អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិ​រថយន្ត​ប្រើ​ម៉ាស៊ូតនៅអឺរ៉ុប​ ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​Toyota ក្លាយ​ជាអ្នក​ទទួល​ផល​ប្រយោជន៍​ច្រើន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ប្រទេស​ស្វីស​  ​ថ្ងៃព្រហស្បតិ៍​ ទី​៨មីនា​នេះមាន​ការរៀបចំ​​ពិព័រណ៌​រថយន្តថ្មី​ៗ​ ចំនួន​៩០០គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ទំនើបៗ​ដើរដោយ​អគ្គិសនី​ផង។ គេ​រំពឹង​ថា នឹង​មា​នអ្នក​ចូល​ទស្សនា​ ជាង​៧០ម៉ឺន​​​​នាក់​​។ ​ ការ​ពិព័រណ៌​រថយន្តនេះ គឺរៀប​ចំ​ធ្វើ​បន្ទាប់ពី​តុលាការ​អាល្លឺម៉ង់ បាន​ចេញ​សេចក្តី​សម្រេច​ហាម​ឃាត់រថយន្ត​ដែលប្រើ​ប្រេង​ម៉ាស៊ូត​មិនឲ្យ​បើកបរនៅ​ក្នុង​ទីក្រុងធំៗ​របស់​អាល្លឺម៉ង់​។​ ទីក្រុង​ប៉ារីស​របស់​បារាំង ក៏នឹង​​មាន​ការ​ហាម​ឃាត់បែប​​នេះ​ដែរ នៅពេល​ខាង​មុខ​។ ចំពោះ​វិធានាការនេះ អ្នក​ជំនាញផ្នែក​រថយន្ត​នៅ​អឺរ៉ុប​មើលឃើញថា ក្រុម​ហ៊ុនរថយន្ត​​Toyotaរបស់​ជប៉ុន​​នឹង​ក្លាយ​ជាអ្នក​ទទួល​ផល​ប្រយោជន៍​យ៉ាង​ច្រើន​សម្បើម​ជាង​គេ។

អង្គការ​ Greenpeace បាតុកម្មនៅមុខ​តុលាការ​ Leipzig ប្រទេស​អាល្លឺម៉ង កាលពីចុង​ខែកុម្ភៈ
អង្គការ​ Greenpeace បាតុកម្មនៅមុខ​តុលាការ​ Leipzig ប្រទេស​អាល្លឺម៉ង កាលពីចុង​ខែកុម្ភៈ REUTERS
ផ្សាយពាណិជ្ជកម្ម

ដើម្បី​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន និង​ការ​បន្ថយ​ឧស្ម័ន​កាបូនិក តុលាការ​អាល្លឺម៉ង់​ បា​នចេញ​សាលដីកាពី​ពេ​លថ្មីៗនេះ សម្រេច​ឈប់ឲ្យ​ប្រើ​រថយន្តដើរដោយ​ប្រេង​​ម៉ាស៊ូត ឬ Diesel នៅ​ក្នុង​ទីរដ្ឋធានី និង​ទីក្រុង​ធំៗ​របស់​អាល្លឺម៉ង។ ប្រធាន​អង្គការ​អន្តរជាតិ​នៃ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ (OICA) លោក Matthias Wissmann បាន​ប្រតិកម្ម​ពី​ទីក្រុង​ហ្សឺណែវ នៅ​ថ្ងៃពុធ​ទី​៧មីនាម្សិលមិញ​​ ថា វា​មិនមែន​ជា​រឿង​ឆ្លាត​សោះ ដែល​​ចង់​បិទខ្ទប់​ការ​ប្រើ​ប្រាស់​រថយន្ត​ Diesel នៅ​អឺរ៉ុប​។​

ចំណែក​ប្រទេស​បារាំងវិញ​ ក៏​បាន​ចេញ​សេចក្តី​សម្រេច​រួច​ហើយដែរ គឺត្រូវ​បញ្ឈប់​ការ​​ប្រើប្រាស់​រថយន្ត​ស៊ី​ប្រេង​ម៉ាស៊ូត ត្រឹម​ឆ្នាំ​២០២០។

ចំណាត់​ការរបស់​ប្រទេស​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​អឺរ៉ុប​នេះ បា​នធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម​ហ៊ុន​ផលិត​រថយន្តជា​ច្រើន​ ក្នុង​មាន​ជាអាទិ៍​​ BMW  ជា​​ដើម។ ក្រុម​ហ៊ុន​នេះ បាន​សម្រេចចិត្ត​​រក​ទីផ្សា​រ​​ថ្មីបន្ថែម​ទៀត​ សម្រាប់​ការ​បន្ត​ផលិត​រថយន្ត​ប្រើ​​ប្រេង​​ម៉ាស៊ូត យកទៅលក់នៅ​អាស៊ី ដូច​ជា​ កូរ៉េខាងត្បូង​ និង​នៅ​អាមេរិក។ ក៏ប៉ុន្តែ ដោយសារតែ​លោក​ប្រធានាធិបតី​អាមេរិក  បាន​សម្រេច​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដែក​ថែម​និង​អាលុយ​មីញ៉ូម ម្ចាស់​ក្រុម​ហ៊ុន​រថយន្ត​នៅ​អឺរ៉ុប​ បាន​មើល​ឃើញ​ជា​ស្រេច​ពី​ផល​វិបាក​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ ចំពោះ​ការ​នាំ​ចូល​រថយន្ត​របស់​ពួក​គេ​ទៅកាន់​អាមេរិក។ ទន្ទឹម​នេះ ការ​ដកខ្លួន​របស់​អង់គ្លេសពី​សហភាព​អឺរ៉ុប ក៏​ជា​ការ​លំបាក​មួយ​ដែរសម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​ ដែល​ត្រូវ​នាំចេញ​ទៅលក់​នៅ​អង់គ្លេស។​

ម្យ៉ាង​វិញទៀត ក្រុម​ហ៊ុន​ផលិត​រថយន្ត​នៅ​អឺរ៉ុប កំពុង​ងាក​ទៅ​ផលិត​រថយន្ត​ដើរ​ដោយ​អគ្គិសនី​សុទ្ធតែម្តង​ ក៏ប៉ុន្តែ នៅ​ជួប​​កង្វះ​ខាតច្រើន​ ផ្នែក​បច្ចេកទេស និង​ ត្រូវ​ការ​កន្លែង​សាក​អគ្គិសនី​ច្រើន​។ នេះ​គឺ​ជា​ឧបសគ្គ​ខ្លាំង​។​ បើ​ទោះ​យ៉ាងណា​ក្តី ការ​ហាម​ឃាត់ដាក់​កម្រិត​ឲ្យ​ឈប់​ប្រើប្រាស់​រថយន្ត​ស៊ីប្រេងម៉ាស៊ូត​នេះ ក្រុម​ហ៊ុន​​ផលិត​រថយន្ត​ដើរ​ដោយ​អគ្គិសនី​ ដូចជា Renault, Nissan, Tesla, និង​BMW ក៏​បាន​ទទួល​ផល​ចំណេញខ្លះ​​ដែរ។

ក្រុម​ហ៊ុន​ TOYOTA របស់​ជប៉ុន​ទទួល​ផលប្រយោជន៍​ច្រើន​ជាងគេ ចំពោះវិបត្តិ​រថយន្ត​ប្រើ​ម៉ាស៊ូត

ក្រុម​ហ៊ុន​ផលិត​រថយន្ត​ Toyota របស់​ជប៉ុន ​គឺជា​អ្នក​​កើបឱកាស​ផលចំណេញ​យ៉ាង​សម្បើម​ជាង​គេ។ ក្រុមហ៊ុន​នេះចំណេញ​ជាង​គេ ព្រោះថា​ ​ជប៉ុន​ ផលិតរថយន្ត​ប្រើ​ប្រេង​ម៉ាស៊ូត​សម្រាប់​លក់​នៅ​ទីផ្សារ​អឺរ៉ុប​ គឺ​មិន​សូវ​មាន​ច្រើន​ទេ ប្រហែល​តែ​ជាង​១០ភាគ​ប៉ុណ្ណោះ នៃ​ការ​លក់រថយន្តរបស់​ជប៉ុន​នៅ​អឺរ៉ុប​។​ ដូច្នេះ ការ​ហាម​ឃាត់​ ឈប់​ឲ្យ​ប្រើ​រថយន្ត​ដែល​ដើរ​ដោយ​ប្រេង​ម៉ាស៊ូត គឺ​ក្រុម​ហ៊ុនជប៉ុន មិន​សូវ​ជា​បង់​ខាន​ច្រើនទេ បើ​ធៀប​នឹង​ក្រុម​ហ៊ុន​រថយន្ត​អឺរ៉ុប​ផ្សេងទៀត។ មិន​តែប៉ុណ្ណោះ ជប៉ុន បាន​បញ្ជាក់ថា នឹង​​បញ្ចប់ការ​នាំ​ចូល​រថយន្ត​ប្រើ​ម៉ាស៊ូត​ទៅ​អឺរ៉ុប​ នៅ​ចុង​ឆ្នាំ​នេះហើយ​។

លោក​ Ferdinand Dudenhöffer ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវរថយន្ត​ មាន​មូលដ្ឋាន​នៅ​អាល្លឺម៉ង់ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ក្រុម​ហ៊ុន​រថយន្ត​ផលិត​រថយន្ត ទាំង​ដើរដោយ​ប្រេង​ម៉ាស៊ូត ​ដោយ​អគ្គិសនី និង​សាំងក្តី​នោះ​ ​អ្នកទទួល​ផល​កាក់កប​ជាងគេ​នៅពេល​នេះ គឺ​មានតែ​ Toyota។​ អ្នក​ជំនាញ​នៅ​វិទ្យាស្ថានស្រាវជ្រាវរថយន្ត នៅអាល្លឺម៉ង់ បញ្ជាក់ដែរថា ជប៉ុន​ទទួល​ផល​ចំណេញ​ខ្លាំង​នៅគ្រា​នេះ​ ដោយសារតែ Toyota បាន​គិត​គូរ​ពី​អតីតកាល​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិជ្ជា​។​

ក្រុម​ហ៊ុន​Toyota ​នេះ មាន​បច្ចេកទេស​ខ្ពស់​ ខាង​ការ​ផលិត​រថយន្ត​ដែល​ប្រើ​សាំង​និង​អាគុយ​សាកសាកថ្ម​ដោយ​ខ្លួន​ឯង​។ Toyota គឺ​ជាក្រុម​ហ៊ុន​ផលិត​រថយន្ត​ធំ​លំដាប់​ទី​៣លើពិភពលោក និង​អ្នក​ផលិត​លំដាប់​ទី​២នៅ​អឺរ៉ុប​។ និន្នន័យ​កាលពី​ឆ្នាំ​២០១៧  ​ទីផ្សាររថយន្ត Toyota នៅ​អឺរ៉ុប​​ គឺមាន​ប្រមាណ ​​ជាង​៤៥ភាគ​រយ​ ជា​រថយន្ត​កូន​កាត់ ស៊ី​សាំង​និង​សាកអាគុយ ដែល​ជា​ការ​និយមខ្លាំង​​​។ ក្រុមហ៊ុន​របស់​ជប៉ុននេះ​ បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម លំដាប់​លេខ​៤ ចំណោម​ម៉ាក់​រថយន្ត​ល្បី​ៗ ចំនួន​៦ម៉ាក់ នៅ​អឺរ៉ុប។

២០ឆ្នាំចុងក្រោយ​នេះ  Toyota ផលិត​រថយន្ត​បា​នជាង​១១លាន​៥សែន​គ្រឿង លក់ទូទាំង​ពិភព​​លោក ហើយ​គ្រាន់តែ​មួយ​ឆ្នាំ​២០១៧ ក្រុម​ហ៊ុន​ជប៉ុន​មួយនេះ ​ផលិត​រថយន្ត ជាង​១លាន​៥សែន​គ្រឿង​។ សម្រាប់​ការ​អភិវឌ្ឍ​បច្ចេកវិជ្ជានិង​ការ​គិត​គូរ​ដល់​បរិស្ថាន​​ ក្រុម​ហ៊ុន Toyota បាន​បន្ត​អភិវឌ្ឍការ​ផលិត​​រថយន្ត​ដោយ​រឹតតែ​កាត់​បន្ថយការ​បំភាយ​​ឧស្ម័ន​កាបូនិក ចន្លោះ​ពី​១០ទៅ​២០ភាគ​រយ​បន្ថែមទៀត​ ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ