ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/05 12h00 GMT
អឺរ៉ុប

យេម៉ែន៖ចំណាប់ខ្មំាង​ជនជាតិ​បារំាង Isabelle Prime ទទួល​បាន​សេរីភាព​ឡើង​វិញ

media  
យេម៉ែន៖ចំណាប់ខ្មំាង​ជនជាតិ​បារំាង Isabelle Prime ទទួល​បាន​សេរីភាព​ឡើង​វិញ AFP / MOHAMMED HUWAIS

ស្រ្តី​ជនជាតិ​បារំាង Isabelle Prime ដែល​ជា​ចំណាប់ខ្មំាង​នៅ​ក្នុង​ប្រទេស​យេម៉ែន​តំាង​ពី​ថ្ងៃទី២៤ កុម្ភៈ​មក​ទើប​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នា​យប់​នៅ​ព្រហស្បតិ៍​ឆ្លង​ចូល​ថ្ងៃ​សុក្រ ទី៧ សីហា​នេះ។ ដំណឹង​ថ្មី​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​វិមាន​ប្រធានាធិបតី​បារំាង​តាម​រយៈ​សេចក្តីជូនដំណឹង​មួយ។ ចំណែក​លោក​ប្រមុខ​ការទូត​បារំាង Laurent Fabius បាន​អះអាង​នៅ​ថ្ងៃ​នេះ​ថា អ្នកស្រី Isabelle Prime នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ប៉ារីស ប្រទេស​បារំាង​នៅ​យប់​នេះ។

« ពលរដ្ឋ​របស់​យើង Isabelle Prime ត្រូវ​បាន​ដោះលែង​នៅ​យប់​មិញ » នេះ​ជា​ខ្លឹមសារ​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​របស់​វិមាន​ប្រធានាធិបតី​បារំាង Elysée ដែល​បាន​ផ្សព្វផ្សាយ​ចេញ​នៅ​រាត្រី​យប់​ថ្ងៃ​ព្រហស្បតិ៍​ឆ្លង​ចូល​ថ្ងៃ​សុក្រ ទី៧ សីហា​នេះ។ នៅ​ក្នុង​សេចក្តីជូនដំណឹង​នោះ​ដដែល វិមាន Elysée បាន​បញ្ជាក់​ថា បារំាង​បាន​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ទំាង​អស់​ដើម្បី​សម្រេច​បាន​នូវ​ការ​ដោះលែង​នេះ និង​ថា អ្នកស្រី Isabelle Prime កំពុង​ស្ថិត​ក្រោម​ការ​ការពារ​របស់​រដ្ឋអំណាច​បារំាង​ប្រចំា​ប្រទេស​យេម៉ែន »។

បន្ទាប់​ពី​សេចក្តីជូនដំណឹង​របស់​វិមាន Elysée គឺ​លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​តែ​ម្តង​ដែល​បាន​ថ្លែង​សម្តែង​ការ​ដឹង​គុណ​ចំពោះ​អ្នក​ដែល​បាន​ជួយ​ខ្នះខ្នែង​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី Isabelle Prime ពិសេស​គឺ​ស្តេច​ស៊ុលតង់​ប្រទេស​អូម៉ង់។ ទន្ទឹម​គ្នា​នេះ លោក​ហូឡង់​ក៏​បាន​ចូលរួម​ចែក​រម្លឹក​ភាព​សប្បាយ​រីករាយ​ជាមួយ​ក្រុម​គ្រួសារ​របស់​អ្នកស្រី Isabelle Prime ដែរ។ ចំណែក​ប្រមុខ​ការទូត​បារំាង​លោក Laurent Fabius បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា អ្នកស្រី Isabelle Prime នឹង​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​បារំាង​វិញ​នៅ​យប់​នេះ ដោយ​មាន​ការ​រង់ចំា​ទទួល​ពី​រូប​លោក និង​លោក​ហូឡង់។

គួរ​ជម្រាប​ជូន​ថា មាន​អាយុ ៣០ឆ្នំា អ្នកស្រី Isabelle Prime បាន​ទៅ​ដល់​ប្រទេស​យេម៉ែន​ក្នុង​ឆ្នំា ២០១៣ ដើម្បី​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​ពិគ្រោះយោបល់​មួយ​របស់​អាមេរិកំាង​ឈ្មោះ Ayala។ តែ​អ្នកស្រី Isabelle Prime និង​អ្នកបកប្រែ​ជនជាតិ​យេម៉ែន​ម្នាក់​ឈ្មោះ Chérine Makkaoui ត្រូវ​បាន​ជន​មាន​ឯកសណ្ធាន​ប៉ូលិស​មួយ​ក្រុម​ចាប់​ជា​ចំណាប់ខ្មំាង​ក្នុង​ថ្ងៃទី២៤ កុម្ភៈ ឆ្នំា ២០១៣ នៅ​ពេល​ដែល​អ្នកស្រី​កំពុង​ជិះឡាន​ទៅ​ធ្វើ​ការ​ក្នុង​ទីក្រុង​សាណា។

នៅ​ក្នុង​ថ្ងៃទី១០ មីនា​កន្លង​ទៅ អ្នកបកប្រែ Chérine Makkaoui បាន​ប្រកាស​ថា ខ្លួន​ត្រូវ​បាន​ដោះលែង។ បន្ទាប់​មក​នៅ​ដើម​ខែ​មិថុនា ចំណាប់ខ្មំាង​ជនជាតិ​បារំាង​បាន​លេច​មុខ​នៅ​ក្នុង​ខ្សែអាត់វីដេអូ​មួយ​រយៈពេល ២១វិនាទី។ នៅ​ក្នុង​ខ្សែអាត់​វីដេអូ​នោះ អ្នកស្រី Isabelle Prime ដែល​មាន​សម្លៀកបំពាក់​ពណ៌ខ្មៅ​អង្គុយ​ផ្ទាល់ដី​បាន​អំពាវនាវ​សុំ​ជំនួយ​ពី​ប្រធានាធិបតី​បារំាង និង​យេម៉ែន។ អ្នកស្រី Isabelle Prime ទទួល​បាន​សេរីភាព​វិញ​ហើយ តែ​គ្មាន​ព័ត៌មាន​ណា​មួយ​ដែល​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ជន​ដៃដល់​ទេ។ មួយ​វិញ​ទៀត មធ្យោបាយ​ដែល​បារំាង​បាន​ប្រើ​ដើម្បី​ឈាន​ដល់​ការ​ដោះលែង​អ្នកស្រី Isabelle Prime ក៏​គេ​មិន​ទាន់ ឬ​មិន​អាច​ដឹង​ដែរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ