អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំងឈឺក្បាល ថាតើ​ត្រូវ​យក​ពួក​ជីហាត​ជនជាតិបារាំង​ ពី​​ស៊ីរី​​ចូល​ស្រុក​វិញ ឬ​យ៉ាងណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តើត្រូវសម្រេចយ៉ាងណា ទាក់ទិននឹងក្រុមជីហាតភេរវកម្មអ៊ីស្លាម ជនជាតិបារាំង ដែលកំពុងស្ថិតនៅក្នុងកណ្តាប់ដៃរបស់កងកម្លាំងគួដ ក្នុងទឹកដីស៊ីរី? កន្លងមក រដ្ឋាភិបាល​បារាំង ធ្លាប់បានលើកឡើងថា ជនជីហាតបារាំង ដែលទៅធ្វើសង្រ្គាមនៅស៊ីរី និងអ៊ីរ៉ាក់ គឺនឹងត្រូវ ទទួលការកាត់ទោសនៅទីនោះ។ ក៏ប៉ុន្តែស្ថានការណ៍បានផ្លាស់ប្តូរ បន្ទាប់ពីអាមេរិក បានសម្រេចដកទ័ពចេញពីស៊ីរី ដែលធ្វើឲ្យក្រុមចលនាប្រជាធិបតេយ្យស៊ីរី និងកងកម្លាំងគួដ អាចប្រឈមនឹងគ្រោះថ្នាក់។ ពួកជីហាតជនជាតិបារាំង ដែលបច្ចុប្បន្ន ស្ថិតក្រោមការឃុំឃាំងរបស់ក្រុមទាំងនេះ អាចនឹងត្រូវរត់បែកខ្ចាត់ខ្ចាយ ហើយអាច​វិល​ត្រលប់​ចូលស្រុក​ បង្កគ្រោះថ្នាក់ក៏ថាបាន។

ស្ត្រីម្នាក់ និងកូនៗ នៅក្នុងជំរុំ ស្ថិត​ក្រោម​ការ​សង្ស័យ​ ថាធ្លាប់បំរើ​ក្រុម​​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ថ្ងៃទី១៥ កុម្ភៈ ២០១៨ ភាគខាងជើង​ស៊ីរី
ស្ត្រីម្នាក់ និងកូនៗ នៅក្នុងជំរុំ ស្ថិត​ក្រោម​ការ​សង្ស័យ​ ថាធ្លាប់បំរើ​ក្រុម​​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ថ្ងៃទី១៥ កុម្ភៈ ២០១៨ ភាគខាងជើង​ស៊ីរី Delil souleiman / AFP
ផ្សាយពាណិជ្ជកម្ម

តើគួរយកជនជីហាត ដែលធ្លាប់បានធ្វើសកម្មភាពភេរវកម្មនៅបារាំង និងបានធ្វើសង្រ្គាមជ្រុលនិយម នៅស៊ីរី និងអ៊ីរ៉ាក់ ត្រលប់មកបារាំងវិញ ដែរឬទេ? តើត្រូវចំណាយប្រាក់រាប់លាន និងពេលពេលា ដើម្បីយកជនទាំងនោះ ចូលស្រុកវិញ​ ឬយ៉ាងណា? មតិរបស់ប្រជាជនបារាំង ភាគខ្លះ បានលើកឡើងថា មិនត្រូវយកជនជាតិបារាំង ជាជនជីហាត​ទាំងនោះចូលស្រុកវិញទេ ព្រោះជនទាំងនោះ បានសម្រេចចិត្តធ្វើភេរកម្មប្រឆាំងនឹងប្រទេសឯង។

បើយោងតាមប្រភពពីក្រសួងមហាផ្ទៃបារាំង បច្ចុប្បន្នមានជនជីហាត ជាជន​ជាតិបារាំងប្រមាណ១៣០នាក់ ដែលកំពុងជាប់ឃុំនៅស៊ីរី ក្នុងនោះជាង៥០នាក់ជាមនុស្សធំ  ហើយកុមារប្រមាណ៨០នាក់។ ក្នុងចំណោមមនុស្សធំ មានភាគច្រើនជាភេទស្រី ហើយដែលក្នុងចំណោមស្រ្តីទាំងនោះ មានអ្នកខ្លះគឺជាភេរវជន​ជីហាត ដ៏សកម្មទៀតផង។ ជនទាំងនេះ បច្ចុប្បន្នកំពុងជាប់ឃុំ នៅតាមទីតាំងផ្សេងៗគ្នា នៅតំបន់ភាគឥសាន្តស៊ីរី ដែលជាតំបន់រំដោះ ស្ថិតក្រោមការកាន់កាប់របស់ក្រុមគួដ និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី។ យោងតាមប្រភពច្បាស់ការដដែល ក្រៅពីជនជនជាតិបារាំង ដែលជាប់ឃុំទាំងនេះ គឺនៅមានជន​ជីហាតជនជាតិបារាំង ប្រមាណ២៥០នាក់ផ្សេងទៀត ដែលកំពុងសំងំនៅរាយប៉ាយ ក្នុងតំបន់Idlib និង​តំបន់Hajine។

កន្លងមករដ្ឋាភិបាលបារាំង ធ្លាប់បានប្រកាន់ជំហរថា ជនជីហាតជនជាតិបារាំង ដែលត្រូវគេចាប់ខ្លួនបាននៅស៊ីរី និងនៅអ៊ីរ៉ាក់ នឹងត្រូវទុកឲ្យប្រឈមមុខ នឹងការជំនុំជំរះនៅទីនោះ។ លើកលែងតែកុមារ ដែលជាកូនៗរបស់ជនជីហាតទាំងនោះ ដែលរដ្ឋាភិបាលបារាំង អាចនឹងពិនិត្យករណីម្តង​មួយៗ ដើម្បយកត្រលប់មកវិញ​។ ជម្រើសនេះ ធ្លាប់ត្រូវបានមតិខ្លះរិះគន់ផងដែរ ថាវាអាចផ្ទុយពីសន្ធិសញ្ញាអន្តរជាតិ ចំពោះការដែលបំបែកក្មេង ចេញពីឪពុកម្តាយ។ ហើយមួយវិញទៀត ស្ថាប័នយុត្តិធម៌ នៅស៊ីរី និងនៅអ៊ីរ៉ាក់ ស្ថិតក្នុងភាពទន់ជ្រាយណាស់ មិនអាចកាត់ទោសជនទាំងនោះ តាមផ្លូវយុត្តិធម៌ត្រឹមត្រូវបានទេ។

គួរកត់សំគាល់ថា រដ្ឋាភិបាលបារាំងហាក់ចាប់ផ្តើម យកជម្រើសទាំងអស់ មក​​ពិចារណាឡើងវិញ គឺនៅពេលដែលលោកដូណាល់ ត្រាំ​បានសម្រេច នៅចុងខែធ្នូ ថាដកទ័ពអាមេរិក ចេញពីស៊ីរី។ ការដកទ័ពអាមេរិកនេះ ត្រូវបានក្រុមអ្នកវិភាគយុទ្ធសាស្ត្ររំពឹងថា នឹងធ្វើឲ្យក្រុមគួដ និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី អស់បង្អែក ហើយប្រឈមនឹងគ្រោះថ្នាក់ខ្ពស់។ កងទ័ពរដ្ឋាភិបាលបាឆា អាល់អាសាដ ក៏ដូចជាកងទ័ពតួកគី កំពុងរងចាំឱកាសនេះ ដើម្បីវាយដណ្តើមតំបន់កាន់កាប់របស់ពួកគេ។ បើក្រុមគួដ និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី បាក់ទ័ពរត់ប្រសេក​ប្រសាច នោះមានន័យថា ក្រុមជីហាតជនជាតិបារាំង ដែលស្ថិតក្នុងការឃុំឃាំងរបស់ពួកគេ ពិតជាអាចរបូត ហើយរត់គេចខ្លួនទៅកន្លែងផ្សេង។

កាលពីថ្ងៃទី២៩មករា លោករដ្ឋមន្ត្រីក្រសួងការបរទេសបារាំង បានបើកការពិចារណាជាផ្លូវការ ស្តីពីរៀបចំ យកជនជីហាតទាំងនោះត្រលប់មកបារាំងវិញ។ លោករដ្ឋមន្ត្រីលើកឡើងថា ដោយយោងទៅលើស្ថានការណ៍ដែលអាចនឹងចលាចល នៅស៊ីរី បារាំងកំពុងពិចារណា គ្រប់ជំរើសទាំងអស់​ ដើម្បីចៀសវាងកុំឲ្យជនជីហាតដ៏គ្រោះថ្នាក់ទាំងនោះ របូតរួចខ្លួនទៅបាន។ គ្រោះថ្នាក់មួយទៀតនោះ គឺជនជីហាតបារាំងទាំងនោះ អាចរត់ឆ្លងទៅតួកគី ហើយអាចបន្លំខ្លួន ត្រលប់មកធ្វើសកម្មភាពនៅបារាំងវិញ។

ជាការពិត បើតាមប្រភពស្និទនឹងរដ្ឋាភិបាល បានលើកឡើងថា មន្ត្រីជំនាញពាក់ព័ន្ធ បានប្រជុំគ្នា រកមធ្យោបាយ ជាច្រើនសប្តាហ៍មកហើយ ដែលក្នុងនោះគឺមានជម្រើស ដែល​យក​ជន​ជីហាត​ទាំងនោះ មកបារាំង ដើម្បីទទួលការជំនុំជំរះ ហើយយកទៅដាក់ឃុំ។ ក៏ប៉ុន្តែ​មន្ត្រីការទូតបារាំងដដែល បានអះអាងថា មកទល់ពេលនេះ គេនៅពុំទាន់បានសម្រេច ថាយកដំណោះស្រាយមួយណានៅឡើយទេ។

គិតមកត្រឹមពេលនេះ បារាំងគ្រាន់តែបានសម្រេច បញ្ជូនមកបារាំងវិញ នូវកុមារដែលគ្មានអាណាព្យាបាល ឬ​កំព្រាឪពុក​ម្តាយ។ តែយ៉ាងណាក៏ដោយ ប្រភពពី​ក្រសួង​ការបរទេសបារាំងដដែល អះអាងថា ​ការរំដោះមនុស្ស មិនថាក្មេង ឬមនុស្សចាស់ ចេញពីតំបន់ភាគខាងជើងស៊ីរី យកមកបារាំងវិញ គឺមិនមែនជារឿងដែលងាយធ្វើនោះទេ។

ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងក្រសួងយុត្តិធម៌បារាំង បានប្រជុំគ្នាជាច្រើនលើក​មកហើយ ដើម្បីពិភាក្សាផ្នែកច្បាប់ ទាក់ទិននឹងការឃុំខ្លួន ក្នុងករណីដែល​ជន​ជីហាត​ទាំងនោះ ត្រូវបានបញ្ជូនមកដល់ទឹកដីបារាំងវិញ។ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បាន​អះអាង កាលពីថ្ងៃទី​២៩មករាថា ជនជីហាតទាំងនោះ បើសិនជាត្រូវ​បញ្ជូនខ្លួនមក​ដល់​បារាំងវិញ និងត្រូវរុញបញ្ចូលគុកទាំងអស់។

ក៏ប៉ុន្តែ ទោះយ៉ាងនេះក្តី អ្នកវិភាគខ្លះ បានលើកឡើងថា មានករណីជនជីហាត​ខ្លះ ដែលការជុំនំជំរះ កាត់ទោស ហើយឈានទៅឃុំខ្លួន អាចនឹងជួបឧបសគ្គច្រើន ដោយសារតែ ពុំមានភស្តុតាងគ្រាប់គ្រាន់។ តើបារាំង ត្រូវធ្វើយ៉ាងណា? បើមិនចាប់បញ្ជូនមកវិញ ក៏លំបាក ព្រោះជនទាំងនោះ អាចរបូតរួចខ្លួន ហើយអាចបង្កគ្រោះថ្នាក់ ទៅថ្ងៃមុខ។ តែបើចាប់មកហើយ ក៏លំបាក ព្រោះបារាំងជាប្រទេសគោរពសិទ្ធិមនុស្ស ហើយដែលមិនអាចចេះតែឃុំខ្លួនមនុស្ស ទទេៗបែបនេះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ