អានតួអត្ថបទ

បារាំង៖ បាតុករ​អាវកាក់​ពណ៌លឿង​ដើរក្បួន​គម្រប់​ខួប៣ខែ ថ្វីបើ​អ្នក​គាំទ្រ​កាន់តែ​ថយចុះ

កាលពីថ្ងៃអាទិត្យ ទី១៧កុម្ភៈ ក្រុមបាតុករអាវកាក់ពណ៌លឿង បានជួបជុំគ្នានៅទីក្រុងប៉ារីស និងតាមទីក្រុងធំៗ មួយចំនួនទៀត ដើម្បីដើរក្បួន គម្រប់ខួប៣ខែ នៃចលនាបាតុកម្មរបស់ខ្លួន។ ជាការកត់សំគាល់ ក្បួនបាតុកម្មនេះ ហាក់ប្រព្រឹត្តិធ្វើទៅ ក្នុងលក្ខណៈស្ងប់ស្ងាត់ ខណៈដែលក្បួនបាតុកម្មនៅរៀងរាល់ថ្ងៃសៅរ៍ ដូចដែលក្រុមនេះធ្វើជាទំលាប់ តែងតែមានផ្ទុះអំពើហិង្សា និងការប្រឈមមុខដាក់គ្នាជាមួយសមត្ថកិច្ច។ ដោយឡែក បើយោងតាមការស្ទាបស្ទង់មតិ មតិសាធារណៈបារាំង ហាក់ដូចជានឿយណាយ និងចង់ឲ្យក្រុមអាវកាក់ពណ៌លឿង បិទបញ្ចប់នូវចលនាបាតុកម្មតវ៉ានេះ។

បាតករ​អាវកាក់ពណ៌លឿង នៅក្រុងប៉ារីស ថ្ងៃទី​១៧ កុម្ភៈ ២០១៩​
បាតករ​អាវកាក់ពណ៌លឿង នៅក្រុងប៉ារីស ថ្ងៃទី​១៧ កុម្ភៈ ២០១៩​ REUTERS
ផ្សាយពាណិជ្ជកម្ម

ក្រោមពន្លឺព្រះអាទិត្យ និងផ្ទៃមេឃស្រលះ នៅវេលាម៉ោងប្រមាណជា១១ព្រឹក ថ្ងៃអាទិត្យទី១៧កុម្ភៈ ក្រុមបាតុករអាវកាក់ពណ៌លឿង បាននាំគ្នាប្រមូលផ្តុំគ្នា នៅទីលាន Place de l’étoile មុននឹងចាប់ផ្តើមដើរចុះ តាមបណ្តោយមហាវិថីហ្សង់អេលីហ្សេ ឆ្ពោះទៅកាន់ទីសួន Champs de Mars។

នេះជាលើកទីមួយ ដែលក្រុមអាវកាក់ពណ៌លឿង មកជួបជុំគ្នានៅថ្ងៃអាទិត្យ ដើម្បីគម្រប់ខួប៣ខែ នៃចលនាបាតុកម្មសង្គមដ៏ធំនេះ។ ប្រមាណ៣ខែមកនេះ ក្រុមអាវកាក់ពណ៌លឿង តែងតែធ្វើបាតុកម្ម នៅរៀងរាល់ថ្ងៃសៅរ៍ នៅទូទាំងប្រទេសបារាំង ហើយដែលសព្វមួយដង គឺតែងតែមានការប៉ះទង្គិចគ្នា ជាមួយកម្លាំងសមត្ថកិច្ច និងការបំផ្លេចបំផ្លាញ ទ្រព្យសម្បត្តិឯកជន និងសាធារណៈ។ យោងតាមអ្នករាយការណ៍ ទីភ្នាក់ងារព៌តមានបារាំង ក្បួនបាតុកម្មនៅថ្ងៃអាទិត្យ ទី១៧កុម្ភៈ ហាក់បានប្រព្រឹត្តិធ្វើទៅ ក្នុងភាពស្ងប់ស្ងាត់នៅទីក្រុងប៉ារីស លើកលែងតែនៅក្រុងបរដូ និងក្រុងទូលូស ដែលមានករណីអំពើហិង្សាខ្លះ បានកើតឡើង។

យោងតាមសមត្ថកិច្ចបារាំង កាលពីថ្ងៃអាទិត្យ មានបាតុករអាវកាក់ពណ៌លឿង ចំនួនប្រមាណជា១៥០០នាក់ នៅក្រុងប៉ារីស។ រីឯកាលពីថ្ងៃសៅរ៍ វិញ នៅប៉ារីស មានចំនួន៥០០០នាក់ និងទូទាំងប្រទេសបារាំង មានចំនួនប្រមាណ៤១៥០០នាក់។ ជាការកត់សំគាល់ ចំនួនបាតុករអាវកាក់ពណ៌លឿង បានកាន់តែថយចុះទៅៗ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

គួរកត់សំគាល់ថា ក្រៅពីគ្មានរចនាសម្ពន័្ធ ឲ្យបានច្បាស់លាស់ ក្រុមអាវកាក់ពណ៌លឿង បានបែកបាក់គ្នា ចែកបក្សជាច្រើនក្រុម។ មានសមាជិកក្រុម អាវកាក់ពណ៌លឿង សំខាន់ៗមួយចំនួន ដែលធ្លាប់ចេញមុខច្រើននៅតាមបណ្តាញពណ៌មាន បានបែកខ្ញែក ឈ្លោះប្រកែកគ្នា ដោយសារតែមានគំនិត និងការយល់ឃើញមិនស្របគ្នា។

យ៉ាងណាមិញ យោងតាមការស្ទាបស្ទង់មតិមួយ ធ្វើឡើងដោយវិទ្យាស្ថានមតិសាធារណៈបារាំង IFOP ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៧កុម្ភៈ បានបង្ហាញថា ៥២% នៃប្រជាជនបារាំង ចង់ឲ្យក្រុមអាវកាក់ពណ៌លឿង បិទបញ្ចប់បាតុកម្មតវ៉ា ដ៏រ៉ាំរ៉ៃនេះ។ បើផ្អែកតាមតួលេខស្ថិតិនេះ គឺចំនួនប្រជាជនបារាំង ដែលនឿយណាយ ហើយចង់ឲ្យចលនាបាតុកម្ម អាវកាក់ពណ៌លឿងនេះបិទបញ្ចប់នោះ គឺបានកើនឡើងខ្លាំង នៅរវាងមួយខែចុងក្រោយនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ