អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហភាពអឺរ៉ុប បោះឆ្នោត​បើក​ការ​ចរចា​ពាណិជ្ជកម្មសេរី ជាមួយ​សហរដ្ឋ​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពីបាន​ទទួលភ្លើងខៀវ ពីប្រទេសសមាជិកសហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅថ្ងៃ​ចន្ទ​ទី​១៥មេសានេះ​ សហភាពអឺរ៉ុប ត្រូវបោះឆ្នោតសម្រេច ប្រគល់តួនាទី​ជូន​ទៅ​គណកម្មការអឺរ៉ុប ក្នុងការចរចា ជាមួយសហរដ្ឋអាមេរិក​ ដើម្បីសម្រេចឲ្យបាន​នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយ។ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលសហភាពអឺរ៉ុប ហាក់ដូចជាបង្ខំចិត្តត្រូវតែធ្វើ ខណៈដែលរដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ បានដាក់សំពាធ តាមរយៈការដំឡើងពន្ធកប់ពពក លើដែកថែប និងអាលុយមីញ៉ូម ព្រមទាំងបានគំរាម ថានឹងដំឡើងពន្ធ លើរថយន្តនាំចូលពីអឺរ៉ុបទៀតផង។

ប្រធានគណកម្មការអឺរ៉ុប Jean-Claude Juncker និង​លោក​ដូណាល់ ត្រាំ នៅសេតវិមាន​ ថ្ងៃទិ​២៥ កក្កដា ២០១៨​
ប្រធានគណកម្មការអឺរ៉ុប Jean-Claude Juncker និង​លោក​ដូណាល់ ត្រាំ នៅសេតវិមាន​ ថ្ងៃទិ​២៥ កក្កដា ២០១៨​ REUTERS/Joshua Roberts
ផ្សាយពាណិជ្ជកម្ម

TAFTA/TTIP ត្រូវបានកប់ចោល

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរអាត្លង់ទិក រវាងអឺរ៉ុបនិងអាមេរិក ដែលគេហៅកាត់ថា TAFTA/TTIP ធ្លាប់ត្រូវបានគេចរចាគ្នា រវាងឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦។ តែការចរចាបានរលាយសូន្យបង់ ដោយសារតែមានចំណុចខ្ទាស់គ្នាច្រើនណាស់ រវាងភាគីទាំង២។ មិនមែនតែភាគីចរចាទេ ដែលមិនត្រូវគ្នា តែគម្រោងកិច្ចព្រមព្រៀននេះ មានគេរិះគន់ខ្លាំងណាស់ ជាពិសេស ពីសំណាក់អង្គការសមាគម និងប្រជាជនអឺរ៉ុប។

មូលហេតុដែលគេរិះគន់គឺថា កិច្ចព្រមព្រៀងនោះ គ្រប់ដណ្តប់ទាំងស្រុង ទៅលើផលិតផល​ឧស្សាហកម្ម និងកសិកម្ម។ បញ្ហានេះខាងភាគីអឺរ៉ុបមិនចង់បាន ដោយសារតែបទដ្ឋានគតិយុទ្ធ និងស្តង់ដារទំនិញរបស់អឺរ៉ុប មានភាពច្បាស់លាស់ ប្រឹតប្រៀង តឹងតែងជាងស្តង់ដាររបស់អាមេរិកឆ្ងាយណាស់។ ជាពិសេសទាក់ទិននឹងផលិតផលកសិកម្ម ការប្រើជី ថ្នាំគីមី ព្រមទាំងការគោរពបរិស្ថានធម្មជាតិជាដើម។ ដូច្នេះបើបើកឲ្យផលិតអាមេរិក វាយលុកទីផ្សារអឺរ៉ុប ដោយមិនចាំបាច់យកពន្ធ គឺហាក់ដូចជាធ្វើបាបកសិករអឺរ៉ុប ហើយធ្វើបាបអ្នកទិញ ព្រោះថាវាមិនមានការធានាផ្នែកគុណភាព ឲ្យបានល្អ។

មិនត្រឹមប៉ុណ្ណោះទេ កិច្ចព្រមព្រៀងនេះមានគម្រោងបង្កើតអង្គភាពអាជ្ញាកណ្តាល ដើម្បីដោះស្រាយវិវាទ។ ដែលត្រង់ចំណុចនេះ​ អឺរ៉ុបមិនចង់បានទេ ដោយសារនៅអឺរ៉ុប គេមានទំលាប់ទុកចិត្តលើប្រពន្ធតុលាការរបស់គេ គេមិនអាចយក​ក្តីក្តាំ ទៅប្រគល់ឲ្យអាជ្ញាកណ្តាល​មិន​ដឹង​មកពីណា ឲ្យដោះស្រាយនោះទេ។

បើកការចរចាឡើងវិញ ដោយគូសវាសគម្រោងថ្មី

រហូតមកដល់ខែ​កក្កដា ឆ្នាំ២០១៨ ដែលលោកJean Claude Juncker បានទៅជួប​លោកដូណាល់ ត្រាំ ទើបភាគីទាំង២ បានព្រមព្រៀងគ្នា បើកការចរចាឡើងវិញ។ គេមិនចរចាលើគម្រោងចាស់ទេ តែគេបានគូសវាសគម្រោងថ្មី។ ក្នុងគំរោងថ្មីនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ ដែលគ្របដណ្តប់តែទៅលើផលិតផល​ឧស្សាហកម្មទេ។  ក្នុងនោះ គេមិនរាប់បញ្ចូលផលិតកសិកម្ម ផ្នែកវិស័យសេវាកម្ម និងទីផ្សារសាធារណៈទេ។ តែគេរាប់ផ្នែកនេសាទចូល ព្រោះថាផ្នែកនេសាទ ត្រូវបានអង្គការពាណិជ្ជកម្មពិភពលោក ចាត់ទុកថាស្ថិតក្នុងផលិតផលឧស្សាហ៍កម្ម។

កម្មវត្ថុនៃការចរចា គឺធ្វើយ៉ាងណា ទាញអត្រាពន្ធគយ លើទំនិញទាំងនោះ ឲ្យធ្លាក់មកនៅក្នុងកម្រិតសូន្យ​។ នៅថ្ងៃនេះ ប្រទេសសមាជិកសហភាពអឺរ៉ុប ត្រូវបោះឆ្នោត ប្រគល់តួនាទីចរចា ទៅឲ្យគណកម្មការអឺរ៉ុប។ មានន័យថា គណកម្មការអឺរ៉ុបត្រូវចរចា ជាមួយអាមេរិក ឲ្យបានស្រេចបាច់ មុន​ចប់អាណត្តិរបស់ខ្លួន ដែលត្រូវផុត នៅចុងខែតុលាឆ្នាំនេះ។

បារាំងជំទាស់តែម្នាក់ឯង

តែយ៉ាងណា កាលពីប៉ុន្មានថ្ងៃមុននេះ លោកប្រធានាធិបតីបារាំង បានប្រកាសជំហរដាច់ណាត់ ថាបារាំង បដិសេធ មិនគាំទ្រ ឲ្យអឺរ៉ុបចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយអាមេរិក ជាដាច់ខាត។ ដូចយើងដឹងហើយ ថារដ្ឋបាលលោកដូណាល់ ត្រាំ បាន​ដាក់សំពាធយ៉ាងច្រើន មកលើពាណិជ្ជកម្មអឺរ៉ុប តាមរយៈការដំឡើងពន្ធ កប់ពពកលើដែកថែប និងអាលុយមីញ៉ូមអឺរ៉ុប។ បន្ទាប់មកទៀត លោកដូណាល់ ត្រាំ បានគម្រាមថានឹង​ដំឡើងពន្ធ លើរថយន្តផលិតនៅអឺរ៉ុប។ អ្នកដែលភ័យជាងគេគឺអាល្លឺម៉ង់ ព្រោះវិស័យ​ផលិតរថយន្ត ជាដង្ហើមសេដ្ឋកិច្ចអាល្លឺម៉ង់។ ដូច្នេះហើយ បានគេសង្កេតឃើញថា នៅអឺរ៉ុប គឺអាល្លឺម៉ង់ ដែលជំរុញ ឲ្យមានការចរចា ជាមួយអាមេរិកឡើងវិញ។

ផ្ទុយទៅវិញ រដ្ឋាភិបាលបារាំង គឺមិនពេញចិត្តនឹងបរិយាកាស បែបគំរាម សំឡុត របស់លោកដូណាល់ ត្រាំទេ។ បារាំងយល់ថា អាមេរិកកំពុងតែចាប់បង្ខំអឺរ៉ុប ឲ្យធ្វើតាមការចង់បានរបស់ខ្លួន។ មូលហេតុមួយទៀត នោះ គឺថាបារាំងមានគោលការណ៍ធំមួយ គឺថា​ អឺរ៉ុបមិនត្រូ​វចុះហត្ថលេខាពាណិជ្ជកម្មសេរី ជាមួយប្រទេសណាទាំងអស់ បើប្រទេសនោះមិនមែនជាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ។

ដូចយើងដឹងស្រាប់ លោកដូណាល់ ត្រាំ បានដកខ្លួនអាមេរិក ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបរិស្ថាន។ មានន័យថា អាមេរិក មិនខ្វល់ពីបញ្ហាបរិស្ថាន ពីបញ្ហាផ្សែងពល ពី​ការកើនឡើងកំដៅផែនដី ពី​ការការពារធនធានធម្មជាតិ ឬក៏ជីវចម្រុះស្អីទេ។ ដូច្នេះផលិតផលអាមេរិក ដែលនាំចូលមកលក់​នៅអឺរ៉ុប ក៏មិនគោរពនូវបទដ្ឋានបរិស្ថាន ទាំងអស់នេះដែរ។ សម្រាប់លោកអេម៉ានុយអែល ម៉ាក្រុង គឺគាត់ចង់ឲ្យអឺរ៉ុបដើរតួនាទីចំបង នាំមុខគេ ក្នុងបញ្ហាបរិស្ថាននេះ ព្រោះវាជាអាយុជី​វិតមនុស្ស។

មន្ត្រីវិមានប្រធានាធិបតីបារាំងម្នាក់​ បានលើកឡើងថា បើអឺរ៉ុប ទៅចរចាធ្វើកិច្ចព្រមព្រៀង ជាមួយអាមេរិក គឺមិនខុសពីទះកំផ្លៀង យុវជនអឺរ៉ុបរាប់ម៉ឺននាក់ ដែលគ្នា​ខំធ្វើបាតុកម្ម ប៉ុន្មានខែមកនេះ ដើម្បីទាមទារឲ្យថ្នាក់ដឹកនាំទាំងអស់ គិតគូរជាអាទិភាព ដល់បញ្ហាបរិស្ថាន និងអាកាសធាតុនោះទេ។ សម្រាប់បារាំង គឺបារាំង មិនអាចក្បត់ឆន្ទៈខ្លួនឯង ទៅគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសមួយ ដែលមិនខ្វល់ពីប្រយោជន៍រួម របស់ផែនដី និងមនុស្សជាតិនោះទេ។

ផ្លូវដើរនៅវែងឆ្ងាយទៀត

តាមពិតទៅ ការជំទាស់​របស់​បារាំង តែម្នាក់ឯង គឺវាគ្មានទំងន់អ្វីនោះទេ ព្រោះថាក្នុងវិស័យពាណិជ្ជកម្ម ក្នុងក្របខណ្ឌសហភាពអឺរ៉ុប គឺគេត្រូវការតែសម្លេងភាគច្រើនប៉ុណ្ណោះ ដោយមិនចាំបាច់ទាល់តែឯកច្ឆន្ទនោះទេ។ មានន័យថា គេត្រូវការ ការគាំទ្រពីប្រទេសសមាជិក តែ៥៥% ហើយដែលដែលតំណាងឲ្យ ៦៥% នៃចំនួន ប្រជាជនសរុបទាំងអស់។ ដូច្នេះ បារាំងបោះឆ្នោតប្រឆាំងតែម្នាក់ ឯងគឺវាគ្មានន័យទេ បើប្រទេស២៦ផ្សេងទៀត គឺនាំគ្នាព្រមគ្រប់គ្នា។ តែយ៉ាងណា បារាំង នៅតែបោះឆ្នោតបដិសេធ ព្រោះវាជាគោលជំហរ ជាគោលការណ៍ដ៏សំខាន់​ដែលរដ្ឋាភិបាល​បារាំង ចង់ការពារ។

តែយ៉ាងណាក៏ដោយ អនាគតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ មិនប្រាកដ ថានឹងបានភ្លឺស្វាង ជោគជ័យនោះទេ។ ព្រោះថានៅមានចំណុចច្រើនណាស់ ដែលភាគីទាំង២ត្រូវចរចាគ្នា។ ឧទាហរណ៍ ភាគីអាមេរិក ចង់ដាក់បញ្ចូលផលិតផលកសិកម្ម ចូលមកក្នុងកិច្ចព្រមព្រៀងនេះ ខណៈដែលសហភាពអឺរ៉ុបបដិសេធ។ ចំណែកអឺរ៉ុបវិញ ទីបំផុតទៅ ចង់ប្តូរចិត្ត ដាក់បញ្ចូល វិស័យឧស្សាហកម្មយានយន្ត មកក្នុងកិច្ចព្រមព្រៀងនេះដែរ។

ក្នុងករណីត្រូវរូវគ្នា កិច្ចព្រមព្រៀងនេះ ត្រូវឆ្លងកាត់ការបោះឆ្នោត ២ដំណាក់ទៀត។ មួយនៅ​ក្រុមបឹ្រក្សាអឺរ៉ុប និងមួយទៀតនៅសភា អឺរ៉ុប។ សភាអឺរ៉ុប​ ដែលកំពុងតែត្រៀមខ្លួនបោះឆ្នោត រើសសមាជិកអាណត្តិថ្មី នៅខែឧសភាខាងមុខ។ ដូច្នេះ និន្នការរបស់សមាជិក​សភាអឺរ៉ុប អាណត្តិថ្មី គាំទ្រ ឬមិនគាំទ្រ កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីនេះ គឺយើងមិនទាន់អាចស្មានបានទេ នៅពេលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ