អានតួអត្ថបទ
បារាំង

លោកម៉ាក្រុង៖ បារាំង​ចង់បាន​កិច្ចសន្យា​សកល​មួយ ដើម្បី​ការពារ​ប្រយោជន៍រួម​ របស់​​មនុស្ស​ជាតិ

ដូចការគ្រោងទុក កាលពីល្ងាចថ្ងៃពុធទី ២៤មករា លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានថ្លែងសន្ទរកថា ចំពោះមុខអង្គមហាសន្និបាទ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្រុងដាវ៉ូ ប្រទេសស្វីស។ ក្នុងសន្ទរកថា ដែលគេរំពឹងរងចាំស្តាប់នោះ លោកប្រធានាធិបតីបារាំង បានលើកឡើងថា បារាំងត្រលប់មកវិញហើយ ត្រលប់មកជាមួយនឹងគំនិតថ្មី​ ដែលចង់ឃើញពិភពលោកយើង ចាប់ដៃគ្នា ទទួលខុសត្រូវរួមគ្នា ដើម្បីការពារ នូវអ្វីដែលជាផលប្រយោជន៍រួម របស់មនុស្សជាតិ គឺសុខភាព ការអប់រំ សន្តិភាព និងបរិស្ថានធម្មជាតិ។

លោក Emmanuel Macron ក្នុងពេល​ធ្វើ​សន្ទរកថា​​នៅ​ វេទិកា​​សេដ្ឋកិច្ច​​ពីភពលោក​ក្រុង​ដាវ៉ូ ​ប្រទេស​ស្វីស ថ្ងៃទី​​២៤​ មករា ​២០១៧
លោក Emmanuel Macron ក្នុងពេល​ធ្វើ​សន្ទរកថា​​នៅ​ វេទិកា​​សេដ្ឋកិច្ច​​ពីភពលោក​ក្រុង​ដាវ៉ូ ​ប្រទេស​ស្វីស ថ្ងៃទី​​២៤​ មករា ​២០១៧ REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

ក្នុងសន្ទរកថាជាភាសាបារាំងផង ជាភាសាអង់គ្លេសផង នៅចំពោះមុខថ្នាក់ដឹកនាំប្រទេស និងថ្នាក់ដឹកនាំក្រុមហ៊ុន ប្រមាណជា១៦០០នាក់ លោក ម៉ាក្រុង បានលើកឡើងជាដំបូង នូវលទ្ធផលវិជ្ជមាន នៃកំណែទម្រង់សេដ្ឋកិច្ច និងទីផ្សារការងាររបស់បារាំង។ ដោយសារតែក្រុមហ៊ុនធំៗរបស់បារាំង មានចំណែកយ៉ាងធំ ក្នុងកម្លាំងសេដ្ឋកិច្ចសកលលោកទាំងមូល ដូច្នេះ​កំណែទម្រង់ទាំងនោះ នឹងផ្តល់សន្ទុះដល់សេដ្ឋកិច្ច​សកល​ដែរ។ « France is back » បារាំង ត្រលប់មកវិញហើយ ! នេះជាឃ្លា ដែលលោកម៉ាក្រុង បានបន្លឺឡើង ក្រោមសំឡេងទះដៃកងរំពង។

បន្តមកទៀត លោកម៉ាក្រុង បានលើកឡើងអំពីរបាយការណ៍របស់អង្គការ Oxfarm ដែលរបាយការណ៍នេះ​ បានទាញសញ្ញាអាសន្ន អំពីគំលាតរវាងអ្នកមាន និងអ្នកក្រ ដែលមានកាន់តែខ្លាំងទៅៗ។ លោកម៉ាក្រុង និយាយថា កំណើនសេដ្ឋកិច្ច មិនមែនជាកម្មវត្ថុចុងក្រោយនោះទេ។ វាគ្រាន់តែជាមធ្យោបាយតែប៉ុណ្ណោះ។ កំណើនសេដ្ឋកិច្ច ជាមធ្យោបាយ​ឲ្យប្រជាជនងើបផុតពីភាពក្រីក្រ ទទួលបានការអប់រំល្អ ទទួល​បាន​សន្តិសុខ និងទទួលបានការគាំព៌ាល្អ ក្នុងវិស័យសុខាភិបាល។ ទាំងនេះ ទើបជាកម្មវត្ថុចុងក្រោយ ដែលថ្នាក់ដឹកនាំទាំងអស់ចង់បាន។

សំដី​ខាងលើ​នេះ គឺលោកម៉ាក្រុង ចង់សំដៅទៅដល់មនុស្សប្រមាណជា​១%នៃភពផែនដីយើង ដែលមានទ្រព្យ មានធនធានមហាសាល ក៏ប៉ុន្តែគិតចង់តែពីបោះទុនរកស៊ីកើបចំណេញ ដោយមិនខ្វល់ពីអ្នកក្រីក្រ។ លោកម៉ាក្រុង ក៏បានឆ្លៀតនិយាយបញ្ឆិតបញ្ឆៀង ទៅឲ្យក្រុមហ៊ុនមួយចំនួន​ ដែលបោះទុនវិនិយោគ គឺដើម្បីដែលកើបប្រមូលផល បូមកកាយធនធានធម្មជាតិជាដើម​ ពេលដែលកកាយអស់ហើយ វិចបង្វិចរត់ទៅកន្លែងមួយទៀត ទុកឲ្យប្រជាជនម្ចាស់ស្រុក រស់រងទុក្ខ ដោយមិនបានទទួលផល។

ដើម្បីទប់ស្កាត់បញ្ហាទាំងអស់នេះ លោកម៉ាក្រុង បានលើកឡើងថា ពិភពលោកយើង ត្រូវតែចាប់ដៃគ្នា ធ្វើកិច្ចសន្យាសកល រួមគ្នាមួយ រវាងរដ្ឋាភិបាល និងក្រុមហ៊ុនទាំងអស់។ កិច្ច​សន្យា​សកល​នេះ ត្រូវតែ​​ផ្តល់​អទិភាព ដើម្បី​ការពារ​ទ្រព្យសម្បត្តិរួម​ ផលប្រយោជន៍រួម របស់មនុស្សជាតិយើង។ ផលប្រយោជន៍រួមនោះ គឺគ្មានអ្វីក្រៅពី ប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាល ការការពារធនធានធម្មជាតិ បរិស្ថាននោះទេ។ លោកបន្ថែមថា ម្នាក់ៗ ទាំងរដ្ឋ ទាំងឯកជន ត្រូវប្រឹងប្រែងរៀងៗខ្លួន ធ្វើយ៉ាងណា ឲ្យកំណើនសេដ្ខកិច្ច ក្លាយជាកំណើនជីវភាព កំណើនចំណេះដឹង និងសុខមាលភាព របស់ប្រជាជនទាំងអស់គ្នា។

ជាចុងក្រោយ លោកម៉ាក្រុង ក៏បានឆ្លៀត និយាយដាក់កំហិត ឲ្យក្រុមហ៊ុនអន្តរជាតិធំៗទាំងអស់ ឲ្យគោរពច្បាប់វិន័យ វិធានពន្ធដានៅតាមប្រទេសដែលខ្លួនរកស៊ី មិនត្រូវកិបកេង លួចបន្លំ គេចពន្ធនោះឡើយ។ លោកម៉ាក្រុងសន្យាថា ការប្រយុទ្ធប្រឆាំង និងការគេចវេសមិនបង់ពន្ធ គឺជាអាទិភាព របស់រដ្ឋាភិបាលបារាំង ក៏ដូចជារបស់សហភាពអឺរ៉ុបទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ