អានតួអត្ថបទ
សហភាពអឺរ៉ុប-ជនភៀសខ្លួន

តុលាការ​អឺរ៉ុប​ច្រានចោល​បណ្តឹង​របស់​ហុងគ្រី ​និង​ស្លូវ៉ាគី ​រឿង​កូតា​ជន​ភៀសខ្លួន​

កាល​​ពីថ្ងៃ​ទី៦​ កញ្ញា​ ​តុលាការ​យុត្តិធម៌​សហភាព​អឺរ៉ុប​ បាន​ចេញ​សាល​ក្រម​មួយ​ ដោយ​បាន​ទាត់​ចោល​បណ្តឹង​របស់​ប្រទេស​ហុងគ្រី ​និង​ស្លូវ៉ាគី ​ទាក់ទិន​ទៅហ្នឹង​នីតិវិធី​បែង​ចែក​កូតា ​​ចំនួន​ជនភៀសខ្លួន​ ដែល​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ ត្រូវ​ទទួល​យក។ ហុងគ្រី ​និង​ស្លូវ៉ាគី ​ដែល​មិន​ព្រម​ទទួល​យក​ជន​ភៀស​ខ្លួន​ បាន​ដាក់​ពាក្យ​ប្តឹង​សុំ​មោឃៈភាព ​នៃ​ចំណាត់ការ​របស់​សហភាព​អឺរ៉ុប​ តែ​ត្រូវ​តុលាការអឺ​រ៉ុប​ សម្រេច​ឲ្យ​ចាញ់​ក្តី ​នា​ពេល​នេះ។

Siège de la Cour de Justice de l'Union Européenne à Luxembourg
Siège de la Cour de Justice de l'Union Européenne à Luxembourg Francois Lenoir/REUTERS
ផ្សាយពាណិជ្ជកម្ម

ហេតុតែ​មិនចង់​ទទួល​យក​ជន​ភៀសខ្លួន ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ខ្លួន ​ហុងគ្រី​ និង​ស្លូវាគី ​បាន​ ឡើង​ថា ​នីតិវិធី​កំណត់​បែងចែក​កូតា​ជន​ភៀសខ្លួន​ ដែល​សហភាព​អឺរ៉ុប​បាន​ធ្វើ ​កាល​ពីខែ​កញ្ញា ​ឆ្នាំ​២០១៥​ គឺ​ជា​នីតិវិធី ​មិន​ស្រប​ច្បាប់។ ហុងគ្រី ស្លូវ៉ាគី ​និង​ដោយ​មាន​ការ​គាំទ្រ​ជំរុញ​ពី​ រូម៉ានី ​និង​ឆេក​ផង​នោះ ​បាន​ប្តឹង​ជំទាស់ ​សុំ​មោឃភាព​នីតិវិធី​នេះ។

ប៉ុន្តែ​នៅថ្ងៃ​ទី​៦ ​កញ្ញា នេះ​ តុលាការ​យុត្តិធម៌​អឺរ៉ុប​ (La Cour de Justice de l'Union européenne) បាន​ទាត់​ចោល​ អំណះអំណាង​​នេះ​ទាំងស្រុង​​ ដោយ​បាន​សម្រេច​ថា​ នីតិវិធី​ដែល​សហភាព​អឺរ៉ុប​បាន​អនុវត្ត​ ​គឺ​ពុំមាន​អ្វី​ខុស​ច្បាប់​ឡើយ។ នីតិវិធី​នោះ​ ជា​នីតិវិធី​ដោយ​ឈរ​លើ​ការ​ព្រមព្រៀង​រួម​ ដោយ​មិន​ចាំបាច់​មាន​ការ​យល់ព្រម​ជា​ឯកច្ឆ័ន ​ពី​ប្រទេស​សមាជិក​ទាំង​២៨​ឡើយ ​ហើយ​ក៏​មិន​ចាំ​បាច់​ឆ្លងកាត់​ ការ​បោះឆ្នោត​ពី​សភា​អឺរ៉ុប​ ឬ​សភា​តាម​ប្រទេស​សមាជិក​ទេ។ មួយវិញ​ទៀត ​នីតិវិធី​ដែល​សហភាព​អឺរ៉ុប​បាន​ចាត់ចែង​ធ្វើ​ គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​កាលៈទេសៈ​បន្ទាន់​ ជាក់​ស្តែង ​ព្រោះ​ត្រូវ​ជួយ​រំដោះ​ជនភៀស​ខ្លួន ​ចេញ​ពី​អ៊ីតាលី ​និង​ក្រិក ​ឲ្យ​បាន​ទាន់​ពេល​វេលា។

សូមរំលឹកថា​ នៅ​រវាង​ឆ្នាំ​២០១៥ ​ជន​ភៀសខ្លួន​រាប់​សែន​នាក់ ​បាន​សម្រុក​មក​ដល់​ក្រិក ​និង​អ៊ីតាលី ​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នៅ​អឺរ៉ុប។ ប្រឈមមុខ​នឹង​បញ្ហា​នេះ ​សហភាព​អឺរ៉ុប​បាន​សម្រេច ​រៀបចំ​បែងចែក​កូតា​ជន​ភៀសខ្លួន​ ទៅតាម​ប្រទេស​សមាជិក​ខ្លួន​ទាំង​២៨។ សម្រាប់​សហភាព​អឺរ៉ុប ​វា​គឺ​ជា​ការ​សាមគ្គី​គ្នា​រវាង​ប្រទេស​សមាជិក ​ដោយ​គេ​មិន​អាច​បោះបង់​ក្រិក ​និង​អ៊ីតាលី ​ឲ្យ​ទទួល​ថ្មបាក់​តែ​ម្នាក់​ឯង​ឡើយ។

យោង​តាម​នីតិវិធី​បែងចែង​នេះ ​ក្នុង​រយៈពេល​២ឆ្នាំ​ គឺ​ត្រូវ​ធ្វើការ​រៀបចំ ​ទទួល​ឲ្យ​ស្នាក់នៅ​ ដល់​ជន​ភៀសខ្លួន ​សរុប​ឲ្យ​បាន ​១២​ម៉ឺន​នាក់ ​នៅ​តាម​ប្រទេស​ទាំង​អស់។ ក្នុង​នោះ​ ហុងគ្រី ​ត្រូវ​ទទួល​ឲ្យ​បាន​២៣០០​នាក់ ​ឯស្លូវ៉ាគី ​ត្រូវ​ទទួល​ឲ្យ​បាន​៨០០​នាក់។ តែ​រហូត​មក​ដល់​ពេល​នេះ ​ហុងគ្រី​ ទទួល​ជន​ភៀសខ្លួន​ទើប​បាន​តែ​១៦​នាក់​ប៉ុណ្ណោះ ​រីឯ​ស្លូវ៉ាគី​ តែ​ម្នាក់​ក៏​គ្មាន​ផង។

ផុតខែ​កញ្ញា​នេះ ​គឺ​គម្រប់​២ឆ្នាំ​នៃ​ការ​អនុវត្ត​នីតិវិធី​នេះ​ហើយ ​ក៏​ប៉ុន្តែ​ការ​សម្រេច​បាន​ នៅ​ឆ្ងាយ​ខ្លាំង​ណាស់​​ ពី​ការ​រំពឹង​ទុក ​នៃ​កម្មវត្ថុ​១២​ម៉ឺន​នាក់។ បើ​គិត​មក​ត្រឹម​ ចុង​ខែ​សីហា ​២០១៧​នេះ ​គឺ​មាន​ជនភៀស​ខ្លួន​តែ​ប្រមាណ ​២៨០០០​នាក់ ​ប៉ុណ្ណោះ​ដែល​បាន​ដឹក​ចេញ​ពី​ក្រិក ​និង​អ៊ីតាលី ​ហើយ​ក្នុង​ចំណោម​នោះ ​មាន​តែ​១៩០០០​នាក់​ទេ ​ដែល​​បាន​ទទួល​​កន្លែង​ស្នាក់​នៅ​ត្រឹមត្រូវ ​និង​អចិន្ត្រៃយ៍ ​នៅតាម​ប្រទេស​ដែល​ទទួល​យក​ពួកគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ