បារាំង៖ជនអន្តោប្រវេសន៍គ្មានបណ្ណស្នាក់នៅ៧០០នាក់ សម្រុកចូលទៅវិមានប៉ង់តេអុង
កាលពីថ្ងៃសុក្រ ទី១២កក្កដា នៅទីក្រុងប៉ារីស មានក្រុមជនអន្តោប្រវេសន៍ដែលគ្មានបណ្ណស្នាក់នៅ ប្រមាណជា៧០០នាក់ បានសម្រុលចូលទៅក្នុងវិមានប៉ង់តេអុង (Panthéon) ដើម្បីអំពាវនាវ ឲ្យរដ្ឋាភិបាលបារាំង ផ្តល់ប្រដាសស្នាម បណ្ណស្នាក់នៅដោយស្របច្បាប់ដល់ពួកគេ។ សមត្ថកិច្ចបារាំង បានបើកប្រតិបត្តិការបណ្តេញជនអន្តោប្រវេសន៍ ចេញពីវិមានប៉ង់តេអុង ដោយបានចំណាយពេលអស់៣ម៉ោង។ ក្រុមអ្នកគាំទ្រជនអន្តោប្រវេសន៍ បានរិះគន់ចំណាត់ការបណ្តេញ របស់នគរបាលបារាំងនេះ ថាពោរពេញដោយអំពើហិង្សា និងគ្មានមេត្តាធម៌។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៤
នៅវេលាថ្ងៃត្រង់ ថ្ងៃសុក្រទី១២កក្កដា ក្រុមជនអន្តោប្រវេសន៍ ដែលគ្មានក្រដាសស្នាមស្នាក់នៅ បាននាំគ្នាសម្រុកចូលទៅវិមានប៉ង់តេអុង ដែលជាវិមានតំកល់សពឥស្សរជនធំៗរបស់បារាំង នៅកណ្តាលទីក្រុងប៉ារីស។ កម្មវត្ថុនៃការសម្រុកចូលទៅកាន់វិមានប៉ង់តេអុង របស់ជនអន្តោប្រវេសន៍ ដើម្បីទាមទារ ឲ្យអាជ្ញាធររដ្ឋាភិបាលបារាំង ជួយផ្តល់បណ្ណស្នាក់នៅដោយស្របច្បាប់ ដល់ពួកគេ។
នៅវេលាម៉ោង ៤ និង៤៥នាទី រសៀល សមត្ថកិច្ចបារាំង បានសម្រេចចូលទៅបណ្តេញក្រុមជនអន្តោប្រវេសន៍ ដែលតាមការស្មាន មានចំនួនប្រមាណជា៧រយនាក់។ លោក Edouard Philippe នាយករដ្ឋមន្ត្រីបារាំង បានសរសេរសារ លើTwitterថា សមត្ថកិច្ចបានធ្វើការរំសាយក្រុមជនអន្តោប្រវេស ឲ្យចេញពីវិមានប្រវត្តិសាស្ត្រប៉ង់តេអុង អស់រួចរាល់នៅវេលាម៉ោង ៧និង២០នាទីល្ងាច។
លោកនាយករដ្ឋមន្ត្រីបារាំងបន្ថែមថា បារាំងជាប្រទេសមានច្បាប់ ហើយការសុំបណ្ណស្នាក់នៅ គឺត្រូវធ្វើតាមនីតិវិធី ដែលច្បាប់កំណត់ ចំណែកការសម្រេចទៀតសោត គឺអាជ្ញាធរបារាំង សម្រេចដោយយុត្តិធម៌ ទៅតាមករណីនីមួយៗ របស់អ្នកស្នើសុំបណ្ណស្នាក់នៅ។ លោកបន្តថា ដូច្នេះការចូលលុកលុយ ចូលទៅក្នុងវិមានជាទីតាំងប្រវត្តិសាស្ត្រដ៏មានតម្លៃ គឺមិនមែនជាដំណោះស្រាយ ហើយជារឿងដែលមិនអាចទទួលយកបានទេ។
ដោយឡែក យោងតាមអ្នករាយការណ៍ព័ត៌មានបារាំង AFP បានឲ្យដឹងថា នរគបាលបារាំង បានប្រើដំបង់វាយ ឧស្ម័នបង្ហូរទឹកភ្នែក បាញ់ទៅលើហ្វូងជនអន្តោប្រវេសន៍ ដើម្បីរុញច្រានពួកគេឲ្យចេញតាមទ្វារក្រោយ។ មានមនុស្សរងរបួស ដួលសន្លប់ ជាច្រើននាក់។ នៅខាងក្រៅវិមានប៉ង់តេអុងវិញ មានសកម្មជន និងប្រជាជនសាមញ្ញជាច្រើនរយនាក់ ដែលបានមកចូលរួម ស្រែកតវ៉ា ចំពោះចំណាត់ការរបស់អាជ្ញាធរ ដែលពួកគេចាត់ទុកថាមានភាពហិង្សាហួសហេតុ គ្មានអាណិតអាសូរ ដល់ជនអន្តោប្រវេសន៍ស្លូតត្រង់។
សកម្មជនម្នាក់ នៃសមាគម Droits Devant ! បានលើកឡើងថា ជនជន្តោប្រវេសន៍ខ្លះ រស់នៅក្នុងភាពមិនស្របច្បាប់ អស់ជាច្រើនឆ្នាំមកហើយ ដោយពួកគេគ្មានសិទ្ធិអ្វីទាំងអស់។ រដ្ឋាភិបាលបារាំង កាលពីឆ្នាំ១៩៨១ ជំនាន់លោកប្រធានាធិបតីមីតេរ៉ង់ ធ្លាប់បានជួយសម្រួលឲ្យស្របច្បាប់ ក្នុងករណីលើកលែងពិសេស ឲ្យដល់ជនអន្តោប្រវេសន៍។ សកម្មជនដដែលបានអំពាវនាវថា វាដល់ពេលហើយ ដែលរដ្ឋាភិបាលបារាំង ត្រូវពិចារណា ជួយសម្រួលផ្តល់បណ្ណស្នាក់នៅ ក្នុងករណីលើកលែងពិសេស ជាថ្មីម្តងទៀត នាពេលនេះ ដើម្បីធ្វើឲ្យស្របច្បាប់ ដល់ជនអន្តោប្រវេសន៍ ដែលឆ្លើយតបនឹងលក្ខខណ្ឌ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ