ទូរស័ព្ទ នៅ​អឺរ៉ុប។
 
ក្រោយ​ពី​មាន​លេចធ្លាយ​ព័ត៌មាន​ស្តីពី​ការ​លួចស្តាប់​ការសន្ទនា​តាមទូរស័ព្ទ នៅ​ក្នុង​ប្រទេស​បារាំង អាមេរិក​កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា​ចម្រូងចម្រាស​ជាមួយ​នឹង​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ដ៏សំខាន់​មួយទៀត នៅ​អឺរ៉ុប គឺ​អាល្លឺម៉ង់។ យោងតាម​តាមព័ត៌មាន​ចុះផ្សាយ​ដោយ​ទស្សនាវដ្តី​អាល្លឺម៉ង់ Der Spiegel ទូរស័ព្ទ​ដៃ​របស់​លោកស្រី​អង់ហ្គេឡា មែរកិល​ ត្រូវបាន​​ទីភ្នាក់ងារចារកិច្ច​អាមេរិក (NSA) ​លួច​ស្តាប់។

កាលពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ គ្រាន់តែ​លេចធ្លាយព័ត៌មាន​នេះ​ភ្លាម លោកស្រី​មែរកិលក៏​​​បាន​ទូរស័ព្ទ​ភ្លាមៗ ដើម្បី​ទៅដេញដោល​សួរនាំ​លោក​អូបាម៉ា​ជុំវិញ​រឿងនេះ។

បើ​តាម​សេចក្តីថ្លែងការណ៍​ពី​រដ្ឋាភិបាល​ទាំងសងខាង នៅ​ក្នុង​ការ​សន្ទនា​តាមទូរស័ព្ទ​នេះ លោកស្រី​មែរកិល​បាន​ប្រាប់​លោក​អូបាម៉ា​ថា អាមេរិក និង​អាល្លឺម៉ង់ ជា​សម្ព័ន្ធមិត្ត​រាប់​ទសវត្សរ៍​មកហើយ បើ​សិន​ជា​ទូរស័ព្ទ​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់​ត្រូវ​អាមេរិក​លួចស្តាប់មែន វា គឺ​ជា​ការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​សេចក្តីទុកចិត្ត​ រវាង​សម្ព័ន្ធមិត្ត។ លោក​អូបាម៉ា​វិញ​បាន​ប្រាប់​ទៅលោកស្រី​មែរកិល អាមេរិក​មិន​លួច​ស្តាប់​ ហើយ​នឹង​មិនលួច​ស្តាប់​ទូរស័ព្ទ​ដៃ​របស់​លោកស្រីនោះ​ទេ (is not monitoring and will not monitor)។ ការថ្លែង​បែបនេះ​​​មានន័យថា កាលពី​ពេល​កន្លងមក ​អាមេរិកប្រហែលជា​​​បាន​លួច​ស្តាប់​ទូរស័ព្ទ​ដៃ​របស់​លោកស្រី​មែរកិល​ពិតមែន។

នៅថ្ងៃ​ព្រហស្បតិ៍​នេះ ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាល្លឺម៉ង់​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អាមេរិក​​ប្រចាំ​ទីក្រុង​ប៊ែរឡាំង​ឲ្យ​មក​ជួប​ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់​ជុំវិញ​រឿងនេះ។ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាល្លឺម៉ង់វិញ​ក៏​បាន​ប្រកាស​ដែរ​ថា ក្រោយ​ពី​លេចធ្លាយ​រឿង​លួចស្តាប់​ទូរស័ព្ទ​លោក​ស្រី​មែរកិល​នេះ អាល្លឺម៉ង់​នឹង​មិន​អាច​បន្ត​ទំនាក់ទំនង​ធម្មតា​ដូចពីមុន ​ជាមួយ​អាមេរិក ធ្វើដូចជា​គ្មាន​អ្វី​កើតឡើង​បាននោះទេ។ នេះ​មានន័យ​ថា តិច ឬ​ច្រើន រឿង​អាស្រូវ​ចារកិច្ច​នេះ ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​ខូច​ដល់​ទំនាក់ទំនង រវាង​អាមេរិក និង​អាល្លឺម៉ង់ ក៏ដូចជា ទំនាក់ទំនង​ផ្ទាល់​ខ្លួន រវាង​លោក​អូបាម៉ា និង​លោកស្រី​មែរកិល។

នៅ​ក្នុង​អំឡុង​ជំនួបកំពូល​អឺរ៉ុប នៅ​ព្រុចស៊ែល​ នៅថ្ងៃនេះ លោកស្រី​មែរកិល និង​លោក​ហូឡង់ មេដឹកនាំ​ប្រទេស​ពីរ ដែល​ជា​ក្បាលម៉ាស៊ីន​ធំ​របស់​អឺរ៉ុប ហើយ​ដែល​​កំពុង​ជាប់រឿង​អាស្រូវ​ចារកិច្ច​ជាមួយ​អាមេរិក គ្រោង​នឹង​ជួបគ្នា​ទ្វេភាគី ដើម្បី​ជជែក​​ពី​រឿង​ចារកិច្ច​នេះ។ បើតាម​មន្រ្តី​ទូត​បារាំង លោកស្រីមែរកិល និង​លោក​ហូឡង់ ចង់ជជែកគ្នា រក​ជំហររួម​មួយ ដើម្បី​ឆ្លើយតប​នឹង​អាមេរិក៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អាមេរិក-បារាំង

    អាមេរិក​បដិសេធ​ព័ត៌មាន​កាសែត​បារាំង​ជុំវិញ​ការ​លួចស្តាប់​ទូរសព្ទ​ពលរដ្ឋ​បារាំង​

    ស្វែងយល់បន្ថែម

  • បារាំង-អាមេរិក

    អាមេរិក​ព្យាយាម​រំងាប់កំហឹង​បារាំង​ជុំវិញ​រឿង​លួចស្តាប់​ទូរស័ព្ទ​ពលរដ្ឋ​បារាំង

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    បារាំង​កោះហៅ​ឯកអគ្គរដ្ឋទូត​អាមេរិក​ជុំវិញ​សកម្មភាព​ចារកិច្ច​លើ​ពលរដ្ឋ​បារាំង

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    អន្តោប្រវេសន៍​អឺរ៉ុប ៖ នយោបាយ​ខ្លួន​ទី​ពឹង​ខ្លួន !

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ