អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភរិយា​លោក​ហ្វ៊ីយ៉ុង​ចេញ​មុខ​ការពារ​ប្តី ​ស្រប​ពេល​មាន​ការ​រៀបចំ​ជួបជុំ​ដើម្បី​គាំទ្រ​លោក​ហ្វ៊ីយ៉ុង

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ ហ្វ្រង់ស័រ ហ្វ៊ីយ៉ុង ​បេក្ខជន​ប្រធានាធិបតី​មក​ពី​បក្ស​ស្តាំនិយម​​របស់​បារាំង ​កំពុង​ជួប​ព្យុះ​ភ្លៀង ​យ៉ាង​ជោរជន់ ​ដោយសារ​តែ​លោក​ត្រូវ​បាន​តុលាការ​កោះហៅ ​ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ ​ស្តីពី​រឿង​អាស្រូវ ​ដែល​ថា​លោក​បាន​កិបកេង​ប្រាក់​រដ្ឋ ​ដោយ​ការ​ប្រឌិត​យក​ឈ្មោះ​ប្រពន្ធ​លោក ​ធ្វើ​ជា​បុគ្គលិក​ជំនួយការ។ នៅ​ថ្ងៃ​អាទិត្យ​ទី​ ៥​ មីនា​នេះ ​លោកស្រី ​ប៉េណេឡុប ​ភរិយា​របស់​លោក​ហ្វីយ៉ុង ​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន​បារាំង ​ជា​លើក​ទីមួយ ​ដោយ​បាន​និយាយ​ការពារ​ស្វាមី​លោកស្រី ​ហើយ​បាន​អះអាង​ថា​លោកស្រី ​ពិត​ជា​បាន​ធ្វើ​ការ​ជា​ជំនួយការ​ពិតមែន។ នៅ​ថ្ងៃ​នេះ​ផងដែរ ​ការ​ជួបជុំ​មួយ​នឹង​ត្រូវ​រៀបចំ​ឡើង ​នៅ​ទីក្រុង​ប៉ារីស​ ដែល​លោក​ហ្វីយ៉ុង ​បាន​អំពាវនាវ​ ឲ្យ​ប្រជាជន​ដែល​គាំទ្រ​បេក្ខភាព​លោក ​ មក​ចូលរួម​ឲ្យ​បាន​ច្រើន។

លោកស្រី ប៉េណេឡុប ហ្វីយ៉ុង និងស្វាមី
លោកស្រី ប៉េណេឡុប ហ្វីយ៉ុង និងស្វាមី REUTERS/Pascal Rossignol
ផ្សាយពាណិជ្ជកម្ម

នេះ​ជាលើក​ទីមួយ​ហើយ​ដែល ​លោកស្រី ​ប៉េណេឡុប​ ហ្វ៊ីយ៉ុង​(Penelope Fillon)បាន​ចេញ​មុខ​មក​និយាយ​ជា​សាធារណៈ​ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​ របស់​លោក​ហ្វ៊ីយ៉ុង​ (François Fillon)ដែល​ត្រូវ​បាន​សារ​ព័ត៌មាន​បារាំង​ចុះផ្សាយ​ថា​ កិបកេង​ប្រាក់​រដ្ឋ​ ដោយ​ប្រើ​ឈ្មោះ​ប្រពន្ធ​ធ្វើ​ជា​ជំនួយការ​ផ្ទាល់ខ្លួន​នោះ។

 
“ខ្ញុំគាំទ្រ ជំរុញ​ស្វាមី​ខ្ញុំ​ឲ្យ​បន្ត​ឈរឈ្មោះ​ជា​ប្រធានាធិបតី ​ទោះបី​ជា​មាន​រឿង​អ្វី​ក៏​ដោយ!”
 
លោកស្រី​ហ្វ៊ីយ៉ុង ​បាន​ផ្តល់​បទ​សម្ភាសន៍​ទៅ​ឲ្យ​សារព័ត៌មាន​ថ្ងៃ​អាទិត្យ​ ដែល​បាន​ចេញ​ផ្សាយ ​កាល​ពី​ព្រឹកមិញ​នេះ។ អ្វីដែល​លោក​ស្រី​ហ្វ៊ីយ៉ុង​បាន​មាន​ប្រសាសន៍ ​ ជារួម​គឺ​ជា​ការ​ព្យាយាម​ការពារ​ភាព​ស្អាតស្អំ​របស់​ស្វាមី​លោកស្រី ​ព្រម​ទាំង​បញ្ជាក់​ថា ​លោកស្រី​គាំទ្រ​ស្វាមី​លោកស្រី ​ឲ្យ​បន្ត​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​ប្រធានាធិបតី​តទៅ​ទៀត ​បើ​ទោះ​បី​ជា​មាន​រឿង​រ៉ាង​អ្វី​ក៏ដោយ។ លោកស្រី​ប៉េណេឡុប ​បាន​និយាយ​ ថា ​ស្ថិត​ក្នុង​ស្ថានភាព​ ដែល​មាន​ឧបសគ្គ​បែប​នេះ​ លោកស្រី​មាន​មោទនភាព​ណាស់ ​ដែល​ឃើញ​ស្វាមី​លោក​ស្រី ​ពោរពេញ​ទៅ​ដោយ​សេចក្តី​ក្លាយហាន ​នឹង​ការ​តាំង​ចិត្ត​ខ្ពស់ ​មិន​ចុះចាញ់​ជា​ដាច់ខាត។

ក្រៅ​ពីនេះ ​លោកស្រី​ប៉េណេឡុប ​ហ្វ៊ីយ៉ុង ​បាន​ឆ្លៀត​និយាយ​បន្ថែម​ ​ថា ​លោកស្រី​ចេញ​មុខ​មក​និយាយ​នា​ពេល​នេះ ​គឺ​មិនមែន​ប្តី​លោកស្រី​ជា​អ្នក​បង្ខំ​ទេ ​ហើយ​លោកស្រី​ក៏​មិន​បាន​ទៅ​សុំ​ការ​អនុញ្ញាត ​ពី​ប្តី​លោក​ស្រី​ដែរ។ ឆ្លើយតប​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​នោះ ​លោក​ស្រី​បាន​សម្តែង​ការ​សោកស្តាយ​ ដែល​មាន​ព័ត៌មាន​និយាយ​ប្រឌិត​ បង្កាច់​បង្ខូច​លោកស្រី ​ថា​លោកស្រី ​ឈឺ​ដេក​ពេទ្យ ​ រឺ​​ក៏​រត់​ទៅ​សំងំ​លាក់​ខ្លួន​នៅ​កន្លែង​ផ្សេង​ ជាដើម។ លោកស្រី​ហ្វ៊ីយ៉ុង ​បញ្ជាក់​ថា​ លោកស្រី​នៅ​ផ្ទះ​ជានិច្ច​ ហើយ​នឹង​បន្ត​នៅ​ក្បែរ​ស្វាមី​លោកស្រី ​រហូត​លុះថ្ងៃ​ស្លាប់។

“ខ្ញុំពិតជា​ បានធ្វើ​ការងារ​ជា​ជំនួយការ​ផ្ទាល់ខ្លួន របស់​ស្វាមីខ្ញុំ​មែន!”
 
លោកស្រី​ហ្វ៊ីយ៉ុង​បាន​អះអាង​ថា ​លោកស្រី​ពិត​ជា​បាន​ធ្វើ​ការ​ក្នុង​នាម​ជា​ជំនួយការ​ផ្ទាល់​ របស់​លោក​ហ្វ្រង់ស័រ ​ហ្វ៊ីយ៉ុង​មែន។ ​លោកស្រី​បញ្ជាក់​ថា ​ លោកស្រី​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​ការងារ​ស៊ើប​អង្កេត ​នូវ​ឯកសារ​ជាច្រើន ​រវាង​ឆ្នាំ​២០១២-២០១៣ ​ដែល​បញ្ជាក់​ពី​ភាព​ពិត​ជាក់​ស្តែង ​នៃ​ការងារ​លោកស្រី។ ឯកសារ​ទាំង​នោះ​មាន​ដូចជា ​សំបុត្រ​ស្នាម​ ឬ​លិខិត​នានា​ដែល​ទាក់ទង​នឹង​ការងារ​របស់​ស្វាមី​លោកស្រី ​ហើយ​ដែល​ត្រូវ​ឆ្លងកាត់​ការ​ត្រួត​ពិនិត្យ​ កត់ត្រា ​ដោយ​ដៃ​លោកស្រី​ផ្ទាល់ ​ ព្រម​ទាំង​សារ​អ៊ីមែល​ជាច្រើន ​ដែល​លោក​ស្រី​បាន​ផ្ញើរ​ឆ្លងឆ្លើយ ​ ជាមួយ​អ្នក​ធ្វើការ​ផ្សេង​ទៀត​របស់​ស្វាមី​លោកស្រី។ តែ​យ៉ាងណា ​លោកស្រី​ ប៉េណេឡុប ហ្វ៊ីយ៉ុង ​ បាន​ទទួល​ស្គាល់​ថា ​ឯកសារ​ភស្តុតាង​មុន​ឆ្នាំ​២០០៧ ​លោកស្រី​មិន​អាច​រក​បាន​ច្រើន​ទេ ​ ដោយសារ​វា​យូរ​ពេល ​មិន​បាន​ថែរ​រក្សាទុក។

លោកស្រី​ហ្វ៊ីយ៉ុង ​ក៏​បាន​ឆ្លៀត​និយាយ​ដែរ​ថា ​លោកស្រី​តូចចិត្ត​ ដែល​មាន​ពាក្យ​ចចាមអារ៉ាម ​និយាយ​ហាក់​ដូច​ជា​លោកស្រី​ជា​មនុស្ស​ល្ងង់ ​មិន​ដឹង​អ្វី​សោះ ​ដូច​ទីមោង។ លោកស្រី​ថា​ខ្លួន​លោកស្រី​មាន​សញ្ញាប័ត្រ​ច្បាប់ ​និង​អក្សរសាស្ត្រ ​ហើយ​លោកស្រី ​មិនមែន​ភ្លីភ្លើ ​មិន​ដឹង​ថា​ខ្លួន​ធ្វើ​ការ​អ្វី​ខ្លះ​នោះ​ទេ។

ជារួម ​ លោកស្រី​ហ្វ៊ីយ៉ុង​ បាន​អះអាង​ថា ​ការងារ​លោកស្រី​ក្នុង​នាម​ជា​​ជំនួយការ​ផ្ទាល់​របស់​លោក​ហ្វ៊ីយ៉ុង ​ គឺជា​ការពិត ​ដែល​ការងារ​នេះ ​លោកស្រី​មិន​មាន​តួនាទី​អ្វី​ច្បាស់លាស់​មែន តែ​គឺ​ធ្វើ​កិច្ចការ​បន្ទាប់​បន្សំ ​ច្រើនមុខ ​ ដើម្បី​សម្រួល​ការងារ​របស់​ប្តី​លោកស្រី។

មួយខែ ១ម៉ឺនអឺរ៉ូ
 
អ្វីៗ​គឺ​វា​អាស្រ័យ​លើការ​សន្និដ្ឋាន​របស់​ចៅក្រម។ បើតាម​ការ​ចុះផ្សាយ​របស់ ​កាសែត ​Le Canard Enchainé ​ដែល​ជា​សារព័ត៌មាន​ស៊ើប​អង្កេត​ដ៏​ល្បី​របស់​បារាំង​ បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១​ កុម្ភៈ​ថា​ ចាប់​តាំង​ពីឆ្នាំ​១៩៨៨​ម្លេះ ​ដែល​លោកស្រី​ប៉េណេឡុប ហ្វ៊ីយ៉ុង ​មាន​ឈ្មោះជា​ជំនួយការ​ផ្ទាល់​ខ្លួន​ របស់​ស្វាមី​លោក​ស្រី។ បើ​គិត​ជា​ប្រាក់ខែ​សរុប ​ មាន​ប្រមាណ​ជា​១លាន​អឺរ៉ូ។ កាសែត​ដដែល​នេះ ​ក៏​បាន​ផ្សាយ​ដែរ​ថា ​នៅ​ខែខ្លះ​ក្នុង​ឆ្នាំ​២០០៧ ​លោកស្រី​ហ្វ៊ីយ៉ុង ​មាន​ប្រាក់ខែ ​ដល់ទៅ​១ម៉ឺន​អឺរ៉ូ ​ក្នុង​មួយខែ ​ដែល​ប្រាក់​នេះ​ វា​ច្រើន​ហួស​ហេតុ​ពេក​ណាស់ ​សម្រាប់​ការងារ​នេះ។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​ខាង​លោក​ហ្វ៊ីយ៉ុង ​ក៏​ដូច​ជា​ភរិយា​ខ្លួន​ផ្ទាល់ ​មិនអាច​រក​ភស្តុតាងឲ្យ​បាន​ច្បាស់​ស្តី​ពី​ការងារ​ពិត​ប្រាដក​ ហើយ​សូម្បីតែ​កិច្ច​សន្យា​ការងារ ​ ​ក៏​ពុំមាន​ដែរ។

ត្រង់នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​លោក​ហ្វ៊ីយ៉ុង ​ត្រូវ​ប្រឡាក់ប្រឡូស ​ត្រូវ​គេ​រិះគន់​យ៉ាង​ពេញ​ទំហឹង ​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​សប្តាហ៍​នេះ ​ ព្រោះ​កន្លង​មក​គាត់​តែងតែ​ប្រកាស​ខ្លួន​ ថា​ស្អាតស្អំ​ជាង​គេ ​ មិន​បក្ស​ពួក​និយម​ដូច​អ្នក​ផ្សេង។ តែ​រឿង​អាស្រូវ​នេះ ​ បាន​បង្ហាញ​ថា​លោក​ហ្វ៊ីយ៉ុង ​ជា​មនុស្ស​គ្រួសារ​និយម ​ដាក់​ឈ្មោះ​ប្រពន្ធ ​ដាក់​ឈ្មោះ​កូន​ ដើម្បី​កិបកេង​យក​ប្រាក់​ខែ​រដ្ឋ​រាប់​លាន​អឺរ៉ូ ​ ទៅវិញ។

លោក​ហ្វ៊ីយ៉ុង ​និយាយ​ជាន់​កែង​ឯង
 
នៅថ្ងៃ​ទី១៥ ​មីនា​ខាងមុខ​នេះ ​ដែល​លោក ហ្វ្រង់ស័រ ហ្វ៊ីយ៉ុង ​ ត្រូវ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ ​នៅ​ចំពោះមុខ​ចៅក្រម​ស៊ើបអង្កេត ​ក្នុង​សំណុំ​រឿង​នេះ។ កាល​ពីមុន​ លោក​ហ្វ៊ីយ៉ុង ​ធ្លាប់​ប្រកាស​ថា ​ក្នុង​នាម​លោក​ជា​មនុស្ស​ស្រលាញ់​ភាព​ស្អាតស្អំ ​បើ​សិន​តុលាការ​ចោទ​ប្រកាន់​លោក​លើ​រឿង​អ្វី​មួយ ​លោក​ចុះចេញ​ពី​តំណែង​ភ្លាម!

ចុះ​បើ​ថ្ងៃ​១៥​ មីនា​ ​ចៅក្រម​ចោទ​លោក​ហ្វ៊ីយ៉ុង​មែន​ តើ​លោក​លាលែង​ពី​បេក្ខភាព​ប្រធានាធិបតី​ឬទេ? កាតពិត​ គឺ​អ្វីៗ ​វា​ស្ថិត​នៅ​លើ​ការ​សម្រេចចិត្ត​របស់​លោក​ហ្វ្រង់ស័រ ហ្វ៊ីយ៉ុង​តែ​ម្នាក់​គត់។ បើយើង​សង្កេត​មើល​ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ​ គឺ​យើង​សង្កេត​ឃើញ​ថា ​ លោក​ហ្វ៊ីយ៉ុង ​ មាន​គោល​ជំហរ​រឹងមាំ ​មិន​ព្រមចុះ​ចាញ់ ​មិន​ព្រម​លាលែង ​ គឺ​ដើរ​ទៅ​មុខ​ជានិច្ច ​ ព្រោះ​លោក​ជឿ​ថា​លោក​នឹង​ក្លាយ​ជា​ប្រធានាធិបតី​បារាំង។

តែបើយើង​ក្រលេក​ទៅ​មើល​ក្រុម​ការងារ ​ក៏​ដូច​ជា​សមាជិកបក្ស​សាធារណៈ​រដ្ឋ​របស់​គាត់​វិញ​ គឺ​គេ​បាន​នាំគ្នា​ដើរ​ចោល​លោក​ហ្វ្រង់ស័រ ហ្វ៊ីយ៉ុង​ម្តង​មួយៗ។  សមាជិក​សភា​គណបក្ស​សាធារណៈ​រដ្ឋ​ប្រមាណ​២០០​នាក់ ​ បាន​សម្រេច​ឈប់​គាំទ្រ​បេក្ខភាព​លោក​ហ្វ៊ីយ៉ុង ​ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ លោក​ប្រធាន​គ្រប់គ្រង​ការ​ឃោសនា​បោះឆ្នោត ​និង​អ្នក​នាំ​ពាក្យ​ផ្ទាល់​របស់​លោក​ហ្វីយ៉ុង ​ក៏បាន​លាលែង​ពី​តំណែង​ដែរ។ លោក​ហ្វ្រង់ស័រ ហ្វ៊ីយ៉ុង ​មាន​ការ​តាំងចិត្ត​រឹងមាំ​មែន ​តែ​គាត់​កាន់​តែ​ឯកោ។

អ្នក​នយោបាយ​មួយ​ចំនួន​ របស់​គណបក្ស​គាត់​ បាន​ទាមទារ​ឲ្យ​គាត់​បោះបង់​ចោល​ការ​ប្រកួត​ទៅ ​ព្រោះ​បើតាម​ការ​ស្ទាបស្ទង់​មតិ ​បើ​លោក​ហ្វ៊ីយ៉ុង ​នៅតែ​បន្ត​ឈរឈ្មោះ ​គឺ​លោក​នឹង​ចាញ់​បេក្ខជន​មក​ពី​បក្ស​ផ្សេង​យ៉ាង​អម៉ាស ​ព្រោះ​រឿង​អាស្រូវ​នេះ ​បាន​សម្អុយ​កេរ្តិ៍​ឈ្មោះ​របស់​លោក​រួច​ទៅ​ហើយ។ បក្ស​សាធារណៈរដ្ឋ​ មិន​អាច​បញ្ជូន​បេក្ខជន​តំណាង​បក្ស​ខ្លួន​ ឲ្យទៅ​បោះ​ឆ្នោត​ ទាំង​ដឹង​ថា​ចាញ់​ជា​មុន​នោះ​ទេ។ ដូច្នេះ​ហើយ ​បាន​ជា​គេ​អំពាវនាវ​ ឲ្យ​មាន​ការ​ជ្រើសតាំង​បេក្ខជន​ថ្មី​មួយ​ទៀត។

ឱកាសរបស់លោក អាឡាំង ហ្ស៊ុបប៉េ?
គេ​បាន​គិត​ទៅ​ដល់​លោក ​ អាឡាំង​ ហ្ស៊ុបប៉េ ​(Alain Juppé) ដែល​ជា​បេក្ខជន​មួយ​រូប​ទៀត ​ ដែល​បាន​ចាញ់​លោក​ហ្វ៊ីយ៉ុង ​កាល​ពី​ក្នុង​ពេល​បោះឆ្នោត​ជំរុះ​ក្នុង​បក្ស។ ក៏​ប៉ុន្តែ​លោក ​អាឡាំង ហ្ស៊ុបប៉េ ​បាន​បញ្ជាក់​ថា ​លោក​មិនមែន​ជា​មនុស្ស​ឆក់​ឱកាស​នោះទេ​។ តែ​លោក​សុខចិត្ត​ឈរឈ្មោះ ​ជំនួស​លោកហ្វ៊ីយ៉ុង ​ល្គិកណា ​លោក​ហ្រ្វង់ស័រ ហ្វ៊ីយ៉ុង ​ជាអ្នក​សម្រេច​ចិត្ត​លាលែង​ដោយ​ខ្លួនឯង ​ ហើយ​ត្រូវ​ឲ្យ​មាន​ការ​គាំទ្រ​ជា​ឯកច្ឆ័ន​ ពី​បក្ស​សាធារណៈរដ្ឋ​ទាំងមូល។

ត្រង់​ចំណុច​ចុង​ក្រោយ​នេះ​ហើយ ​ដែល​លំបាក​ ព្រោះថា ​លោក​នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) ​សមាជិក​មួយ​រូប​ដ៏​សំខាន់​របស់​បក្ស​នេះ ​ប្រឆាំង​ដាច់ខាត​នឹង​បេក្ខភាព​លោក​អាឡាំង ហ្ស៊ុបប៉េ។ បើយើង​ត្រលប់​ទៅ​មើល​លោក​ហ្វ៊ីយ៉ុងវិញ​ គឺ​គាត់​មិន​ព្រម​លាលែង​ទេ ​ ហើយ​គណបក្ស​ក៏​មិន​អាច​បង្ខំ​គាត់​បាន​ដែរ ​ ព្រោះ​គាត់​ថា ​បេក្ខភាព​គាត់ ​មិនមែន​បក្ស​ជា​អ្នក​តែងតាំង​ទេ ​ ​តែ​គឺ​ប្រជាជន​បារាំង​ ជា​អុ្នក​បោះឆ្នោត​ជ្រើសរើស​គាត់។

លោក ហ្វ៊ីយ៉ុង ​យក​ការ​ជួបជុំ​ជា​សាធារណៈ ជា​សង្ឃឹម​ចុងក្រោយ
 
នៅ​ក្រុង​ប៉ារីស​ រសៀល​ថ្ងៃអាទិត្យ ទី៥ មីនា​នេះ​ នឹង​មាន​ការ​ជួបជុំ​ជាសាធារណៈ​មួយ​ ដែល​លោក​ហ្វ៊ីយ៉ុង​បាន​អំពាវនាវ ​ឲ្យ​អ្នក​គាំទ្រ​គាត់​ទាំង​អស់​មក​ចូលរួម។ ជាមួយ​នឹង​ការ​ចេញមុខ ​មក​និយាយ​ជា​សាធារណៈ ​របស់​ភរិយា ​លោក​ហ្វ៊ីយ៉ុង ​និង​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ជួប​ជុំនេះ​ លោក​ហ្វ៊ីយ៉ុង ​ហាក់​ដូច​ជា​កំពុង​តែ​រក​ច្រក​ចេញ​ចុងក្រោយ​ ដើម្បី​ស្រោចស្រង់​បេក្ខភាព​ខ្លួន។ គ្រប់​គ្នា​កំពុងតែ​ចាំ​សង្កេត​មើល​ថា​ តើ ​អ្នក​មក​ចូលរួម​មាន​ប៉ុន្មាន​អ្នក​ ព្រោះ​ថា​បើសិន​អ្នក​ចូលរួម​តិច ​ អាច​ប្រហែល​ជា​ធ្វើ​ឲ្យ​លោក​ហ្វ៊ីយ៉ុង ​ប្តូរ​ចិត្ត​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ