អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ១៧វិច្ឆិកា ២០១៨ គឺជាថ្ងៃនៃការចាប់ផ្តើមបាតុកម្មតវ៉ា របស់ចលនាអាវកាក់លឿងនៅបារាំង។ ផ្តើមចេញពី​ការតវ៉ា ប្រឆាំងនឹងការឡើងថ្លៃប្រេងម៉ាស៊ូត ក្រុមអាវកាក់លឿងនេះ បានធ្វើបាតុកម្ម​នៅរៀងរាល់ថ្ងៃសៅរ៍ ដើ​ម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ក៏ដូចជាគោលនយោបាយ​ដឹកនាំ ដែលពួកគេចាត់ទុកថាមានភាពអយុត្តិធម៌ ដល់ប្រជាជនដែលមានជីវភាពក្រីក្រ។ នៅថ្ងៃទី​១៦វិច្ឆិកានេះ គឺជាខួបមួយឆ្នាំ នៃចលនា​បាតុកម្ម​អាវកាក់លឿងនេះ។ តើ មួយឆ្នាំមកនេះ ចលនាបាតុកម្មអាវកាក់លឿងនេះ មានសន្ទុះកម្រិតណាដែរ ហើយថាតើចលនានេះ បាន​វិវឌ្ឍន៍ខ្លួន និងបាន​លើកឡើងជាច្រកចេញផ្នែកនយោបាយ​ អ្វីខ្លះ ដើម្បីឆ្លើយតបទៅនឹងការតវ៉ា របស់ខ្លួន។

បាតុករអាវកាក់លឿង  កាន់ខ្នើយ ដែល​មាន​សរសេរថា "មួយឆ្នាំ ​តែ​យើង​នៅតែ​មិន​រាថយ​"។ ប៉ារីស ថ្ងៃទី​១៦ វិច្ឆិកា ២០១៩​
បាតុករអាវកាក់លឿង កាន់ខ្នើយ ដែល​មាន​សរសេរថា "មួយឆ្នាំ ​តែ​យើង​នៅតែ​មិន​រាថយ​"។ ប៉ារីស ថ្ងៃទី​១៦ វិច្ឆិកា ២០១៩​ REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរប្រុងប្រៀបទប់អំពើហឹង្សា

មួយឆ្នាំគត់ ដែល​ចលនាបាតុកម្មអាវកាក់លឿង បានចាប់ផ្តើម គឺនៅថ្ងៃទី​១៧ វិច្ឆិកា ២០១៨ ជាមួយការប្រកូកប្រកាសគ្នា តាមបណ្តាញសង្គម ឲ្យប្រជាជនចុះផ្លូវតវ៉ា ពាក់អាវកាក់សុវត្ថិភាពពណ៌លឿង ដើម្បីជាសញ្ញានៃការមិនសុខចិត្ត​ចំពោះវិធានការរបស់រដ្ឋាភិបាល ដែលបានដំឡើងពន្ធ លើប្រេងម៉ាស៊ូត។ ផ្តើមចេញពីកម្មវត្ថុតវ៉ានេះ ក្រុមអាវកាក់​លឿង បាន​ពង្រីក​ការតវ៉ារបស់ខ្លួន ទាក់ទិននឹងបញ្ហាសង្គម តម្លៃទំនិញ ​វិបត្តិសេដ្ឋកិច្ច ការយកពន្ធកាន់តែច្រើន ភាពអសកម្មរបស់អ្នកនយោបាយ​ ។ល។

បើតាមការរំពឹងទុក ដើម្បីគំរប់ខួប១ឆ្នាំ ចលនាអាវកាក់លឿង នឹងប្រមូលផ្តុំគ្នានៅទីក្រុងបារីស។ មានដំណឹងខ្លះ លើបណ្តាញសង្គមបញ្ជាក់ថា ក្រុមអាវកាក់លឿង ចង់ទៅជុំគ្នានៅ​សង្កាត់ សង់អេលីហ្សេ ដែលជាទីតាំងនិម្មិតរូបនៃការតវ៉ារបស់ពួកគេ ប្រមាណមួយឆ្នាំមកនេះ។ តែមានក្រុមខ្លះ បាន​អំពាវនាវឲ្យទៅទីតាំងផ្សេង ដើម្បីបង្វែងដានក្រុមសមត្ថកិច្ច ព្រោះថានៅសង្កាត់សង់អេលីហ្សេ គឺសមត្ថកិច្ចយាមកាមយ៉ាងតឹងតែ​ងបំផុត។ ផ្លូវ​និង​ស្ថានីយ៍មេត្រូក្រោមដី ជាច្រើន នៅក្នុងនិងជុំវិញសង្កាត់សង់អេលីហ្សេ គឺត្រូវបិទដោយសមត្ថកិច្ច។ នៅលើបណ្តាញសង្គមដែរ ក្រុមអាវកាក់លឿងខ្លះ បានថែមទាំងអំពាវនាវ ឲ្យ​ធ្វើសកម្មភាព​វាយកម្ទេច ហាងទំនិញធំៗមួយចំនួនទៀតផង។

ដូចយើងបានដឹងហើយ បាតុកម្មរបស់​ចលនាអាវកាក់លឿង នៅរៀងរាល់ថ្ងៃសៅរ៍មួយឆ្នាំកន្លងមកនេះ បានដិតដាម ដោយអំពើហិង្សា​យ៉ាងធ្ងន់ធ្ងរ ជាពិសេស នៅរវាងខែមីនា​ និងនៅថ្ងៃទី​១ឧសភា ដែលជាទិវាពលកម្មអន្តរជាតិ។ ក្រុមជ្រុលនិយម ដែលនៅលាយឡំជាមួយនឹងហ្វូងបាតុករ បានឆក់ឱកាស ប្រើប្រាស់អំពើហិង្សា វាយបំផ្លាញ​ហាងទំនិញ ភោជនីយដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដុតរថយន្ត ដុតអាគារ ព្រមទាំងមានករណីចូលទៅ​វាយកំទេច និងបន្លំលួចទំនិញនៅតាមហាង ទៀតផង។

ជាការឆ្លើយតប អាជ្ញាធរនគរបាល និងកងអាវុធហត្ថបារាំង បានចាត់វិធានការបង្រ្កាបយ៉ាងចាស់ដៃ ទៅលើក្រុមបាតុករហិង្សា និងបាន​បិទ​តំបន់មួយចំនួន មិនឲ្យក្រុមបាតុករឆ្លងកាត់។ បញ្ហានេះ បានរិតតែបង្កើនឲ្យមាន​ការតវ៉ា ខឹង ស្អប់ទៅលើអាជ្ញាធរ ដែលទទួលបញ្ជារពីរដ្ឋាភិបាល។

សមត្ថកិច្ចបារាំង ជាប់ចោទពីបទប្រើអំពើហិង្សាជ្រុល

បើនិយាយពីអំពើហិង្សា គឺវាមានទាំងសងខាង។ ជាទូទៅ ការបង្រ្កាបរបស់អាជ្ញាធរ គឺជាការឆ្លើយតបទៅនឹងសកម្មភាពហិង្សា ឬក៏ដើម្បីទប់ នឹង​ការពុះកញ្ជ្រោលណាមួយរបស់ហ្វូងបាតុករ។ ជាក់ស្តែង ពេលចលនាអាវកាក់លឿងចាប់ផ្តើមដំបូង សមត្ថកិច្ចមិនសូវជាទប់ខ្លាំងទេ ហើយលទ្ធផល គឺ​ការបំផ្លេចបំផ្លាញទ្រព្យឯកជន និងសម្បត្តិសាធារណៈ យ៉ាងអាណាធិបតេយ្យបំផុត។ កាលណោះ មានមតិរិះគន់ ថាហេតុអ្វីបាន​អាជ្ញាធរ បន្ធូរដៃដូច្នេះ។

ដូច្នេះហើយ បានជាក្រោយៗមក ក្រសួងមហាផ្ទៃបារាំង បានរិតបន្តឹង ដាក់ចុះវិធានការសន្តិសុខ និងបានបន្ថែមកម្លាំង ដើម្បីទប់នឹងហ្វូងបាតុករហិង្សា។ ការប្រឈមមុខដាក់គ្នា វាងបាតុករ និងក្រុមសមត្ថកិច្ច ក៏មានកាន់តែខ្លាំង ទៅតាមនោះ​ដែរ។

បើគិតតាមតួលេខ នៅចុងខែឧសភា មានបាតុករអាវកាក់លឿងរបួសសរុបចំនួន ២៤៤៨នាក់ ហើយចំណែក ខាង​កងស​មត្ថកិច្ចវិញ មានរបួសចំនួន​១៧៩៧នាក់។ យើងឃើញថា របួសសងខាងសឹងតែប្រហាក់ប្រហែលគ្នា។ តែយ៉ាងណា ក្នុងចំណោមអ្នករបួសខាងបាតុករ គឺមានករណីធ្ងន់ធ្ងរខ្លាំង ដូចជាករណីរបួសគ្រាប់ភ្នែក​ ករណីពិការដៃ ពិការជើង របួសមុខធ្ងន់ធ្ងរ ដោយសារតែគ្រាប់កាំភ្លើងកៅស៊ូរបស់អាជ្ញាធរ។

បាតុករ​បានដាក់ពាក្យប្តឹង ទៅអាជ្ញាធរឃ្លាំមើលការងារនគរបាល ហៅកាត់ថា IGPN និងអាជ្ញាធរឃ្លាំមើល​ការងារកងអាវុធហត្ថ ហៅកាត់ថា IGGN។ អាជ្ញាធរទាំង២នេះ គឺមានតួនាទីតាមដានទៅលើវិធានការរបស់នគរបាល ឬកងអាវុធហត្ថ ថាតើវាត្រឹមត្រូវដែរឬទេ។ បើតាមតួលេខពីក្រសួងមហាផ្ទៃ IGPN បានទទួលពាក្យ​បណ្តឹងចំនួន​ ៣១៣ ករណីដែលក្នុងនោះ២ភាគ៣ បានបញ្ជូនដល់ដៃរដ្ឋអាជ្ញាហើយ។ ចំណែក IGGN វិញ បានទទួលពាក្យបណ្តឹងចំនួន២៣ ដែលក្នុងនោះមាន​៥ ករណីបានបញ្ជូនដល់ដៃរដ្ឋអាជ្ញាដែរ។ លោកចៅក្រម Rémi Heitz រដ្ឋអាជ្ញាក្រុងប៉ារីស បានអះអាងថា នរគរបាលដែលគេរកឃើញថាបានប្រើអំពើហិង្សា ជ្រុលហួសប្រមាណ និងត្រូវទទួលទោសព្រហ្មទណ្ឌទៅតាមច្បាប់​។

កម្លាំងបាតុករ កាន់តែ​ថយចុះ

បើនិយាយពីចំនួននៃការចូលរួមធ្វើបាតុក​ម្ម គឺថាវាថយចុះខ្លាំង។ ពេលចាប់ផ្តើមដំបូង ខែវិច្ឆិកា ឆ្នាំ២០១៨ មានបាតុករអាវកាក់លឿង ទូទាំងប្រទេសសរុបប្រមាណជិត៣សែននាក់។ ហើយនៅរវាងខែធ្នូ​ និងខែមករា មានសន្ទុះខ្លាំងដែរ។ តែក្រោយ​ៗមក ចំនួន​នេះ កានតែថយ​ចុះ សល់តែប៉ុន្មានពាន់នាក់។ ហើយបើចាប់ពីខែ​ឧសភាមក គឺសឹងតែលែងមានបាតុកម្មតែម្តង នៅថ្ងៃសៅរ៍។

ការថយចុះសន្ទុះកម្លាំងបាតុករនេះ គឺអាចបណ្តាលមកពីកត្តាច្រើន។ កត្តាចំបង ពីភាពនឿយណាយ របស់បាតុករ ព្រោះវាអូសបន្លាយយូរពេក ដោយគ្មានចេញជាលទ្ធផលអ្វី។ មិនចេញជាលទ្ធផលអ្វីនេះ គឺដោយសារតែ​ចលនាបាតុកម្មអាវកាក់លឿងនេះខ្លួនឯងតែម្តង។​

អ្នកវិភាគនយោបាយ​បារាំង មួយចំនួនបានពន្យល់ថា ក្រុមអាវកាក់លឿងនេះ មិនអាចវិវឌ្ឍន៍ទៅណាទៀតបានទេ ដោយសារតែក្រុមនេះ គ្មាន​អ្នកតំណាងឲ្យច្បាស់លាស់។ ក្រុមអាវកាក់លឿង មានចរិកលក្ខណៈ​​ជាចលនាមហាជន ដែលផ្តល់តម្លៃឲ្យតែអំណាចប្រជាជនដោយផ្ទាល់ ដែលគេហៅថាប្រជាធិបតេយ្យដោយផ្ទាល់។ រាល់ការចាត់តាំង ឬបោះឆ្នោតតែងតាំងអ្នកតំណាង សម្រាប់ពួកគេ គឺវាក្បត់ពី​ខ្លឹមសារនៃចលនារបស់ពួកគេ បាត់​ទៅហើយ។

ចលនាអាវកាក់លឿង​ មិនអាចក្លាយជាចលនានយោបាយ​

បើគ្មានអ្នកតំណាង គ្មានស្នូលកណ្តាល ដែលសម្របសម្រួល រកគោលជំហររួមទេនោះ គឺមិនអាចធ្វើអ្វីបានទេ។ ហេតុដូច្នេះហើយ បាន​ជាគេសង្កេតឃើញថា មានភាពរញ៉េរញ៉ៃខ្លាំង​នៅក្នុងចំណោមក្រុមអាវកាក់លឿងនេះ ​ម្នាក់ទៀមទារនេះ ម្នាក់ទាមទារនោះ ដោយពុំមានសម្លេងរួមច្បាស់លាស់ទេ។​ អ្នកវិភាគខ្លះទៀត លើកឡើងថា ក្រុមអាវកាក់លឿង មិនអាចក្លាយជា​ ចលនានយោបាយ​មួយពេញលក្ខណៈទេ គឺ​វាបានត្រឹមតែ ជាចលនាតាមផ្លូវរាយប៉ាយតែប៉ុណ្ណោះ។

មួយវិញទៀត ក្រុមអាវកាក់លឿង មានតែការតវ៉ាមិនសុខចិត្ត តែផ្ទុយទៅវិញ មិនមានសមត្ថភាព លើកជាដំណោះស្រាយជាក់ស្តែង ណាមួយទេ។ ហើយនៅពេលរដ្ឋាភិបាល ឬក្រុមអ្នកនយោបាយ​ណាមួយ ព្យាយាមស្នើដំណោះស្រាយ គឺក្រុមនេះប្រកែកញ៉ាញតែម្តង។ មូលហេតុ គឺក្រុមអាវកាក់លឿងនេះ​ មិនទុកចិត្តនរណាទាំងអស់​ ក្រៅតែពីបុគ្គលខ្លួនឯងម្នាក់ៗ។

តែយ៉ាងណា ចលនាអាវកាក់លឿង​នេះ បានឆ្កិះឲ្យសង្គមបារាំង ចោទសួរឡើងវិញ អំពីខ្លឹមសា​រ​​នៃ​ប្រជាធិបតេយ្យ អំពីតួនាទីរបស់រដ្ឋ របស់រដ្ឋាភិបាល។​ រដ្ឋាភិបាល ដែលកើតដោយប្រជាជនបោះឆ្នោតឲ្យ រដ្ឋាភិបាលត្រូវតែបំរើប្រជាជន។ ​ចលនាអាវកាក់លឿងនេះ គឺជាសញ្ញាអាសន្ន ដាស់តឿនដល់ថ្នាក់ដឹកនាំនយោបាយបារាំងទាំងអស់ មិនត្រូវភ្លេចខ្លួន ភ្លេចការលំបាកប្រចាំថ្ងៃ របស់ប្រជាជនជាដាច់ខាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ