កងកុម្មង់ដូ Hubert៖ កំពូលកម្មង់ដូ ពូកែបំផុតរបស់បារាំង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥៨
កាលពីថ្ងៃអង្គារ ទី១៤ឧសភា ក្រោមអធិបតីភាព លោកអេម៉ានុយអែល ម៉ាក្រុង ប្រទេសបារាំង បានប្រារព្ធពិធីកាន់ទុក្ខ សាកសពនាយទាហានកុម្មង់ដូបារាំង ២រូប ដែលបានពលីជីវិត នៅក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំង៤នាក់ នៅឯប្រទេសបួរគីណាហ្វាសូ ដែលក្នុងនោះមានជនជាតិបារាំង២នាក់។ វីរភាព ហ៊ានប្តូរជីវិត ដើម្បីសម្រេចជោគជ័យក្នុងបេសកកម្ម របស់កងកុម្មង់ដូបារាំង ត្រូវបានប្រជាជនបារាំង គ្រប់ជាន់ថ្នាក់ កោតសរសើរស្ញប់ស្ញែង។
ជីវិតចំណាប់ខ្មាំងបារាំង២នាក់ ដូរនឹងជីវិតទាហានបារាំង២នាក់
ចំណាប់ខ្មាំង ៤នាក់ ជនជាតិបារាំង២នាក់ ជនជាតិកូរ៉េខាងត្បូងម្នាក់ និងជនជាតិអាមេរិកម្នាក់ គឺជាអ្នកទេសចរណ៍ ដែលត្រូវបានក្រុមជីហាតភេរវកម្មមានប្រភពនៅម៉ាលី ចាប់ខ្លួនយកទៅ នៅភាគខាងជើងប្រទេសបួរគីណាហ្វាសូ។ កងទ័ពបារាំង បានបើកប្រតិបត្តិការ រំដោះចំណាប់ខ្មាំង នៅយប់ថ្ងៃទី៩ឧសភា ដោយមានអន្តរាគមន៍ ពីកងកុម្មង់ដូម៉ារីន ដ៏ឆ្នើមបំផុតរបស់បារាំង។
ចំណាប់ខ្មាំងទាំង៤ ត្រូវបានរំដោះបានមកវិញ ដោយសុខសុវត្ថិភាព។ តែជាអកុសល នាយទាហានកុម្មង់ដូម៉ារីន២នាក់ បានស្លាប់ពលីជីវិត នៅក្នុងប្រតិបត្តិការនេះ។ នាយទាហានកុម្មង់ដូម៉ារីន ដែលស្លាប់ ម្នាក់ ឈ្មោះ Cédric de Pierrepont អាយុ៣៣ឆ្នាំ និងម្នាក់ទៀត ឈ្មោះ Alain Bertoncello អាយុ២៨ឆ្នាំ។ ថ្ងៃអង្គារទី១៤ ឧសភា ក្តាម្ឈូសនៃនាយទាហានបារាំងទាំង២ ត្រូវបានដង្ហែរមកកាន់វិមាន Les Invalides នៅទីក្រុងបារីស ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធថ្នាក់ជាតិ ក្រោមអធិបតីភាព លោកប្រធានាធិបតីម៉ាក្រុង ឲ្យសក្តិសមទៅនឹងវីរៈភាព របស់នាយទាហានទាំង២រូប។
នាយទាហានកុម្មង់ដូរទាំង២រូប គឺជាសមាជិកនៃកងកុម្មង់ដូពិសេសរបស់បារាំង មានឈ្មោះថាកងកុម្មង់ដូHubert។ នៅក្នុងប្រសាសន៍សន្ទរកថា របស់លោកម៉ាក្រុង លោកបានចាត់ថាទុក នាយទាហានកុម្មង់ដូរទាំង២រូបនេះ គឺជាទាហានឆ្នើម មានសមត្ថភាពខ្ពស់លើសគេ លើទាហានកុម្មង់ដូណាណាទាំងអស់ របស់កងទ័ពបារាំង។ នៅលើលោកនេះ មានទាហានតិចតួចបំផុតណាស់ ដែលមានសមត្ថភាពផ្លូវកាយ និងសតិស្មារតីខ្ពស់ ដូចទាហានដែលជាសមាជិកនៃកងកុម្មង់ដូHubert នេះ។
ជាការពិត កងកុម្មង់ដូរHubert គឺជាកងកុម្មង់ដូពិសេស ដែលក្នុងជួរកងទ័ពបារាំង គេចាត់ទុកកុម្មង់ដូនេះ ជាកុម្មង់ដូឆ្នើមជាងគេ ក្នុងចំណោមអ្នកឆ្នើមបំផុត។ កងកម្មង់ដូពិសេសនេះ បានចាប់បដិសន្ធិ នៅឆ្នាំ១៩៤៧ ក្រោយសង្រ្គាមលោកលើកទី២។ គេបានដាក់ឈ្មោះកងកុម្មង់ដូនេះ ថា Hubert ជាការរំលឹកដល់វិញ្ញាណក្ខន្ធ របស់នាយទាហានបារាំងម្នាក់ ឈ្មោះ Augustin Hubert ដែលបានពលីជីវិត នៅថ្ងៃទី៦ មិថុនា ១៩៤៤ នៅពេលកងទ័ពបារាំង រួមជាមួយនឹងកងទ័ពសម្ព័ន្ធមិត្ត បានមកដល់ឆ្នេរសមុទ្រ Normandie ដើម្បីរំដោះបារាំង ពីក្រញ៉ាំនៃរបបណាហ្ស៊ីស អ៊ីត្លែរ។
សមាជិកកុម្មង់ដូHubert ជាកំពូលមនុស្ស
បន្តិចម្តងៗ កងកម្មង់ដូHubert បានចាប់យកជំនាញពិសេស ដ៏ឆ្នើមគ្មានគូប្រៀប ក្នុងប្រតិបត្តិការទាំងលើដីគោក និងនៅក្នុងទឹក។ កាហ្វឹកហាត់ ត្រូវធ្វើឡើងនៅឯ តំបន់ Saint-Mandrier មិនឆ្ងាយប៉ុន្មាន ពីក្រុងទូឡុង ភាគខាងត្បូងប្រទេសបារាំង។ មុននឹងអាចត្រូវគេរើសចូលជាសមាជិក នៃកងកុម្មង់ដូHubert នាយទាហានម្នាក់ៗ ត្រូវតែឆ្លងកាត់ការធ្វើតេស្តិ៍ ប្រលងចូលសិក្សា ហ្វឹកហាត់ នៅក្នុងកងកម្មង់ដូម៉ារីន ចំនួន៦ ផ្សេងៗគ្នា។ ក្រោយហ្វឹកហាត់រយៈពេល២ឆ្នាំ នៅតំបន់ Bretagne នាយទាហាន ត្រូវតែធ្វើតេស្តិ៍ប្រលងយក ក្នុងជំនាញ “វាយប្រយុទ្ធ និងប្រតិបត្តិការក្នុងទឹក”។ មាននាយទាហានតិចបំផុត ដែលបានទទួលសញ្ញាប័ត្រនេះ ហើយបន្ទាប់មក ទើបត្រូវគេរើស ឲ្យចូលជាសមាជិក នៃកងកុម្មង់ដូHubert។
លោក Paul-Henri Desgrees du Lou ប្រធានសមាគមមិត្តភាពទាហានម៉ារីន និងកុម្មង់ដូ បានលើកឡើងថា មានទាហានតិចណាស់ ដែលអាចក្លាយជាសមាជិកនៃកងកុម្មង់ដូHubert ព្រោះថាម្នាក់ៗ ត្រូវតែពូកែបំផុត ជាពិសេស គឺត្រូវតែពូកែហែលទឹក ហើយអាចអត់ធន់ ធ្វើប្រតិបត្តិការក្នុងទឹកបានយូរ។ ក្នុងប្រតិបត្តិការខ្លះ ទាហានកុម្មង់ដូ ត្រូវមុជទឹកបាតសមុទ្រ ពីទីតាំងមួយទៅទីតាំងមួយ ដោយភ្ជាប់ជាមួយនូវអាវុធ គ្រាប់ផ្ទុះ។
លោកបន្ថែមថា ក្រៅសមត្ថភាព នៃប្រតិបត្តិការក្នុងទឹក កងកុម្មង់ដូHubert ក៏ត្រូវតែមានបច្ចេកទេសយុទ្ធសាស្ត្រខ្ពស់បំផុត ដូចជាសមត្ថភាពលោកឆ័ត្រយោង បន្លំខ្លួន និងបើកប្រតិបត្តិការរំដោះមនុស្សជាដើម។ ការទាមទារ ផ្នែកកាយសម្បទារ ដ៏ខ្ពស់នេះ បានធ្វើឲ្យនាយទាហានច្រើនណាស់ ត្រូវបង្ខំចិត្តបោះបង់ចោលការហ្វឹកហាត់។ ក្នុងមួយឆ្នាំៗ មាននាយទាហាន តែប្រមាណ១០% ប៉ុណ្ណោះ ដែលត្រូវបានគេរើសឲ្យចូលក្នុងកងកុម្មង់ដូHubert នេះ។
សមត្ថភាពផ្លូវកាយ គឺវាខ្ពស់ណាស់ទៅហើយ ហើយទន្ទឹមនឹងនេះ ទាហាននៃកងកុម្មង់ដូHubert ត្រូវតែមានសមត្ថភាពសតិស្មារតី រឹងមាំដូចថ្ម។ នេះបើតាមការបញ្ជាក់ ពីលោក Pascal Le Pautremat អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងជាអ្នកនិពន្ធសៀវភៅជាច្រើនក្បាល ស្តីពីកងកម្លាំងប្រតិបត្តិការពិសេស។ អ្នកជំនាញរូបនេះ បន្តថា មាននាយទាហានខ្លះ បានប្រលងច្រើនដងណាស់ នៅតែមិនជាប់។ ដូច្នេះ អ្នកដែលបានបានក្លាយជាសមាជិកនៃកងកុម្មង់ដូHubert គឺសុទ្ធតែជាកំពូលមនុស្ស មានទាំងកម្លាំងកាយ ខ្លាំងក្លាស្វាហាប់គ្រប់ស្ថានការណ៍ និងមានប្រាជ្ញាស្មារតីរឹងមាំខ្ពស់ វៀងវៃរហ័ស ប្រកបដោយឆន្ទៈមួសមុត។
ពលីដើម្បីជាតិ និងជនរួមជាតិខ្លួន
ឆន្ទៈមោះមុត រឹងមាំ មិនរាថយ ទោះដឹងថាជីវិតខ្លួនត្រូវស្ថិតក្នុងគ្រោះថ្នាក់។ នេះហើយដែលជាវីរភាព នៃនាយទាហាន លោក Cédric de Pierrepont និង លោក Alain Bertoncello ដែលបានស្លាប់នៅបួរគីណាហ្វាសូ។ ការពារអាយុជីវិត ប្រជាជនបារាំង គឺជាកាតព្វកិច្ចរបស់កងទ័ព ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
អ្នកស្រី Florence Charton ភរិយារបស់នាយទាហាន Cédric de Pierrepont បានលើកឡើងថា ស្វាមីអ្នកស្រី ស្លាប់ក្នុងនាមការងារ ដែលគាត់ស្រលាញ់ និងដែលគាត់មានមោទនភាពបំផុត។ ចំណែក អ្នកស្រី Léa Latourte គូកំណាន់ របស់នាយទាហាន Alain Bertoncello វិញ បានអះអាងថា លោក Alain Bertoncello ដឹងយ៉ាងច្បាស់ អំពីគ្រោះថ្នាក់ និងការប្រថុយជីវិតក្នុងបេសកកម្មនីមួយៗ។ ទោះយ៉ាងនេះក្តី អ្នកស្រីជឿថា បើលោក Alain Bertoncello នៅមានជីវិត ក៏លោកនៅតែមិនរាថយ ក្នុងការសម្រេចបេសកកម្មនេះ ម្តងទៀតនោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ