អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គ្មាន​ហេតុផល​ណាមួយ​ដែល​អាមេរិក​ត្រូវ​ផ្តាច់​ជំនួយ​ឲ្យ​កងទ័ព​អេហ្ស៊ីប !

ចុះផ្សាយ​នៅ​ថ្ងៃ៖

តំាង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី​អេហ្ស៊ីប​មហាម៉ាត់ ម៉រស៊ី និង​ក្រោយ​ព្រឹត្តិការណ៍​វាយបង្រ្កាប​យ៉ាង​ហិង្សា​លើ​ក្រុមសកម្មជន​អ្នកគំាទ្រ​លោក​ម៉រស៊ី​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៩០០នាក់​មក សហភាព​អឺរ៉ុប និង​អាមេរិក​បាន​ចាប់​ផ្តើម​ពិចារណា​លើ​ជំនួយ​សេដ្ឋកិច្ច និង​យោធា​របស់​ខ្លួន​ចំពោះ​ប្រទេស​អេហ្ស៊ីប។ នៅ​ថ្ងៃពុធ ទី២១ សីហា​នេះ រដ្ឋមន្រ្តី​ការបរទេស​អឺរ៉ុប​បើក​សម័យប្រជុំ​វិសាមញ្ញ​មួយ​ក្នុង​ទីក្រុង​ព្រុចសែល។ ចំណែក​អាមេរិក​បាន​ព្រមាន​ព្យួរ​ជំនួយ​យោធា​របស់​ខ្លួន​ចំពោះ​យោធា​អេហ្ស៊ីប។ តែ​រដ្ឋាភិបាល​អេហ្ស៊ីប​មិន​បារម្ភ និង​ថា អត់​ពី​អាមេរិក​ទៅ ក៏​ខ្លួន​មិន​ស្លាប់​ដែរ។

កងរថក្រោះរបស់​កងទ័ពអេហ្ស៊ីប​ក្នុង​ទីក្រុង​គែរ
កងរថក្រោះរបស់​កងទ័ពអេហ្ស៊ីប​ក្នុង​ទីក្រុង​គែរ REUTERS/Youssef Boudlal
ផ្សាយពាណិជ្ជកម្ម

វិធានការ​ដែល​សហភាព​អឺរ៉ុប​លើក​យក​ទៅ​ជជែក​អាច​មាន​ពីរ​យ៉ាង ទីមួយ បញ្ឈប់ ឬ​មួយ​ក៏​ព្យួរចោល​​មួយ​រយៈ​នូវ​ជំនួយ​ហិរញ្ញវត្ថុ​មួយ​ភាគ​របស់​ខ្លួន​ចំពោះ​អេហ្ស៊ីប និង​ទីពីរ ពិនិត្យមើល​ឡើង​វិញ​នូវ​កិច្ចព្រមព្រៀង​ដែល​សហភាពអឺរ៉ុប និង​អេហ្ស៊ីប​បាន​ចុះ​ហត្ថលខា​រវាង​គ្នា​លើ​ផ្នែក​សន្តិសុខ និង​ការពារ។ តែ​ប្រភពការទូត​បាន​បញ្ជាក់​ថា សហភាព​អឺរ៉ុប​ព្យាយាម​ចៀសវាង​មិន​និយាយ​ដល់​ការ​ដាក់​ទ័ណ្ឌកម្ម ដូច​ដែល​អឺរ៉ុប​បាន​ធ្វើ​ចំពោះ​ប្រទេស​អ៊ីរ៉ង់ ឬ​មួយ​ក៏​កូរ៉េខាងជើង​ទាក់ទង​នឹង​សំណុំរឿង​នុយក្លេអ៊ែរ​ទេ។

នៅ​ពេល​នេះ អឺរ៉ុប​ហាក់​ដូច​នៅ​មិន​ទាន់​បាន​ឯកភាព​គ្នា​លើ​វិធានការ​រួម​លើ​ប្រទេស​អេហ្ស៊ីប​ទេ។ ប្រទេស​ខ្លះ​យល់​ថា អឺរ៉ុប​គួរ​តែ​កាត់បន្ថយ ឬ​មួយ​ក៏​បញ្ជូន​ជំនួយ​របស់​ខ្លួន​តក់ៗ ដោយ​ផ្អែក​លើ​ស្ថានការណ៍​វិវត្ត​ជាក់ស្តែង។ សម្រាប់​ប្រទេស​ខ្លះ​ទៀត​យល់​ឃើញ​ថា គេ​ត្រូវ​តែ​ចាត់​វិធានការ​តឹងតែង​ពី​ដំបូង​ដើម្បី​ដាក់គំនាប​លើ​រដ្ឋអំណាច​អេហ្ស៊ីប​បច្ចុប្បន្ន​ឲ្យ​គោរព​នូវ​នីតិរដ្ឋ និង​ឆន្ទៈ​របស់​ប្រជាជន​អេហ្ស៊ីប​ភាគច្រើន​ដែល​ចង់​បាន​ស្ថិរភាព និង​សន្តិភាព​នៅ​ក្នុង​ប្រទេស។

យ៉ាង​ណា​ក៏​ដោយ នៅ​ចំពោះ​មុខ អឺរ៉ុប​ហាក់​ដូច​ជា​បាន​នឹង​កំពុង​ព្យាយាម​ដើរ​តួនាទី​ជា​អ្នកសម្រុះសម្រួល​រវាង​ភាគីជម្លោះ​អេហ្ស៊ីប គឺ​កងទ័ព និង​ក្រុម​ភាតរអ៊ីស្លាម។

គួរ​បញ្ជាក់​ជូន​ថា សហភាព​អឺរ៉ុប ជា​គឺ​អ្នកផ្តល់ជំនួយ​មួយ​យ៉ាង​សំខាន់ និង​ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​ទីមួយ​របស់​ប្រទេស​អេហ្ស៊ីប។ ក្នុង​ខែ​វិច្ឆិកា ឆ្នំា ២០១២ អឺរ៉ុប​បាន​ប្រកាស​ពី​គម្រោង​កម្មវិធី​ជំនួយ​ជួយ​លើក​តម្កើង​ជីវភាព​រស់នៅ​របស់​ប្រជាជន​អេហ្ស៊ីប​ដែល​មាន​ទឹកប្រាក់​សរុប ៥ ០០០លានអឺរ៉ូ​សម្រាប់​កម្មវិធី​ឆ្នំា ២០១២-២០១៤។ នៅ​ក្នុង​ជំនួយ​លើ​វិស័យ​យោធា​វិញ គឺ​មិន​សូវ​ច្រើន​ដូច​អាមេរិក​ទេ គឺ​មាន​ប្រមាណ​តែ ១៤០លានអឺរ៉ូ​ប៉ុណ្ណោះ រីឯ​អាមេរិក​បាន​ផ្តល់​ទៅ​ឲ្យ​ទាហាន​អេហ្ស៊ីប​ក្នុង​មួយ​ឆ្នំាៗ​រហូត​ដល់​ទៅ ១ ៣០០លានដុល្លារ។

ជំនួយ​អាមេរិក​ចំពោះ​អេហ្ស៊ីប ជា​« ប្រាក់​ឧបត្ថម្ភ​ដើម្បី​សន្តិភាព » រវាង​អ៊ីស្រាអែល និង​អេហ្ស៊ីប

ជំនួយ​អាមរិក​ចំពោះ​អេហ្ស៊ីប​បាន​ចាប់​ផ្តើម​កាល​ពី ៣៥ឆ្នំា​មុន ពោល​គឺ​ក្នុង​សម័យ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​រវាង​អ៊ីស្រាអែល និង​អេហ្ស៊ីប​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​អេហ្ស៊ីប Anouar el-Sadate និង​លោក​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល Menahem Begin កាល​ពី​ឆ្នំា ១៩៧៩ នៅ Camp David ក្នុង​ទឹកដី​អាមេរិកំាង ក្រោម​អធិបតីភាព​របស់​លោក​ប្រធានាធិបតី​អាមរិក Jimmy Carter នា​សម័យ​នោះ។ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​អ៊ីស្រាអែល និង​អេហ្ស៊ីប​សម័យ​នោះ អាមេរិក​បាន​សន្យា​ផ្តល់​ជំនួយ​ឲ្យ​យោធា​អេហ្ស៊ីប​ក្នុង​មួយ​ឆ្នំាៗ​ចំនួន ១ ៣០០លានដុល្លារ។ ជា​ទូទៅ គេ​ច្រើន​ហៅ​ជំនួយ​អាមេរិក​ចំពោះ​កងទ័ព​អេហ្ស៊ីប ថា​ជា​ប្រាក់​ឧបត្ថម្ភ​ដើម្បី​សន្តិភាព​រវាង​អ៊ីស្រាអែល និង​អេហ្ស៊ីប ក៏​ដូច​ជា​អ៊ីស្រាអែល​ជាមួយ​បណ្តា​ប្រទេស​អារ៉ាប់​មួយ​ចំនួន​ក្នុង​តំបន់។ គួរ​បញ្ជាក់​ថា គឺ​ដោយសារ​តែ​ការ​ធ្វើ​សម្បទាន​សនិ្តភាព​ជាមួយ​អ៊ីស្រាអែល​នា​ពេល​នោះ​ឯង ដែល​បាន​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​អេហ្ស៊ីប Anouar el-Sadate ទទួល​ការ​ធ្វើ​ឃាត​នៅ​ប៉ុន្មាន​ឆ្នំា ក្រោយ​មក។ ម្យ៉ាង​ទៀត ជំនួយ​យ៉ាង​សម្បើម​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​អារ៉ាប់​មួយ​នេះ​បាន​អនុញ្ញាត​ឲ្យ​អាមរិក​រក្សា និង​អាច​បន្ត​រក្សា​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់ មាន​ទំាង​ឥទ្ធិពល​នយោបាយ សេដ្ឋកិច្ច និង​យោធា។

គ្មាន​ហេតុផល​ណា​មួយ​ដែល​អាមេរិក​ត្រូវ​ផ្តាច់​ជំនួយ​ឲ្យ​កងទ័ព​អេហ្ស៊ីប !
 
ប្រសិន​បើ​អាមេរិក​ផ្តាច់ ឬមួយ​ក៏​ព្យួរជំនួយ​របស់​ខ្លួន​ចំពោះ​អេហ្ស៊ីប​នឹង​ធ្វើ​ឲ្យ​អាមេរិក​ខាតបង់​ធំ។ ចូរ​កុំ​ភ្លេច​ថា អេហ្ស៊ីប​គឺ​ជា​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភពអារ៉ាប់។ ដូច្នេះ ការ​សម្រេច​បិទ ឬ​មួយ​ក៏​ព្យួរចោល​ជំនួយ​របស់​ខ្លួន​នឹង​ធ្វើ​ឲ្យ​អាមរិក​បាត់បង់​​ឥទ្ធិពល​នៅ​ក្នុង​តំបន់​ដែល​ខ្លួន​បាន​ថែរក្សា​តំាង​ពី ៣៥ឆ្នំា​កន្លង​ទៅ។

ពិត​ណាស់​ថា រដ្ឋបាល​របស់​លោក​អូបាម៉ា​អាច​ប្រើ​វិធានការ​គាបសង្កត់​លើ​រដ្ឋអំណាច​អេហ្ស៊ីប​សព្វថ្ងៃ ដោយ​គំរាម​បិទក្បាលរ៉ូប៊ីណេ​ជំនួយ​ចំពោះ​អេហ្ស៊ីប។ តែ​អ្វី​ដែល​អាមេរិក​គួរ​តែ​ពិចារណា​ឲ្យ​បាន​ជ្រៅជ្រះ​បន្តិច​នោះ​គឺ​ថា អត់​ពី​ខ្លួន​ទៅ ក៏​អេហ្ស៊ីប​មិន​ស្លាប់​ដែរ។ មាន​ប្រទេស​ជា​ច្រើន ពិសេស​បណ្តា​ប្រទេស​ក្នុង​ពិភពអារ៉ាប់​ដូចគ្នា​បាន​ផ្តល់ និង​កំពុង​ផ្តល់​ជំនួយ​ឲ្យ​អេហ្ស៊ីប​ក្នុង​ទឹកប្រាក់​យ៉ាង​ច្រើន គឺ​ច្រើន​ជាង​អាមរិក​ផ្តល់​ឲ្យ​ទៅ​ទៀត។ ជាក់ស្តែង នៅ​ក្រោយ​ថ្ងៃ​រដ្ឋប្រហារ​ទម្លាក់​លោក​ម៉រស៊ី ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ផ្តល់​ជាង ៧ ០០០លានដុល្លារ អេមីរ៉ាតអារ៉ាប់រួម​ចំនួន​ជាង ៤ ០០០លានដុល្លារ និង​ប្រទេស​កាតារ​បាន​ផ្តល់​ចំនួន ១ ០០០លានដុល្លារ តំាង​ពី​មុន​ថ្ងៃ​រដ្ឋប្រហារ។

គិត​ជា​សរុប​ទៅ ជំនួយ​ថ្មីៗ​តែ​៣ប្រទេស​នេះ គឺ​ស្មើ​នឹង​ជំនួយ​របស់​អាមរិក​ក្នុង​រយៈពេល ១០ឆ្នំា។ ក្រៅ​ពី​ប្រទេស​ក្នុង​ពិភពអារ៉ាប់ ក៏​នៅ​មាន​អ្នក​ចង់​ដណ្តើម​ឥទ្ធិពល​ពី​អាមេរិក​ដែរ រួម​មាន ចិន និង​រុស្ស៊ី​ជា​ដើម។ ទីក្រុង​ប៉េកំាង និង​ម៉ូស្គូ​ដែល​បាន​និង​កំពុង​ដើរ​ផ្លូវកណ្តាល តាម​រយៈ​ការ​ស្រែក​កុំ​ឲ្យ​មាន​ការ​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​អេហ្ស៊ីប។

ដូច្នេះ វា​ពិត​ជា​គ្មាន​ហេតុផល​ណា​មួយ​ដែល​អាមរិក​ត្រូវ​បិទក្បាល​រ៉ូប៊ីណេ​ជំនួយ​ចំពោះ​អេហ្ស៊ីប​ទេ។ ផ្ទុយ​ទៅ​វិញ អាមេរិក​គួរ​តែ​ពង្រឹង​បន្ថែម​នូវ​ឥទ្ធិពល​របស់​ខ្លួន ព្រោះ​ថា នៅ​ពេល​ដែល​ឥទ្ធិពល​នេះ​បែរ​ជា​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​អ្នក​ផ្សេង ពិសេស​ក្នុង​ប្រទេស​អារ៉ាប់​ដែល​ជា​អ្នកប្រឆំាង​អាមរិក និង​អ៊ីស្រាអែល គឺ​តំបន់​ដើមបូព៌ា​ទំាង​មូល​តែ​ម្តង​ដែល​នឹង​ប្រឈម​គ្រោះថ្នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ