អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំ ទៅ​ទស្សនកិច្ច​នៅ​អង់គ្លេស បើ​ទោះបី​ម្ចាស់​ផ្ទះ​ខ្លះ​ មិន​ពេញចិត្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃចន្ទ ទី៣មិថុនា លោកដូណាល់ ត្រាំ ព្រមទាំងភរិយា បានអញ្ជើញទៅដល់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល​៣ថ្ងៃ។ ជាទស្សនកិច្ច ដែលធ្វើឡើងក្នុងបរិបថ​មួយ យ៉ាងទើសទាល់ ដោយសារតែលោកដូណាល់ ត្រាំ បាននិយាយរិះគន់ម្តងហើយម្តងទៀត អំពីរបៀបធ្វើការរបស់លោកស្រីតេរ៉េហ្សា​ ម៉េ។ ហើយ​មុននឹងចេញដំណើរមកដល់អង់គ្លេស លោកដូណាល់ ត្រាំ បានទាំងនិយាយពន្យុះ ឲ្យអង់គ្លេសដើរចេញពីអឺរ៉ុប ដោយមិនចាំបាច់មានកិច្ចព្រមព្រៀង ហើយងាកមកធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយអាមេរិកវិញ​ប្រសើរជាង។

លោកដូណាល់ ត្រាំ និងភរិយា ត្រៀមចុះ​ពីយន្តហោះ ពេលមកដល់ទីក្រុងឡូងដ៍ ថ្ងៃទី​៣ មិថុនា ២០១៩
លោកដូណាល់ ត្រាំ និងភរិយា ត្រៀមចុះ​ពីយន្តហោះ ពេលមកដល់ទីក្រុងឡូងដ៍ ថ្ងៃទី​៣ មិថុនា ២០១៩ REUTERS/Hannah McKay
ផ្សាយពាណិជ្ជកម្ម

តាមការគ្រោងទុក នៅថ្ងៃមកដល់ភ្លាម​លោកដូណាល់ ត្រាំ និងលោកស្រី ម៉េឡានីញ៉ា នឹងត្រូវអញ្ជើញបាយថ្ងៃត្រង់ ជាមួយនឹងម្ចាស់ក្សត្រីអេលីហ្សាបែត ទី២ នៅក្នុងព្រះបរមរាជវាំង Buckingham។ បន្ទាប់មកទៀត​ នៅពេល​ល្ងាច នឹងមាន​ពិធីលៀងសាយភោគ​យ៉ាងអធិកអធម ជាលក្ខណៈផ្លូ​វរដ្ឋ ​ដោយមានវត្តមាន​ពីក្រុមគ្រួសារញាតិវង្សអង់គ្លេស​ និងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់។

នៅថ្ងៃអង្គារទី៤ មិថុនា លោកដូណាល់ ត្រាំ និងអញ្ជើញទៅជួបលោកស្រី តេរ៉េហ្សា ម៉េ នាយករដ្ឋមន្ត្រីអង់គ្លេស ដើម្បីពិភាក្សាការងារ។ ចំណែកនៅថ្ងៃពុធ ទី​៥ មិថុនា ដែលជាថ្ងៃចុងក្រោយ គឺជាពិធីនៃការរំលឹក​ខួប នៃសម្ព័ន្ធមិត្តក្នុងសង្រ្គាមលោកលើកទី២ នៅឯទីក្រុង Portsmouth ស្ថិតនៅភាគខាងត្បូងអង់គ្លេស ដោយមានវត្តមានរបស់ម្ចាស់ក្សត្រីអេលីហ្សាបែត ទី២ និងលោកម៉ាក្រុង ប្រធានាធិបតីបារាំងផង។

ចេញពីអង់គ្លេស លោកដូណាល់ ត្រាំ និងភរិយា នឹងឆ្លងកាត់ប្រទេសអៀរឡង់ មុននឹងចេញដំណើរនៅព្រឹកថ្ងៃ​ព្រហស្បតិ៍ មកកាន់ប្រទេសបារាំង ដើម្បីរំលឹកខួបនៃការឡើងមកដល់ឆ្នេរ Normandie កាលជំនាន់សង្រ្គាមលោកលើកទី២។

មុនមកដល់ លោកដូណាល់ ត្រាំប្រើសំដីកកូរកកាយបញ្ហាផ្ទៃក្នុងអង់គ្លេស

កាលពីខែកក្កដា​ឆ្នាំ២០១៨ ទស្សនកិច្ចរបស់លោកដូណាល់ ត្រាំ នៅអង់គ្លេស បានបង្កជាបញ្ហាចម្រូង​ចម្រាស ម្តងរួចទៅហើយ ដោយសារតែមានមតិជាច្រើន រិះគន់ថាមិនគួរឲ្យប្រធានាធិបតីអាមេរិករូបនេះ មកជាន់ដីអង់គ្លេសទេ ព្រោះលោកដូណាល់ ត្រូវគេចាត់ទុកថាជាប្រធានាធិបតីប្រកាន់ពូជសាសន៍ និងបន្ទាបបន្ថោក​តម្លៃមនុស្សស្រី។

ជាទំលាប់ លោកដូណាល់ ត្រាំ មិនសូវជាតមមាត់ទេ។ ទស្សនកិច្ចនៅអង់គ្លេសលើកនេះ គឺវាស្ថិតក្នុងបរិយាកាសមួយអួរអាប់​ ដោយសារតែសម្តីរបស់លោកដូណាល់ ត្រាំនេះតែម្តង។ ថ្ងៃទី ២ មិថុនាម្សិលមិញ លោកដូណាល់ ត្រាំ បានផ្តល់បទសម្ភាសន៍មួយ ឲ្យកាសែតSunday Times ទាក់ទិននឹងបញ្ហាBrexit។ ក្នុងនោះលោកដូណាល់ ត្រាំ បាន​និយាយថា៖ អង់គ្លេសមិនចាំបាច់ចរចា ជាមួយសហភាពអឺរ៉ុបទៀតទេ។ ដើរចេញដោយគ្មានកិច្ចព្រមព្រៀងតែម្តងទៅ។ ហើយជាថ្មីម្តងទៀត លោកត្រាំ បានថែមទាំងរិះគន់ លោកស្រី តេរ៉េហ្សា ម៉េ ថាមិនគួរចាញ់បោកអឺរ៉ុប ទៅយល់ព្រមផ្តល់ប្រាក់ចំណាយការផ្តាច់ខ្លួន ដល់ទៅ៤៥លានអឺរ៉ូសោះ។

បន្ថែមពីនេះទៀតសោភ័ណ លោកដូណាល់ ត្រាំ បាននិយាយដោយចំហរ នៅលើកាសែត The Sun ថាលោកគាំទ្រ ឲ្យលោក Boris Johnson ឡើងបន្តធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេស។ លោកត្រាំនិយាយថា លោក Boris Johnson គឺជាមិត្តភ័ក្តនឹងគាត់ ហើយលោកជឿថា លោក Boris Johnson នឹងធ្វើជានាយករដ្ឋមន្ត្រីដ៏ល្អ។

មិនអស់ចិត្តទៀត លោកដូណាល់ ត្រាំ បានទាំងនិយាយអួតសរសើរ ពីលោក Nigel Farage ដែលជាមេបក្សស្តាំនិយមជ្រុល​នៅ​អង់គ្លេស ដែលគាំទ្រBrexit ដាច់អហង្កា។ លោកត្រាំ ថា លោក Nigel Farage ជាមនុស្សឆ្លាតវៃ ហើយវាគួរឲ្យសោកស្តាយ ដែលរដ្ឋាភិបាលអង់គ្លេស មិនបានបញ្ចូលលោក Nigel Farage​ ទៅក្នុងការចរចាBrexit។

សម្តីទាំងអម្បាលម៉ាននេះ របស់លោកដូណាល់ ត្រាំ គឺដូចខោកលោកស្រី តេរ៉េហ្សា ម៉េ ដូច្នោះដែរ។ ថ្នាក់ដឹកនាំនយោបាយអង់គ្លេស មួយចំនួន បានចាត់ទុកថា សម្តីទាំងនេះ គឺជាសម្តីកកូរកកាយ បង្កបញ្ហា លូកដៃមកក្នុង កិច្ចការនយោបាយក្នុងស្រុករបស់អង់គ្លេស។ អង់គ្លេសកំពុងតែឆ្លងកាត់វិបត្តិនយោបាយធ្ងន់ធ្ងរ តែប្រធានាធិបតីអាមេរិក គិតតែពីឆក់ឱកាស និយាយបន្តុះបង្អាប់ បែងចែកបក្សពួក ហើយថែមទាំងតាំងខ្លួន ជាអ្នកឱយដំបូន្មានគេថែមទៀតផង។

គេពហិការ​ មិនចូលរួមពិធីជប់លៀង ទទួលលោកដូណាល់ ត្រាំ

អ្នកដែលប្រកាសមិនទៅចូលរួម កម្មវិធីជប់លៀង នៅព្រះបរមរាជវាំង​ Buckingham ល្ងាចថ្ងៃទី​៣មិថុនា មុនគេ គឺលោក Jeremy Corbyn ដែលជា​ប្រធានបក្សពលករ បក្សប្រឆាំងធំជាងគេនៅអង់គ្លេស។ លោក Jeremy Corbyn បាននិយាយថា លោកមិនអាចទៅចូលរួមជប់លៀង ទទួលប្រធានាធិបតីម្នាក់ ដែលដើរហែកសន្ធិសញ្ញាអន្តរជាតិចោល​ ហើយដើរបញ្ឆេះកំហឹងបង្កវិវាទ ជាមួយគេគ្រប់គ្នាបែបនេះទេ។ ប្រធានបក្សប្រឆាំងអង់គ្លេសរូបនេះ បានចាត់ទុកលោកដូណាល់ ត្រាំ ថាជាមនុស្ស ក្អេងក្អាង ប្រកាន់ពូជសាសន៍ ហើយបន្ទាបបន្ថោកតម្លៃមនុស្សស្រីទៀតផង។

អ្នកដែលមិនចូលរួមក្នុងពិធីជប់លៀងយប់នេះ ម្នាក់ទៀត គឺអ្នកម្នាង Meghan ភរិយារបស់ព្រះអង្គម្ចាស់ Harry។ បើតាមការលើកឡើងរបស់បណ្តាញព័ត៌មានអង់គ្លេស គឺអ្នកម្នាង Meghan ស្អប់មិនចង់ជួបមុខលោកដូណាល់ ត្រាំទេ។

ក្រៅពីលោក Jeremy Corbyn និងអ្នកម្នាង Meghan លោក Sadiq Khan អភិបាលទីក្រុងឡុងដ៍ ក៏បានបដិសេធ មិនទៅចូលរួមក្នុងកម្មវិធីបង់កេ នៅល្ងាចនេះដែរ។ ប៉ុន្មាននាទី មុននឹងចុះពីយន្តហោះ លោកដូណាល់​ ត្រាំ បានសរសេរសារលើទំព័រTwitter ជេរប្រមាថលោក Sadiq Khan ថាជាមនុស្ស សំគិះគ្មានបានការ។ លោកត្រាំ បានបន្ទោស​លោកអភិបាលទីក្រុងឡុងដ៍ ថាមិនចេះធ្វើការ មិនអាចដោះស្រាយបញ្ហាឧក្រិដ្ឋកម្មបាន​។

បើតាមការស្មាន សម្តីជេរប្រមាថទៅលើលោក អភិបាលទីក្រុងឡុងដ៍នេះ ក៏ព្រោះតែលោក Sadiq Khan បាននិយាយប្រាប់កាសែត The Sun កាលពីថ្ងៃអាទិត្យថា អង់គ្លេសមិនគួរណាចំណាយពេល ចំណាយប្រាក់ ក្រាលព្រំក្រហមទទួលលោកដូណាល់​ ត្រាំ សោះ។ លោកអភិបាលទីក្រុងឡុងដ៍​ បានចាត់ទុក​នយោបាយ​​របស់លោកត្រាំ ថាជានយោបាយក្អេងក្អាង កោងកាច និងអុចអាលបង្កជម្លោះ។

មួយវិញទៀត ​លោកដូណាល់ ត្រាំ ក៏ប្រហែលជាខឹងនិងលោកអភិបាលក្រុងឡុងដ៍ ដែលបានអនុញ្ញាតឲ្យគេធ្វើបាតុកម្ម ប្រឆាំងរូបគាត់ កាលពីឆ្នាំ២០១៨។ ហើយលើកនេះ បើតាមការរំពឹងទុក ក៏មានការធ្វើបាតុកម្ម​ដែរ ដោយ​មាន​លោក Jeremy Corbyn បានថែមទាំងអំពាវនាវឲ្យមនុស្សម្នា ចូលរួមឲ្យច្រើនទៀ​តផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ