ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT

បារំាង និង​រវ៉ាន់ដា​បន្ត​មើល​មុខ​គ្នា​មិន​ចំ​ដោយសារ​សំណុំរឿង​កាល​ពី​ជាង​ ២០ឆ្នំាមុន

បារំាង និង​រវ៉ាន់ដា​បន្ត​មើល​មុខ​គ្នា​មិន​ចំ​ដោយសារ​សំណុំរឿង​កាល​ពី​ជាង​ ២០ឆ្នំាមុន
 
លោក Jean-Claude Lafourcade អតីត​មេបញ្ជាការ​ប្រតិបត្តិ​ការ Turquoise ក្នុង​ប្រទេស​រវ៉ាន់ដា FRANCOIS LO PRESTI / AFP

សំណុំរឿង​ជាង ២០ឆ្នាំ​មុន​នៅ​ក្នុង​ប្រទេស​រវ៉ាន់ដា​បាន និង​កំពុង​បន្ត​បំពុល​ទំនាក់ទំនង​រវាង​ប្រទេស​បារាំង និង​ប្រទេស​អាហ្រ្វិក​មួយ​នេះ​មក​ដល់​សព្វថ្ងៃ។ សំណុំរឿង​ជាង ២០ឆ្នាំ​មុន​នោះ គឺ​អំពើ​ប្រល័យពូជសាសន៍​នៅ​ក្នុង​ប្រទេស​រវ៉ាន់ដា​កាល​ពី​ថ្ងៃ​ទី៧ មេសា ឆ្នំា ១៩៩៤។ ក្នុង​រយៈ​ពេល ១០០ថ្ងៃ អំពើ​ប្រល័យពូជសាសន៍​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត ១លាននាក់​ដែល​ភាគ​ច្រើន​ជា​ជនជាតិពិន្ធុ​ទូតស៊ី។ ជាង២០ឆ្នំា​ក្រោយ​មក ទីក្រុង​គីហ្គាលី​បន្ត​ចោទ​ទីក្រុង​ប៉ារីស ពិសេស​ទាហាន​បារាំង​ពី​បទ​រួម​គំនិត​នៅ​ក្នុង​អំពើប្រល័យ​ពូជសាសន៍ តែ​ប៉ារីស​បន្ត​បដិសេធ។ នៅ​ពាក់កណ្តាល​ខែ​មករា​កន្លង​ទៅ ឧត្តមសេនីយ​បារាំង​ហ្សង់ខ្លូត ឡាហ្វួតកាដ​បាន​ឆ្លើយ​ការពារ​ទាហាន​បារាំង​នៅ​ចំពោះ​ចៅក្រម​បារាំង។

បច្ចុប្បន្ន​មាន​អាយុ ៧២ឆ្នាំ និង​បាន​ចូលនិវត្តន៍​ទៅ​ហើយ តែ​ឧត្តមសេនីយ​បារាំង​ហ្សង់ខ្លូត ឡាហ្វួតកាដ (Jean-Claude Lafourcade) គឺ​ជា​ឥស្សរជន​ម្នាក់​មិន​អាច​ខ្វះ​បាន​ដើម្បី​ស្វែង​រក​ការ​ពិត​ជុំវិញ​ព្រឹត្តិការណ៍​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​ប្រទេស​រវ៉ាន់ដា​កាល​ពី​ជាង ២០ឆ្នាំ​មុន។ ជម្រើស​កោះ​ហៅ​ឧត្តមសេនីយ​ហ្សង់ខ្លូត ឡាហ្វួតកាដ (Jean-Claude Lafourcade) ឲ្យ​ចូល​បំភ្លឺ​នៅ​មុខ​ចៅក្រម​បារាំង​រយៈ ៣ថ្ងៃ ពី​ថ្ងៃទី១២ ដល់​ថ្ងៃទី១៤ មករា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ។ មិន​ចៃដន្យ​ព្រោះ​ឧត្តមសេនីយ​ហ្សង់ខ្លូត ឡាហ្វួតកាដ (Jean-Claude Lafourcade) គឺ​ជា​មេបញ្ជាការ​នៃ​ប្រតិបត្តិការ Turquoise របស់​បារាំង​នៅ​ក្នុង​អំឡុង​ពេល​កើត​មាន​អំពើ​ប្រល័យពូជសាសន៍​ក្នុង​ប្រទេស​រវ៉ាន់ដា​ឆ្នាំ ១៩៩៤។

សំណួរ​មួយ​ដែល​ចៅក្រម​បារាំង​ចង់​បាន​ចម្លើយ​ជាក់ច្បាស់​ពី​ឧត្តមសេនីយ​ហ្សង់ខ្លូត ឡាហ្វួតកាដ (Jean-Claude Lafourcade) នោះ​គឺ​ថា តើ​បេសកកម្ម Turquoise របស់​បារាំង​នៅ​រវ៉ាន់ដា​កាលណោះ ជា​បេសកកម្ម​ដើម្បី​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍ ឬ​មួយ​ក៏​បែរ​ជា​ទៅ​ជួយ​គាំទ្រ​ពួក​ជនជាតិ​ពិន្ធុ​ហ៊ូទូ​ឲ្យ​​សម្លាប់​ពួក​ហ៊ូទូ​​យ៉ាង​រង្គាល​ទៅ​វិញ?។

សូម​ជម្រាប​ជូន​ថា បេសកកម្ម Turquoise ដែល​បាន​ទទួល​ការ​អនុញ្ញាត​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ផ្តើម​ពង្រាយ​កម្លាំងទ័ព​នៅ​រវ៉ាន់ដា​ពី​ថ្ងៃទី២២ មិថុនា ឆ្នាំ ១៩៩៤ ពោល ២ខែ​កន្លះ​ក្រោយ​ការ​ផ្ទុះ​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​ថ្ងៃទី៧ មេសា។ នៅ​ថ្ងៃទី២៧ មិថុនា កងទ័ព​បារាំង​បាន​ទៅ​កាន់​តំបន់​ជ្រលងភ្នំ Bisesero ស្ថិត​ប៉ែក​ខាង​លិច​ប្រទេស​រវ៉ាន់ដា​ដែល​មាន​ពួក​ទូតស៊ី​ជា​ច្រើន​រយ​នាក់​កំពុង​លាក់ខ្លួន​សម្ងំ​គេច​ពី​ការ​កាប់​សម្លាប់​របស់​ពួក​ហ៊ូទូ។ តែ​បញ្ហា​នៅ​ត្រង់​ថា ទាហាន​បារាំង​បាន​ត្រឡប់​ទៅ​ជួយ​ពួក​គេ​នៅ ៣ថ្ងៃ​ក្រោយ​មក។ កំបាំង​តែ​រយៈពេល ៣ថ្ងៃ​ពីថ្ងៃទី២៧ ដល់​ថ្ងៃទី៣០ មិថុនា ១៩៩៤ ពួក​ហ៊ូទូ​បាន​ចូល​ទៅ​សម្លាប់​ពួក​ទូតស៊ី​អស់​ជា​ច្រើន​រយនាក់។

តើ​ទង្វើ​របស់​ទាហាន​បារាំង​ពេល​នោះ គឺ​ជា​ទង្វើ​មួយ​មាន​ចេតនា ឬ​មួយ​ក៏​ជា​ការ​មើលស្រាល​ស្ថានការណ៍?។ នេះ​ជា​សំណួរ​មួយ​ដែល​ក្រុមអង្គការ​សិទ្ធិមនុស្ស និង​ក្រុមសមាគម​ជនរងគ្រោះ​ចង់​បាន​ចម្លើយ​ស្មោះត្រង់​ពី​រដ្ឋាភិបាល​បារាំង។ យោង​តាម​តួលេខ​ផ្តល់​ដោយ​អង្គការ​សហប្រជាជាតិ អំពើ​ប្រល័យ​ពូជសាសន៍​នៅ​រវ៉ាន់ដា​រយៈពេល ១០០ថ្ងៃ​ដែល​ចាប់​ផ្តើម​ពី​ថ្ងៃទី៧ មេសា ១៩៩៤ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៨០០ ០០០នាក់ ភាគច្រើន​ជា​ពួក​ទូតស៊ី។

ជាង ២០ឆ្នាំ​ក្រោយ​មក ព្រឹត្តិការណ៍​មួយ​នេះ​នៅ​បន្ត​ជា​បច្ចុប្បន្នភាព​យ៉ាង​ក្តៅគគុក​រវាង​បារាំង និង​រវ៉ាន់ដា។ នៅ​ថ្ងៃទី៧ មេសា ឆ្នាំ ២០១៥ ដែល​ជា​ខួប​គម្រប់ ២០ឆ្នាំ​នៃ​អំពើ​ប្រល័យពូជសាសន៍ លោក​ប្រធានាធិបតី​រវ៉ាន់ដា​ប៉ូល កាហ្គាមេ​បាន​ចោទ​បារាំង​ចំ​មុខ​ពី​បទ​មាន​ដៃប្រឡាក់​ឈាម​ដោយ​ផ្ទាល់​នៅ​ក្នុង​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​នោះ។ ពាក្យ​ចោទ​ប្រកាន់​របស់​លោក​ប៉ូល កាហ្គាមេ​កាល​ណោះ​បាន​ធ្វើ​ទីក្រុង​ប៉ារីស​ឆេះកន្ទុយ និង​បាន​សម្រេច​មិន​បញ្ជូន​អ្នកតំណាង​របស់​ខ្លួន​ឲ្យ​ទៅ​ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យ​នោះ។ បារាំង​នៅ​តែ​យល់​ថា ខ្លួន​គ្មាន​ជាប់​ជំពាក់​វាក់វិន​នឹង​អំពើប្រល័យពូជសាសន៍​នៅ​រវ៉ាន់ដា​នោះ​ទេ។

បើ​អ៊ីចឹង ចុះ​ហេតុអ្វី​បាន​ជា​ទីក្រុង​គីហ្គាលី​នៅ​បន្ត​ចង្អុល​មុខ​ទីក្រុង​ប៉ារីស​មិន​ដក​ដៃ​យ៉ាង​ដូច្នេះ?

មុន​នឹង​ឆ្លើយ​សំណួរ​នេះ គេ​គួរ​តែ​បក​ក្រោយ​មើល​ប្រវត្តិ​របស់​ប្រទេស​រវ៉ាន់ដា​ជាមុន​សិន ពិសេស​ស្ថានការណ៍​នយោបាយ​នៅ​មុន​ផ្ទុះ​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​ខែ​មេសា ឆ្នំា ១៩៩៤។ មាន​សហគមន៍​ជាតិពិន្ធុ ៣ខុស​គ្នា​នៅ​រវ៉ាន់ដា គឺ​ហ៊ូទូ ទូតស៊ី និង​ត្វា។ នៅ​មុន​ផ្ទុះ​អំពើ​ប្រល័យ​ពូជសាសន៍ អំណាច​ស្ថិត​ក្នុង​ដៃ​ជាតិពិន្ធុ​ហ៊ូទូ​ដឹកនំា​ដោយ​លោក​ប្រធានាធិបតី យូវេណាល់ ហាយ៉ារីម៉ាណា។ តែ​រដ្ឋាភិបាល​របស់​លោក​ហាយ៉ារីម៉ាណា​បាន​ប្រឈម​មុខ​នឹង​ការ​បះបោរ​របស់​ក្រុមឧទ្ទាម​ជាតិពិន្ធុ​ទូតស៊ី​ដឹកនំា​ដោយ​លោក​ប៉ូល កាហ្គាមេ​ដែល​ជា​ប្រធានាធិបតី​សព្វ​ថ្ងៃ។

កាល​ណោះ រដ្ឋាភិបាល​បារំាង​របស់​លោក​ប្រធានាធិបតី​ហ្វ្រង់ស័រ មីតេរ៉ង់​បាន​បញ្ជូន​ទ័ព​ទៅ​ជួយ​គាំទ្រ​លោក ហាយ៉ារីម៉ាណា​ប្រឆំាង​នឹង​ពួក​ឧទ្ទាម​ទូតស៊ី​របស់​លោក​ប៉ូល កាហ្គាមេ។ ក្នុង​ឆ្នំា ១៩៩៣ កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​រក​ឃើញ​រវាង​លោក​ហាយ៉ារីម៉ាណា និង​លោក​ប៉ូល កាហ្គាមេ​ដែល​ធានា​ឲ្យ​មាន​ការ​វិលត្រឡប់​របស់​ជនភៀសខ្លួន​ទូតស៊ី និង​ការ​បែងចែក​អំណាច​រវាង​ហ៊ូទូ និង​ទូតស៊ី។ បន្ទាប់​ពី​បារំាង​បាន​ដក​ទ័ព​ចេញ អ្វីៗ​បាន​ក្រឡាប់​ចាក់​ជា​ថ្មី​នៅ​ក្រោយ​ការ​ស្លាប់​របស់​លោក​ហាយ៉ារីម៉ាណា​នៅ​ក្នុង​អំពើភេរវកម្ម​វាយប្រហារ​លើ​យន្តហោះ​ដែល​លោក​កំពុង​ជិះ។

កាល​ណោះ ពួក​ហ៊ូទូ​បាន​ចេញ​មុខ​សងសឹក​សម្លាប់​ពួក​ទូតស៊ី​ដោយ​មិន​រើស​មុខ​ចាប់​ពី​ថ្ងៃទី៧ មេសា ដល់​ខែ​កក្កដា ១៩៩៤។ នៅ​ពេល​នោះ បារាំង​ក៏​បាន​បញ្ជូន​ទ័ព​ជា​ថ្មី​ទៅ​រវ៉ាន់ដា​ក្នុង​ខែ​មិថុនា ឆ្នំា ១៩៩៤។ ដូច្នេះ ចុះ​ហេតុអ្វី​បាន​ជា​ទង្វើ​សម្លាប់​រង្គាល​បែរ​ជា​បន្ត​រហូត​ដល់​ខែ​កក្កដា​ទើប​ចប់?

ទីក្រុង​ប៉ារីស​ពិបាក​ឆ្លើយ តែ​ទីក្រុង​គីហ្គាលី​បាន​ឆ្លើយ​ដោយ​មិន​អល់អែក​ថា ទាហាន​បារំាង​ជា​អ្នក​ជួយ​គំាទ្រ​ពួក​ហ៊ូទូ​ឲ្យ​សម្លាប់​ពួក​ទូតស៊ី។ ជាង ២០ឆ្នាំ​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃទី៧ មេសា ១៩៩៤ ទីក្រុង​គីហ្គាលី និង​ទីក្រុង​ប៉ារីស​បន្ត​អង្គុយ​បែរ​ខ្នង​ដាក់​គ្នា​មក​ដល់សព្វថ្ងៃ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • បារាំង-រវ៉ាន់ដា

    បារាំង​ទម្លាយ​ឯកសារ​សម្ងាត់​​ទាក់ទង​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​រវ៉ាន់ដា​ដើម្បី​តម្លាភាព​និង​ការ​ពិត

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ​​តើ​​នរណា​​ខ្លះ​​មាន​​ជាប់​​ពាក់ព័ន្ធ​នឹង​​អំពើ​​​ប្រល័យ​ពូជសាសន៍​រវ៉ាន់ដា ​​ ?

    ស្វែងយល់បន្ថែម

  • បារាំង​-រវ៉ាន់ដា

    ប្រល័យពូជសាសន៍​នៅ​រវ៉ាន់ដា ៖ តុលាការ​សម្រេច​ដាក់​ទោស​២៥​ឆ្នាំ​លើ​អតីត​ប្រធាន​កង​ស៊ើបការណ៍

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    តុលាការ​​បារាំង​​ជំនុំ​ជម្រះ​ជា​លើកទីមួយ​ ​ជនសង្ស័យ​​​​ប្រល័យ​​ពូជសាសន៍​ នៅ​រវ៉ាន់ដា

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ