អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទំនាក់ទំនង​អាមេរិក-​អឺរ៉ុប​តានតឹង​ខ្លាំង​ក្រោយ​លេចធ្លាយ​រឿង​ប្រតិបត្តិការ​ឈ្លប​យកការណ៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​​កំពុងតែ​ស្ថិត​ក្នុង​ភាព​តានតឹង​ខ្លាំង ក្រោយពី​មាន​លេចធ្លាយព័ត៌មាន​​​​ជា​បន្តបន្ទាប់ អំពី​ប្រតិបត្តិការ​យ៉ាង​ធំ​របស់​អាមេរិក ក្នុងការ​ឈ្លបយកការណ៍​សម្ងាត់​ ពី​ស្ថាប័ន និង​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​។ ព័ត៌មាន​ពី​ប្រតិបត្តិយកការណ៍​នេះ​បាន​មក​ពី​អតីត​បុគ្គលិក​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក Edward Snowden។

អតីត​ស្ថានីយ៍​លបស្តាប់​សំឡេង​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក (National Security Agency) នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់
អតីត​ស្ថានីយ៍​លបស្តាប់​សំឡេង​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក (National Security Agency) នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ REUTERS/Pawel Kopczynski
ផ្សាយពាណិជ្ជកម្ម

សំណួរ-តើ​ប្រតិបត្តិការ​ឈ្លបយកការណ៍​សម្ងាត់​របស់​អាមេរិកនេះ​ ធ្វើឡើង​ទៅលើ​ប្រទេសណាខ្លះ ហើយ​នៅ​កន្លែងណាខ្លះ?

ជាដំបូង គួរបញ្ជាក់ថា Edward Snowden អតីត​បុគ្គលិក​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក ដែល​កំពុង​តែ​លាក់ខ្លួន ក្នុង​ព្រលានយន្តហោះ​ម៉ូស្គូ បាន​បញ្ចេញ​ឯកសារ​សម្ងាត់​ទៅ​ឲ្យ​កាសែត​អឺរ៉ុបធំៗ​ពីរ​ចុះផ្សាយ​ គឺ​កាសែត​អាល្លឺម៉ង់ Der Spiegel ចុះផ្សាយ​​កាលពីចុងសប្តាហ៍ និង​កាសែតអង់គ្លេស The Guardian ចុះផ្សាយ​នៅថ្ងៃ​ចន្ទ។

តាម​ការចុះផ្សាយ​របស់​កាសែត​ទាំងពីរ​នេះ ប្រតិបត្តិការ​ឈ្លបយកការណ៍​របស់​​ទីភ្នាក់ងារ​ចារកិច្ច​យោធា​អាមេរិក (NSA) គឺ​ធ្វើឡើង​ទាំង​​ទៅលើ​ស្ថាប័ន​​របស់​សហភាព​អឺរ៉ុប​ និង​ទាំង​ទៅលើ​ស្ថានទូត​របស់​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ជាពិសេស ស្ថានទូត​បារាំង អ៊ីតាលី និង​ក្រិក ប្រចាំ​អ.ស.ប. នៅញូវយ៉ក និង​ប្រចាំ​សហរដ្ឋ​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីងតោន។

ចំពោះស្ថាប័នអឺរ៉ុបវិញ ប្រតិបត្តិការ​ឈ្លបយកការណ៍​របស់ NSA គឺ​ផ្តោត​ទៅលើ​ស្ថានតំណាង​សហភាព​អឺរ៉ុប នៅ​ញូវយ៉ក នៅ​វ៉ាស៊ីងតោន ព្រមទាំង​សាលប្រជុំ​ នៅ​ក្នុង​ទីក្រុង​ព្រុចស៊ែល ជាពិសេស កន្លែង ដែល​មេដឹកនាំ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​តែងតែ​ជួបប្រជុំគ្នា។

ការឈ្លបយកការណ៍​នេះ គឺ​មាន​ធ្វើឡើង​តាម​ច្រើន​រូបភាព រួមមាន​​ការ​ដាក់​ឧបករណ៍​ស្តាប់សំឡេង​តាម​ទូរស័ព្ទ ការ​ដាក់ឧបករណ៍​យកការណ៍​នៅលើ​ម៉ាស៊ីន Fax និង​ការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​អ៊ីនធ័រនែត​ ដើម្បី​លួច​យក​ឯកសារ​សម្ងាត់។ ការ​ឈ្លបយកការណ៍ ពី​អគារ​សហភាព​អឺរ៉ុប នៅ​ក្នុង​ទីក្រុង​ព្រុចស៊ែល ត្រូវ​បាន​ធ្វើ​ចេញ​ពី​ទីស្នាក់ការ​អង្គការ​អូតង់ ដែល​នៅ​ក្បែរ​នោះ។

គេមិនអាច​ដឹងច្បាស់​ថា តើ​អាមេរិក​ចាប់ផ្តើម​ដាក់​ឧបករណ៍​ឈ្លបយកការណ៍​លើ​សហភាព​អឺរ៉ុប​តាំង​ពី​ពេលណាមកទេ ក៏ប៉ុន្តែ ឯកសារ​​បង្ហាញ​ពី​ប្រតិបត្តិការ​ឈ្លបយកការណ៍​ ដែល​ទទួល​បាន​ពី Edward Snowden មាន​ឯកសារ​ខ្លះ​ចុះ​តាំង​ពី​ឆ្នាំ​២០០៧ ហើយ​ខ្លះ​ទៀត ពី​ខែ​កញ្ញា ឆ្នាំ​២០១០។

សំណួរ-អាមេរិក​ និង​សហភាព​អឺរ៉ុប គឺ​ជា​សម្ព័ន្ធ​ចាស់ឆ្នាំ​នឹងគ្នា។ តើ​ហេតុអ្វី​បាន​ជា​អាមេរិក​ឈ្លបយកការណ៍​សម្ងាត់​ពី​គ្នា​ឯង​បែបនេះ?

បើតាម​ឯកសារ​សម្ងាត់ ដែល​បញ្ចេញ​ដោយ​ Edward Snowden ហើយ​ដែល​ចុះផ្សាយ​ដោយ​កាសែត Der Spiegel និង​កាសែត The Guardian គោលដៅ​នៃ​​ប្រតិបត្តិការ​ឈ្លបយកការណ៍​ទៅលើ​សហភាព​អឺរុប​នេះ គឺ​អាមេរិក​ចង់​ដឹង​ពី​ជំហរ​ខុសៗ​គ្នា ចំណុច​មិនចុះសម្រុងគ្នា រវាង​ប្រទេស​សហភាព​អឺរ៉ុប ទាក់ទង​នឹង​បញ្ហា​អន្តរជាតិសំខាន់ៗ។

ប្រហែល​ជា​ក្នុងគោលដៅ​នេះ​ហើយ ដែល​អាមេរិក​ផ្តោត​ការ​ឈ្លបយកការណ៍​ទៅលើ​ប្រទេស​ដែល​មាន​ទម្ងន់នយោបាយ និង​សេដ្ឋកិច្ច ក្នុង​សហភាព​អឺរ៉ុប ដូចជា អាល្លឺម៉ង់ បារាំង និង​អ៊ីតាលី។

តាមធម្មតា ការ​ឈ្លបយកការណ៍​គ្នា​ទៅវិញទៅមក រវាង​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​ ភាគច្រើន ក្នុងគោលដៅ​​ប្រមូល​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច ឧស្សាហកម្ម​ ឬ​បច្ចេកវិទ្យា ដើម្បី​ប្រកួតប្រជែង​គ្នា​ខាង​ពាណិជ្ជកម្ម ឬ​ដើម្បី​យក​មក​ប្រើ​ក្នុង​ការចរចា​កិច្ចព្រមព្រៀង​ណាមួយ។​

បើ​តាម​ឯកសារ​ផ្តល់​ដោយ Edward Snowden ក្រៅពីប្រទេស​នៅ​អឺរ៉ុប ប្រទេស​ជាសម្ព័ន្ធមិត្ត​អាមេរិក​ជាច្រើន​ផ្សេងទៀត ដូចជា ជប៉ុន កូរ៉េ​ខាង​ត្បូង តួកគី ឥណ្ឌា និង​ម៉ិចស៊ិក ជាដើម ក៏​ត្រូវ​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក​ឈ្លបយកការណ៍​សម្ងាត់​ដែរ។

ការ​ឈ្លបយកការណ៍​ទៅលើ​ប្រទេស​ជា​សម្ព័ន្ធមិត្ត​នេះ ក៏​មិនមែន​ជា​រឿង​កម្រ​នោះដែរ គ្រាន់តែថា តើ​​ធ្វើឡើង​ក្នុង​ទ្រង់ទ្រាយ​តូច ឬ​ក៏​ធំ ហើយ​ធ្វើ​ទៅ​លាក់ការណ៍​ជិត ឬ​មិនជិត?

សំណួរ-បញ្ហា​គឺ​នៅត្រង់ថា ប្រតិបត្តិការ​ឈ្លបយកការណ៍​សម្ងាត់​របស់​អាមេរិក​នៅពេលនេះ គឺ​លាក់​មិនជិត ហើយ​ត្រូវ​បែក​ធ្លាយ​ចេញ​មក​ក្រៅ។ បើតាមមើលទៅ តើ​ការលេចធ្លាយ​រឿង​ប្រតិបត្តិការ​ឈ្លបយកការណ៍​សម្ងាត់​ពេលនេះ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​​ត្រឹមកម្រិតណា ដល់​ទំនាក់ទំនង​ រវាង​អឺរ៉ុប និង​អាមេរិក?

បញ្ហា​ដែល​អាច​ចោទឡើង​ គឺ​ទាក់ទង​នឹង​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី ដែល​អាមេរិក និង​សហភាព​អឺរ៉ុប ត្រូវ​បើក​ធ្វើ ចាប់ពី​សប្តាហ៍ក្រោយទៅ។ នៅពេលនេះ មាន​មន្រ្តី​សហភាព​អឺរ៉ុប​ខ្លះ បានព្រមាន​ថា ការលេចធ្លាយ​ព័ត៌មាន​រឿង​អាមេរិក​លួចយកការណ៍​សម្ងាត់​ពី​សហភាព​អឺរ៉ុប​នេះ អាច​នឹង​ធ្វើ​ឲ្យ​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ត្រូវ​ជួប​នឹង​បញ្ហា។ សមាជិក​ម្នាក់​របស់​គណៈកម្មការ​អឺរ៉ុប​បាន​លើកឡើង កាលពីម្សិលមិញ​ថា អឺរ៉ុប​មិនអាច​ចរចា​ជាមួយអាមេរិក​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីនេះ​បានទេ បើ​សិន​ជា​មាន​មន្ទិលសង្ស័យថា អាមេរិក​លួច​ស្តាប់​ការ​សន្ទនា​របស់​មន្រ្តី​ដឹកនាំ​ការចរចា។

មាន​អ្នក​នយោបាយ​ខ្លះ ជាពិសេស នៅ​បារាំង រហូតនាំ​គ្នា​ទាមទារ​ឲ្យ​ប្រទេស​សមាជិក​អឺរ៉ុប ផ្តល់​សិទ្ធិជ្រកកោន​នយោបាយ​ដល់​ Edward Snowden ដើម្បី​ជា​ការ​ផ្តល់​មេរៀន​ដល់​អាមេរិក។ ក៏ប៉ុន្តែ ការ​ទាមទារ​នេះ ភាគច្រើន​ចេញ​ពី​សមាជិក​សភា​អឺរ៉ុប ឬ​ក៏​គណបក្ស​ប្រឆាំង។ មិនមាន​ចេញ​ពី​មន្រ្តីរដ្ឋាភិបាល​ណាមួយ​ទេ!

ពីខាង​រដ្ឋាភិបាល​ និង​ស្ថាប័ន​អឺរ៉ុប គេ​ឃើញ​មាន​តែ​ការ​ទាមទារ​ឲ្យ​អាមេរិក​ផ្តល់​ការ​បកស្រាយ​ឲ្យ​បាន​សមស្របមួយ ហើយ​ត្រូវ​ធ្វើ​ឲ្យ​បាន​ឆាប់​ថា តើ​អាមេរិក​ពិត​ជា​បាន​ឈ្លបយកការណ៍​សម្ងាត់​ពី​ការិយាល័យ​សហភាព​អឺរ៉ុប ដូចការ​ចុះផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន​នេះ​ដែរ​ឬ​ក៏​អត់?

អាមេរិក​នៅ​មិនទាន់​ឆ្លើយតប​មក​វិញ​​នៅឡើយទេ។ ក៏ប៉ុន្តែ មេដឹកនាំ​ផ្នែក​ចារកិច្ច​អាមេរិក​បាន​លើកឡើង​ថា អាមេរិកនឹង​ឆ្លើយតប​ទៅ​សហភាព​អឺរ៉ុប​វិញ​តាម​ផ្លូវ​ទូត ហើយ​មិន​ធ្វើ​អត្ថាធិប្បាយអ្វី​ជា​សាធារណៈ​ទេ គ្រាន់តែ​សុំបញ្ជាក់​ថា អាមេរិក​ពិត​ជា​មាន​ប្រតិបត្តិការ​ឈ្លបយកការណ៍សម្ងាត់​នៅ​បរទេស​មែន ក៏ប៉ុន្តែ វា​ជា​ប្រតិបត្តិការ​ឈ្លបយកការណ៍​ ដែល​​គ្រប់ប្រទេស​ផ្សេងៗ​ទៀត​ក៏​តែងតែ​ធ្វើ​ដូចគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ