ជំនួបកំពូលសហភាពអឺរ៉ុប៖ មានពន្លឺសម្រាប់Brexit តែងងឹតសម្រាប់វិបត្តិជនភៀសខ្លួន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៤
ថ្នាក់ដឹកនាំសហភាពអឺរ៉ុប ព្រមទាំងថ្នាក់ដឹកនាំប្រទេសសមាជិកទាំង២៧ បានចាប់ផ្តើម បើកការប្រជុំកំពូល នៅទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ធ្នូ។ ថ្ងៃទីមួយនៃជំនួបកំពូលនេះ គេសង្កេតឃើញថា ការចរចាស្តីពីនីតិវិធីផ្តាច់ខ្លួនរបស់អង់គ្លេស ចេញពីសហភាពអឺរ៉ុប បានដើរទៅមុខលឿនមួយកំរិតធំ។ កិច្ចព្រមព្រៀងគោលមួយ រវាងសហភាពអឺរ៉ុប និងអង់គ្លេស នឹងត្រូវបោះឆ្នោតយល់ព្រមនៅថ្ងៃនេះ ដោយប្រទេសសមាជិកទាំង២៧ផ្សេងទៀត។ តែយ៉ាងណាក៏ដោយ ទាក់ទិននឹងបញ្ហា ចំនួនកូតាជនភៀសខ្លួន និង បញ្ហាកំណែទម្រង់តំបន់ចាយប្រាក់អឺរ៉ូ ជាដើម គេសង្កេតឃើញថា ប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ នៅមានគោលជំហរឆ្ងាយពីគ្នាខ្លាំងណាស់។
Brexit ជោគជ័យដំណាក់កាលពីទីមួយ ឈានទៅដំណាក់កាលថ្មី
ទីបំផុតទៅ ការចរចាស្តីពីនីតិវិធីផ្តាច់ខ្លួនរបស់អង់គ្លេសនេះ បានឡើងដល់ដំណាក់កាលថ្មីមួយទៀត ហើយ។ លោកស្រីតេរ៉េសា ម៉េ ត្រូវបានគេអបអរ ថាបានចាត់ចែងការចរចា បានជោគជ័យ ជាមួយប្រទេសសមាជិកទាំង២៧ផ្សេងទៀត។ កាលពីថ្ងៃម្សិលមិញនេះ អង់គ្លេស និងប្រទេសទាំង២៧ផ្សេងទៀត បានសម្រេចសរសេរកិច្ចព្រមព្រៀងគោលមួយ ជាមួយគ្នា ដោយកិច្ចព្រមព្រៀងគោលនេះ នឹងត្រូវបោះឆ្នោតសម្រេច នៅរសៀលថ្ងៃនេះ នៅឯទីក្រុងព្រុចសែល។
ក្នុងកិច្ចព្រមព្រៀងគោលនេះ មានចែងជាអាថទិ៍ ទាក់ទិននឹងការបើក “សម័យអន្តរកាល រយៈពេល២ឆ្នាំ” ចាប់ពីខែមករា ឆ្នាំ ២០១៨ទៅ ដែលអង់គ្លេសជាអ្នកសំណូមពរ។ ក្នុងរយៈពេលនេះ អង់គ្លេស នៅបន្តអនុវត្តច្បាប់និងវិធានរបស់សហភាពរ៉ុប ក៏ប៉ុន្តែមិនចូលរួម ក្នុងនីតិវិធីសម្រេចណាមួយ ក្នុងក្របខណ្ឌសហភាពអឺរ៉ុបទេ។ បន្ទាប់មកទៀត នៅរវាងខែមីនា ឆ្នាំ២០១៨ ប្រទេសទាំង២៧ នឹងអនុម័ត ក្រិត្យច្បាប់អឺរ៉ុបមួយ ដើម្បីដាក់ចុះនូវ វិធានផ្សេងៗ ស្តីពីទំនាក់ទំនងពាណិជ្ជកម្ម ដែលត្រូវអនុវត្តជាមួយអង់គ្លេស បន្ទាប់ពីចប់សម័យអន្តរកាល២ឆ្នាំនេះ។
នេះចាត់ទុកថាជាជោគជ័យធំណាស់ សម្រាប់រដ្ឋាភិបាលអង់គ្លេស ដឹកនាំដោយលោកស្រី តេរ៉េសា មេ។ កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ពេលបាយល្ងាចជុំគ្នា ថ្នាក់ដឹកនាំសហភាពអឺរ៉ុបបានទះដៃអបអរសន្ទរកថា របស់លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសទៀតផង។ តែយ៉ាងណា លោកស្រីតេរ៉េសា ម៉េ នៅមានឧបសគ្គមួយទៀត គឺ កិច្ចព្រមព្រៀងផ្តាច់ខ្លួនចុងក្រោយជាផ្លូវការ គឺលោកស្រី ត្រូវយកទៅឆ្លងកាត់ ការបោះឆ្នោតយល់ព្រមពីសភាអង់គ្លេស។
បើកសម្ភោធ « កិច្ចសហប្រតិបត្តិការរចនាសម្ព័ន្ធអចិន្ត្រៃយ៍ » ក្នុងវិស័យការពារជាតិ
ក្រៅពីជោគជ័យនៃការបោះជំហានទៅមុខ ក្នុងសំណុំរឿងផ្តាច់ខ្លួនរបស់អង់គ្លេសនេះ គេសង្កេតឃើញ មានជោគជ័យមួយទៀត ទាក់ទិននឹង កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខការពារជាតិ រវាងប្រទេសសមាជិកអឺរ៉ុបទាំង២៧។ កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ រវាងប្រទេសទាំង២៧ក្នុងក្របខណ្ឌសហភាពអឺរ៉ុបនេះ គឺជាលើកទីមួយហើយ ព្រោះថា តាំងតែពីដើមមក ប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ មិនចង់យកកិច្ចការកងទ័ព ការពារជាតិនេះ មកនិយាយជាមួយគ្នាទេ។ ក៏ប៉ុន្តែស្ថានការណ៍ពេលនេះវាបានប្រែប្រួល។ ស្ថានការណ៍ប្រែប្រួល ដោយសារទីមួយគឺបញ្ហាភេរវកម្ម ទីពីរ គឺអឺរ៉ុបដឹងខ្លួនថា ថាមិនអាចពឹងអាមេរិក ឲ្យការពារខ្លួនរហូតបានទៀតទេ។ លោកដូណាល់ ត្រាំ ដែលហារមាត់ឡើងរិះគន់ អឺរ៉ុប និងអង្គការអូតង់រហូតនោះ ពិតជាធ្វើឲ្យបារាំង និងអាល្លឺម៉ង់ មិនអាចទុកចិត្តបានទេ។ ហើយបញ្ហាចុងក្រោយ គឺការដំឡើងសាច់ដុំរបស់រុស្ស៊ី។
ដូច្នេះហើយ បានជា ប្រទេសសមាជិកអឺរ៉ុបទាំង២៧ បានសម្រេចចិត្ត ធ្វើការជាមួយគ្នាក្នុងវិស័យការពារជាតិនេះ។ កាលពីថ្ងៃម្សិលមិញនេះ សហភាពអឺរ៉ុប បានបើកសម្ពោធកិច្ចសហប្រតិបត្តិការនេះ ជាផ្លូវការ ដែលមានឈ្មោះថា « កិច្ចសហប្រតិបត្តិការរចនាសម្ព័ន្ធអចិន្ត្រៃយ៍ » ហៅកាត់ថា CSP ឬ Pesco ។ បន្ថែមពីនេះ ប្រទេសទាំង២៧ បានសន្យាបង្កើត មូលនិធីហិរញ្ញវត្ថុមួយ នៅដើមឆ្នាំ២០១៩ ដើម្បីជំរុញលើកកំពស់ ឧស្សាហកម្មផលិតសម្ភារៈកងទ័ព ព្រមទាំងកម្មវិធីស្រាវជ្រាវ លើបច្ចេកវិទ្យានានា។
កិច្ចសហប្រតិបត្តិការរចនាសម្ព័ន្ធអចិន្ត្រៃយ៍នេះ មិនមែនមានន័យថា អឺរ៉ុប និងបង្កើត ឲ្យមានកងទ័ពពិសេសអ្វីនោះទេ។ តែវាគ្រាន់តែជាការចូលរួមទាំងអស់គ្នា លើគំរោងជាច្រើន ទាក់ទិននឹងវិស័យការពារជាតិនេះ។ ក្នុងចំណោមសំណើរសហប្រតិបត្តិការទាំង១៧ចំណុច មានច្រើនចំណុច ដែលគេស្រុះស្រួលគ្នាច្រើន មានជាអាថទិ៍៖ ការបង្កើតឲ្យមានទីបញ្ជាការដ្ឋានពេទ្យទាហានរបស់អឺរ៉ុប គំរោងផលិតឧបករណ៍droneបាតសមុទ្រ ការដំឡើងសន្តិសុខ ការពាររលកសំលេងវិទ្យុឆ្លងឆ្លើយ ការបង្កើតឲ្យមានមណ្ឌល់ហ្វឹកហាត់ ព្រមទាំងការសហការទប់ស្កាត់ការវាយប្រហារ តាមប្រព័ន្ធអ៊ីនធើនែតជាដើម។
មិនត្រូវគ្នាដដែល ជុំវិញការកំណត់កូតាជនភៀសខ្លួន
យើងសង្កេតឃើញថា ប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ ហាក់បានចាប់ដៃ សាមគ្គីគ្នាបានល្អ ក្នុងសំណុំរឿងសន្តិសុខការពារជាតិ ក៏ដូចជាសំណុំរឿង Brexit។ ក៏ប៉ុន្តែ ប្រទេសទាំង២៧នេះ មិនមែនត្រូវគ្នាគ្រប់រឿងនោះទេ។ វិបត្តិជនភៀសខ្លួន នៅតែជាចំណុចរសើប ដែលធ្វើឲ្យថ្នាក់ដឹកនាំប្រទេសទាំងអស់នេះ ប្រកែកគ្នាតឹងសរសៃក ដដែល។ តាមព័ត៌មាន ដែលផ្តល់មក ក្នុងពិធីបាយល្ងាយជុំគ្នាម្សិលមិញនេះ ថ្នាក់ដឹកនាំអឺរ៉ុបបន្តជជែកគ្នា ប្រកែកគ្នា រឿងការបែងចែកកូតាចំនួនជនភៀសខ្លួននេះឯង។ ពេលចេញពីបាយល្ងាចវិញ លោកស្រី អង់ហ្គេឡា មែរគែល បាននិយាយថា មានរឿងត្រូវនិយាយគ្នាទៀតច្រើនណាស់ ក្នុងបញ្ហាជនភៀសខ្លួននេះ ព្រោះថា ម្នាក់ៗ គ្មាននរណាបានផ្លាស់ប្តូរគោលជំហរទេ។ អ្នកខ្លះបានលើកឡើងថា លោក Alexis Tsipras បានទាំងមួរម៉ៅច្រង៉េងច្រង៉ាងទៀតផង កាលពីយប់មិញ ដោយសារតែនិយាយគ្មាននរណាស្តាប់។
គួរបញ្ជាក់ថា រឿងបែកចែកកូតាជនភៀសខ្លួននេះ គឺប្រទេសសហភាពអឺរ៉ុប ឈ្លោះប្រកែកគ្នា តាំងតែពីឆ្នាំ២០១៥ម្លេះ ក្រោយពេលដែលមានជនភៀសខ្លួនរាប់សែននាក់ បានឆ្លងទូកមកអ៊ីតាលី និង ក្រិក។ បើដូចលោកស្រីអង់ហ្គេឡា មែរគែល មានប្រសាសន៍ មានន័យថា គោលជំហរមិនត្រូវគ្នាកាលពីឆ្នាំ២០១៥ គឺនៅតែដដែល នៅពេលនេះ។
គោលជំហរមាន២ ប្រឆាំងគ្នា។ មួយគោលជំហររបស់អ៊ីតាលី និងក្រិក ដោយមានការគាំទ្រពីអាល្លឺម៉ង់ និងបារាំង ថាត្រូវតែបែងចែកកូតាទទួលយកជនភៀសខ្លួន ដោយយោងលើគោលការណ៍សាមគ្គីភាព រវាងសមាជិកសហភាពអឺរ៉ុប។ តែគោលជំហរមួយទៀត ជាគោលជំហររបស់ប្រទេសអឺរ៉ុបខាងកើតភាគច្រើន មានដូចជាប៉ូឡូញ ហុងគ្រី ឆែក ស្លូវ៉ាគី ជាដើម ដែលប្រទេសទាំងនេះ បដិសេធ មិនទទួលយកជនភៀសខ្លួនជាដាច់ខាត។
កំណែទំរង់តំបន់ចាយប្រាក់អឺរ៉ូ ត្រូវពន្យាពេល ដោយសារអាល្លឺម៉ង់ មិនទាន់មានរដ្ឋាភិបាល
ចំណែកបញ្ហា កំណែទម្រង់តំបន់ចាយប្រាក់អឺរ៉ូ មិនមែនថា មិនត្រូវគ្នាទេ តែមិនទាន់អាចឈានទៅមុខបាន ព្រោះដោយសារតែអាល្លឺម៉ង់ មិនទាន់មានរដ្ឋាភិបាលនៅឡើយ។ លោកស្រីអង់ហ្គេឡាមែរគែល កំពុងតែព្យាយាមបង្កើតរដ្ឋាភិបាលចំរុះ។
តែយ៉ាងណា បើតាមប្រសាសន៍របស់លោក ដូណាល់ ទូស្គ៍ ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានឲ្យដឹងថា គេនឹងបន្តចរចានៅថ្ងៃនេះទៀត លើចំណុចធំមួយចំនួន ដែលបានដើរទៅមុខច្រើនហើយ។ ក្នុងនោះមានជាអាថទិ៍ ការបង្កើត ឲ្យមានមូលនិធិហិរញ្ញវត្ថុអឺរ៉ុបមួយ ព្រមទាំងការបង្កើតសហភាពធនាគារ ក្នុងក្របខណ្ឌអឺរ៉ុប ដើម្បីងាយបង្ការ ករណីវិបត្តិហិរញ្ញវត្ថុនិងធនាគា។
ក៏ប៉ុន្តែចំនុចផ្សេងទៀត ដូចជាការបង្កើតតំណែង រដ្ឋមន្ត្រីពិសេសម្នាក់ទទួលបន្ទុកសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ ព្រមទាំងកញ្ចប់ថវិកាដើម្បីតំបន់ចាយលុយអឺរ៉ូនេះ នៅមិនទាន់អាចទៅមុខបានច្រើនទេ។ លោកប្រធានាធិបតីបារាំង ដែលជាអ្នកជំរុញគំរោងកំណែទម្រង់ទាំងនេះ បានទទួលស្គាល់ដែរថា មិនអាចធ្វើអ្វីបានច្រើនទេ ដោយត្រូវរងចាំ ឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ កើតចេញជារូបរាង្គសិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ