លោកម៉ាក្រុង និងលោកពូទីន បង្ហាញភាពស្រុះស្រួលគ្នា បើទោះបីជាការពិតមានការខ្វែងគំនិតគ្នា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៤៣
លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិតបីបារាំង កំពុងតែបំពេញទស្សនៈកិច្ច នៅទីក្រុងសាំងប៉េតេសបួរ ប្រទេសរុស្ស៊ី។ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ឧសភា លោកពូទីន បានទទួលលោកម៉ាក្រុង ឲ្យចូលជួប។ មេដឹកនាំទាំង២ បាននិយាយគ្នា អស់រយៈពេល៣ម៉ោង លើសំណុំរឿងជាច្រើន ដែលបារាំង និងរុស្ស៊ី ត្រូវរួមគ្នាដោះស្រាយ មិនថាសំណុំរឿងសេដកិច្ច សំណុំរឿងស៊ីរី ឬកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ ថ្ងៃនេះ គឺជាថ្ងៃចុងក្រោយ នៃទស្សនៈកិច្ចនេះ ដែលលោកម៉ាក្រុង នឹងត្រូវអញ្ជើញជាភ្ញៀវកិត្តិយស នៃវេទិការសេដ្ឋកិច្ចអន្តរជាតិ ដែលកំពុងបើកទ្វារ នៅក្រុងសាំងប៉េតេសបួរ។
បារាំងនៅតែចង់រកស៊ី ជាមួយរុស្ស៊ី
វត្តមានរបស់លោកម៉ាក្រុង នៅក្នុងវេទិកាសេដ្ឋកិច្ចរុស្ស៊ី ក្រុងសាំងប៉េតេសបួរនេះ គឺមានន័យថា បារាំងចង់រកស៊ី ចង់ធ្វើជំនួញជាមួយរុស្ស៊ីជានិច្ច បើទោះបីជាមានរឿងខ្លះមិនត្រូវគ្នា មានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅវិញទៅមកក៏ដោយ។ យ៉ាងណាមិញ លោក ម៉ាក្រុង បានថ្លែងថា បើទោះបីជាមានទណ្ឌកម្មសេដ្ឋកិច្ច ដែលបារាំង រួមទាំងប្រទេសអឺរ៉ុបផ្សេងទៀត និងសហរដ្ឋអាមេរិកផងនោះ បានដាក់ទៅលើរុស្ស៊ី ក៏បារាំង នៅតែជាដៃគូរដោះដូរពាណិជ្ជកម្ម ម្នាក់ដ៏សំខាន់ សម្រាប់រុស្ស៊ី។
ចំពោះរុស្ស៊ី វិញ ដូចគ្នាដែរ ការមានវត្តមានលោក ម៉ាក្រុង ប្រធានាធិបតីបារាំងទៅចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចនេះ គឺមានន័យថា រុស្ស៊ី នៅតែជាដៃគូរ រកស៊ីជាមួយបារាំង។ ជាងនេះទៅទៀត បារាំង គឺជាតំណាង ឲ្យក្រុមហ៊ុនធំៗ នៅអឺរ៉ុបមួយភាគធំដែរ។ តាមរយៈវត្តមានរបស់ប្រធានាធិបតីបារាំងនេះ គឺក្រុមហ៊ុនរុស្ស៊ីនៅតែមានសង្ឃឹម ថាអាចបន្តរកស៊ី ជាមួយក្រុមហ៊ុនអឺរ៉ុបខាងលិចបានតទៅទៀត។
បើតាមការគ្រោងទុក ក្នុងឱកាសនេះ មានកិច្ចព្រមព្រៀងវិនិយោគ និងពាណិជ្ជកម្មមិនតិចជាង ២៥ទេ ដែលនឹងត្រូវចុះហត្ថលេខា រវាងក្រុមហ៊ុនបារាំង និងរុស្ស៊ី។ ដូច្នេះ នេះគឺជាពន្លឺសង្ឃឹមមួយសម្រាប់សេដ្ឋកិច្ចរបស់រុស្ស៊ី ដែលកំពុងតែត្រូវការការវិនិយោគ ពីខាងក្រៅឲ្យបានច្រើន។ យើងកុំឃើញថា រុស្ស៊ីជាប្រទេសធំ ជាមហាអំណាចយោធា តែធាតុពិត សេដ្ឋកិច្ចរុស្ស៊ី មានចំណុចខ្សោយច្រើនណាស់។ គំលាតរវាងអ្នកមាននឹងអ្នកក្រ នៅរុស្ស៊ី មានកាន់តែខ្លាំង។ ជីវភាពរស់នៅរបស់ប្រជាជនក្រីក្រ នៅរុស្ស៊ី គឺមានការលំបាកណាស់។ ១៤% នៃប្រជាជនរុស្ស៊ី ទាំងអស់ រស់នៅជាមួយនឹងប្រាក់ចំណូល មិនដល់ ១៥០អឺរ៉ូ ផងទេក្នុងមួយខែ។ ដូច្នេះ លោកពូទីន មិនអាចបណ្តោយឲ្យឱកាសរកស៊ី ជាមួយក្រុមហ៊ុនបារាំងនេះ រំលងបានទេ។
បង្កើតយន្តការផ្តល់ដំណឹងឲ្យគ្នា ក្នុងដំណើរការចរចាសន្តិភាពស៊ីរី
ជាការពិត មានសំណុំរឿងជាច្រើន ដែលរុស្ស៊ី និងបារាំង មានការខ្វែងគំនិតគ្នា។ លោក ម៉ាក្រុង បានប្រើពាក្យ មិនយល់ចិត្តគ្នា ជាជាងពាក្យខ្វែងគំនិតគ្នា។ តែយ៉ាងណាក៏ដោយ គឺមានន័យជារួម ថាបារាំង និងរុស្ស៊ី មានគោលគំនិតមិនស្របគ្នា ជាក់ស្តែងក្នុងសំណុំរឿងស៊ីរីនេះតែម្តង។ រុស្ស៊ីការពាររដ្ឋាភិបាលបាឆា អាល់អាសាដ ឯបារាំង ក៏ដូចជាសម្ព័ន្ធមិត្តវិញ ទាមទារឲ្យបាឆា អាល់អាសាដ ចុះចេញ។
ក៏ប៉ុន្តែត្រង់ចំណុចនេះ ឆ្លងកាត់ការប្រជុំអស់រយៈពេល៣ម៉ោង កាលពីថ្ងៃម្សិលមិញ យើងឃើញថា ភាគីទាំង២មិនបានលើកមកនិយាយទេ។ ក៏ប៉ុន្តែគេឃើញថាបារាំង និងរុស្ស៊ី បានព្រមព្រៀងគ្នាលើចំណុចមួយ។ ចំណុចនោះ គឺខាងលោកម៉ាក្រុងជាអ្នកស្នើ ដោយសុំឲ្យមានការជូនដំណឹងឲ្យគ្នា សហការគ្នា ស្តីពីការចរចាសន្តិភាពពីរ ដាច់ដោយឡែក។ ការចរចាទីមួយ ដែលគេហៅថាជាការចរចាក្រុងអាស្តាណា ដែលមានរុស្ស៊ីជាអ្នកផ្តួចផ្តើម ហើយមានអ៊ីរ៉ង់ និងតួកគីចូលរួម។ ចំណែកការចរចាមួយទៀត គឺមានបារាំង ជាអ្នករៀបចំផ្តួចផ្តើម កាលពីខែមេសាកន្លងទៅ ដោយមានអាល្លឺម៉ង់ អង់គ្លេស អាមេរិក ហ្សកដានី និងអារ៉ាប៊ីសាអូឌីត ចូលរួមដែរ។
កម្មវត្ថុនៃការផ្តល់ដំណឹងឲ្យគ្នា សហការគ្នាស្តីពីដំណើរទៅមុខនៃការចរចាទាំង២នេះ គឺបារាំងមានកម្មវត្ថុ ចង់ឲ្យឈានទៅសម្រេចបាន នូវអត្ថបទរដ្ឋធម្មនុញ្ញថ្មីមួយ សម្រាប់ប្រទេសស៊ីរី ហើយបន្ទាប់មកទៀត នឹងឈានទៅរៀបចំការបោះឆ្នោត នៅស៊ីរី។ លោកពូទីន បានឆ្លើយតបមកវិញថា វិបត្តិស៊ីរី មានភាពស្មុគស្មាញណាស់ ដែលមានតែការដោះស្រាយតាមផ្លូវនយោបាយមួយគត់ ដែលអាចនាំប្រទេសនេះ ឲ្យមានស្ថិរិភាពយូរអង្វែងបាន។ លោកពូទីនឆ្លៀតបន្ថែមថា ដើម្បីស្វែងរកស្ថិរិភាពនេះ ត្រូវតែគ្រប់ភាគីទាំងអស់នៅស៊ីរី ចូលតុចរចា ដោយមិនអាចចោលនរណាម្នាក់បានទេ។ ក្នុងនេះ យើងអាចកាត់យល់បានថា លោកពូទីន ចង់សំដៅថា ការចរចាសន្តិភាព ត្រូវតែមានភាគីរដ្ឋាភិបាលបាឆា អាល់អាសាដ ចូលរួមដែរ។
ក្រៅពីគំរោងសហការគ្នា ក្នុងការចរចាសន្តិភាពនេះ បារាំង និងរុស្ស៊ី បានសន្យាសហការគ្នា ក្នុងការរៀបចំកិច្ចការងារមនុស្សធម៌ ជួយដល់ប្រជាជនស៊ីរី។ តែចំណុចមួយ ដែលលោកពូទីន មិនបានឆ្លើយតបនឹងលោកម៉ាក្រុង គឺរឿងបង្កើតយន្តការឯករាជ្យ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីត្រួតពិនិត្យការប្រើប្រាស់អាវុធគីមី នៅស៊ីរី។
អាចចរចាធ្វើកិច្ចព្រមព្រៀងបន្ថែមជាមួយអ៊ីរ៉ង់ តែមិនត្រូវរំខានកិច្ចព្រមព្រៀងដែលមានស្រាប់
តាំងតែពីដំបូង បារាំងនិងរុស្ស៊ី មានជំហរស្របគ្នា ថាត្រូវតែការពារទប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ នេះកុំឲ្យរលាយ បើទោះបីជាអាមេរិក បានដកខ្លួនចេញក៏ដោយ។ តែយ៉ាងណា រឿងនេះ មិនមែនជារឿងស្រួលទេ ព្រោះថា អាមេរិក បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើអ៊ីរ៉ង់ និងលើក្រុមហ៊ុនណាទាំងអស់ ដែលហ៊ានរកស៊ីជាមួយអ៊ីរ៉ង់។ ដូច្នេះទោះចង់មិនចង់ បារាំង ក៏ដូចជារុស្ស៊ី ត្រូវតែរកវិធី ដើម្បីធ្វើតាមការចង់បាន របស់អាមេរិកខ្លះដែរ។
អញ្ចឹងហើយ បានជាបារាំង អង់គ្លេស និងអាល្លឺម៉ង់ កំពុងព្យាយាមចរចា ជាមួយអ៊ីរ៉ង់ ក្នុងការតាក់តែងកិច្ចព្រមព្រៀងថ្មីមួយបន្ថែមទៀត។ ចំពោះមុខអ្នកកាសែត លោកម៉ាក្រុង បាននិយាយថា ត្រូវបន្តអនុវត្តកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខានៅក្រុងវីយ៉ែន កាលពីឆ្នាំ២០១៥មែនហើយ តែវាក៏ជាការចាំបាច់ដែរ ដែលត្រូវតែចរចាជាមួយអ៊ីរ៉ង់ ដើម្បីឈានទៅតាក់តែង កិច្ចព្រមព្រៀងថ្មីមួយបន្ថែមទៀត។ កិច្ចព្រមព្រៀងថ្មីបន្ថែមនេះ ត្រូវកំណត់អំពីកម្មវិធីកាំជ្រួចបាលីស្ទីករបស់អ៊ីរ៉ង់ ការគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរ ចាប់ពីឆ្នាំ២០២៥ទៅ ព្រមទាំងមហិច្ឆិតាក្នុងតំបន់របស់អ៊ីរ៉ង់។ លោកពូទីន បានឆ្លើយមកវិញថា យើងអាចជជែកគ្នា ពីបញ្ហាទាំងនេះបាន តែសូមកុំឲ្យការជជែកចរចានេះ ប៉ះពាល់រំខានដល់ការអនុវត្តកិច្ចព្រមព្រៀងដែលមានជាធរមានស្រាប់ឲ្យសោះ។
និយាយតែរឿងត្រូវគ្នា រឿងមិនត្រូវគ្នាទុកមួយអន្លើ
បើមើលពីខាងក្រៅ លោកពូទីន និងលោកម៉ាក្រុង មានជំហរត្រូវរ៉ូវគ្នាច្រើន។ តែធាតុពិត វាគឺជារបៀបធ្វើការបែបការទូតទាំងស្រុង ដែលគេលើកឡើង តែបញ្ហាណា ដែលគេគិតថាអាចត្រូវគ្នា ចំណែករឿងឈ្លោះគ្នា រឿងមិនត្រូវគ្នា គេទុកមួយអន្លើ។ ជាក់ស្តែង ក្នុងសំណុំរឿងស៊ីរី ទាក់ទិននឹងការដែលទាហានបារាំង រួមគ្នាជាមួយអាមេរិក បាញ់មីស៊ីល កំទេចមូលដ្ឋានស្តុកនិងផលិតអាវុធគីមី របស់ស៊ីរីនោះ គឺលោកម៉ាក្រុង មិននិងលោកពូទីន មិនបានលើកមកនិយាយគ្នាទេ។
ដូចគ្នាដែរ សំណុំរឿងវិបត្តិការទូត ក្រោយពេលមានអំពើប៉ុនប៉ងធ្វើអត្តឃាតលើអតីតគេញសំងាត់រុស្ស៊ី ព្រមទាំងកូនស្រី នៅលើទឹកដីអង់គ្លេសនោះ ក៏គេមិនលើកមកនិយាយដែរ។ ទាក់ទិននឹងសំណុរឿងវិបត្តិការទូតរវាងអង់គ្លេស និងរុស្ស៊ីនេះ អង់គ្លេសបានសម្រេច មិនបញ្ជូនគណប្រតិភូកីឡាបាល់ទាត់ ឲ្យចូលរួមក្នុងការប្រកួង World Cup នៅរុស្ស៊ី នាខែមិថុនាខាងមុខនេះទេ។ បារាំង ក៏បានចូលរួមថ្កោលទោសរុស្ស៊ី ដែរ។ តែផ្ទុយទៅវិញ កាលពីថ្ងៃម្សិសមិញ លោកម៉ាក្រុងបានអះអាងថា បើក្រុមជំរើសជាតិបារាំង ឈ្នះការជំរុះ នោះក្រុមជំរើសជាតិបារាំង នឹងចូលរួមប្រកួតនៅWorld Cup។
តែយ៉ាងណាក៏ដោយ ក្នុងឱកាសទស្សនៈកិច្ច២ថ្ងៃនេះ លោកម៉ាក្រុង ក៏បានឆ្លៀតទៅជួប តំណាងអង្គការ Mémorial ដែលជាអង្គការប្រយុទ្ធទាមទារ ការគោរពសិទ្ធិមនុស្សដំបូងគេបង្អស់នៅរុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងនៅចំពោះមុខអ្នកកាសែត លោកម៉ាក្រុងបានទាំងឆ្លៀត និយាយលេងសើចបែបបញ្ឆិតបញ្ឆៀងដាក់លោកពូទីនទៀតផង ថា អ្នកកាសែត ពិតជាសួររឿងសិទ្ធិមនុស្ស និងរឿងរសើបផ្សេងទៀតពិតមែន បើទោះបីលោកខំគេចមិននិយាយក៏ដោយ។
ជារួម យើងឃើញថា ប្រធានាធិបតីបារាំង និងរុស្ស៊ី ហាក់កំពុងតែសម្តែងឲ្យគេឃើញថា មហាអំណាចទាំង២នេះ ចាត់ចែងការងារ យកប្រយោជន៍រួមជាធំ អ្វីដែលអាចដើរទៅមុខបាន គឺដើរទៅសិន ដោយទុកចំណុចរសើបៗ មួយអន្លើសិន។ លោកម៉ាក្រុង មានបំណងយកចិត្តលោកពូទីន ច្រើន បើទោះបីម្តងម្កាល គាត់បានព្យាយាម បង្ហាញសញ្ញាថា គាត់មិនធ្មេចភ្នែកលើបញ្ហាខ្លះៗ ក៏ដោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ