អានតួអត្ថបទ
ប៉ារីស

ថ្នំាវ៉ាក់សំាង​លើក​ដំបូង​ប្រឆំាង​នឹង​មេរោគ​អេបូឡា​មាន​ប្រសិទ្ធិភាព ១០០%

នៅ​ថ្ងៃ​សុក្រ ទី៣១ កក្កដា ក្រុម​ប្រទេស​ស្រាវជ្រាវ​រក​ថ្នំាវ៉ាក់សំាង​ប្រឆំាង​នឹង​មេរោគ​អេបូឡា​បាន​ប្រកាស​ឲ្យ​ដឹង​ថា ថ្នំាវ៉ាក់សំាង​ឈ្មោះ VSV-ZEBOV លើក​ដំបូង​ដែល​ពួក​គេ​ផ្តើម​ធ្វើ​ការ​សាកល្បង​លើកទី១ នៅ​ក្នុង​ប្រទេស​ហ្គីណេ​លើ​មនុស្ស​ជាង ៤ ០០០នាក់​បាន​ហុច​លទ្ធផល​ប្រកប​ដោយ​ប្រសិទ្ធិភាព ១០០%។ ប្រតិកម្ម​ភ្លាមៗ អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ពី​ការ​ចម្រើន​ទៅ​មុខ​គួរ​ឲ្យ​ជឿ​ទុកចិត្ត។

ថ្នំាវ៉ាក់សំាង​លើក​ដំបូង​ប្រឆំាង​នឹង​មេរោគ​អេបូឡា​មាន​ប្រសិទ្ធិភាព ១០០%
ថ្នំាវ៉ាក់សំាង​លើក​ដំបូង​ប្រឆំាង​នឹង​មេរោគ​អេបូឡា​មាន​ប្រសិទ្ធិភាព ១០០% RFI/Sébastien Nemeth
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​របស់​អង្គការ​សុខភាព​ពិភពលោក OMS ​របៀប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ​ដោយ​បញ្ជាក់​ថា ថ្នំាវ៉ាក់សំាង​ប្រកប​ដោយ​ប្រសិទ្ធិភាព​ប្រឆំាង​នឹង​មេរោគ​អេបូឡា​នឹង​មាន​វត្តមាន​នា​ពេល​ឆាប់ៗ​ខាង​មុខ​ដើម្បី​ចាក់​បង្ការ​ទប់​នឹង​មេរោគ​អេបូឡា​នៅ​ទូទំាង​ពិភពលោក និង​ថា នេះ​ពិត​ជា​ការ​បោះ​មួយ​ជំហាន​ទៅ​មុខ​ដ៏​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត។ ការ​ប្រកាស​របស់ OMS បាន​ធ្វើ​ឡើង បន្ទាប់​ពី​ទស្សនាវដ្តី​សុខភាព​អង់គ្លេស​មួយ​ឈ្មោះ The Lancet បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​ប្រសិទ្ធិភាព ១០០% របស់​ថ្នំាវ៉ាក់សំាង​ VSV-ZEBOV ១០ថ្ងៃ​បន្ទាប់​ពី​គេ​បាន​ចាក់​វា​ទៅ​លើ​មនុស្ស​ម្នាក់​ដែល​គ្មាន​ផ្ទុក​មេរោគ​អេបូឡា តែ​បាន​ប៉ះ​ជាមួយ​មនុស្ស​ដែល​មាន​ផ្ទុក​មេរោគ​អេប៉ូឡា។

ថ្នំា​វ៉ាក់សំាង​នេះ​ត្រូវ​បាន​អភិវឌ្ឍន៍​ដោយ​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​របស់​ប្រទេស​កាណាដា និង​ដែល​អាជ្ញាបណ្ណ​ផលិត​ថ្នំាវ៉ាក់សំាង​នោះ​ត្រូវ​បាន​តម្កល់​ដោយ​មន្ទីរពិសោធន៍​អាមរិកំាង Merck និង NewLink Genetics Corp។ ក៏​ប៉ុន្តែ ការ​សាកល្បង​ដែល​ទទួល​បាន​ជោគជ័យ​នៅ​ពេល​នេះ ក៏​ដោយសារ​តែ​មាន​កិច្ចសហប្រតិបត្តិការ​ជា​លក្ខណៈ​អន្តរជាតិ​ដែល​ចូល​រួម​ដោយ​អង្គការ​សុខភាព​ពិភពលោក OMS និង​ក្រុមអ្នកជំនាញ​មក​ពី​ប្រទេស​ន័រវែស បារំាង ស្វីស សហរដ្ឋអាមេរិក អង់គ្លេស និង​ប្រទេស​ហ្គីណេ។

លោក​រដ្ឋមន្រ្តី​ការបរទេស​ន័រវែស​បាន​គូស​បញ្ជាក់​ថា ប្រសិន​បើ​លទ្ធផល​នៃ​ការ​សាកល្បង​លើក​ដំបូង​នេះ​ពិត​ជា​ត្រឹមត្រូវ​មែន នោះ​ថ្នាំវ៉ាក់សំាង​ថ្មី​នេះ​នឹង​អាច​ក្លាយ​ជា​ថ្នំា​ទិព្វ​ក្នុង​ការ​ប្រឆំាង​នឹង​មេរោគ​អេបូឡា ក៏​ដូច​ជា​ទប់ស្កាត់​ការ​ឆ្លង​​រាតត្បាត​ជម្ងឺមួយ​នេះ​នៅ​ទូទំាង​ពិភពលោក។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា តំាង​ពី​មេរោគ​អេបូឡា​មាន​វត្តមាន​នៅ​ប្រទេស​ហ្គីណេ​ក្នុង​ខែ​ធ្នូ ឆ្នំា ២០១៣ មក មេរោគ​ឆ្លង​រាតត្បាត​នៅ​អាហ្រ្វិកខាងលិច​មួយ​នេះ​បាន​សម្លាប់​មនុស្ស ១១ ២៧៩នាក់​ក្នុង​ចំណោម​អ្នក​ឈឺ ២៧ ៧៤៨នាក់។ គឺ​ជា​តួលេខ​មួយ​ដែល OMS ទទួល​ស្គាល់​ថា អាច​មាន​ច្រើន​ជាង​នេះ។

សូម​បញ្ជាក់​ថា ក្រៅ​ពី​ថ្នំាវ៉ាក់សំាង VSV-ZEBOV នៅ​មាន​ថ្នំាវ៉ាក់សំាង​ប្រឆំាង​អេបូឡា​មួយ​ទៀត​ដែល​អភិវឌ្ឍន៍​ដោយ​ក្រុម​អង់គ្លេស​រួម​សហការណ៍​ជាមួយ​ក្រុមហ៊ុន​អាមេរិក និង​ដែល​កំពុង​ធ្វើ​ការ​សាកល្បង​នៅ​ក្នុង​ប្រទេស​លីបេរីយ៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ