អានតួអត្ថបទ
ស្វ៊ីស-ស៊ីរី

ស៊ីរី៖កិច្ចចរចា​សន្តិភាព​ក្នុង​ទីក្រុង​ហ្សឺណែវ​ទទួល​បរាជ័យ​មុន​បើក​កិច្ចចរចា​?

នៅ​ថ្ងៃ​សុក្រ ទី២៩ មករា​នេះ កិច្ចចរចា​ដើម្បី​ស្វែង​រក​សន្តិភាព​ឲ្យ​ប្រទេស​ស៊ីរី​បាន​ចាប់​ផ្តើម​ដូច​ដែល​បាន​គ្រោង​ទុក​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។ កិច្ចចរចា​នេះ​បាន​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ និង​ដែល​ត្រូវ​ចូល​រួម​ដោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ពិសេស​ភាគី​ជម្លោះ​ផ្ទៃក្នុង​នៅ​ស៊ីរី។ តែ​ទីបំផុត​នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ មករា ក្រុម​ប្រឆាំង​ស៊ីរី​បាន​បដិសេធ​មិន​ទៅ​ចូល​រួម​នៅ​ក្នុង​កិច្ចចរចា។ សូម​ជម្រាប​ជូន​ថា អស់​រយៈ​ពេល ៥ឆ្នាំ​មក​ហើយ​ដែល​ស៊ីរី​បាន​ធ្លាក់​ក្នុង​សង្រ្គាម​ស៊ីវិល និង​ដែល​មាន​មនុស្ស​ស្លាប់​ជាង ២៦០ ០០០នាក់។ តាំង​ពី​ពេល​នោះ​មក សហគមន៍​អន្តរជាតិ​ធ្លាប់​បាន​រៀបចំ​សន្និសីទ​អន្តរជាតិ​ជា​ច្រើន​ដង តែ​ទទួល​បរាជ័យ​ជានិច្ច។

វេទិកា​នៃ​កិច្ចការ​ស្វែង​រក​សន្តិភាព​ឲ្យ​ស៊ីរី​រៀបចំ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស
វេទិកា​នៃ​កិច្ចការ​ស្វែង​រក​សន្តិភាព​ឲ្យ​ស៊ីរី​រៀបចំ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

ក្រុម​ប្រឆាំងស៊ីរី​ដែល​បាន​បដិសេធ​មិន​ទៅ​ចូលរួម​នៅ​ក្នុង​កិច្ចចរចា​ថ្ងៃ​នេះ​មាន​ឈ្មោះ​ថា ឧត្តមក្រុមប្រឹក្សា​ដើម្បី​កិច្ចចរចា​ដែល​បាន​ប្រសូត្រ​ឡើង​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៥​នៅ​ក្នុង​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអូឌីត។ សមាសភាព​នៅ​ក្នុង​ឧត្តមក្រុមប្រឹក្សា​ដើម្បី​កិច្ចចរចា​នោះ​មាន​គ្នា​ប្រមាណ​ជា ១០០នាក់​ដែលតំណាង​ដោយ​ឥស្សរជន​នយោបាយ និង​យោធា​របស់​ក្រុមប្រឆាំង​ស៊ីរី។ នៅ​ប៉ុន្មាន​ខែ​មុន​ថ្ងៃ​បើក​កិច្ចចរចា លោក​ស្តាហ្វាន មីស្ទ៊ូរ៉ា ប្រេសិតពិសេស​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ស៊ីរី​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ពី​វត្តមាន និង​អត្តសញ្ញាណ​ក្រុមប្រឆាំង​ណា​ពិត​ប្រាកដ​ទេ។

តែ​ឧត្តមក្រុមប្រឹក្សា​ដើម្បី​កិច្ចចរចា​ធ្លាប់​បាន​អះអាង​ថា ពួក​គេ​ជា​ក្រុមប្រឆាំង​ស៊ីរី​ស្រប​ច្បាប់​តែ​មួយ​គត់។ នា​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ ឧត្តមក្រុមប្រឹក្សា​ដើម្បី​កិច្ចចរចា​នេះ​បាន​ដាក់​ចេញ​នូវ​លក្ខខណ្ឌ​ចំនួន ៣ ទី១ បញ្ឈប់​ការ​ទម្លាក់​គ្រាប់បែក​ពី​ទ័ពរដ្ឋាភិបាល​ស៊ីរី ទី២ ដក​ការ​ឡោមព័ទ្ធ​របស់​ទ័ព​ស៊ីរី​ចេញ​ពី​តំបន់​មួយ​ចំនួន និងទី៣ បើក​ឲ្យ​មាន​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ជនស៊ីវិល។ តែ​ឧត្តមក្រុមប្រឹក្សា​ដើម្បី​កិច្ចចរចា​បាន​កត់សម្គាល់​ឃើញ​ថា គ្មាន​លក្ខខណ្ឌ​ណា​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ទាំង ៣ ត្រូវ​បាន​គោរព​ទេ។
 
នេះ​ជា​មូលហេតុ​ដែល​បាន​ជម្រុញ​ឲ្យ​ក្រុមប្រឆាំង​សម្រេច​ក្នុង​នាទី​ចុង​ក្រោយ​មិន​ទៅ​ចូលរួម​នៅ​ក្នុង​កិច្ចចរចា​នា​ថ្ងៃ​នេះ។
 
កិច្ចចរចា​សន្តិភាព​នៅ​តែ​បើក​ធ្វើ ទោះ​បី​គ្មាន​វត្តមាន​ក្រុមប្រឆាំង
 
អវត្តមាន​ក្រុមប្រឆាំង​ពេល​នេះ​មិន​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ប៉ុន្មាន​ទេ ហើយ​ក៏​មិន​ទាន់​ជា​ក្តី​អស់សង្ឃឹម​ដែរ។ ជា​ការ​ពិត វត្តមាន​គ្រប់​ភាគី​ជម្លោះ​ផ្ទៃក្នុង​នៅ​ក្នុង​កិច្ចចរចា​ជា​រឿង​មួយ​ដែល​គ្រប់​គ្នា​ចង់​បាន និង​អាច​ថា ជា​ឱកាស​ដ៏​ល្អ​ប្រសើរ​មួយ​ដើម្បី​អាច​ជជែក​គ្នា​ត្រង់​ទៅ​ត្រង់​មក​ក្នុង​គោលដៅ​ស្វែង​រក​កិច្ចព្រមព្រៀង​រួម​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា។ សូម​ជម្រាប​ជូន​ថា កិច្ចចរចា​ដើម្បី​សន្តិភាព​ស៊ីរី​ដែល​បាន​បើក​ប្រជុំ​ថ្ងៃ​នេះ​ត្រូវ​បាន​គ្រោង​ទុក​អស់​ជា​ច្រើន​ខែ និង​ដែល​រូប​លោក​ប្រេសិតពិសេស​ស្តាហ្វាន មីស្ទូរ៉ា​បាន​ព្យាយាម​ប្រមែប្រមូល​គ្រាប់​ភាគី​ជម្លោះ​ផ្ទៃក្នុង​ទាំង​អស់​ឲ្យ​ចូល​អង្គុយ​តុចរចា។
 
ឧត្តមក្រុមប្រឹក្សា​ដើម្បី​កិច្ចចរចា​ដែល​តំណាង​ឲ្យ​ក្រុមប្រឆាំង​ស៊ីរី​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ចូលរួម​របស់​ខ្លួន​ដែរ តែ​បែរ​ជា​បាន​បដិសេធ​នៅ​នាទី​ចុងក្រោយ​ទៅ​វិញ។ គេ​អាច​និយាយ​បាន​ថា ទង្វើ​របស់​ក្រុមប្រឆាំង​របៀប​នេះ​ជា​រឿង​ដែល​លោក​ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ស៊ីរី​មិន​បាន​រង់ចាំ​ទេ តែ​ទន្ទឹម​គ្នា​នេះ លោក​ក៏​មិន​សូវ​ជា​បារម្ភ​ប៉ុន្មាន​ដែរ ព្រោះ​ដំណើរការ​នៃ​កិច្ចចរចា​នឹង​មាន​រយៈពេល ៦ខែ។ ចំណែក​ឧត្តមក្រុមប្រឹក្សា​ដើម្បី​កិច្ចចរចា​ក៏​មិន​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ដែរ គ្រាន់​តែ​ថា ពួក​គេ​បាន​ទាមទារ​ឲ្យ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ជា​មុន​សិន។
 
ដូច្នេះ​ឃើញ​ថា ការ​ខ្វែង​គំនិត​គ្នា​បាន​ផ្តោត​សំខាន់​លើ​របៀប​វារៈ​នៃ​កិច្ចចរចា។ សម្រាប់​លោក​ស្តាហ្វាន មីស្ទូរ៉ា អ្វី​ដែល​សំខាន់​ពេល​នេះ គឺ​បើក​ទ្វារ​កិច្ចចរចា​ដោយ​លោក​មិន​ចង់​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ​ទៀត​ទេ។ លោក​ស្តាហ្វាន​យល់​ឃើញ​ថា ការ​អូសបន្លាយ​នឹង​រឹតតែ​ធ្វើ​ឲ្យ​ស្ថានការណ៍​ដុនដាប​កាន់​តែ​ខ្លាំង។
 
ដំណោះស្រាយ​តាម​ផ្លូវនយោបាយ​ជា​ជម្រើស​អាទិភាព
 
នៅ​ក្នុង​កាលៈទេសៈ​សព្វថ្ងៃ ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី​តាម​ផ្លូវនយោបាយត្រូវ​បាន​មើល​ឃើញ​ថា គឺ​ជម្រើស​អាទិភាព​តែ​មួយ​គត់។ គួរ​ជម្រាប​ជូន​ថា តំាង​ពី​វិបត្តិ​ស៊ីរី​បាន​ផ្ទុះ​ឡើង​ក្នុង​ខែ​មីនា ឆ្នាំ ២០១១ មក អាមេរិក និង​បារាំង​ធ្លាប់​បាន​គិតគូរ​ចង់​ប្រើ​កម្លាំង​វាយ​រំលំ​របប​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។ អាមេរិក និង​បារំាង​យល់​ឃើញ​ថា ការ​ប្រើ​វេទិកា​អន្តរជាតិ​ដើម្បី​ទម្លាក់​លោក​អាសាដ គឺ​ជា​រឿង​មួយ​មិន​អាច​ទៅ​រួច​ទេ ព្រោះ​មាន​ចិន និង​រុស្ស៊ី​ជួយ​ការពារ។ តែ​ទីបំផុតលោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​សម្រេច​ផ្អាក​ទៅ​វិញ។

អវត្តមាន​អន្តរាគមន៍​អន្តរជាតិ​តាម​ផ្លូវ​យោធា​ទម្លាក់​លោក​អាសាដ គឺ​ជា​រឿង​ដែល​គ្រប់​គ្នា​ចាត់​ទុក​ជា​ជម្រើស​ដ៏​ល្អ​មួយ។ បើ​មិន​ដូច្នោះ​ទេ ស្ថានការណ៍​នៅ​ស៊ីរី​នឹង​ធ្លាក់​ដុនដាប​ពិបាក​គ្រប់គ្រង​នៅ​ចំពោះ​មុខ​កំណើន​ឥទ្ធិពល​របស់​អង្គការ​រដ្ឋអ៊ីស្លាម។ ចូរ​កុំ​ភ្លេច​ថា របប​លោក​អាសាដ​សព្វថ្ងៃ​ក៏​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ដែរ។ ដូច្នេះ គឺ​មាន​តែ​តាម​ផ្លូវ​ចរចា​ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ជម្លោះ​ផ្ទៃក្នុង​ទំាង​អស់ទេ​ដែល​អាច​បញ្ចប់​វិបត្តិ​នៅ​​ស៊ីរី​បាន។ អ្វី​ដែល​សហគមន៍​អន្តរជាតិ​ចង់​បាន​ពេល​នេះ គឺ​បង្កើត​រដ្ឋាភិបាល​អន្តរកាល​មួយ​ដោយ​មាន​វត្តមាន​ភាគី​ជម្លោះ​ទំាង​អស់។

ជា​ការ​ពិត ក្រោម​ភ្នែក ច្រមុះ​របស់​ក្រុមប្រឆាំង​ស៊ីរី ក៏​ដូច​ជា​ប្រទេស​លោកខាងលិច​មួយ​ចំនួន បុគ្គល​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​នៅ​បន្ត​ចោទ​ជា​បញ្ហា​ដដែល។ តែ​នៅ​ក្នុង​កាលៈទេសៈ​សព្វថ្ងៃ ពិសេស​ប្រឈម​នឹង​ការ​គំរាមកំហែង​របស់​អង្គការ​រដ្ឋអ៊ីស្លាម លោក​អាសាដ​មិនមែន​ជា​ផ្ទាំងស៊ីប​អាទិភាព​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ