អានតួអត្ថបទ

ប៉ូឡូញ សុខចិត្ត​ចំណាយ​២ពាន់លាន​ដុល្លារ ដើម្បី​ទទួល​មូលដ្ឋាន​​ទ័ព​​អាមេរិក​ ​លើដី​ខ្លួន

ប្រធានាធិបតីប៉ូឡូញ ដែលបានបំពេញទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោន ដោយបានជួបនឹងលោកប្រធានាធិបតីដូណាល់ ត្រាំ បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលប៉ូឡូញ ត្រៀមខ្លួនចំណាយ​២ពាន់​លានដុល្លារ បើសិនជាអាមេរិក ព្រមកសាងមូលដ្ឋានកងទ័ព លើដី​ប៉ូឡូញ។ នេះជាសំណើសុំចូលរួមការចំណាយ ដែលលោកដូណាល់ ត្រាំ តែងតែនិយាយ​រន្ថាន់ ថាឲ្យប្រទេសផ្សេងទៀត ត្រូវចូលរូម បើសិនជាចង់ឲ្យកងទ័ពអាមេរិកនៅជួយចាំការពារ។ បំណងរបស់ប៉ូឡូញ ឲ្យមានវត្តមានកងទ័ពអាមេរិកលើដីខ្លួន គឺដោយសារខ្លាចសកម្មភាពវាតទីរបស់រុស្ស៊ី។

លោក Donald Trump នឹងលោក​ប្រធានាធិបតីប៉ូឡូញ Andrzej Duda  នៅសេតវិមាន ថ្ងៃទី​១៨ កញ្ញា ២០១៨
លោក Donald Trump នឹងលោក​ប្រធានាធិបតីប៉ូឡូញ Andrzej Duda នៅសេតវិមាន ថ្ងៃទី​១៨ កញ្ញា ២០១៨ Nicholas Kamm / AFP
ផ្សាយពាណិជ្ជកម្ម

ប៉ូឡូញ ត្រៀមខ្លួន សុខចិត្តចូលរួមឲ្យបានច្រើនបំផុត តាមតែអាចធ្វើបាន ក្នុងការចំណាយ​ទៅលើ​ដំណើរការ​នៃ​មូលដ្ឋាន​កងទ័ព​អាមេរិក​ជា​អចិន្ត្រៃយ៍ នៅលើ​ទឹកដី​ប៉ូឡូញ។ នេះគឺជាសម្តីរបស់​លោកដូណាល់ ត្រាំ មុនពេលជួបប្រជុំជាមួយលោក Andrzej Duba ប្រធានាធិបតីប៉ូឡូញ នៅសេតវិមាន។ ក្រោយកិច្ចប្រជុំ នៅចំពោះមុខអ្នកកាសែត ប្រធានាធិបតីទាំង២បានប្រកាសថា ប៉ូឡូញអាចចូលរួមចំនួន២ពាន់​លានដុល្លារ ហើយរដ្ឋាភិបាលអាមេរិក កំពុងពិចារណាឲ្យបានល្អិតល្អន់ លើសំណើនេះ។

លោកដូណាល់ ត្រាំ បានឆ្លៀតបញ្ជាក់ថា ក្រុម​ការងារនឹងពិចារណា ជាបឋមដោយផ្អែកលើវិស័យសន្តិសុខយោធា និងបន្ទាប់មកទៀត គឺថ្លៃចំណាយ។ ប៉ុន្មានម៉ោងក្រោយមក នៅក្នុងលិខិតមួយរបស់សេតវិមាន បានសរសេរថា រដ្ឋាភិបាលអាមេរិក មានបំណងពង្រឹង​តួនាទីការពារសន្តិសុខស្ថិរភាព នៅលើទឹកដីប៉ូឡូញ ហើយរដ្ឋាភិបាល កំពុងពិចារណា យ៉ាងហ្មត់ចត់ ថាតើគម្រោង​នេះ អាចធ្វើទៅបានដែរឬទេ។ លិខិតនេះបន្តថា លទ្ធផលវិជ្ជមាននៃកិច្ចប្រឹងប្រែងផ្នែកយោធានេះ គឺមិនមែនមានសម្រាប់តែអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើតប៉ុណ្ណោះទេ តែវានឹងនាំផលល្អ ដល់ចំណងសម្ព័ន្ធមិត្តអង្គការអូតង់ទាំងមូលតែម្តង។

យ៉ាងណាមិញ លោក Jim Mattis រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក​ បានចេញមុខអបអរ និងសរសើររដ្ឋាភិបាលប៉ូឡូញ ដែលបានស្នើសុំចូលរួមការចំណាយ។ តែយ៉ាងណាក៏ដោយ​​រដ្ឋមន្ត្រី​អាមេរិករូបនេះ បានលើកឡើងថា នៅមានចំណោទច្រើនណាស់ ដែលត្រូវ​ដោះស្រាយ ព្រោះថា មិនមែនគ្រាន់តែជាមូលដ្ឋានទ័ពសាមញ្ញទេ តែគឺជាគម្រោង​សាងសង់​មូលដ្ឋានទ័ព បូកបន្ថែមនឹងហេដ្ឋារចនាសម្ព័ន្ធហ្វឹកហាត់របស់ទាហាន និងហេដ្ឋារចនាសម្ព័ន្ធជួលជុលថែទាំសម្ភារៈសព្វាវុធថែមទៀតផង។

ដោយឡែក នៅចំពោះមុខលោកដូណាល់ ត្រាំ លោកប្រធានាធិបតីប៉ូឡូញ បានលើកឡើងសង្កត់ធ្ងន់ ស្តីពីសកម្មភាពគំរាមកំហែងវាតទី ពីសំណាក់កងទ័ពរុស្ស៊ី ទៅលើប្រទេសក្បែរខាងប៉ូឡូញ ដូចជានៅហ្សកហ្ស៊ី និង​នៅអ៊ុយក្រែនជាដើម។ ប្រធានាធិបតីប៉ូឡូញ អះអាងថា វាជារឿងបន្ទាន់បំផុត ដែលកងទ័ពអាមេរិក ត្រូវតែមានវត្តមាននៅតំបន់នោះ ព្រោះវាជាវិធីតែមួយគត់ ដើម្បីបញ្ចៀសសង្រ្គាម តាមរយៈការបង្ហាញកំលាំង ប្រាប់ទៅភាគីម្ខាងទៀត ថាយើងមិនចុះញ៉ម ហើយត្រៀមខ្លួនជានិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ