គោលជំហររុស្ស៊ី ចំពោះជម្លោះនៅតំបន់ ការ៉ាបាក់ រវាង អារមេនី និង អាស៊ែរបែហ្សង់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៤៣
ដោយមានអន្តរាគមន៍យ៉ាងសកម្ម របស់អន្តរការីរុស្ស៊ី ពោលគឺ ពីខាងលោកប្រធានាធិបតី លោកនាយករដ្ឋមន្ត្រី លោកប្រមុខការទូត និងលោករដ្ឋមន្ត្រីការពារជាតិ ការផ្ទុះ អាវុធយ៉ាងខ្លាំងក្លា នៅតំបន់ការ៉ាបាក់ លើដែនដីអាស៊ែរបែហ្សង់ ដែលរស់នៅដោយបណ្តាជន អាមេនី ហើយ ដែលបានប្រកាសផ្តាច់ខ្លួនចេញពីរដ្ឋអាស៊ែរបែហ្សង់ ហាក់បីស្ងប់ទៅវិញ ដោយ កាលពីថ្ងៃទី៥មេសា មានចុះបាន កិច្ចព្រមព្រៀងឈប់បាញ់។ ប៉ុន្តែលុះក្រោយពីភាគីដែលជាប់ ក្នុងជម្លោះបានប្តូរគ្នា កាលពីថ្ងៃ១១មេសា គឺសពទាហាន រកឃើញនៅតាមសមរភូមិ ទើបម្ខាងៗ ប្រកាសឲ្យដឹងពី តួលេខ ចុងក្រោយនៃការបាត់បង់របស់ខ្លួន។
អាស៊ែរបែហ្សង់ ទទួលស្គាល់ថា មានយោធិនខ្លួន ស្លាប់អស់៣១នាក់ ខាងអារមេនីស្លាប់ទាហានខ្លួន និងក្រុមយុទ្ធជនស្ម័គ្រចិត្ត អស់៩២នាក់ កងសេនាជន ការ៉ាបាក់ ថាស្លាប់អស់៥៦នាក់។ ប៉ុន្តែមកទល់ឥឡូវ គេនៅតែចោទ គ្នាទៅវិញទៅមក ថាក្នុង១ថ្ងៃៗ មាន ការរំលោភលើបទឈប់បាញ់នោះ ពី ៩០ ទៅ ១២០ដង។
សម្រាប់រុស្ស៊ី ជម្លោះរ៉ាំរ៉ៃនៅតំបន់ ការ៉ាបាក់ ដែលងំជាប់ជិត៣ទសវត្សមកហើយ គឺ តាំងពីឆ្នាំ១៩៨៨មក នាំឲ្យរុស្ស៊ីឈឺក្បាលជានិច្ច ពីព្រោះទាំងអារមេនី ទាំងអាស៊ែរបែហ្សង់ សុទ្ធតែ ត្រូវក្រុងម៉ូស្គូ ចាត់ទុកជាដៃគូយុទ្ធសាស្ត្រ ជាមិត្ត និង សម្ព័ន្ធមិត្ត ដោយប្រទេសទាំងពីរ សុទ្ធតែស្ថិតនៅក្នុង សហគមន៍រដ្ឋឯករាជ្យ CEI រួមក្តោបអតីតសាធារណរដ្ឋសូវៀតចំនួន ១០ ដោយមាន រុស្ស៊ីជាស្នូល។ មិនតែប៉ុណ្ណោះ អារមេនី ក៏ជាសមាជិក នៃសហគមន៍សេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ទន្ទឹមនិង៤ប្រទេសទៀត គឺ រុស្ស៊ី កាហ្សាក់ស្ថាន បេឡារុស កៀហ្ស៊ីស៊ីស្ថាន និងជា សមាជិក នៃ អង្គការសន្ធិសញ្ញាស្តីអំពីសន្តិសុខរួម ទន្ទឹមនិង រុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន។ អង្គការទាំងពីរនេះ សុទ្ធតែនាំមុខ ដោយរុស្ស៊ី។ តាំងពី ឆ្នាំ១៩៩៥មក រុស្ស៊ីមានមូលដ្ឋានទ័ពជើងគោកប្រចាំការ នៅលើដែនដីអារមេនី ដែលឈរជើង ដោយយោធាចំនួន ៥០០០នាក់។
គួរកត់សម្គាល់ ថាអារមេនី កាន់គ្រិស្តសាសនាអ័រថូដុក្ស៏ ដូចរុស្ស៊ី ចំណែក អាស៊ែរបែហ្សង់ កាន់សាសនាអ៊ីស្លាម ស្និទ្ធនឹងតួកគី ដែលមានសាសនាអ៊ីស្លាមជាគ្រឹះ ហើយមើលមុខគ្នាលែងចំ ជាមួយរុស្ស៊ី តាំងពីតួកគីហ៊ានបាញ់ កំទេចយន្តហោះយោធារុស្ស៊ី ធ្លាក់នៅស៊ីរី កាលពី៥ខែមុន។ តួកគី បានថ្លែងត្រង់ៗកាន់ជើង អាស៊ែរបែហ្សង់ ដោយសង្កត់ធ្ងន់ថា ក្រុងអង់ការ៉ា ស្ថិតនៅខាង ក្រុងបាគូ ក្នុងការប្រឈមមុខទល់នឹង “ អំពើឈ្លានពាន ពីខាងអារមេនី “។ លោកប្រធានាធិបតី តួកគី អ៊ែរដូហ្កាន់ ថែមទាំងចោទរុស្ស៊ីទៅផង ថាជា “ភាគីដែលជាប់ក្នុងទំនាស់នៅការ៉ាបាក់”។
ពិតណាស់ដែលម៉ូស្គូបានប្រតិកម្មភ្លាមភ្លែត។ លោកនាយករដ្ឋមន្ត្រីរុស្ស៊ីមេដវេដេវ ឲ្យសម្ភាសន៍ តាមកាណាល់ទូរទស្សន៍ជាតិ ហៅតួកគីថាជា ”កត្តានៅក្រៅ” ដែលដោយទង្វើខ្លួន គឺញុះញង់ តាមផ្លូវ “ចាក់សាំងទៅក្នុងភ្លើងដែលកំពុងឆេះ”។ ម៉ូស្គូក៏រងការតវ៉ា ពីខាងអារមេនី ដែលរិះគន់រុស្ស៊ីថា បន្តលក់អាវុធ ទៅឲ្យអាស៊ែរបែហ្សង់។ ក្នុង បញ្ហានេះ ប្រមុខរដ្ឋាភិបាលរុស្ស៊ី ពន្យល់បំភ្លឺថា ៖ ការដែលរុស្ស៊ីលក់អាវុធ ទៅ អាស៊ែរបែហ្សង់ និង អារមេនី គឺជារឿងមិនអាចចៀសផុត។ បើរុស្ស៊ីមិនលក់អាវុធខ្លួន នោះប្រទេសទាំងពីរ នឹង ទិញអាវុធ ពីប្រទេសផ្សេង ដ្បិតកន្លែងរបស់រុស្ស៊ី មុខជានឹងចូលខ្លួនជំនួសដោយ រដ្ឋឯទៀត ហើយ អាវុធរបស់រដ្ឋឯទៀតនោះ មិនមែនមានន័យថា វាពាំនាំមរណភាពក្នុងកម្រិតទាបជាង អាវុធរុស្ស៊ីឡើយ។
តាមសម្តីលោកមេដវេដេវ ៖ ខ្ញុំមិនជឿឡើយថា អាវុធដែលជ្រៀតចូលទៅ ទីផ្សារអារមេនី និង អាស៊ែរបែហ្សង់ នឹងជួយឲ្យស្ថានការណ៍ជម្លោះរវាងប្រទេសទាំងពីរ បានធូរ ស្រាលឡើយ។ អាវុធ អាចត្រូវគេទិញ មិនគ្រាន់តែ ដើម្បីនៅពេលណាមួយ លើកវា យកទៅ បាញ់ឡើយ តែ គឺដើម្បីឲ្យវា ដើរតួ ជាកត្តា សម្រាប់ទប់ចិត្ត។ ពិតជាកត្តាសម្រាប់ទប់ចិត្តនេះឯង ដែលត្រូវតែចេះវាយតម្លៃ ឲ្យបានស័ក្តិសម ដោយគ្រប់ភាគីដែលជាប់ក្នុងជម្លោះ។
តាមបស្ចិមលោក អាស៊ែរបែហ្សង់ មានសក្តានុពលយោធា ១ដងកន្លះ ខ្លាំងជាង អារមេនី។ ខ្លាំងជាងនេះ គឺមិនគ្រាន់តែខាង ទំហំសព្វាវុធប៉ុណ្ណោះទេ តែក៏ទាំងកត្តានយោបាយនិង សេដ្ឋកិច្ច បូកទាំងអណ្តូងជាកំណប់ប្រេង ដែល អារមេនីគ្មានទេ។ ម៉្លោះហើយ បានជាដោយ ពឹងផ្អែកលើចំណូល បានមកពីការលក់ប្រេងឆៅលើទីផ្សារពិភពលោក អាស៊ែរបែហ្សង់ ចំណាយ ផ្នែកការពារប្រទេស គឺច្រើនជាងអារមេនី។
តាមតួលេខ CIA អាមេរិក ក្នុងឆ្នាំ២០១៤ អាស៊ែរបែហ្សង់ បានចំណាយសម្រាប់ វិស័យយោធា គឺដល់ទៅ ៥,១% នៃGDP ចំណែក អារមេនី គឺតែ ៤,៣%ប៉ុណ្ណោះ។ តួលេខនេះ នៅខាង អាស៊ែរបែហ្សង់ កើនឡើងដោយចង្វាក់យ៉ាងសកម្មជាង នៅខាងអារមេនី។ មកពីមូលហេតុនេះ បានជា ពួកអ្នកជំនាញយោធាយល់ថា កងទ័ពអាស៊ែរបែហ្សង់ បំពាក់អាវុធ ក្នុងកម្រិតប្រសើរ ជាងកងទ័ពអារមេនី។
ប៉ុន្តែ តាមការសង្កេតឃើញនៃពួកអ្នកឯកទេស អារមេនីចេះបង្កើតបានកងទ័ព មិនជាធំទេ ប៉ុន្តែ ជាកងទ័ពចល័ត ហើយដោយសារ អាវុធទិញពីរុស្ស៊ី បច្ចុប្បន្នមាន ប្រព័ន្ធកាំជ្រួចការពារ ដែន អាកាស ធុន S-300 ប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ទាំង អាស៊ែរបែហ្សង់ ក៏មានប្រព័ន្ធការពារ បែបនេះដែរ។
ស្របនឹងទិន្នន័យ ចុះផ្សាយដោយកាសែតក្រុងម៉ូស្គូ Komsomolskaya Pravda ៖
-កងទ័ព អាស៊ែរបែហ្សង់ មានរថក្រោះក្នុងចំនួន ៣៣៩ គ្រឿង មាន យានយន្តពាសដែក ១១១ គ្រឿង មានយន្តហោះចម្បាំង ៤៤គ្រឿង មានឧទ្ធម្ភាគចក្រ ៦៦គ្រឿង មានកាំភ្លើងធំ ៤៥៨ គ្រឿង មាន កងទ័ព ៦៦.០០០នាក់ និង យោធាបម្រុង ៣០០.០០០នាក់។
-កងទ័ពអារមេនី មានរថក្រោះ ១១០ គ្រឿង មាន យានយន្តពាសដែក ១០៤គ្រឿង មាន យន្តហោះចម្បាំង ១៥គ្រឿង មានឧទ្ធម្ភាគចក្រ ៣១គ្រឿង មានកាំភ្លើងធំ ១០៤ គ្រឿង មានកងទ័ព ៤៥.០០០នាក់ និងយោធាបម្រុង ២០០.០០០នាក់។
-កងទ័ពការ៉ាបាក់ មានរថក្រោះ ១៧៧គ្រឿង មានយានយន្តពាសដែក ២៥០ គ្រឿង មាន យន្តហោះតែ ២គ្រឿង មានឧទ្ធភាគចក្រ តែ៨គ្រឿង មាន កាំភ្លើងធំ ៣២២គ្រឿង មាន យុទ្ធជនប្រដាប់អាវុធ ២២.០០០នាក់ និង យុទ្ធជនបម្រុង ៣០.០០០នាក់។
ពាក្យថា “ការ៉ាបាក់” ដែលមាន ន័យថា “ សួនខ្មៅ” ជាដែនដី រស់នៅដោយបណ្តាជនអារមេនី ប្រមាណ ២សែននាក់ ឫ ២,៣% នៃបណ្តាជន ៨លាន៥សែននាក់នៅ អាស៊ែរបែហ្សង់ និងមានផ្ទៃក្រឡា ៤.៤០០គ.ម.2 ឫ ៥% នៃដែនដី ៨៨.០០០ គ.ម.2 ទូទាំង អាស៊ែរបែហ្សង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ